ព័ត៌មានថ្មីៗ

រមណីយដ្ឋានប្រវត្តិសាស្ត្រខ្មែរទាក់ទាញបេះដូងអ្នកស្រាវជ្រាវបុរាណវិទ្យាអន្តរជាតិទាំង១០ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍

បានផ្សាយនៅ ថ្ងៃទី 15 ខែ ធ្នូ ឆ្នាំ2016 03:00 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅតំបន់រមណីយដ្ឋានអង្គរ ព្រះវិហារ សម្បូរព្រៃគុក អង្គរបុរី ភ្នំឧត្តុង្គ លង្វែក សុទ្ធតែជាកន្លែងបុរាណដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីរបស់ខ្មែរ។ បច្ចុប្បន្នរមណីយដ្ឋានទាំងនេះបានក្លាយជាកន្លែងទេសចរណ៍សម្រាប់មនុស្សទូទៅផង និងជាកន្លែងស្រាវជ្រាវដ៏មានសក្តានុពលសម្រាប់អ្នកប្រវត្តិសាស្ត្រនិងបុរាណវិទ្យាជាតិ-អន្តរជាតិផង។

ជាក់ស្តែង ក្នុងកម្មសិក្សារយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី២០ វិច្ឆិកា ដល់ថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១៦ នៅកម្ពុជានិងសិង្ហបុរី ដែលសហការរៀបចំដោយអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងវិទ្យាស្ថានសិក្សាអាស៊ីអាគ្នយ៍នៃប្រទេសសិង្ហបុរី កម្មសិក្សាការីអន្តរជាតិចម្រុះជាតិសាសន៍ ផ្នែកបុរាណវិទ្យានិងប្រវត្តិសាស្ត្រមកពី១០ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បានចាប់អារម្មណ៍យ៉ាងខ្លាំងលើបុរាណដ្ឋានខ្មែរ ទាំងប្រាង្គប្រាសាទ ចម្លាក់សិល្បៈ ការរស់នៅរបស់ប្រជាជន និងការគ្រប់គ្រងវិស័យទេសចរណ៍ជាដើម។ ពួកគាត់បានបង្ហាញពីអារម្មណ៍សប្បាយចិត្ត ក៏ដូចជាភ្ញាក់ផ្អើលចំពោះភាពអស្ចារ្យនិងភាពសម្បូរបែបនៃមរតកដូនតាខ្មែរ។ បន្ទាប់ពីបានបំពេញទស្សនកិច្ចសិក្សាទីតាំងអតីតរាជធានីខ្មែរមក ពួកគាត់មានបំណងចង់មកសិក្សា ជួយជួសជុល និងអភិរក្សប្រាសាទបុរាណ ជាមួយខ្មែរពេលពួកគាត់មានជំនាញពិតប្រាកដ ព្រោះទីនេះសម្បូរប្រធានបទសិក្សា កន្លែងផ្តល់បទពិសោធន៍ផ្នែកបុរាណវិទ្យាយ៉ាងល្អ ព្រមទាំងបុរាណដ្ឋានមួយចំនួនត្រូវការអ្នកជំនាញមកជួយសិក្សាបន្ថែម។

កញ្ញា Laura MANSELL សិក្ខាកាមមកពីប្រទេសអូស្ត្រាលី បញ្ចប់ការសិក្សាផ្នែកបុរាណវិទ្យានិងប្រវត្តិសាស្ត្របុរាណ នៃសាកលវិទ្យាល័យស៊ីដនី បានប្រាប់ថា ការចុះកម្មសិក្សានៅតាមការដ្ឋានកំណាយដោយផ្ទាល់ ជាបទពិសោធន៍ដ៏ល្អរបស់អ្នកបុរាណវិទ្យាដូចកញ្ញា ដើម្បីបង្កើនចំណេះដឹងបន្ថែមលើទ្រឹស្តីដែលបានរៀននៅសាលា ហើយឱកាសបែបនេះមិនមានច្រើនទេនៅអូស្ត្រាលី។ កម្ពុជាពិតជាមានបុរាណដ្ឋានច្រើន គួរឱ្យចង់មកសិក្សានិងធ្វើការ ហើយបើមានឱកាសមកធ្វើការនៅទីនេះមែន កញ្ញាចាប់អារម្មណ៍ការងារនៅសារមន្ទីរ និងការថែរក្សាទុកដាក់វត្ថុបុរាណ។ ក្រៅពីចំណេះដឹងជំនាញ កញ្ញាក៏បានដឹងអំពីប្រពៃណីអ្នកស្រុកផងដែរ។ បើនិយាយពីការគ្រប់គ្រងបុរាណដ្ឋានវិញ ទាំងអាជ្ញាធរជាតិអប្សរានិងអាជ្ញាធរជាតិព្រះវិហារ បានរៀបចំ គ្រប់គ្រង ជួសជុល និងអភិរក្សតំបន់រមណីយដ្ឋានបានយ៉ាងល្អ បើប្រៀបនឹងកន្លែងផ្សេងដែលកញ្ញាធ្លាប់ទៅ។

អនុបណ្ឌិតប្រវត្តិសាស្ត្រមកពីសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា លោក Arun Kumar AKELLA ដែលស្ថិតក្នុងប្រទេសដែលប្រមូលផ្តុំទៅដោយសិល្បៈ ចម្លាក់ ប្រាសាទ និងជំនឿសាសនាច្រើនបានចាប់អារម្មណ៍ថា ថ្វីត្បិតប្រាសាទនៅ ឥណ្ឌាមានច្រើន តែបើប្រៀបធៀបជាមួយខ្មែរ គឺខ្មែរមានប្រាសាទល្អៗ ស្ថាបត្យកម្មធំសម្បើម និងក្បាច់ក្បូររស់រវើក។ អ្វីដែលគួរឱ្យស្ងើចសរសើរនោះ បើទោះបីមានការបញ្ចូលជំនឿរវាងពុទ្ធសាសនានិងព្រហ្មញ្ញសាសនា ក៏សាសនាទាំងពីរនៅជាមួយគ្នាបានសុខ ជាក់ស្តែងដូចជាប្រាសាទហិណ្ឌូកែទៅប្រាសាទបែបព្រះពុទ្ធសាសនា ក៏ប្រាសាទនៅល្អ មិនមានអ្នកបំផ្លាញដែរ។ ចំណែកការស្រាវជ្រាវបុរាណវិទ្យាវិញក៏ងាយស្រួល អាចកំណាយស្រាវជ្រាវបានស្ទើរគ្រប់កន្លែង ព្រោះមិនសូវមានមនុស្សរស់នៅច្រើន ប៉ុន្តែនៅឥណ្ឌាមានការពិបាកក្នុងផ្នែកនេះជាខ្លាំង ហើយគេមិនងាយអនុញ្ញាតិឱ្យធ្វើការស្រាវជ្រាវទេ ព្រោះមានមនុស្សរស់នៅច្រើនស្ទើរអស់ដី ការបំផ្លិចបំផ្លាញក៏ច្រើន។ បើមានឱកាសមកធ្វើការនៅកម្ពុជា លោកចង់ចូលរួមការងារកំណាយបុរាណវិទ្យា សិក្សាសំណង់ស្ថាបត្យកម្ម និងបដិមាសាស្ត្រស្រុកខ្មែរនិងឥណ្ឌា ព្រោះកម្ពុជាមានកន្លែងស្រាវជ្រាវច្រើនពិសេសបំផុតសម្រាប់អ្នកសិក្សាបុរាណវិទ្យា។

ស្ថិតក្នុងប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ហើយមានប្រវត្តិសាស្រ្តដ៏ល្បីល្បាញឯណោះវិញ លោក ZHAO Chunguang បេក្ខជនថ្នាក់បណ្ឌិតផ្នែកបុរាណវិទ្យាមកពីសាកលវិទ្យាល័យ Wuhan នៃប្រទេសចិន បានចាប់អារម្មណ៍យ៉ាងខ្លាំងលើបុរាណដ្ឋាននិងការគ្រប់គ្រងបេតិកភណ្ឌរបស់កម្ពុជា។ តំបន់អង្គរ ព្រះវិហារ កោះកេរ និងស្ថានីយ៍បុរាណដ្ឋានជាច្រើនទៀតរបស់ខ្មែរ គឺជាកន្លែងដែលផ្តល់បទពិសោធន៍ការងារកំណាយស្រាវជ្រាវដល់អ្នកបុរាណវិទ្យាដ៏ប្រសើរបំផុតដើម្បីក្រេបយកចំណេះជំនាញរបស់ខ្លួន។ លោកសប្បាយចិត្តណាស់ដែលបានធ្វើកំណាយស្រាវជ្រាវដោយផ្ទាល់នៅកោះកេរ ហើយបើមានឱកាសឬមានកិច្ចសហការរវាងប្រទេសទាំងពីរ លោកនឹងមកសិក្សាស្រាវជ្រាវនៅទីនេះម្តងទៀត លើផ្នែកបុរេប្រវត្តិសាស្ត្រនិងចង់ដឹងបន្ថែមពីវប្បធម៌អរិយធម៌ខ្មែរឱ្យបានច្រើនជាងនេះថែមទៀត។

បន្ថែមពីនោះ កញ្ញា SAW Chaw Yeh បេក្ខជនថ្នាក់បណ្ឌិតផ្នែកគំនូរលើថ្ម មកពីសាកលវិទ្យាល័យ Sains ប្រទេសម៉ាឡេស៊ី បានចាប់អារម្មណ៍លើជំនាញខ្លួនយ៉ាងខ្លាំង គឺគំនូរលើថ្មនៅភ្នំគូលែនដែលទើបរកឃើញ មិនសូវមានអ្នកស្គាល់និងមិនទាន់មានការបោះពុម្ពផ្សាយផ្លូវការច្រើននៅឡើយ។ កញ្ញាបន្តទៀតថា នៅស្រុកខ្មែរមានការគ្រប់គ្រងបេតិកភណ្ឌបានល្អ ប្រជាជនក៏យល់ដឹងច្រើនពីតួនាទីប្រាសាទ និងស្រឡាញ់បេតិកភណ្ឌខ្លាំង ខុសពីនៅម៉ាឡេស៊ីដែលប្រទេសកាន់សាសនាឥស្លាម ហើយការថែទាំប្រាសាទហិណ្ឌូនិងព្រះពុទ្ធសាសនានៅមានកម្រិត។ កម្ពុជាជាបេះដូងនៃអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យានិងប្រវត្តិសាស្ត្រដែលមិនគួរមើលរំលងឡើយ ពិសេសគឺកន្លែងផ្តល់បទពិសោធន៍ចំណេះដឹងនិងជំនាញដ៏ល្អបំផុត។

ដើម្បីបំពេញបន្ថែមលើបទពិសោធន៍ដែលមានតិចតួចផ្នែកកំណាយ ព្រមទាំងចង់បង្កើតទំនាក់ទំនងប្រទេសក្នុងតំបន់ផ្នែកបុរាណវិទ្យា កញ្ញា Anne-Di Victorino BERDINE អនុបណ្ឌិតបុរាណវិទ្យានៃសាកលវិទ្យាល័យហ្វីលីពីន Diliman ប្រទេសហ្វីលីពីន បានប្រាប់ថា នៅហ្វីលីពីនមិនមានប្រាសាទហិណ្ឌូឬពុទ្ធសាសនាដូចនៅប្រទេសកម្ពុជាទេ មានតែសំណង់វិហារកាតូលិក ព្រោះហ្វីលីពីនស្ថិតក្រោមការគ្រប់គ្រងរបស់អេស្ប៉ាញជាង៣០០ឆ្នាំ។ Anne-Di សប្បាយរីករាយដែលបានចុះកម្មសិក្សានៅកម្ពុជា ប្រទេសដែលសម្បូរទៅដោយប្រាង្គប្រាសាទ ស្ថានីយ៍បុរាណវិទ្យាកំណាយ និងស្ថាបត្យកម្មគួរឱ្យចង់រៀនសូត្រ។ នៅទីនេះបានធ្វើឱ្យកញ្ញាយល់កាន់តែច្បាស់ពីជំនាញដែលខ្លួនសិក្សា ដូចជាបច្ចេកទេសធ្វើក្អមឆ្នាំងនៅខេត្តកំពង់ឆ្នាំង ប្រវត្តិសាស្ត្រខ្មែរតាំងពីសម័យហ្វូណនរហូតដល់បច្ចុប្បន្ន និងវត្ថុសិល្បៈកុលាលភាជន៍ខ្មែរ។ វាជាឱកាសល្អណាស់សម្រាប់ហ្វីលីពីនអាចរៀនសូត្របានច្រើនពីកម្ពុជាក្នុងការគ្រប់គ្រងបេតិកភណ្ឌ បើមានកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាលើផ្នែកជួសជុលអភិរក្សបុរាណដ្ឋាន ពីព្រោះកម្ពុជាស្រឡាញ់បុរាណដ្ឋានខ្លួនច្រើន ហើយថែទាំបានល្អ តែហ្វីលីពីនមិនសូវមានអ្នកចូលចិត្តបុរាណវិទ្យាទេ ដោយសារមិនសូវមានបុរាណដ្ឋាននិងទទួលបានកម្រៃទាបជាងជំនាញផ្សេងៗ។

ក្នុងនាមជាប្រទេសដែលផ្តល់ជំនួយដើម្បីបើកវគ្គបណ្តុះបណ្តាលអន្តរជាតិស្តីពីការស្រាវជ្រាវផ្នែកបុរាណវិទ្យានិងប្រវត្តិសាស្ត្រ កញ្ញា Amantha CHONG ជាគ្រូបង្រៀនប្រវត្តិសាស្ត្រមកពីក្រសួងអប់រំនៃប្រទេសសិង្ហបុរី បានសម្តែងនូវការចាប់អារម្មណ៍ថា នៅស្រុកខ្មែរមានប្រាសាទនិងស្ថានីយ៍កំណាយច្រើន ដែលដូនតាបន្សល់ទុកមកដល់បច្ចុប្បន្នដើម្បីឱ្យខ្មែរនិងបរទេសសិក្សាស្រាវជ្រាវបន្ត ហើយរាជរដ្ឋាភិបាលនិងស្ថាប័នទទួលខុសត្រូវ ក៏បានថែទាំបេតិកភណ្ឌទាំងអស់បានយ៉ាងល្អនិងយកចិត្តទុកដាក់បំផុត។ ថ្វីដ្បិតនៅសិង្ហបុរីមិនមានប្រាសាទ មិនមានការងារបុរាណវិទ្យាដូចកម្ពុជា តែកញ្ញាចង់ចែករំលែកចំណេះដឹងដែលទទួលបានពីកម្ពុជា ទាំងប្រវត្តិសាស្ត្រ ទាំងការងារស្រាវជ្រាវបុរាណវិទ្យា វប្បធម៌ ប្រពៃណីអ្នកស្រុក ដើម្បីយកទៅបង្រៀនសិស្សានុសិស្សបន្ត។ លើកក្រោយពេលត្រឡប់មកកម្ពុជាម្តងទៀត កញ្ញាឈប់មកដើម្បីតែកម្សាន្តទៀតហើយ គឺមកដើម្បីគោលដៅអប់រំ ហើយផ្សព្វផ្សាយចំណេះដឹងទាំងអស់ទៅកាន់មិត្តភក្តិ និងពិភពលោកឱ្យបានដឹងពីកម្ពុជាផងដែរ។

នេះជាមោទនភាពណាស់សម្រាប់ដែនដីកម្ពុជា ដែលដូនតារបស់ខ្មែរបានបន្សល់ទុកនូវប្រាង្គប្រាសាទ ស្ថានីយ៍ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈដ៏រស់រវើក និងប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍ បានទាក់ទាញបេះដូងភ្ញៀវទេសចរ រួមទាំងអ្នកស្រាវជ្រាវជាច្រើនស្ថាប័នលើពិភពលោកបានស្គាល់កម្ពុជា។ អាជ្ញាធរជាតិអប្សរាសូមគាំទ្រជានិច្ចចំពោះស្មារតីស្រឡាញ់ និងការរួមចំណែករបស់ស្ថាប័នជាតិ-អន្តរជាតិ ដើម្បីជួយអភិរក្ស អភិវឌ្ឍន៍តំបន់អង្គរប្រកបដោយចីរភាព ពិសេសគឺជួយស្រាវជ្រាវស្វែងយល់អំពីបុរាណកាលរបស់ខ្មែរឱ្យកាន់តែយល់ច្បាស់បន្ថែមទៀត៕


















នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកបណ្ឌិត ប្រ៊ីស វុំាងសង់ សាស្រ្ដាចារ្យរង និងជាប្រធានវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស ក្រុងសៀមរាប ចូលជួប និងបង្ហាញពីឯកសារស្រាវជ្រាវទាំងប៉ុន្មាន ចាប់ពីស្ថាប័ននេះចូលរួមកិច្ចការអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរក្សាទុកក្នុងមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ របស់អាជ្ញាធរជាតិអប្សរា។
នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត ទទួលការបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងហានិភ័យប្រាសាទ។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដោយមានកិច្ចសហការដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិអប្សរា។
នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាចប់អាណត្តិ ជួបសម្ដែងការគួរសម និងជម្រាបលាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។ ក្នុងជំនួបនៅពេលនោះ លោកជំទាវឯកអគ្គរដ្ឋទូតបានរំឭកពីកិច្ចសហប្រតិបត្តិការដែលប្រទេសឥណ្ឌា បានជួយការងារជួសជុលនៅប្រាសាទអង្គរវត្ត និងកំពុងជួយផ្នែកអភិរក្សនិងជួសជុលនៅប្រាសាទតាព្រហ្ម។
នៅក្នុងសប្តាហ៍ទី១នៃខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន១៨ករណី រួមមាន៖ ក្រុងសៀមរាប ៣ករណី ស្រុកបន្ទាយស្រី២ករណី ស្រុកអង្គរធំ២ករណី ស្រុកប្រាសាទបាគង៧ករណី ស្រុកពួក៣ករណី ស្រុកសូទ្រនិគម១ករណី។
បន្ទាប់ពីទទួលបានកូនឈើដែលផ្តល់ដោយអាជ្ញាធរជាតិអប្សរានាពេលកន្លងមក ព្រះសង្ឃ រួមនិងសាធារណជនជិតឆ្ងាយ បានរៀបចំពិធីដាំនៅតាមទីតាំងផ្សេងៗ បំណងដើម្បីបរិស្ថាន បង្កើនគម្របព្រៃឈើឡើងវិញ និងជាពិសេសចូលរួមចំណែកអភិវឌ្ឍន៍ជាក់ស្តែងនៅមូលដ្ឋានរៀងៗខ្លួន ដែលសកម្មភាពដាំកូនឈើទាំងនោះមាននៅ៖

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
1150
ម្សិលមិញ
:
5850
សប្តាហ៍នេះ
:
71210
ខែនេះ
:
0227291
សរុប
:
012734880