ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមអ្នកជំនាញមកពីអាមេរិក បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសសង្គ្រោះបឋម ដល់មន្ត្រីពាក់ព័ន្ធប្រចាំការក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 14 ខែ ធ្នូ ឆ្នាំ2016 01:51 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរាតាមបណ្តាប្រាង្គប្រាសាទនានា មន្ត្រីនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ នគរបាលចរាចរណ៍ប្រចាំតំបន់ឧទ្យានអង្គរ និងមន្ត្រីបុគ្គលិកមកពីនាយកដ្ឋាននានា និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរាមួយចំនួនទៀត កំពុងទទួលវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្គ្រោះបឋមពីក្រុមអ្នកជំនាញ The CPR HERO Training Center មកពីសហរដ្ឋអាមេរិក។ វគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមពីថ្ងៃទី១៣ខែធ្នូដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។

មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ គឺធ្វើឲ្យប្រសើរឡើងនូវសេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរ។ “ដូចយើងដឹងស្រាប់ហើយថា បច្ចុប្បន្នអង្គរ គឺជាតារាមួយដួងដែលភ្ញៀវទេសចរជាច្រើនកំពុងចាប់អារម្មណ៍ខ្លាំង។ ដូច្នេះ យើងត្រូវព្យាយាមពង្រឹងគុណភាពនៃការទស្សនានេះឲ្យរឹតតែប្រសើរឡើងថែមទៀត។ ភ្ញៀវទេសចរដែលចូលទស្សនាតំបន់នេះមានចំនួនច្រើន ដូច្នេះ ឧបទ្ទហេតុអាចកើតឡើងចំពោះពួកគាត់។ ការចេះវិធីសាស្ត្រជួយសង្គ្រោះពួកគាត់បានទាន់ពេល និងប្រកបដោយសុវត្ថិភាព គឺជាតម្រូវការចាំបាច់មួយសម្រាប់យើងអ្នកធ្វើការពាក់ព័ន្ធនឹងអង្គរទាំងអស់គ្នា”។

ឯកឧត្តមបន្ថែមថា “ដោយសារមេរៀននេះមានសារៈសំខាន់ យើងនឹងពង្រីកវគ្គបណ្តុះបណ្តាលនេះទៅកាន់អ្នកពាក់ព័ន្ធដទៃទៀតដូចជា មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកបើកបរ ឬក៏អ្នកស្រុកផ្ទាល់តែម្តង ព្រោះចំណេះដឹងនេះចេះរឹតតែច្រើនរឹតតែល្អចំពោះសេវាទេសចរណ៍”។ ទន្ទឹមគ្នានេះដែរ ឯកឧត្តមសំណូមពរឲ្យសិក្ខាកាមទាំងអស់ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព និងជួយអប់រំបន្តដល់អ្នកផ្សេងទៀត ព្រោះចំណេះដឹងនេះមិនត្រឹមតែអាចជួយភ្ញៀវទេសចរបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយបងប្អូនសាច់ញាតិនិងអ្នកស្រុកអ្នកភូមិរបស់ពួកគាត់បានទៀតផង។

លោក MICHAEL QUOCMINH PHAM ប្រធានក្រុមការងារ The CPR HERO Training Center និងជាអ្នកបណ្តុះបណ្តាលផ្ទាល់បានលើកឡើងថា វគ្គសិក្សានេះបានផ្តោតសំខាន់លើរបៀបជួយឱ្យមានដំណើរការដង្ហើមឡើងវិញ និងការវាយតម្លៃជនរងគ្រោះថា តើគ្រោះថ្នាក់កម្រិតណាដែលអាចជួយសង្គ្រោះនៅនឹងកន្លែងបាន ហើយគ្រោះថ្នាក់កម្រិតណាដែលត្រូវការឡានពេទ្យជាចាំបាច់ខានមិនបាន។ បើទោះជាត្រូវការឡានពេទ្យក៏ដោយ ក៏អ្នកដែលចេះវិធីជួយសង្គ្រោះបឋមអាចជួយសង្គ្រោះពួកគាត់ឲ្យរួចផុតពីគ្រោះថ្នាក់បានដែរ ក្នុងករណីដែលត្រូវរង់ចាំឡានសង្គ្រោះបន្ទាន់មកដល់។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានប្រគល់ម៉ាស៊ីនឆក់បេះដូងមួយគ្រឿងដល់អាជ្ញាធរជាតិអប្សរា ដើម្បីប្រើប្រាស់ក្នុងកិច្ចការសង្គ្រោះបឋម ក្នុងករណីដែលមានឧបទ្ទវហេតុត្រូវប្រើប្រាស់ជាចាំបាច់។

លោក ថាន់ ប៊ុនធី មន្រ្តីនគរបាលចរាចរណ៍ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះបានបង្ហាញចំណាប់អារម្មណ៍ថា លោកពេញចិត្តនឹងកម្មវិធីបណ្តុះបណ្តាលនេះណាស់ ព្រោះវាជាវិធីសាស្រ្តដែលអាចជួយឲ្យយើងសង្រ្គោះមនុស្សទូទៅបានគ្រប់ពេលវេលា។ លោកប្តេជ្ញាថានឹងយកមេរៀននេះទៅអនុវត្ត និងណែនាំអ្នកផ្សេងទៀតដែលអាចណែនាំបាន ដើម្បីឲ្យចូលរួមជួយសង្គ្រោះនៅពេលភ្ញៀវ ឬ អ្នកស្រុកមានបញ្ហាកើតឡើងបានទាន់ពេលវេលា។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយនៃវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមដល់មន្ត្រីបុគ្គលិក ដែលធ្វើការពាក់ព័ន្ធក្នុងឧទ្យានអង្គរ ដោយវគ្គទី១ត្រូវបានរៀបចំឡើងដោយក្រុម The CPR HERO Training Center ដដែល កាលពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦កន្លងមកនេះ៕












ចាប់ពីថ្ងៃទី២ ខែមិថុនា តទៅ សារមន្ទីរទាំង៣ដែលស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផ្តើមបើកទ្វារស្វាគមន៍ការទស្សនារបស់ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារមួយរយៈអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការបើកទ្វារឡើងវិញនេះ គឺមានការគិតគូរខ្ពស់ពីសុវត្ថិភាពភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា។
ព្រះវិហារបុរាណនៅវត្តរាជបូណ៌ក្នុងទីរួមខេត្តសៀមរាប បានទទួលការជួសជុលដំណាក់ទី៣ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភជាថវិកាពីអាជ្ញាធរជាតិអប្សរា។
ក្នុងខែឧសភា ឆ្នាំ២០២០ របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន៤៧១គ្រួសារ។
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានបន្តការងាររៀបចំសួនច្បារមុខបរិវេណប្រាសាទអង្គរវត្ត ដែលការងារនេះធ្វើឡើងក្នុងបំណងកែប្រែបរិវេណនេះឱ្យក្លាយជាសួនបៃតង។ នេះជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនរបស់អាជ្ញាធរជាតិអប្សរា សំដៅធ្វើយ៉ាងណា រៀបចំតំបន់រមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត មានភាពបៃតង ស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ អ្នកស្រី យ៉ន ចាន់ថា ដែលជាអាជីវករ និងអ្នកស្រី នង ញួន ម្ចាស់ទីតាំងតូបលក់ដូរនៅមុខប្រាសាទអង្គរ វត្ត បានស្ម័គ្រចិត្ត រុះរេីអាហារដ្ឋានរបស់ខ្លួន និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា ដេីម្បីបន្តដាំដេីមឈេីប្រណិត រៀបចំសួនច្បារ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍ កម្រិតអន្តរជាតិ ដែលមានបរិស្ថាន ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយ ល្អ ។
ដើមដំបូងមុន12345...319320បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
2629
ម្សិលមិញ
:
4682
សប្តាហ៍នេះ
:
65164
ខែនេះ
:
0065164
សរុប
:
011002148