ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរាអនុញ្ញាតឲ្យប្រតិភូសារព័ត៌មាន មកពីប្រទេសឥណ្ឌាចូលជួបសម្តែងការគួរសម

បានផ្សាយនៅ ថ្ងៃទី 13 ខែ ធ្នូ ឆ្នាំ2016 05:48 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យក្រុមប្រតិភូសារព័ត៌មានឥណ្ឌារៀបចំដោយក្រសួងការបរទេសឥណ្ឌាចូលជួបសម្តែងការគួរសមនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។ អមដំណើរប្រតិភូនានៅក្នុងជំនួបនេះ មានលោក SUDHIR GOSWAMI មន្ត្រីទំនាក់ទំនងនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។

ក្នុងកិច្ចស្វាគមន៍គណៈប្រតិភូ ឯកឧត្តមអគ្គនាយកបានរំឭកឡើងវិញនូវទំនាក់ដ៏ល្អរវាងអាជ្ញាធរជាតិអប្សរា និងប្រទេសឥណ្ឌា ក្នុងការងារអភិរក្សជួសជុលនិងស្តារឡើងវិញនូវប្រាសាទក្នុងរមណីយដ្ឋានអង្គរ នាពេលកន្លងមក ក៏ដូចជាកំពុងបន្តអនុវត្តនាពេលបច្ចុប្បន្ន ជាពិសេស គឺ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ASI (Archeological Survey of India) ដែលកំពុងបន្តការងារជួសជុលនៅប្រាសាទតាព្រហ្ម។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ក៏បង្ហាញគណៈប្រតិភូឥណ្ឌាអំពីដំណើរការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដោយអាជ្ញាធរជាតិអប្សរា និងកិច្ចសហការពីដៃគូជាតិ និងអន្តរជាតិនានា។ ឯកឧត្តមបញ្ជាក់ថា ប្រាង្គប្រាសាទនានាមួយចំនួនដែលត្រូវបានជួសជុល និងស្តារឡើងនេះ គឺជាសមិទ្ធផលរួមនៃរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាដៃគូអន្តរជាតិ ហើយនៅមានប្រាសាទជាច្រើនទៀតដែលទាមទារការអភិរក្សជួសជុល។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាបើកចំហជានិច្ចរាល់កិច្ចសហការពីដៃគូអន្តរជាតិក្នុងការចូលរួមបន្តទៀត ជាពិសេសស្ថាប័នជំនាញផ្សេងៗទៀតមកពីប្រទេសឥណ្ឌា។

ជាការឆ្លើយតប លោក SUDHIR GOSHWAMI បានសម្តែងនូវការដឹងគុណចំពោះឯកឧត្តមអគ្គនាយកដែលបានអនុញ្ញាតឲ្យប្រតិភូរបស់លោកបានចូលជួបសំណេះសំណាល និងស្វែងយល់អំពីកិច្ចការគ្រប់គ្រងរមណីយដ្ឋានអង្គរ។ លោកសន្យានឹងជំរុញកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងឥណ្ឌាឲ្យកាន់តែរឹងមាំ និងមានភាពល្អប្រសើរថែមទៀត៕










តាំងពីដើមខែមិថុនាមក គឺចាប់ពីពេលដែលភ្លៀងចាប់ផ្តើមធ្លាក់ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានសម្រុកដាំដើមឈើជាបន្តបន្ទាប់ទាំងក្នុង និងក្រៅរមណីយដ្ឋានអង្គរ។ គិតមកទល់នឹងចុងខែកក្កដានេះ មានកូនឈើជាង៣ម៉ឺនដើមហើយ ដែលត្រូវបានដាំក្នុងរមណីយដ្ឋានអង្គរ។ មុននឹងផុតរដូវភ្លៀងនៅចុងកញ្ញាឬដើមខែតុលា នាយកដ្ឋានជំនាញគ្រប់គ្រងព្រៃឈើមួយនេះប្តេជ្ញាដាំកូនឈើឲ្យបានយ៉ាងតិច៣ម៉ឺនដើមទៀត។
ប្រធានក្រុមហ៊ុន Forword (Cambodia) Argricultural Development Co.Ltd បាននាំអ្នកជំនាញកសិកម្មរបស់ខ្លួន ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងភូមិធម្មជាតិរុនតាឯក និងសិក្សាទីតាំងក្នុងភូមិរុនតាឯកដើម្បីធ្វើកសិកម្ម កាលពីថ្ងៃទី២៧ ខែមិនថុនា ឆ្នាំ២០១៦។
ប្រាសាទបុរាណខ្មែរនៅសៀមរាបអង្គរចំនួន៩១ប្រាសាទ ត្រូវបានចាត់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងចំណោមនោះ ប្រាសាទអង្គរវត្តដែលបានសាងសង់ឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២នាដើមសតវត្សទី១២ កំពុងទទួលបាននូវការចាប់អារម្មណ៍ជាងគេ ពីសំណាក់អ្នកទេសចរអន្តរជាតិ ដែលបានមកទស្សនាតាមរយ:ការឲ្យតម្លៃលើស្នាដៃសិល្បៈ ស្ថាបត្យកម្មនិងចម្លាក់នានាប្រកបដោយភាពរស់រវើក ស្រស់ស្អាត និងផ្ចិតផ្ចង់។
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដឹកនាំដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារក និងថវិកាជាចំណងដៃផ្តល់ជូនជាបន្តបន្ទាប់ដល់ស្ត្រីឆ្លងទន្លេ២០គ្រួសារ ដែលនៅក្នុងភូមិចំនួន២ គឺភូមិកោះជ្រុំ និងភូមិទួលក្រឡាញ់ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។
គម្រោងស្រាវជ្រាវ “ព្រះរាជរោងសិតសំរិទ្ធក្នុងព្រះបរមរាជវាំងអង្គរធំ” ដែលកំពុងអនុវត្តដោយអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា (EFEO) បានបង្ហាញថា ជនជាតិខ្មែរមានរោងស្លលោហកម្ម ធំ និងប្រណីតជាងគេនៅអាស៊ីអាគ្នេយ៍។ លទ្ធផលបឋមនៃកំណាយស្រាវជ្រាវ នៅក្នុងព្រះបរមរាជវាំងអង្គរធំសម័យអង្គរនេះ ថែមទាំងបង្ហាញថា ទំនៀមនៃការផលិតលោហកម្មរបស់បុព្វបុរសខ្មែរនៅតែបន្តអាយុជីវិតនៅឡើយសព្វថ្ងៃ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
15
ថ្ងៃនេះ
:
11654
ម្សិលមិញ
:
28262
សប្តាហ៍នេះ
:
257400
ខែនេះ
:
0257400
សរុប
:
015327203