ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរាអនុញ្ញាតឲ្យប្រតិភូសារព័ត៌មាន មកពីប្រទេសឥណ្ឌាចូលជួបសម្តែងការគួរសម

បានផ្សាយនៅ ថ្ងៃទី 13 ខែ ធ្នូ ឆ្នាំ2016 05:48 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យក្រុមប្រតិភូសារព័ត៌មានឥណ្ឌារៀបចំដោយក្រសួងការបរទេសឥណ្ឌាចូលជួបសម្តែងការគួរសមនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។ អមដំណើរប្រតិភូនានៅក្នុងជំនួបនេះ មានលោក SUDHIR GOSWAMI មន្ត្រីទំនាក់ទំនងនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។

ក្នុងកិច្ចស្វាគមន៍គណៈប្រតិភូ ឯកឧត្តមអគ្គនាយកបានរំឭកឡើងវិញនូវទំនាក់ដ៏ល្អរវាងអាជ្ញាធរជាតិអប្សរា និងប្រទេសឥណ្ឌា ក្នុងការងារអភិរក្សជួសជុលនិងស្តារឡើងវិញនូវប្រាសាទក្នុងរមណីយដ្ឋានអង្គរ នាពេលកន្លងមក ក៏ដូចជាកំពុងបន្តអនុវត្តនាពេលបច្ចុប្បន្ន ជាពិសេស គឺ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ASI (Archeological Survey of India) ដែលកំពុងបន្តការងារជួសជុលនៅប្រាសាទតាព្រហ្ម។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ក៏បង្ហាញគណៈប្រតិភូឥណ្ឌាអំពីដំណើរការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដោយអាជ្ញាធរជាតិអប្សរា និងកិច្ចសហការពីដៃគូជាតិ និងអន្តរជាតិនានា។ ឯកឧត្តមបញ្ជាក់ថា ប្រាង្គប្រាសាទនានាមួយចំនួនដែលត្រូវបានជួសជុល និងស្តារឡើងនេះ គឺជាសមិទ្ធផលរួមនៃរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាដៃគូអន្តរជាតិ ហើយនៅមានប្រាសាទជាច្រើនទៀតដែលទាមទារការអភិរក្សជួសជុល។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាបើកចំហជានិច្ចរាល់កិច្ចសហការពីដៃគូអន្តរជាតិក្នុងការចូលរួមបន្តទៀត ជាពិសេសស្ថាប័នជំនាញផ្សេងៗទៀតមកពីប្រទេសឥណ្ឌា។

ជាការឆ្លើយតប លោក SUDHIR GOSHWAMI បានសម្តែងនូវការដឹងគុណចំពោះឯកឧត្តមអគ្គនាយកដែលបានអនុញ្ញាតឲ្យប្រតិភូរបស់លោកបានចូលជួបសំណេះសំណាល និងស្វែងយល់អំពីកិច្ចការគ្រប់គ្រងរមណីយដ្ឋានអង្គរ។ លោកសន្យានឹងជំរុញកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងឥណ្ឌាឲ្យកាន់តែរឹងមាំ និងមានភាពល្អប្រសើរថែមទៀត៕










កម្មវិធីអប់រំយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោកឆ្នាំ២០១៦ ដែលមានរយៈពេល១២ថ្ងៃនៅតំបន់អង្គរ ចាប់ផ្តើមពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ បានបិទបញ្ចប់ជាស្ថាពរហើយនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅសាលសន្និសីទអង្គរ ក្រោមអធិបតីភាពឯកឧត្តម ហុក ប៉េងសែ និងឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរាបានប្រគល់ទីតាំងពិសោធន៍ស្រាវជ្រាវកសិកម្មធម្មជាតិ នៅស្ថានីយពិសោធន៍កសិកម្មធម្មជាតិទឹកវិលជូនមន្ទីរកសិកម្មខេត្តសៀមរាបវិញហើយកាលពី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីខ្ចីពីមន្ទីរកសិកម្មខេត្តសៀមរាប អស់រយៈពេល១២ឆ្នាំមកហើយ(២០០៤-២០១៦)។
ប្រាសាទបន្ទាយសម្រែជាប្រាសាទមួយដែលមានរចនាប្ម័ទដូចប្រាសាទអង្គរវត្តដែរ ធ្លាប់ជួសជុលដំបូងដោយអ្នកជំនាញជនជាតិបារាំងនាឆ្នាំ១៩៣០ដល់ឆ្នាំ១៩៤៤ ដោយប្រើវិធីរើហើយរៀបទៅវិញ ដើម្បីរៀបចំទម្រង់ប្រាសាទឱ្យរឹងមាំដូចសព្វថ្ងៃនេះ។
ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរជាបេតិកភណ្ឌដ៏មានតម្លៃកាត់ថ្លៃមិនបានសម្រាប់មនុស្សជាតិទូទាំងសកលលោក ជាពិសេសសម្រាប់ជាតិខ្មែរទាំងមូល។ បេតិកភណ្ឌដ៏មានតម្លៃនេះ បានធ្វើឱ្យអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិបង្កើនការយកចិត្តទុកដាក់ក្នុងការសិក្សា ដើម្បីស្វែងរកនូវអាថ៌កំបាំងនៃប្រវត្តិសាស្ត្រដែលបាត់បង់តាមសម័យកាល។
អាជ្ញាធរជាតិអប្សរា សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្រ្តី-បុគ្គលិក អាជ្ញាធរជាតិអប្សរា មគ្គុទ្ទេសក៍ទេសចរណ៍ និងសិស្ស-និស្សិតទាំងអស់ ឱ្យបានជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងរៀបចំបាឋកថាស្តីពី "ដំណើរទៅកាន់ឋានសួគ៌៖ សាកល្បងបង្កើតពិភពជំនឿសាសនារបស់ព្រះបាទជ័យវរ្ម័នទី៧ឡើងវិញ" ដោយលោក ហ្សង់ ឌុយ ផ្លេសីស (Jean de Plessis) និងមានការប្រែសម្រួលជាភាសាខ្មែរដោយ លោក អ៊ឹម សុខរិទ្ធី

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
12
ថ្ងៃនេះ
:
2167
ម្សិលមិញ
:
55244
សប្តាហ៍នេះ
:
57411
ខែនេះ
:
0002167
សរុប
:
013693621