ព័ត៌មានថ្មីៗ

ប្រជាជននៅភូមិធម្មជាតិរុនតាឯកទទួលបានការផ្សព្វផ្សាយបញ្ហាបរិស្ថានពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 07 ខែ ធ្នូ ឆ្នាំ2016 11:24 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

បញ្ហាបរិស្ថាន ជាបញ្ហាចោទសំខាន់មួយនាពេលបច្ចុប្បន្ន ដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងន់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ នេះក៏ព្រោះតែការកើនឡើងនៃចំនួនមនុស្ស កំណើនតម្រូវការប្រើប្រាស់ ការអភិវឌ្ឍសង្គម ទម្លាប់មិនល្អក្នុងការរស់នៅ ខ្វះការយល់ដឹងបញ្ហាបរិស្ថាន និងកត្តារួមផ្សំជាច្រើនផ្សេងទៀត។

ដូច្នេះហើយ ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងលើកកម្ពស់សុខភាពប្រជានជាមួយរាជរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលនានា អាជ្ញាធរជាតិអប្សរាបានធ្វើការអប់រំពីបញ្ហាបរិស្ថានដល់ប្រជាជននៅភូមិធម្មជាតិរុនតាឯក នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ដោយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាផ្ទាល់។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានលើកឡើងថា ការបញ្ជ្រាបចំណេះដឹងផ្នែកបរិស្ថានដល់ប្រជាជន គឺរឿងសំខាន់បំផុតសម្រាប់ការរស់នៅរបស់ពួកគាត់ ដើម្បីឱ្យគាត់ចេះសម្អាតបរិស្ថានជុំវិញផ្ទះ យល់ដឹងពីការទុកដាក់សំរាមបានត្រឹមត្រូវ មានទម្លាប់រស់នៅល្អ ស្រឡាញ់បរិស្ថាន និងចៀសផុតពីជំងឺតម្កាត់ផ្សេងៗដល់មនុស្សក្នុងគ្រួសារផងដែរ ជាហេតុធ្វើឱ្យគាត់មិនចំណាយថវិកាឥតប្រយោជន៍ទៅលើការព្យាបាលជំងឺ។ ក្រៅពីនោះ ភូមិធម្មជាតិរុនតាឯក ក៏ជាកន្លែងទេសចរណ៍ធម្មជាតិមួយក្នុងតំបន់អង្គរ ដែលអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្លាំងលើផ្នែកបរិស្ថាន ទាំងការអប់រំប្រជាជន និងធ្វើជាគំរូដល់ប្រជាជន ដើម្បីទាក់ទាញទេសចរឱ្យចូលមកទស្សនា ហើយអាចបង្កើនចំណួលដល់ប្រជាជននៅទីនេះថែមទៀត។

លោក ស្រេង ឡេង បុគ្គលិកប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានកោតសរសើរចំពោះការរស់នៅ របស់ប្រជាជននៅភូមិធម្មជាតិរុនតាឯកដែលមានការយល់ដឹងល្អពីបញ្ហាបរិស្ថាន ប៉ុន្តែការជំរុញ លើកទឹកចិត្ត និងអប់រំបន្ថែមនៅថ្ងៃនេះ គឺជារឿងចាំបាច់។ ចាំបាច់ដោយហេតុថា សំរាមជាបញ្ហាប្រឈមខ្លាំងសម្រាប់មុខមាត់ប្រទេសជាតិសុខភាពប្រជាជន និងបរិស្ថានទូទៅ។ ការទុកដាក់សំរាមមិនបានល្អត្រឹមត្រូវ ចោលពាលវាលពាសកាល នាំឱ្យមានក្លិនមិនល្អ បង្កឱ្យមានជំងឺអាសន្នរោគ រលាកផ្លូវដង្ហើមជាដើម ដែលមិនត្រឹមតែប៉ះពាល់ដល់សុខភាពមនុស្សទេ សូម្បីតែសត្វក៏ស្លាប់ដែរ។ លើសពីនេះ សំរាមខ្លះមានប្រយោជន៍សម្រាប់កសិកម្ម ឯខ្លះទៀតយើងអាចកែច្នៃប្រើប្រាស់ឡើងវិញបាន ដូច្នេះត្រូវរៀនប្រើឱ្យអស់លទ្ធភាព សឹមបោះចោល ដូចពាក្យថា «សំរាម» គឺទាល់តែរបស់នោះកែច្នែលែងកើត។

បន្ថែមពីនោះលោកក៏បានបង្ហាញវិធីគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវដល់ប្រជាជន ដោយចាប់ផ្តើមពីខ្លួនឯងផ្ទាល់ ដូចជាកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ដាក់របស់ជាច្រើនក្នុងថង់តែមួយ មានទម្លាប់ល្អពេលហូបចុករួច ប្រើប្រាស់និងកែច្នៃសាឡើងវិញនូវរបស់ខ្លះដែលអាចប្រើបាន ទុកដាក់សំរាមតាមប្រភេទ ដាច់ខាតមិនត្រូវដុតថង់ផ្លាស្ទិក និងចូលរួមថែរក្សាបរិស្ថានឱ្យបានគ្រប់គ្នា។ បរិស្ថានស្អាត សុខភាពល្អ គ្រួសាររីកចម្រើន!












ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាមួយក្រុមដែលមានគ្នាប្រមាណ៣ទៅ៤នាក់ កំពុងតែប្រឹតប្រៀងផ្ចិតផ្ចង់ជួសជុលចម្លាក់ផ្តែរនៅលើប្រាសាទប្រែរូប ដែលកំពុងរងភាពពុកផុយខ្លាំង។ ផ្តែរមួយផ្ទាំងនេះធ្លាប់បានជួសជុលម្តងរួចមកហើយ ដោយក្រុម GACP ដែលកាលណោះជាការជួសជុលបែបសង្គ្រោះបឋម។
“..ជាប្រពៃណីទៅហើយ យើងតែងសុំទឹកភ្លៀងជាប្រចាំ ទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តី តែយើងនៅតែសង្ឃឹមថា ភ្លៀងនឹងធ្លាក់ក្រោយពីយើងធ្វើពិធីបួងសួងសុំនៅថ្ងៃនេះហើយ។ តាមរូបដែលមកចូលសណ្ឋិតប្រាប់ថា យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត...”។ នេះជាប្រសាសន៍រៀបរាប់របស់លោកយាយវឿន អាយុជាង៦០ឆ្នាំ ដែលដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។
ទំនប់ថ្នល់ដាច់ដែលទើបតែជួសជុលហើយ ដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសហគមន៍ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន ឃុំខ្នង ស្រុកស្វាយលើ ត្រូវបានប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យឆ្លងតាមប្រពៃណី ដើម្បីអបអរសាទរនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។
នារសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៣:៤៥នាទី មានហេតុការណ៍ភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំងនៅម្ដុំបរិវេណក្រុងអង្គរធំ មកប្រាសាទ អង្គរវត្ត។ ហេតុការណ៍នេះ បានបណ្ដាល ឲ្យមានដើមឈើធំតូចមួយចំនួនខ្លះបាក់មែក ខ្លះបាក់ដើមរលំមកលើផ្លូវ នៅទីតាំងតំបន់ប្រាសាទមួយចំនួនដូចខាងក្រោម៖

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
6068
ម្សិលមិញ
:
17878
សប្តាហ៍នេះ
:
108908
ខែនេះ
:
0226207
សរុប
:
011688803