ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពីការបង្ការការអភិរក្សបេតិកភណ្ឌ

បានផ្សាយនៅ ថ្ងៃទី 03 ខែ ធ្នូ ឆ្នាំ2016 01:27 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សិក្ខាកាមចំនួន២៥នាក់ មកពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការបង្ការការអភិរក្សបេតិកភណ្ឌដោយជោគជ័យកាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦។ កម្មវិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល អង្គរនៃអាជា្ញធរជាតិអប្សរា ក្រោមអធិបតីភាព ឯកឧត្តម រស់ បូរ៉ាត់ អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម រស់ បូរ៉ាត់ មានមតិថា ការអភិវឌ្ឍប្រកបដោយចីរភាពត្រូវផ្សារភ្ជាប់ជាមួយការអភិរក្សបេតិកភណ្ឌ វប្បធម៌ ការអប់រំ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ការមានធនធានមនុស្ស និងធនធានហិរញ្ញវត្ថុគ្រប់គ្រាន់គឺសំខាន់ណាស់ ជាពិសេស សហគមន៍មូលដ្ឋានត្រូវមានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចថែរក្សា ការពារបេតិកភណ្ឌ និងការទាញយកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចពីវិស័យទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌ ។ ឯកឧត្តមជឿថាសិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើនពាក់ព័ន្ធនឹងការបង្ការការអភិរក្សបេតិកណ្ឌ ហើយអាចយកចំណេះដឹងទាំងនេះមកអនុវត្តក្នុងការងារបានសមស្រប និងមានប្រសិទ្ធភាព។

លោក សយ សុភារិន្ទ បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានលើកឡើងថា លោកទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើនពីការសិក្សាវគ្គបណ្តុះបណ្តាលការបង្ការការអភិរក្សបេតិកភណ្ឌ បើទោះបីលោកធ្លាប់បានចូលរួមវគ្គបែបនេះច្រើនដងក្តី ហើយលោកពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលមានឱកាសបានចូលរួមវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ និងមានតម្លៃនេះទៀត ។ ជាមួយគ្នានេះដែរ លោកបានអរគុណចំពោះថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដែលបានបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលជាច្រើនដើម្បីឲ្យរូបលោកក៏ដូចជាសិក្ខាកាមដទៃទៀតបានទទួលចំណេះថ្មីៗប្រកបដោយជំនាញក្នុងការជួសជុល អភិរក្សមរតកវប្បធម៌ជាតិ។

គួរបញ្ជាក់ដែរថា វគ្គសិក្សានេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ បង្រៀនដោយលោកសាស្ត្រាចារ្យ koenraad VAN BOLEN ជាស្ថាបត្យករផ្នែកវិស្វកម្មជនជាតិប៊ែលហ្សិកនាយកមជ្ឈមណ្ឌលអន្តរជាតិ Raymond Lemaire សម្រាប់ការអភិរក្ស និងជាប្រធានផ្នែកបង្ការការអភិរក្ស ត្រួតពិនិត្យ និងថែទាំប្រាសាទ (UNESCO Chair of Preventive Conservation, Monitoring and Maintenance of Monuments and site) ។

វគ្គសិក្សានេះធ្វើឡើងដើម្បីអភិវឌ្ឍចំណេះដឹងបន្ថែមដល់មន្ត្រីបុគ្គលិក ដែលពាក់ព័ន្ធនឹងការងារបង្ការការអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ ដោយផ្តោតសំខាន់ទៅលើទ្រឹស្តី និងវិធីសាស្រ្តការបង្ការការអភិរក្ស បទពិសោធន៍ និងការអនុវត្តនូវការបង្ការការអភិរក្ស សារៈសំខាន់នៃបេតិកភណ្ឌវប្បធម៌ កិច្ចពិភាក្សានិងផ្លាស់ប្តូរបទពិសោធន៍ពីវិធីសាស្រ្តនិងលទ្ធភាពដែលអនុវត្តបានក្នុងការបង្ការការអភិរក្សបេតិកភណ្ឌ វិធីសាស្រ្តការពារនិងអភិរក្សដោយធ្វើការវិភាគ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាលនិងការត្រួតពិនិត្យ ដំណើរការខូចខាតនិងការវិភាគការខូចខាត ការការពារនិងវិធីសាស្រ្តក្នុងការជួសជុលថ្មឲ្យរក្សានូវភាពដើម សម្ភារៈសាងសង់ និងបច្ចេកទេសសាងសង់ព្រមទាំងសម្ភារៈសម្រាប់ជួសជុលនិងព្យាបាល៕










ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណកំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២០ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ មានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ។
ដើមដំបូងមុន12345...363364បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
9223
ម្សិលមិញ
:
10457
សប្តាហ៍នេះ
:
29411
ខែនេះ
:
0347536
សរុប
:
013329850