ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានិងអង្គការសុខភាពពិភពលោកផ្សព្វផ្សាយកម្មវិធីភូមិដ្ឋានគ្មានផ្សែងបារី នៅភូមិធម្មជាតិរុនតាឯកដើម្បីលើកកម្ពស់សុខភាពប្រជាជន!

បានផ្សាយនៅ ថ្ងៃទី 27 ខែ វិច្ឆិកា ឆ្នាំ2016 08:08 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រជាជនប្រមាណ១៥០នាក់ ជាអ្នកភូមិរុនតាឯក រួមទាំងមេភូមិ មេឃុំ ចៅហ្វាយស្រុកបន្ទាយស្រី បានចូលរួមកម្មវិធីភូមិដ្ឋានគ្មានផ្សែងបារី ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក មានប្រសាសន៍ថា នេះជាយុទ្ធនាការផ្លូវការលើកទី១នៃការផ្សព្វផ្សាយពីភូមិដ្ឋានគ្មានផ្សែងបារីដល់អ្នកភូមិ ដើម្បីអប់រំប្រជាជននៅទីនេះឱ្យបានយល់ដឹងពីគ្រោះថ្នាក់នៃការជក់បារីដល់ខ្លួនឯង គ្រួសារ និងសហគមន៍ ហើយក៏ដើម្បីបង្ការអ្នកខាងក្រៅដែលមកទស្សនានៅទីនេះកុំឱ្យមានការជក់បារីផងដែរ។

ឯកឧត្តមបន្តទៀតថា កន្លងមកក្រៅពីអប់រំផ្នែកវិន័យ បរិស្ថានដល់ប្រជាជន កម្មករ និងបុគ្គលិកថ្មីហើយ ក្រុមការងារក៏មិនភ្លេចអប់រំពីគ្រោះថ្នាក់នៃការជក់បារីដល់ពួកគាត់ដែរ ថែមទាំងបានបណ្តុះបណ្តាលបុគ្គលិកនិងចែកស្ទីកក័រប្រឆាំងនឹងការជក់បារីថែមទៀត។ យើងមិនអាចបង្ខំគាត់ឱ្យឈប់ជក់បារីបានភ្លាមៗទេ តែនៅពេលគាត់យល់ដឹងនិងចេះស្រឡាញ់អាយុជីវិតប្រពន្ធកូនគាត់ គាត់នឹងឈប់ជក់បារីដោយខ្លួនឯង។ ដូច្នេះហើយអាជ្ញាធរជាតិអប្សរាបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទាំងនៅទីនេះ កន្លែងការិយាល័យធំ តំបន់អង្គរទាំងមូល និងក្រមប្រតិបត្តិអង្គរទៀតផង ហើយក៏បានទទួលជោគជ័យគួរឱ្យកត់សម្គាល់។

លោក យ៉ិល ដារ៉ាវុធ មន្ត្រីនៃអង្គការសុខភាពពិភពលោក បានលើកឡើងពីផលប៉ះពាល់នៃផ្សែងបារីថា ជក់បារី១ដើម គឺបន្ថយជីវិតអស់៧នាទី ហើយបារី១ដើមមានជាតិគីមីពុលជាង៧០០០សារធាតុ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពដូចជាមហារីកសួត បេះដូង សរសៃប្រសាទជាដើម។ ការជក់បារីមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់តែអ្នកជក់ទេ អ្នកស្រូបផ្សែងបារីក៏ទទួលផលប៉ះពាល់ខ្លាំងដូចគ្នា ពិសេសស្ត្រីមានផ្ទៃពោះនិងទារក។ លោកបន្តទៀតថា យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ក្នុង១ថ្ងៃមនុស្សស្លាប់៣០នាក់ ហើយ១ម៉ឺននាក់ក្នុង១ឆ្នាំ ដោយសារតែគ្រោះថ្នាក់នៃការជក់បារី។ ការជក់បារីមិនបាននាំផលចំណេញអ្វីដល់ខ្លួនឡើយ គឺមានតែខាតបង់ ទាំងថវិកា សុភមង្គលក្នុងគ្រួសារ ប៉ះពាល់សុខភាពផ្ទាល់ខ្លួន និងគ្រួសារទាំងមូល។ ពេលខ្លះទៀត ព្រោះតែបារីយើងត្រូវបាត់បង់សុខភាពដែលធ្លាប់ល្អឬកាត់នូវអវយវៈណាមួយនៃរាងកាយ គឺវាមិនសមនឹងតម្លៃនៃការលះបង់លើរបស់ដែលនាំគ្រោះថ្នាក់ដូច្នេះសោះ។

លោក ហុក ខៀវ ប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងសុខាភិបាល បានប្រាប់ថា វិធីផ្តាច់បារីមួយដែលល្អបំផុត គឺការតាំងចិត្តដោយខ្លួនឯង និងនៅឱ្យឆ្ងាយពីវា។ បន្ថែមពីនោះលោកក៏បានលើកឡើងពីច្បាប់ មួយចំនួនដែលពាក់ព័ន្ធនឹងអ្នកជក់បារី តួនាទីអ្នកមានសមត្ថកិច្ច ទីកន្លែងដែលហាមជក់បារី រួមនឹងការផាកពិន័យផងដែរ។

លោក ព្រំ ច័ន្ទគីរី បុគ្គលិកអាជ្ញាធរជាតិអប្សរាបានរៀបរាប់ពីអតីតកាលនៃការប្រឡូកក្នុងផ្សែងបារីថា ខ្ញុំចេះជក់បារីដោយសារនៅជុំវិញខ្លួនមានអ្នកចេះជក់ ហើយឮចាស់ៗថាជក់ទៅសុខភាពល្អ សប្បាយ ឡូយ ក៏មានចិត្តសាកល្បងដោយចាប់ផ្តើមពីវល្លិ៍ជុយ។ បន្ទាប់មកជក់សក់ពោត និងលួចថ្នាំខ្លាំងយាយៗហូបម្លូរមកមូរនឹងក្រដាសជក់ ដោយលាក់បាំងមិនឱ្យម៉ែឪដឹង។ ការជក់ដំបូងពិតជាពិបាកមែន វិលមុខផង ក្អួតចង្អោរផង តែលុះធំឡើងចេះផឹកចេះស៊ីក្នុងហ្វូង គេក៏បបួល១ដើម២ដើមទៅ ឃើញគេបង្ហុយផ្សែងខ្មួលខ្មាញ់ឡូយ ក៏ធ្វើដូចគេ ក៏ចេះបញ្ចេញផ្សែងតាមបំពង់ក តាមច្រមុះ ឃើញថាឡូយ ស្រួលខ្លួន ហើយឆ្ងាញ់មែន។ លុះចេញធ្វើការមានលុយខ្លួនឯង នៅពេលពិបាកចិត្តនឹងការងារឬរឿងអ្វីមួយ ក៏ជក់បន្លប់ ឱ្យវាពិតជាធូរស្រាលនិងស្រស់ស្រាយ ក៏ជក់រហូតដកឃ្លាមិនរួច មូយថ្ងៃអស់កន្លះកញ្ចប់ក៏មាន។ ជក់យូរៗទៅធ្វើឱ្យខ្ញុំតឹងទ្រូង ពុលខ្លួនឯង ឈ្ងៀមខ្លួនឯង ដើរជាមួយគេធុំក្លិន ក៏កើតចិត្តខ្មាសគេ ហើយមិនស្រួលខ្លួនផងនោះ ខ្ញុំក៏តាំងចិត្តថាឈប់ជក់តាំងពីពេលនោះមក។ ខ្ញុំប្តេជ្ញាមិនប្រឡូកក្នុងផ្សែងបារីនេះទៀតទេ! ខ្ញុំគាំទ្រយុទ្ធនាការគ្មានផ្សែងបារី ដើម្បីលើកកម្ពស់សុខភាពមនុស្សក្នុងគ្រួសារខ្ញុំ និងសហគមន៍ខ្ញុំ!

អ្នកមីង ឆាត ស៊ីណាត អាយុ៤៤ឆ្នាំ ជាអ្នកភូមិរុនតាឯក បានប្រាប់ពីកង្វល់របស់ខ្លួនថា ប្តីខ្ញុំជក់បារីជាង២០ឆ្នាំហើយតាំងពីរៀបការរួច ហើយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្លាំងឡើងៗ។ រាល់ថ្ងៃនេះគាត់ក្អកខ្លាំងណាស់ ឱ្យទៅមន្ទីរពេទ្យក៏មិនទៅ ឱ្យឈប់ជក់ក៏មិនឈប់។ គាត់ក៏បានដឹងដែរពីផលប៉ះពាល់នៃការជក់បារីដែរ តែគាត់ដាច់ខាតគាត់ថាមិនឈប់ ខ្ញុំពិបាកចិត្ត ហើយស្ទើរតែលែងលះគ្នាដោយសារតែគាត់មិនឈប់ជក់ ខ្ញុំអាណិតកូន ព្រោះវានៅក្មេង វាងាយរងគ្រោះថ្នាក់ណាស់។ ចុងក្រោយបងស្រីបន្តថា បើស្រឡាញ់អាយុជីវិតខ្លួនឯង គ្រួសារ ត្រូវចៀសឱ្យឆ្ងាយពីបារី! បន្ទាប់ពីបានចូលរួមនៅក្នុងយុទ្ធការគ្មានផ្សែងបារីនេះហើយ គាត់សង្ឈឹមថាប្តីគាត់នឹងយល់ដឹងពីគ្រោះថ្នាក់នេះ ហើយឈប់ជក់បារី ដើម្បីសុខភាពខ្លួនគាត់ កូន និងគ្រួសារទាំងមូល៕












បារាយណ៍ខាងជើង(ជ័យតដាក) មានបណ្តោយប្រវែង៣៦០០ម៉ែត្រ និងទទឹងប្រវែង៩៣០ម៉ែត្រ ដែលនៅពីដើមដំបូងអាចផ្ទុកទឹកបាន៥លានម៉ែត្រគូប ហើយទឹកនៅក្នុងបារាយណ៍នេះមានតួនាទីសំខាន់ណាស់ក្នុងប្រព័ន្ធជំនឿរបស់ដូនតាខ្មែរ។ ដូនតាខ្មែរ រក្សាទឹកទុកក្នុងបារាយណ៍នេះសម្រាប់ប្រើប្រាស់នៅក្នុងក្រុងអង្គរធំ ក្រុងជ័យស្រី (ប្រាសាទព្រះខ័ន) និងមន្ទីរពេទ្យនាគព័ន្ធ។ បារាយណ៍ខាងជើងនេះ បានរីងស្ងួតហួតហែងអស់រយៈពេលជាង៥០០ឆ្នាំមកហើយ ទើបតែនៅឆ្នាំ២០០៨បារាយណ៍នេះចាប់ផ្តើមមានទឹកសាជាថ្មីឡើងវិញ។
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារក និងថវិកាមួយចំនួនផ្តល់ជូនជាបន្តបន្ទាប់ដល់ស្ត្រីឆ្លងទន្លេ១១គ្រួសារ ដែលស្ថិតនៅក្នុងភូមិចំនួន៥ មាន ភូមិដូនឪ ភូមិសំរោង ភូមិតាប្រុក ភូមិលាងដៃ និងភូមិភ្លង់ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ខែមិនថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។
រដូវភ្លៀងបានចូលមកដល់ ភ្លៀងលាយឡំនឹងខ្យល់ព្យុះតូចធំបក់មកប៉ះតំបន់អង្គរជាញឹកញាប់ ដែលបានបណ្តាលឲ្យមានឈើមួយចំនួនបានបាក់មែក ដួលរលំដើមជាបន្តបន្ទាប់។ ដើម្បីបញ្ជៀសហានិភ័យជាយថាហេតុ ដែលបណ្តាលមកពីការបាក់មែកឈើ និងរលំដើមឈើមកប៉ះប្រាសាទ និងអ្នកធ្វើដំណើរទស្សនានោះ ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាកំពុងតែបង្កើនការត្រួតពិនិត្យដើមឈើ ដែលស្ថិតនៅតាមដងផ្លូវសាធារណៈ ផ្លូវវង់ទស្សនាចរ និងដើមឈើដែលស្ថិតនៅកៀកនឹងប្រាសាទ ឬរចនាសម្ព័ន្ធបុរាណដ្ឋាននានា។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិកុមារពិភពលោក ០១ មិថុនា នៅភូមិធម្មជាតិរុនតាឯកជាលើកទី១។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
17031
ម្សិលមិញ
:
73217
សប្តាហ៍នេះ
:
161137
ខែនេះ
:
0161137
សរុប
:
015230940