NEWS

The very old rosewood tree is cut in Angkor Park by anonymous people.

Published on 07 November 2016 08:30 AM Post By ៖ Apsara National Authority

ដើមគ្រញូងចំណាស់មួយដើម ដែលមានអង្កត់ផ្ចិត ៨៣សង់ទីម៉ែត្រ (៨,៣តឹក) ប្រវែងជាង៨ម៉ែត្រ នៅមាត់កសិន្ធុអង្គរធំ ខាងកើតវត្តថ្មីដំរីសែនជ័យ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានជនខិលខូចលួចអារដោយរណារយន្ត កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា​ ឆ្នាំ២០១៦។

លោក ចេវ ផល ប្រធានការិយាល័យបរិស្ថាន នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិបានឲ្យដឹងនៅរសៀលថ្ងៃទី៦ ខែតុលានេះថា ដើមគ្រញូងខាងលើ ត្រូវបានជនខិលខូចលួចអារកាត់តាំងពីយប់ថ្ងៃទី៤ តែមិនទាន់ដួលរលំទេ។ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា​ លោកបានទទួលដំណឹងតាមរយៈលោកមេភូមិនគរក្រៅថា មានករណីលួចអារកាត់ដើមគ្រញូងនៅទីតាំងខាងលើ ទើបក្រុមការងាររបស់លោក បានទៅពិនិត្យដល់ទីតាំងផ្ទាល់ ហើយបានឃើញថា ដើមគ្រញូងនេះ ត្រូវបានជនខិលខូចលួចកាត់មែន នៅសល់តែប្រមាណ២តឹកទៀតប៉ុណ្ណោះ ហើយជនខិលខូចបានបេះស្លឹកឈើញាត់ក្នុងប្រហោងដែលអារ ព្រមទាំងលាបភក់បិទពីខាងក្រៅទៀតផង។

ដោយពិនិត្យឃើញថា ដើមគ្រញូងនេះច្បាស់ជានឹងដួលរលំបង្កគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរឆ្លងកាត់ ឬចូលជ្រក និងដើម្បីយកដើមគ្រញូងនេះមករក្សាទុក ជៀសវាងជនខិលខូចលួចកាត់បន្តនៅពេលយប់ ក្រុមការងាររបស់លោក បានរាយការណ៍ជូនថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិដើម្បីចាត់វិធានការជាបន្ទាន់។ ក្រោយទទួលបានអនុសាសន៍ពីថ្នាក់ដឹកនាំ ទើបនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា​ក្រុមការងាររបស់លោកបានផ្តួលរំលំដើមគ្រញូងនោះតែម្តង ដោយមានប្រជាការពារភូមិនៅចាំមើលជាមួយផង។

លោក ផល បន្តថា គ្រាន់តែក្រុមការងារផ្តួលហើយភ្លាម បម្រុងនឹងដឹងយកទៅរក្សាទុកស្រាប់តែប្រជាពលរដ្ឋមួយក្រុម បានមកតវ៉ានិងហាមឃាត់មិនឲ្យដឹកចេញ ហើយបែរជាចោទប្រកាន់ក្រុមការងាររបស់លោកថា ជាអ្នកកាប់បំផ្លាញទៅវិញ ទោះជាក្រុមប្រឹក្សាសង្កាត់ មេភូមិនគរក្រៅ និងក្រុមការងារលោកពន្យល់សម្របសម្រួលយ៉ាងណា ក៏មិនព្រមស្តាប់ដែរ។ ឃើញដូច្នេះ ក្រុមការងាររបស់លោកសម្រេចធ្វើលិខិត ប្រគល់ដើមគ្រញូងនេះជូនអាជ្ញាធរភូមិឃុំ ដើម្បីរក្សាទុក និងសម្របសម្រួលជាមួយប្រជាពលរដ្ឋជាមុនសិន។

លោក មីក រឹទ្ធ មេភូមិនគរក្រៅបានឲ្យដឹងថា នៅថ្ងៃទី៥ កន្លងទៅនេះប៉ុស្តិ៍រដ្ឋបាលភូមិមួយរូប ដែលបានទៅស្ទូចត្រីនៅមាត់កសិន្ធុ បានឃើញស្នាមអារដើមគ្រញូងខាងលើ ក៏បានទូរសព្ទមកប្រាប់លោក។ លោកក៏បានទៅពិនិត្យមើលឃើញជាក់ស្តែងក៏បានរាយការណ៍ទៅក្រុមប្រឹក្សាសង្កាត់គោកចក និងរាយការណ៍ទៅក្រុមការងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរា ដើម្បីចាត់វិធានការយ៉ាងណាកុំឲ្យមានគ្រោះថ្នាក់។

ចំពោះករណីប្រជាពលរដ្ឋមកតវ៉ា លោកមេភូមិរៀបរាប់ថា មុននឹងផ្តួលដើមគ្រញូងនេះ លោកក៏បានប្រាប់ដល់ប្រជាពលរដ្ឋដឹងមុនខ្លះដែរ តែមិនបានទាំងអស់ទេ។ លុះពេលផ្តួលដួលហើយ ក៏ស្រាប់តែមានប្រជាជនប្រមាណជា៩នាក់ មកស្រែកតវ៉ាហាម ឃាត់មិនឲ្យដឹកចេញ។ នៅព្រឹកថ្ងៃទី៦នេះ លោកបានពន្យល់ និងសម្របសម្រួលជាមួយប្រជាពលរដ្ឋទាំងនោះម្តងហើយ តែពួកគាត់នៅតែមិនព្រមដដែល។ លោកនឹងសហការជាមួយក្រុមប្រឹក្សាសង្កាត់ដើម្បីធ្វើការងារនេះបន្តទៀត ហើយលោកនឹងចាត់ក្រុមប្រជាការពារភូមិដើម្បីយាមដើមគ្រញូងនេះ មិនឲ្យមានជនខិលខូចមកលួចដឹកចេញនៅពេលយប់។ លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ឥឡូវនេះក្រុមការងាររបស់លោកកំពុងធ្វើការជាមួយឧទ្យាននុរក្សនៃក្រសួងបរិស្ថាន ដើម្បីកំណត់អត្តសញ្ញាណជនល្មើស និងឈានទៅចាត់វិធានការផ្លូវច្បាប់៕












ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណកំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២០ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ មានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ។
FirstPrev12345...363364NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
8904
Yesterday
:
10457
This Week
:
29092
This Month
:
0347217
Total
:
013329531