NEWS

Director General of Apsara Authority inspects the construction site at Prasat Phnom Bakheng

Published on 04 November 2016 02:42 PM Post By ៖ Apsara National Authority

ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញចុះទៅពិនិត្យការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ដែលកំពុងដំណើរការជួសជុលដោយអង្គការមូលនិធិប្រាសាទពិភពលោក (World Monuments Fund) សហការជាមួយអាជ្ញាធរជាតិអប្សរា។

ក្នុងដំណើរចុះត្រួតពិនិត្យការងារនេះ ឯកឧត្តមអគ្គនាយកបានស្តាប់បទបង្ហាញពីអ្នកជំនាញជាតិ-អន្តរជាតិដែលកំពុងអនុវត្តការងារនេះផ្ទាល់ ដើម្បីត្រួតពិនិត្យពីស្ថានភាពប្រាសាទ ដំណើរការទូទៅនៃការជួសជុល អភិរក្ស រួមទាំងផលលំបាក និងតម្រូវការចាំបាច់ដើម្បីសម្រួលដល់ការងារឱ្យកាន់តែរលូន។

បន្ទាប់ពីស្តាប់ការពន្យល់ពីលក្ខណៈបច្ចេកទេសនៃការជួសជុលនិងការត្រួតពិនិត្យផ្ទាល់ចំពោះការងារជាក់ស្តែងក្នុងការដ្ឋាន ឯកឧត្តមអគ្គនាយកក៏បានគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកជំនាញជាតិ-អន្តរជាតិ និងកម្មករទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងកិច្ចការអភិរក្សនិងជួសជុលប្រាសាទដ៏អស្ចារ្យមួយនេះ ឱ្យមានភាពស្រស់ស្អាត រឹងមាំបានយូរអង្វែងតទៅមុខ ប្រកបដោយការលះបង់ អត់ធ្មត់ គួរឱ្យកោតសរសើរ។

ដោយរំឭកឡើងវិញពីប្រវត្តិពាក់ព័ន្ធនឹងប្រាសាទភ្នំបាខែងនេះ លោក ជា សារិទ្ធ មន្ត្រីបុរាណវិទ្យា ទទួលបន្ទុកការងារអភិរក្សរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ហើយក៏ជាអ្នកចូលរួមផ្តល់បទពិសោធន៍និងជួយបណ្តុះបណ្តាលពីបច្ចេកទេសមួយចំនួនក្នុងការជួសជុលប្រាសាទនេះដោយផ្ទាល់ បានបញ្ជាក់ថា៖ ប្រាសាទភ្នំបាខែង គឺជារាជធានីទី១នៃសម័យអង្គរ និងជាស្នូលកណ្តាលនៃក្រុងអង្គរឈ្មោះថា «យសោធរ» មានកំពែងដី២ជាន់ ដែលក្នុងមួយជ្រុងមានប្រវែង៤គីឡូម៉ែត្រ។ ប្រាសាទនេះកសាងឡើងនៅចុងស.វទី៩ ដើម ស.វទី១០ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ។ ក្រោយមកនៅចុងស.វទី១៦ ប្រាសាទនេះបានប្តូរទៅជាព្រះពុទ្ធសាសនាវិញ ដូចដែលឃើញមានកសាងរូបព្រះពុទ្ធធំមួយអង្គនៅជាន់លើបង្អស់ ដោយថ្មផ្សេងៗនៃប្រាសាទ និងគ្រឹះនៃប្រាសាទឥដ្ឋ។ ដោយឡែកនៅឆ្នាំ១៩២០ ពេលបារាំងចាប់ផ្តើមជួសជុល អភិរក្ស បានរុះរើរូបសំណាក់ព្រះពុទ្ធទៅចោលនៅជ្រុងខាងត្បូងនិងខាងជើងនៃភ្នំ។ ក្រៅពីការអភិរក្ស បារាំងក៏បានធ្វើកំណាយស្រាវជ្រាវនៅតួប៉មកណ្តាល ដែលមានជម្រៅ៣ម៉ែត្រ ដើម្បីស្វែងយល់ពីរចនាសម្ពន្ធប្រាសាទ និងបានធ្វើការជួសជុលជញ្ជាំងពីរ៉ាមីតនៅផ្នែកខូចខាត និងរើតួប៉មប្រាសាទថ្មមួយចំនួនរៀបឡើងវិញ។ ចាប់ពីឆ្នាំ២០០៤ ដល់បច្ចុប្បន្ន (២០១៦) អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សហការជាមួយអាជ្ញាធរជាតិអប្សរា បានដំណើរការអភិរក្ស ជួសជុលបន្តពីបារាំងដោយចាប់ផ្តើមពីជ្រុងខាងត្បូងឆៀងខាងលិច។ បន្ទាប់ពីម្រោងនេះទទួលបានជោគជ័យ អ្នកជំនាញក៏ចាប់ផ្តើមធ្វើគម្រោងថ្មីនៅផ្នែកខាងកើតភ្នំបាខែង ចាប់ពីជណ្តើរកណ្តាលទៅខាងកើត រហូតដល់ខាងជើងជាបន្តបន្ទាប់។

ក្នុងកិច្ចការជួសជុលអភិរក្សនោះ ស្ថាប័ន WMF ក៏បានគិតគូរយកចិត្តទុកដាក់ ថែទាំ និងពង្រឹងរចនាសម្ពន្ធប្រាសាទជាខ្លាំង ព្រោះប្រាសាទនេះប្រឈមនឹងការខូចខាតដោយសារទឹកដែលហូរច្រោះដី រុក្ខជាតិដុះលើ ទើបធ្វើឱ្យប្រាសាទនេះទ្រុឌទ្រោម និងគ្រោះថ្នាក់ដោយសារបាក់រលំនៅតាមជ្រុងនៃប្រាសាទ។

ដូច្នេះដំណើរការជួសជុល ក៏ចាប់ផ្តើមពីការស្រាវជ្រាវរុករកថ្មចាស់ដែលបាត់ក្នុងព្រៃ និងតាមជើងភ្នំកាលពីសម័យបារាំងជួសជុល និងសម័យបុរាណដែលយកថ្មទាំងនោះទៅរៀបជារូបព្រះពុទ្ធ ដើម្បីមកបំពេញនៅកន្លែងដែលខ្វះចន្លោះឡើងវិញ។ ក្នុងនោះក៏បានគិតគូរពីការរៀបចំប្រព័ន្ធបង្ហូរទឹក បង្ការទឹកជ្រាបចូលគ្រឹះ ដោយប្រើបច្ចេកទេសទំនើប និងក្រាលកៅស៊ូការពារទឹកដែលធានាសុពលភាពបានយូរអង្វែងដើម្បីការទឹកភ្លៀងកុំឱ្យហូរច្រោះ។ បន្ថែមពីនោះ ក៏ប្រើវិធីភ្ជាប់ថ្មទៅនឹងជញ្ជាំងភ្នំ ដើម្បីកុំឱ្យថ្មភ្នំប្រេះ ធ្វើឱ្យសំណង់កាន់តែជាប់មាំ។

លោក សារិទ្ធ បន្តទៀតថា គម្រោងជួសជុលនេះ អាចនឹងបញ្ចប់នៅឆ្នាំ២០២០ តែក៏អាស្រ័យនៅលើស្ថានភាពជាក់ស្តែងនៃដំណើរការការងារផងដែរ។ ចំពោះកម្លាំងជួសជុលនៅក្នុងការដ្ឋានប្រាសាទភ្នំបាខែង មានអ្នកជំនាញនិងកម្មករប្រមាណ១០០នាក់ ដោយមានអ្នកជំនាញជាទីប្រឹក្សាផ្តល់យោបល់ពីអាមេរិក ផ្នែកវិស្វករ ស្ថាបត្យករ រួមនឹងអ្នកជំនាញខ្មែរ បានចែករំលែកចំណេះដឹង បទពិសោធន៍គ្នាទៅវិញទៅមក ហើយបង្រៀនវិធីដាប់ថ្ម ជួសជុលថ្ម ព្យាបាលថ្មជាដើមដល់កម្មករខ្មែរដែរ រហូតមកដល់ពេលនេះ កម្មករខ្មែរទាំងអស់មានសមត្ថភាពអាចធ្វើការងារទាំងនោះបានដោយខ្លួនឯងយ៉ាងគួរឱ្យកត់សម្គាល់៕














តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារ បានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន៣០៩គ្រួសារ នៅក្នុងតំបន់អង្គរ។
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត។ ព្រះអង្គមានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។
នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារសណ្តាប់ធ្នាប់សាធារណៈរបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។
ប្រទេសកម្ពុជា បានរងនូវឥទ្ធិពលពីព្យុះនូលចាប់ពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ដែលបណ្ដាលឱ្យតំបន់មួយចំនួនមាន ភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងតំបន់ខ្លះមានជំនន់ទឹកភ្លៀងទៀតផង។ ខេត្តសៀមរាបក៏ទទួលរងឥទ្ធិពលនៃព្យុះនេះដោយទទួលបាននូវទឹកភ្លៀងដ៏ច្រើនដែរ។
ភ្នាក់ងារសណ្តាប់ធ្នាប់សាធារណៈនៃនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការអាជ្ញាធរជាធរជាតិអប្សរា នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះណែនាំអាជីវករលក់ដូរតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ឱ្យលក់ដូរមានរបៀបរៀបរយ ត្រឹមត្រូវតាមទីតាំងដែលបានកំណត់ និងចូលរួមសម្អាតបរិស្ថានឱ្យបានស្អាតជុំវិញកន្លែងលក់ដូររបស់ខ្លួន៕
FirstPrev12345...346347NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
1086
Yesterday
:
5850
This Week
:
71146
This Month
:
0227227
Total
:
012734816