ព័ត៌មានថ្មីៗ

ទំនៀមបណ្តែតប្រទីបវត្តអារញ្ញសាគរ មានសារសំខាន់យ៉ាងណា?

បានផ្សាយនៅ ថ្ងៃទី 20 ខែ តុលា ឆ្នាំ2016 09:28 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រោយពិធីចេញវស្សាមួយថ្ងៃ គឺចំថ្ងៃ១រោចខែអស្សុជ វត្តអារញ្ញសាគរដែលស្ថិតនៅតាមខាងកើតស្ទឹងសៀមរាប និងជាវត្តចុងក្រោយបង្អស់តាមបណ្តោយស្ទឹងសៀមរាបមុននឹងដល់បឹងទន្លេសាប តែងប្រារព្ធពិធីបុណ្យដ៏អឹកធឹកមួយជារៀងរាល់ឆ្នាំមិនដែលខាន នោះគឺ ពិធីបុណ្យបណ្តែតប្រទីប។ ពិធីបុណ្យនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម ជាពិសេសគឺយុវជន។

ជាទំនៀមមួយដែលរក្សាទុកតាំងពីបរមបុរាណមក ខណៈដែលបណ្តាវត្តផ្សេងៗទៀតដែលនៅតាមបណ្តោយស្ទឹងសៀមរាបដូចគ្នា មិនបានរៀបចំឡើយ។ ពិធីបណ្តែតប្រទីបក្រោយចេញវស្សាភ្លាមៗ ហាក់បង្ហាញអំពីអត្តសញ្ញាណមួយដែលធ្វើឲ្យវត្តអារញ្ញសាគរមានលក្ខណៈពិសេសប្លែកពីវត្តដទៃទៀត។ ប្លែកត្រង់ថា បណ្តាវត្តមួយចំនួនដែលនៅតាមបណ្តោយស្ទឹងសៀមរាបដែរ នឹងរៀបចំប្រទីបបណ្តែតនៅថ្ងៃទី១៥កើតខែកត្តិក ដំណាលគ្នានឹងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងបណ្តែតប្រទីបដែលធ្វើឡើងនៅទីរាជធានីភ្នំពេញដែរ។

កូនប្រទីបរាប់ពាន់រចនាដោយផ្កាឈូក ទៀនធូប ដាក់លក់នៅតាមផ្លូវ ហែហមប្រទីបធំដែលរៀបចំដោយព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តអារញ្ញសាគរ។ នៅម៉ោង៨យប់ ប្រទីបធំដែលរៀបចំជាក្បូរក្បាច់រចនាកំពូលប្រាសាទ តាក់តែងដោយភ្លើងអគ្គិសនីភ្លឺព្រោងព្រាត ត្រូវបានដង្ហែចេញពីវត្តឆ្ពោះទៅតម្កល់ទុកមួយយប់ នៅសាលាឆទានយាយអេង ដែលជាគោលដៅត្រូវបណ្តែតប្រទីប។ យប់ថ្ងៃ២រោចខែអស្សុជ ទើបពិធីបណ្តែតប្រទីបបានចាប់ផ្តើមឡើងព្រោងព្រាតលើស្ទឹងសៀមរាប។

តាមសេចក្តីពន្យល់របស់លោកតាអាចារ្យ ទៅកាន់អ្នកចូលរួមក្នុងពិធីនេះបានរៀបរាប់ថា ពិធីបណ្តែតប្រទីបធ្វើឡើងដើម្បីភាពត្រជាក់ត្រជុំ អរគុណដល់ព្រះគង្គា ដែលបានផ្តល់ទឹកស្រោចស្រពស្រូវស្រែដំណាំ។ ជាមួយគ្នានឹងពិធីបណ្តែតប្រទីប លោកតាអាចារ្យក៏ប្រកាសសុំសេចក្តីសុខសប្បាយត្រជាក់ត្រជុំដល់កូនចៅ សុំឲ្យធ្វើស្រែចម្ការកើតទទួលបានផលដំណាំល្អជារៀងរាល់ឆ្នាំ។ ក្រឡេកមើលអ្នកបណ្តែតប្រទីបវិញ មិនត្រឹមតែអរគុណដល់ព្រះគង្គាទេ អ្នកខ្លះបានលើកប្រទីបបួងសួងសុំសុខចម្រើន និងប្រាថ្នាសុំពរផ្សេងៗមុននឹងបណ្តែតប្រទីបចេញទៅ។

អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី អះអាងថា ពិធីបណ្តែតប្រទីបនេះត្រូវបានអ្នកស្រាវជ្រាវជាច្រើនយល់ថា ជាពិធីពាក់ព័ន្ធនឹងធម្មជាតិនៃការងារកសិកម្ម។ “មុននឹងយល់រឿងនេះ យើងត្រូវគិតត្រឡប់ថយក្រោយបន្តិច ពោលគឺពេលដែលប្រទេសយើងមិនទាន់ទទួលឥទ្ធិពលសាសនាប្រទេសឥណ្ឌា។ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលទទួលឥទ្ធិពលខ្យល់មូសុង មានទម្លាប់ស្រដៀងៗគ្នាទៅតាមរដូវកាល ដែលពាក់ព័ន្ធនឹងឥទ្ធិពលរបស់ធម្មជាតិមកលើមនុស្ស។ ដើម្បីឈ្នះធម្មជាតិ មនុស្សបានរៀបចំកិច្ចគ្រប់បែបយ៉ាង ឲ្យខ្លួនធ្វើម្ចាស់លើធម្មជាតិនិងបានផលពីធម្មជាតិ។ មនុស្សព្យាយាមផ្តាច់ខ្លួនពីធម្មជាតិ ប៉ុន្តែក៏ត្រូវការធម្មជាតិជានិច្ចកាលដែរ។ ក្រោយទទួលភោគផលពីធម្មជាតិហើយ ក៏តែងធ្វើពិធីផ្សេងៗដើម្បីតបស្នងទៅធម្មជាតិវិញ”។

លោកពន្យល់បន្ថែមថា “ការដែលយកពិធីនេះទៅបកស្រាយថាពាក់ព័ន្ធពិធីសាសនា ឬប្រវត្តិសាស្ត្រជាដើមនោះ គឺគ្រាន់តែជាហេតុផលក្រោយៗមកទៀត បន្ទាប់ពីប្រទេសយើងបានទទួលឥទ្ធិពលសាសនាពីឥណ្ឌាមកហើយ ដើម្បីឲ្យស្របនឹងគំនិតរបស់សាសនាពីឥណ្ឌាមកផង ដើម្បីឲ្យកុំឲ្យបាត់ទំនៀមដែលធ្លាប់ធ្វើមកជាយូរហើយផង ប៉ុន្តែយើងមានមូលដ្ឋាននៃជំនឿរបស់យើងតាំងពីមុនមកហើយ នោះគឺការជំនះទៅនឹងធម្មជាតិហ្នឹងឯង”។

តើការជំនះនឹងធម្មជាតិនោះជាអ្វី ដែលទាក់ទងនឹងពិធីនេះ? លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា “ជាកិច្ចដែលមនុស្សព្យាយាមរំដោះដី ឲ្យផុតពីទឹកដែលជន់លិចដីប៉ុន្មានខែកន្លងមកក្នុងរដូវវស្សា ដើម្បីបានដីត្រទ្បប់មកធ្វើស្រែចម្ការវិញ។ ប្រទីប ជាគ្រឿងបំភ្លឺ កំចាត់ភាពងងឹតនៃរដូវភ្លៀង។ គេបណ្តែតប្រទីបបណ្តែតនៅពេលរាត្រីក្នុងនិងបណ្តោយទឹកហូរ ប្រៀបនឹងការបណ្តេញទឹកចេញ និងទទួលបានមកវិញនូវពន្លឺព្រះអាទិត្យ ដែលតែងតែបាំងបាត់ដោយពពកបង្កនាំភ្លៀងមកមិនឈប់ឈរ។ រីឯពេលថ្ងៃ គេអុំទូកតាមបណ្តោយទឹកហូរ ក៏ជាកិច្ចដែលមនុស្សរៀបចំបណ្តេញទឹកឲ្យហូរចេញពីដីដែរ”។ ក្នុងន័យនេះ លោក អ៊ឹម សុខរិទ្ធី យល់ថា ពិធីបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បើទោះជាមានឈ្មោះផ្សេងគ្នាក៏ដោយ តែខ្លឹមសារនិងវត្ថុបំណងតែមួយទេ ពោលគឺជាពិធីដែលពាក់ព័ន្ធនឹងការងារកសិកម្មសុទ្ធសាធ។

ពាក់ព័ន្ធនឹងពេលវេលាដែលប្រារព្ធពិធីនេះវិញ អ្នកស្រាវជ្រាវរូបនេះមើលឃើញថា ដើម្បីឲ្យពិធីរបៀបនេះមានអត្ថន័យស្របនឹងទំនៀមទម្លាប់ដែលមានពីដើមនោះ វត្តអារញ្ញសាគរបានធ្វើទៅតាមពេលវេលាពិតប្រាកដ និងត្រឹមត្រូវតាមរដូវកាល ជាក់ស្តែងដែលជាទំនៀមរបស់អ្នកសៀមរាបតាំងពីដើមមក គឺគេរៀបចំពិធីនេះនៅក្រោយពិធីភ្ជុំបិណ្ឌ ឬចេញវស្សាភ្លាម។ រីឯការរៀបចំ ១៥កើតខែកត្តិក លោកយល់ថា ជាទំនៀមរបស់ព្រះមហាក្សត្រ ដែលរៀបចំឡើងនៅរាជធានី ជាព្រះរាជពិធីប្រចាំឆ្នាំ៕
















































តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារបានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន១៥០គ្រួសារនៅក្នុងឧទ្យានអង្គរ។
១៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អញ្ជើញពិនិត្យសមិទ្ធផលនៃការអភិរក្សសំណង់ព្រះវិហារដ៏ចំណាស់នៅវត្តរាជបូណ៌
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច អមដំណើរដោយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញពិនិត្យសមិទ្ធផលនៃការអភិរក្សសំណង់ព្រះវិហារដ៏ចំណាស់នៅវត្តព្រះរាជ បូណ៌
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការជួលជុលកែលម្អផ្លូវប្រាសាទបាគង ដែលភ្ជាប់ពីផ្លូវជាតិលេខ៦ កាត់តាមប្រាសាទព្រះគោ ឆ្ពោះទៅជុំវិញប្រាសាទបាគង ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញនិងបច្ចេកទេសនៃការប្រើប្រាស់ Drone” ដល់មន្ត្រី-បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាចំនួន២០រូប មកពីនាយកដ្ឋានជំនាញផ្សេងៗគ្នា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។
ស្របពេលដែលវិបត្តិនៃជំងឺកូវីដ១៩ កំពុងបន្តជះឥទ្ធិពលយ៉ាងអាក្រក់ដល់ដំណើរការអាជីវកម្មនានាដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដូចជា វិស័យសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាដឹកជញ្ជូនជាដើម គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបបានដាក់ចេញនូវផែនការគន្លឹះមួយចំនួន ទាក់ទាញភ្ញៀវទេសចរជាតិមកទស្សនានៅខេត្តសៀមរាប ដើម្បីជួយជ្រោមជ្រែងដល់អ្នកពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
8256
ម្សិលមិញ
:
17743
សប្តាហ៍នេះ
:
62148
ខែនេះ
:
0210256
សរុប
:
010890909