ព័ត៌មានថ្មីៗ

ខ្លោងទ្វារទី៣ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រី កំពុងជួសជុលឡើងវិញដោយក្រុមជំនាញនៃអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 06 ខែ តុលា ឆ្នាំ2016 01:34 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អ្នកជំនាញបុរាណវិទ្យាពីររូប រួមនឹងកម្លាំងពលករជាង២០នាក់នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលខ្លោងទ្វារទី៣ ផ្លូវចូលខាងកើត នៃប្រាសាទបន្ទាយស្រី។ ដំណើរការជួសជុលនេះក្នុងគោលបំណងធំៗចំនួនពីរគឺ កាត់បន្ថយការខូចខាតផ្ទាំងសិលាចារឹកទាំងសងខាងស្ថិតនៅលើស៊ុមទ្វារនៃច្រកចូល កណ្តាលខាងកើតពីសំណាក់ភ្ញៀវចូលទស្សនាប្រាសាទប្រចាំថ្ងៃ និងសង្រ្គោះរចនាសម្ព័ន្ធប្រាសាទដែលកំពុងរងការហានិភ័យ។

បន្ទាប់ពីទទួលអនុសាសន៍ណែនាំពីក្រុមអ្នកជំនាញ អាដហុក របស់ អាយស៊ីស៊ី-អង្គរ នៅពេលទស្សនកិច្ចរបស់អ្នកជំនាញនៅប្រាសាទបន្ទាយស្រី និងសេចក្តីណែនាំជាលាយល័ក្ខអក្សរ កាលពីថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០១៥កន្លងមក នាយកដ្ឋានបានផ្តើមកិច្ចការបន្ទាន់ ដែលទាក់ទងនឹងអនុសាសន៍ខាងលើ គឺគម្រោងទី១ ជួសជុលច្រកចូលខាងជើងនៃខ្លោងទ្វារខាងកើតក្នុងកំពែងទី៣ មុននឹងបិទច្រកចូលកណ្តាលដើម្បីការពារសិលាចារឹកសងខាងមេទ្វារ ឯគម្រោងទី២ គឺលើកថ្មដែលធ្លាក់រាយប៉ាយនៅកំពែងថ្មបាយក្រៀមជ្រុងនិរតីប្រមាណ៧ម៉ែត្រ។

នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានអនុវត្តគម្រោងជួសជុលនេះក្រោមថវិកាចំណាយទាំងស្រុងពីអាជ្ញាធរជាតិអប្សរា សម្រាប់ការជួសជុលចំនួនពីរកន្លែងត្រង់រចនាសម្ព័ន្ធប្រាសាទដែលខូចខាត ដោយប្រើរយ:ពេលនៃការជួសជុលចំនួន៥ខែ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៦ខាងមុខ។

លោក សារ៉ាយ គឹមហួល ជាបុរាណវិទូ បាននិងកំពុងដឹកនាំដំណើរនៃការជួសជុលដោយផ្អែកលើបច្ចេកទេស និងបទពិសោធន៍លើការងាជួសជុលប្រាសាទកន្លងមក នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះលោកបានបញ្ជាក់ថា មូលហេតុនៃការទ្រុឌទ្រោមរចនាសម្ព័ន្ធរបស់ខ្លោងទ្វារ និងភាគខ្លះនៃកំពែងប្រាសាទ គឺបណ្តាលមកពីកត្តាធម្មជាតិ គួបផ្សំនឹងអាយុកាលដ៏យូរលង់នៃសំណង់នេះ ពោលគឺមួយភាគនៃសំណង់រងការបំផ្លាញដោយការរលំបាក់នៃដើមឈើ ពិសេសគឺប្ញសនៃដើមឈើធំៗ បានចាក់បំប៉ើងគ្រឹះបណ្តាលឲ្យមានការស្រុត ទ្រេតនិងប្រេះចេញពីទម្រង់ដើម។

គម្រោងជួសជុលពង្រឹងរចនាសម្ព័ន្ធខ្លោងទ្វារ និងកំពែងថ្មបាយក្រៀមគឺអនុវត្តដោយផ្នែកៗត្រង់ចំណុចដែលមានការខូចខាត រងហានិភ័យខ្ពស់ដែលនឹងប៉ះពាល់ដល់សុវត្ថិភាពជុំវិញ។ រាល់បច្ចេកទេសនៃគ្រប់ដំណាក់កាលនិមូយៗ ធ្វើឡើងដោយសន្សឹមៗ និងប្រុងប្រយ័ត្នដល់ការបែកបាក់ដុំថ្មប្រាសាទកំឡុងពេលមានការរុះរើថ្ម និងពេលរំកិលថ្មចេញពីស្រទាប់ដើម ហើយបន្ទាប់ពីរុះរើថ្មអសុវត្ថិភាពមួយផ្នែកតូចនៃជញ្ជាំង នឹងគ្រោងពង្រឹងគ្រឹះដែលរងការស្រុតឲ្យមានភាពរឹងមាំឡើងវិញ ចំណែកថ្មដែលបានរុះរើកន្លងមកគឺតម្រូវការចាំបាច់ក្នុងការជួសជុលនឹងរៀបបញ្ចូលនៅទីតាំងដើមស្របតាមកម្រិតកម្ពស់ដែលបុរាណបានកំណត់។

ដូច្នេះរាល់បច្ចេកទេសនៃការជួសជុលទាំងអម្បាលមាណ គឺអ្នកជំនាញបានតោងគោរពខ្ជាប់ខ្ជួននូវការរក្សាទម្រង់ដើមរបស់សំណង់ដោយគិតអំពីការប្រើប្រាស់បច្ចេកទេសបុរាណឡើងវិញ រួមទាំងសម្ភារ:និងប្រវត្តិនៃសំណង់ជាដើម។ ហេតុនេះហើយ គ្រប់ដំណើរនៃការចល័តនិងរុះរើថ្មគឺធ្វើឡើងដោយប្រុងប្រយ័ត្ននូវរាល់ការបែកបាក់ថ្មដោយប្រការណាមួយ ព្រមទាំងពិនិត្យល្អិតល្អន់លើស្លាកស្នាមបុរាណវិទ្យាទាំងឡាយ ដែលស្ថាបត្យករជំនាន់ដើមបានកំណត់និងសាងសង់ដើម្បីជាអំណាងក្នុងការបន្តជួសជុលតាមទម្រង់ដើម។

អ្នកជំនាញបុរាណវិទ្យារូបនេះរៀបរាប់ថា តាមពិតទៅ រចនាសម្ព័ន្ធជាច្រើនទៀតនៃប្រាសាទដ៏ចំណាស់ដែលមានអាយុកាលតាំងពីសតវត្សទី១០មកនេះ មានការទ្រុឌទ្រោមច្រើន តែការជួសជុលគឺធ្វើឡើងទៅលើចំណុចដែលមានហានិភ័យខ្ពស់ជាអាទិភាព។

ប្រាសាទបន្ទាយស្រី មានឈ្មោះដើមថា ឦស្វរបុរៈ សាងសង់ឡើងក្នុងឆ្នាំ៩៦៧នៃគស ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៥។ ប្រាសាទនេះ ត្រូវបានរកឃើញនិងធ្វើការអភិរក្សឡើងវិញដោយបារាំងតាំងពីឆ្នាំ១៩១៦។ ចាប់ពីឆ្នាំ១៩២៤មក សាលាបារាំងចុងបូព៌ា (EFEO) បានធ្វើការត្រួសត្រាយព្រៃ និងចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់។ នៅឆ្នាំ១៩៣១-១៩៣៦ ការជួសជុលទ្រង់ទ្រាយធំ តាមបច្ចេកទេសអាណាស្ទីឡូ ក៏បានចាប់ផ្តើមឡើង ដែលដឹកនាំដោយលោក Henry Marchal ដោយយកលំនាំតាមការជួសជុលប្រាសាទខាងត្បូងនៃPrambanan នៅផ្នែកកណ្តាលកោះជ្វារនៃប្រទេសឥណ្ឌូណេស៊ី។ ការជួសជុលពេលនោះ គឺធ្វើឡើងទៅលើប្រាសាទកណ្តាល និងរចនាសម្ព័ន្ធខ្លះៗ តែនៅមានរចនាសម្ព័ន្ធជាច្រើនទៀត ដែលមិនទាន់បានជួសជុល ហើយទាមទារការអភិរក្សជួសជុលជាបន្តទៀត៕








ទោចម្កុដនៅអង្គរបង្កើតបានកូន២ក្បាលហើយ
( ថ្ងៃទី 07 ខែ កក្កដា ឆ្នាំ2016 )
វត្តមានរបស់សត្វទោចម្កុដ ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជនៅលើពិភពលោក ហើយត្រូវអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Flight of the Gibbon Angkor) យកមកព្រលែងនៅក្នុងរមណីយដ្ឋានអង្គរ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥ ឥឡូវនេះបង្កើតបានកូន២ក្បាលហើយ។
នៅល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិ និងមន្រ្តី/បុគ្គលិកនៃ អាជា្ញធរជាតិអប្សរាបាននាំយកអង្ករ១០ការុង និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃដែលគង់នៅក្នុងវត្តព្រះឥន្ទកោសាស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លកា្រម ក្រុង-ខេត្តសៀមរាបកំពុងជួបប្រទះការខ្វះខាតចង្ហាន់។
ទោះបីក្រមប្រតិបត្តិអង្គរត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយរយៈពេលជាច្រើនខែមកហើយក្តី តែភាពឆកល្វែងរបស់ភ្ញៀវទេសចរមួយចំនួនតូចនៅតែបន្តកើតមាន ដូចជាការស្លៀកពាក់ខ្លីមិនសមរម្យក្នុងពេលចូលទស្សនាតាមប្រាសាទជាដើម។
តំបន់អង្គរ ក្រៅពីមានប្រាង្គប្រាសាទជាមរតកដ៏មានតម្លៃនិងជាបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបានហើយ ក៏ជាកន្លែងប្រមូលផ្តុំដោយវប្បធម៌រូបីនិងអរូបីផងដែរ។ វត្តមានរួមគ្នានេះ ធ្វើឱ្យអង្គរនៅតែជាដួងព្រលឹងដ៏ស័ក្តិសិទ្ធិរបស់កូនខ្មែរមិនសាបសូន្យ។ ទំនៀមទម្លាប់ ជំនឿជាច្រើនត្រូវបានប្រជាជនក្នុងតំបន់អង្គរនៅតែឱ្យតម្លៃនិងបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រហូតដល់សព្វថ្ងៃក្នុងជីវភាពរស់នៅរបស់ពួកគាត់។ អាជ្ញាធរជាតិអប្សរាតែងតែគាំទ្រជានិច្ច ព្រមទាំងចូលរួមយ៉ាងសកម្មជាមួយអ្នកស្រុកដើម្បីរក្សាជំនឿទាំងនេះ។
ដើម្បីអភិវឌ្ឍជំនាញបច្ចេកទេសផ្នែកអភិរក្សប្រាសាទ អាជ្ញាធរជាតិអប្សរាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញបច្ចេកទេសវាស់ស្ទង់លំងាកនៃរចនាសម្ព័ន្ធប្រាសាទ។ វគ្គបណ្តុះបណ្តាលនេះ ប្រារព្ធធ្វើនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
3823
ម្សិលមិញ
:
4114
សប្តាហ៍នេះ
:
125404
ខែនេះ
:
0242703
សរុប
:
011705299