ព័ត៌មានថ្មីៗ

ខ្លោងទ្វារទី៣ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រី កំពុងជួសជុលឡើងវិញដោយក្រុមជំនាញនៃអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 06 ខែ តុលា ឆ្នាំ2016 01:34 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អ្នកជំនាញបុរាណវិទ្យាពីររូប រួមនឹងកម្លាំងពលករជាង២០នាក់នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលខ្លោងទ្វារទី៣ ផ្លូវចូលខាងកើត នៃប្រាសាទបន្ទាយស្រី។ ដំណើរការជួសជុលនេះក្នុងគោលបំណងធំៗចំនួនពីរគឺ កាត់បន្ថយការខូចខាតផ្ទាំងសិលាចារឹកទាំងសងខាងស្ថិតនៅលើស៊ុមទ្វារនៃច្រកចូល កណ្តាលខាងកើតពីសំណាក់ភ្ញៀវចូលទស្សនាប្រាសាទប្រចាំថ្ងៃ និងសង្រ្គោះរចនាសម្ព័ន្ធប្រាសាទដែលកំពុងរងការហានិភ័យ។

បន្ទាប់ពីទទួលអនុសាសន៍ណែនាំពីក្រុមអ្នកជំនាញ អាដហុក របស់ អាយស៊ីស៊ី-អង្គរ នៅពេលទស្សនកិច្ចរបស់អ្នកជំនាញនៅប្រាសាទបន្ទាយស្រី និងសេចក្តីណែនាំជាលាយល័ក្ខអក្សរ កាលពីថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០១៥កន្លងមក នាយកដ្ឋានបានផ្តើមកិច្ចការបន្ទាន់ ដែលទាក់ទងនឹងអនុសាសន៍ខាងលើ គឺគម្រោងទី១ ជួសជុលច្រកចូលខាងជើងនៃខ្លោងទ្វារខាងកើតក្នុងកំពែងទី៣ មុននឹងបិទច្រកចូលកណ្តាលដើម្បីការពារសិលាចារឹកសងខាងមេទ្វារ ឯគម្រោងទី២ គឺលើកថ្មដែលធ្លាក់រាយប៉ាយនៅកំពែងថ្មបាយក្រៀមជ្រុងនិរតីប្រមាណ៧ម៉ែត្រ។

នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានអនុវត្តគម្រោងជួសជុលនេះក្រោមថវិកាចំណាយទាំងស្រុងពីអាជ្ញាធរជាតិអប្សរា សម្រាប់ការជួសជុលចំនួនពីរកន្លែងត្រង់រចនាសម្ព័ន្ធប្រាសាទដែលខូចខាត ដោយប្រើរយ:ពេលនៃការជួសជុលចំនួន៥ខែ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៦ខាងមុខ។

លោក សារ៉ាយ គឹមហួល ជាបុរាណវិទូ បាននិងកំពុងដឹកនាំដំណើរនៃការជួសជុលដោយផ្អែកលើបច្ចេកទេស និងបទពិសោធន៍លើការងាជួសជុលប្រាសាទកន្លងមក នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះលោកបានបញ្ជាក់ថា មូលហេតុនៃការទ្រុឌទ្រោមរចនាសម្ព័ន្ធរបស់ខ្លោងទ្វារ និងភាគខ្លះនៃកំពែងប្រាសាទ គឺបណ្តាលមកពីកត្តាធម្មជាតិ គួបផ្សំនឹងអាយុកាលដ៏យូរលង់នៃសំណង់នេះ ពោលគឺមួយភាគនៃសំណង់រងការបំផ្លាញដោយការរលំបាក់នៃដើមឈើ ពិសេសគឺប្ញសនៃដើមឈើធំៗ បានចាក់បំប៉ើងគ្រឹះបណ្តាលឲ្យមានការស្រុត ទ្រេតនិងប្រេះចេញពីទម្រង់ដើម។

គម្រោងជួសជុលពង្រឹងរចនាសម្ព័ន្ធខ្លោងទ្វារ និងកំពែងថ្មបាយក្រៀមគឺអនុវត្តដោយផ្នែកៗត្រង់ចំណុចដែលមានការខូចខាត រងហានិភ័យខ្ពស់ដែលនឹងប៉ះពាល់ដល់សុវត្ថិភាពជុំវិញ។ រាល់បច្ចេកទេសនៃគ្រប់ដំណាក់កាលនិមូយៗ ធ្វើឡើងដោយសន្សឹមៗ និងប្រុងប្រយ័ត្នដល់ការបែកបាក់ដុំថ្មប្រាសាទកំឡុងពេលមានការរុះរើថ្ម និងពេលរំកិលថ្មចេញពីស្រទាប់ដើម ហើយបន្ទាប់ពីរុះរើថ្មអសុវត្ថិភាពមួយផ្នែកតូចនៃជញ្ជាំង នឹងគ្រោងពង្រឹងគ្រឹះដែលរងការស្រុតឲ្យមានភាពរឹងមាំឡើងវិញ ចំណែកថ្មដែលបានរុះរើកន្លងមកគឺតម្រូវការចាំបាច់ក្នុងការជួសជុលនឹងរៀបបញ្ចូលនៅទីតាំងដើមស្របតាមកម្រិតកម្ពស់ដែលបុរាណបានកំណត់។

ដូច្នេះរាល់បច្ចេកទេសនៃការជួសជុលទាំងអម្បាលមាណ គឺអ្នកជំនាញបានតោងគោរពខ្ជាប់ខ្ជួននូវការរក្សាទម្រង់ដើមរបស់សំណង់ដោយគិតអំពីការប្រើប្រាស់បច្ចេកទេសបុរាណឡើងវិញ រួមទាំងសម្ភារ:និងប្រវត្តិនៃសំណង់ជាដើម។ ហេតុនេះហើយ គ្រប់ដំណើរនៃការចល័តនិងរុះរើថ្មគឺធ្វើឡើងដោយប្រុងប្រយ័ត្ននូវរាល់ការបែកបាក់ថ្មដោយប្រការណាមួយ ព្រមទាំងពិនិត្យល្អិតល្អន់លើស្លាកស្នាមបុរាណវិទ្យាទាំងឡាយ ដែលស្ថាបត្យករជំនាន់ដើមបានកំណត់និងសាងសង់ដើម្បីជាអំណាងក្នុងការបន្តជួសជុលតាមទម្រង់ដើម។

អ្នកជំនាញបុរាណវិទ្យារូបនេះរៀបរាប់ថា តាមពិតទៅ រចនាសម្ព័ន្ធជាច្រើនទៀតនៃប្រាសាទដ៏ចំណាស់ដែលមានអាយុកាលតាំងពីសតវត្សទី១០មកនេះ មានការទ្រុឌទ្រោមច្រើន តែការជួសជុលគឺធ្វើឡើងទៅលើចំណុចដែលមានហានិភ័យខ្ពស់ជាអាទិភាព។

ប្រាសាទបន្ទាយស្រី មានឈ្មោះដើមថា ឦស្វរបុរៈ សាងសង់ឡើងក្នុងឆ្នាំ៩៦៧នៃគស ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៥។ ប្រាសាទនេះ ត្រូវបានរកឃើញនិងធ្វើការអភិរក្សឡើងវិញដោយបារាំងតាំងពីឆ្នាំ១៩១៦។ ចាប់ពីឆ្នាំ១៩២៤មក សាលាបារាំងចុងបូព៌ា (EFEO) បានធ្វើការត្រួសត្រាយព្រៃ និងចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់។ នៅឆ្នាំ១៩៣១-១៩៣៦ ការជួសជុលទ្រង់ទ្រាយធំ តាមបច្ចេកទេសអាណាស្ទីឡូ ក៏បានចាប់ផ្តើមឡើង ដែលដឹកនាំដោយលោក Henry Marchal ដោយយកលំនាំតាមការជួសជុលប្រាសាទខាងត្បូងនៃPrambanan នៅផ្នែកកណ្តាលកោះជ្វារនៃប្រទេសឥណ្ឌូណេស៊ី។ ការជួសជុលពេលនោះ គឺធ្វើឡើងទៅលើប្រាសាទកណ្តាល និងរចនាសម្ព័ន្ធខ្លះៗ តែនៅមានរចនាសម្ព័ន្ធជាច្រើនទៀត ដែលមិនទាន់បានជួសជុល ហើយទាមទារការអភិរក្សជួសជុលជាបន្តទៀត៕








នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសហការីចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរោគាពាធ។
សារលិខិតចូលរួមរំលែកមរណទុក្ខ
( ថ្ងៃទី 25 ខែ វិច្ឆិកា ឆ្នាំ2020 )
នៅក្នុងពេលវេលាពោរពេញដោយសមានទុក្ខ និងសេចក្ដីសោកស្ដាយជាពន់ពេកនេះយើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ភ្នាក់ងារ ឆ្មាំ និងពលករទាំងអស់នៃអាជ្ញាធរជាតិអប្សរា សូមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រមបំផុតជាមួយ លោកជំទាវ និង ក្រុមគ្រួសារចំពោះការបាត់បង់ ឯកឧត្តម អុឹង ហឿន
ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណកំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
6670
ម្សិលមិញ
:
10477
សប្តាហ៍នេះ
:
81927
ខែនេះ
:
0026683
សរុប
:
013718137