ព័ត៌មានថ្មីៗ

ខ្លោងទ្វារទី៣ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រី កំពុងជួសជុលឡើងវិញដោយក្រុមជំនាញនៃអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 06 ខែ តុលា ឆ្នាំ2016 01:34 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អ្នកជំនាញបុរាណវិទ្យាពីររូប រួមនឹងកម្លាំងពលករជាង២០នាក់នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលខ្លោងទ្វារទី៣ ផ្លូវចូលខាងកើត នៃប្រាសាទបន្ទាយស្រី។ ដំណើរការជួសជុលនេះក្នុងគោលបំណងធំៗចំនួនពីរគឺ កាត់បន្ថយការខូចខាតផ្ទាំងសិលាចារឹកទាំងសងខាងស្ថិតនៅលើស៊ុមទ្វារនៃច្រកចូល កណ្តាលខាងកើតពីសំណាក់ភ្ញៀវចូលទស្សនាប្រាសាទប្រចាំថ្ងៃ និងសង្រ្គោះរចនាសម្ព័ន្ធប្រាសាទដែលកំពុងរងការហានិភ័យ។

បន្ទាប់ពីទទួលអនុសាសន៍ណែនាំពីក្រុមអ្នកជំនាញ អាដហុក របស់ អាយស៊ីស៊ី-អង្គរ នៅពេលទស្សនកិច្ចរបស់អ្នកជំនាញនៅប្រាសាទបន្ទាយស្រី និងសេចក្តីណែនាំជាលាយល័ក្ខអក្សរ កាលពីថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០១៥កន្លងមក នាយកដ្ឋានបានផ្តើមកិច្ចការបន្ទាន់ ដែលទាក់ទងនឹងអនុសាសន៍ខាងលើ គឺគម្រោងទី១ ជួសជុលច្រកចូលខាងជើងនៃខ្លោងទ្វារខាងកើតក្នុងកំពែងទី៣ មុននឹងបិទច្រកចូលកណ្តាលដើម្បីការពារសិលាចារឹកសងខាងមេទ្វារ ឯគម្រោងទី២ គឺលើកថ្មដែលធ្លាក់រាយប៉ាយនៅកំពែងថ្មបាយក្រៀមជ្រុងនិរតីប្រមាណ៧ម៉ែត្រ។

នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានអនុវត្តគម្រោងជួសជុលនេះក្រោមថវិកាចំណាយទាំងស្រុងពីអាជ្ញាធរជាតិអប្សរា សម្រាប់ការជួសជុលចំនួនពីរកន្លែងត្រង់រចនាសម្ព័ន្ធប្រាសាទដែលខូចខាត ដោយប្រើរយ:ពេលនៃការជួសជុលចំនួន៥ខែ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៦ខាងមុខ។

លោក សារ៉ាយ គឹមហួល ជាបុរាណវិទូ បាននិងកំពុងដឹកនាំដំណើរនៃការជួសជុលដោយផ្អែកលើបច្ចេកទេស និងបទពិសោធន៍លើការងាជួសជុលប្រាសាទកន្លងមក នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះលោកបានបញ្ជាក់ថា មូលហេតុនៃការទ្រុឌទ្រោមរចនាសម្ព័ន្ធរបស់ខ្លោងទ្វារ និងភាគខ្លះនៃកំពែងប្រាសាទ គឺបណ្តាលមកពីកត្តាធម្មជាតិ គួបផ្សំនឹងអាយុកាលដ៏យូរលង់នៃសំណង់នេះ ពោលគឺមួយភាគនៃសំណង់រងការបំផ្លាញដោយការរលំបាក់នៃដើមឈើ ពិសេសគឺប្ញសនៃដើមឈើធំៗ បានចាក់បំប៉ើងគ្រឹះបណ្តាលឲ្យមានការស្រុត ទ្រេតនិងប្រេះចេញពីទម្រង់ដើម។

គម្រោងជួសជុលពង្រឹងរចនាសម្ព័ន្ធខ្លោងទ្វារ និងកំពែងថ្មបាយក្រៀមគឺអនុវត្តដោយផ្នែកៗត្រង់ចំណុចដែលមានការខូចខាត រងហានិភ័យខ្ពស់ដែលនឹងប៉ះពាល់ដល់សុវត្ថិភាពជុំវិញ។ រាល់បច្ចេកទេសនៃគ្រប់ដំណាក់កាលនិមូយៗ ធ្វើឡើងដោយសន្សឹមៗ និងប្រុងប្រយ័ត្នដល់ការបែកបាក់ដុំថ្មប្រាសាទកំឡុងពេលមានការរុះរើថ្ម និងពេលរំកិលថ្មចេញពីស្រទាប់ដើម ហើយបន្ទាប់ពីរុះរើថ្មអសុវត្ថិភាពមួយផ្នែកតូចនៃជញ្ជាំង នឹងគ្រោងពង្រឹងគ្រឹះដែលរងការស្រុតឲ្យមានភាពរឹងមាំឡើងវិញ ចំណែកថ្មដែលបានរុះរើកន្លងមកគឺតម្រូវការចាំបាច់ក្នុងការជួសជុលនឹងរៀបបញ្ចូលនៅទីតាំងដើមស្របតាមកម្រិតកម្ពស់ដែលបុរាណបានកំណត់។

ដូច្នេះរាល់បច្ចេកទេសនៃការជួសជុលទាំងអម្បាលមាណ គឺអ្នកជំនាញបានតោងគោរពខ្ជាប់ខ្ជួននូវការរក្សាទម្រង់ដើមរបស់សំណង់ដោយគិតអំពីការប្រើប្រាស់បច្ចេកទេសបុរាណឡើងវិញ រួមទាំងសម្ភារ:និងប្រវត្តិនៃសំណង់ជាដើម។ ហេតុនេះហើយ គ្រប់ដំណើរនៃការចល័តនិងរុះរើថ្មគឺធ្វើឡើងដោយប្រុងប្រយ័ត្ននូវរាល់ការបែកបាក់ថ្មដោយប្រការណាមួយ ព្រមទាំងពិនិត្យល្អិតល្អន់លើស្លាកស្នាមបុរាណវិទ្យាទាំងឡាយ ដែលស្ថាបត្យករជំនាន់ដើមបានកំណត់និងសាងសង់ដើម្បីជាអំណាងក្នុងការបន្តជួសជុលតាមទម្រង់ដើម។

អ្នកជំនាញបុរាណវិទ្យារូបនេះរៀបរាប់ថា តាមពិតទៅ រចនាសម្ព័ន្ធជាច្រើនទៀតនៃប្រាសាទដ៏ចំណាស់ដែលមានអាយុកាលតាំងពីសតវត្សទី១០មកនេះ មានការទ្រុឌទ្រោមច្រើន តែការជួសជុលគឺធ្វើឡើងទៅលើចំណុចដែលមានហានិភ័យខ្ពស់ជាអាទិភាព។

ប្រាសាទបន្ទាយស្រី មានឈ្មោះដើមថា ឦស្វរបុរៈ សាងសង់ឡើងក្នុងឆ្នាំ៩៦៧នៃគស ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៥។ ប្រាសាទនេះ ត្រូវបានរកឃើញនិងធ្វើការអភិរក្សឡើងវិញដោយបារាំងតាំងពីឆ្នាំ១៩១៦។ ចាប់ពីឆ្នាំ១៩២៤មក សាលាបារាំងចុងបូព៌ា (EFEO) បានធ្វើការត្រួសត្រាយព្រៃ និងចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់។ នៅឆ្នាំ១៩៣១-១៩៣៦ ការជួសជុលទ្រង់ទ្រាយធំ តាមបច្ចេកទេសអាណាស្ទីឡូ ក៏បានចាប់ផ្តើមឡើង ដែលដឹកនាំដោយលោក Henry Marchal ដោយយកលំនាំតាមការជួសជុលប្រាសាទខាងត្បូងនៃPrambanan នៅផ្នែកកណ្តាលកោះជ្វារនៃប្រទេសឥណ្ឌូណេស៊ី។ ការជួសជុលពេលនោះ គឺធ្វើឡើងទៅលើប្រាសាទកណ្តាល និងរចនាសម្ព័ន្ធខ្លះៗ តែនៅមានរចនាសម្ព័ន្ធជាច្រើនទៀត ដែលមិនទាន់បានជួសជុល ហើយទាមទារការអភិរក្សជួសជុលជាបន្តទៀត៕








មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញនិងបច្ចេកទេសនៃការប្រើប្រាស់ Drone” ដល់មន្ត្រី-បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាចំនួន២០រូប មកពីនាយកដ្ឋានជំនាញផ្សេងៗគ្នា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។
ស្របពេលដែលវិបត្តិនៃជំងឺកូវីដ១៩ កំពុងបន្តជះឥទ្ធិពលយ៉ាងអាក្រក់ដល់ដំណើរការអាជីវកម្មនានាដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដូចជា វិស័យសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាដឹកជញ្ជូនជាដើម គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបបានដាក់ចេញនូវផែនការគន្លឹះមួយចំនួន ទាក់ទាញភ្ញៀវទេសចរជាតិមកទស្សនានៅខេត្តសៀមរាប ដើម្បីជួយជ្រោមជ្រែងដល់អ្នកពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច អមដំណើរដោយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញពិនិត្យសមិទ្ធផលនៃការអភិរក្សសំណង់ព្រះវិហារដ៏ចំណាស់នៅវត្តព្រះរាជបូណ៌ ដែលព្រះវិហារនេះត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលកែលម្អនាពេលកន្លងមក។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច អមដំណើរដោយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានអញ្ជើញមកពិនិត្យការវិវត្តនៃដំណើរការជួសជុលនិងប្រារព្ធពិធីបួងសួងសុំសេចក្តីសុខចម្រើនពីវត្ថុស័ក្តិសិទ្ធិនៅទីនោះ និងសូមឱ្យដំណើរការជួសជុលប្រាសាទបានសម្រេចជោគជ័យ ប្រជាជនកម្ពុជាបានចាកផុតពីជំងឺកាចសាហាវ និងសូមឱ្យកម្ពុជាសម្បូរសប្បាយរុងរឿងដូចបុរាណកាល។
នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានអញ្ជើញត្រួតពិនិត្យការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
7575
ម្សិលមិញ
:
19861
សប្តាហ៍នេះ
:
45422
ខែនេះ
:
0045422
សរុប
:
010982406