ព័ត៌មានថ្មីៗ

ខ្លោងទ្វារទី៣ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រី កំពុងជួសជុលឡើងវិញដោយក្រុមជំនាញនៃអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 06 ខែ តុលា ឆ្នាំ2016 01:34 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អ្នកជំនាញបុរាណវិទ្យាពីររូប រួមនឹងកម្លាំងពលករជាង២០នាក់នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលខ្លោងទ្វារទី៣ ផ្លូវចូលខាងកើត នៃប្រាសាទបន្ទាយស្រី។ ដំណើរការជួសជុលនេះក្នុងគោលបំណងធំៗចំនួនពីរគឺ កាត់បន្ថយការខូចខាតផ្ទាំងសិលាចារឹកទាំងសងខាងស្ថិតនៅលើស៊ុមទ្វារនៃច្រកចូល កណ្តាលខាងកើតពីសំណាក់ភ្ញៀវចូលទស្សនាប្រាសាទប្រចាំថ្ងៃ និងសង្រ្គោះរចនាសម្ព័ន្ធប្រាសាទដែលកំពុងរងការហានិភ័យ។

បន្ទាប់ពីទទួលអនុសាសន៍ណែនាំពីក្រុមអ្នកជំនាញ អាដហុក របស់ អាយស៊ីស៊ី-អង្គរ នៅពេលទស្សនកិច្ចរបស់អ្នកជំនាញនៅប្រាសាទបន្ទាយស្រី និងសេចក្តីណែនាំជាលាយល័ក្ខអក្សរ កាលពីថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០១៥កន្លងមក នាយកដ្ឋានបានផ្តើមកិច្ចការបន្ទាន់ ដែលទាក់ទងនឹងអនុសាសន៍ខាងលើ គឺគម្រោងទី១ ជួសជុលច្រកចូលខាងជើងនៃខ្លោងទ្វារខាងកើតក្នុងកំពែងទី៣ មុននឹងបិទច្រកចូលកណ្តាលដើម្បីការពារសិលាចារឹកសងខាងមេទ្វារ ឯគម្រោងទី២ គឺលើកថ្មដែលធ្លាក់រាយប៉ាយនៅកំពែងថ្មបាយក្រៀមជ្រុងនិរតីប្រមាណ៧ម៉ែត្រ។

នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានអនុវត្តគម្រោងជួសជុលនេះក្រោមថវិកាចំណាយទាំងស្រុងពីអាជ្ញាធរជាតិអប្សរា សម្រាប់ការជួសជុលចំនួនពីរកន្លែងត្រង់រចនាសម្ព័ន្ធប្រាសាទដែលខូចខាត ដោយប្រើរយ:ពេលនៃការជួសជុលចំនួន៥ខែ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៦ខាងមុខ។

លោក សារ៉ាយ គឹមហួល ជាបុរាណវិទូ បាននិងកំពុងដឹកនាំដំណើរនៃការជួសជុលដោយផ្អែកលើបច្ចេកទេស និងបទពិសោធន៍លើការងាជួសជុលប្រាសាទកន្លងមក នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះលោកបានបញ្ជាក់ថា មូលហេតុនៃការទ្រុឌទ្រោមរចនាសម្ព័ន្ធរបស់ខ្លោងទ្វារ និងភាគខ្លះនៃកំពែងប្រាសាទ គឺបណ្តាលមកពីកត្តាធម្មជាតិ គួបផ្សំនឹងអាយុកាលដ៏យូរលង់នៃសំណង់នេះ ពោលគឺមួយភាគនៃសំណង់រងការបំផ្លាញដោយការរលំបាក់នៃដើមឈើ ពិសេសគឺប្ញសនៃដើមឈើធំៗ បានចាក់បំប៉ើងគ្រឹះបណ្តាលឲ្យមានការស្រុត ទ្រេតនិងប្រេះចេញពីទម្រង់ដើម។

គម្រោងជួសជុលពង្រឹងរចនាសម្ព័ន្ធខ្លោងទ្វារ និងកំពែងថ្មបាយក្រៀមគឺអនុវត្តដោយផ្នែកៗត្រង់ចំណុចដែលមានការខូចខាត រងហានិភ័យខ្ពស់ដែលនឹងប៉ះពាល់ដល់សុវត្ថិភាពជុំវិញ។ រាល់បច្ចេកទេសនៃគ្រប់ដំណាក់កាលនិមូយៗ ធ្វើឡើងដោយសន្សឹមៗ និងប្រុងប្រយ័ត្នដល់ការបែកបាក់ដុំថ្មប្រាសាទកំឡុងពេលមានការរុះរើថ្ម និងពេលរំកិលថ្មចេញពីស្រទាប់ដើម ហើយបន្ទាប់ពីរុះរើថ្មអសុវត្ថិភាពមួយផ្នែកតូចនៃជញ្ជាំង នឹងគ្រោងពង្រឹងគ្រឹះដែលរងការស្រុតឲ្យមានភាពរឹងមាំឡើងវិញ ចំណែកថ្មដែលបានរុះរើកន្លងមកគឺតម្រូវការចាំបាច់ក្នុងការជួសជុលនឹងរៀបបញ្ចូលនៅទីតាំងដើមស្របតាមកម្រិតកម្ពស់ដែលបុរាណបានកំណត់។

ដូច្នេះរាល់បច្ចេកទេសនៃការជួសជុលទាំងអម្បាលមាណ គឺអ្នកជំនាញបានតោងគោរពខ្ជាប់ខ្ជួននូវការរក្សាទម្រង់ដើមរបស់សំណង់ដោយគិតអំពីការប្រើប្រាស់បច្ចេកទេសបុរាណឡើងវិញ រួមទាំងសម្ភារ:និងប្រវត្តិនៃសំណង់ជាដើម។ ហេតុនេះហើយ គ្រប់ដំណើរនៃការចល័តនិងរុះរើថ្មគឺធ្វើឡើងដោយប្រុងប្រយ័ត្ននូវរាល់ការបែកបាក់ថ្មដោយប្រការណាមួយ ព្រមទាំងពិនិត្យល្អិតល្អន់លើស្លាកស្នាមបុរាណវិទ្យាទាំងឡាយ ដែលស្ថាបត្យករជំនាន់ដើមបានកំណត់និងសាងសង់ដើម្បីជាអំណាងក្នុងការបន្តជួសជុលតាមទម្រង់ដើម។

អ្នកជំនាញបុរាណវិទ្យារូបនេះរៀបរាប់ថា តាមពិតទៅ រចនាសម្ព័ន្ធជាច្រើនទៀតនៃប្រាសាទដ៏ចំណាស់ដែលមានអាយុកាលតាំងពីសតវត្សទី១០មកនេះ មានការទ្រុឌទ្រោមច្រើន តែការជួសជុលគឺធ្វើឡើងទៅលើចំណុចដែលមានហានិភ័យខ្ពស់ជាអាទិភាព។

ប្រាសាទបន្ទាយស្រី មានឈ្មោះដើមថា ឦស្វរបុរៈ សាងសង់ឡើងក្នុងឆ្នាំ៩៦៧នៃគស ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៥។ ប្រាសាទនេះ ត្រូវបានរកឃើញនិងធ្វើការអភិរក្សឡើងវិញដោយបារាំងតាំងពីឆ្នាំ១៩១៦។ ចាប់ពីឆ្នាំ១៩២៤មក សាលាបារាំងចុងបូព៌ា (EFEO) បានធ្វើការត្រួសត្រាយព្រៃ និងចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់។ នៅឆ្នាំ១៩៣១-១៩៣៦ ការជួសជុលទ្រង់ទ្រាយធំ តាមបច្ចេកទេសអាណាស្ទីឡូ ក៏បានចាប់ផ្តើមឡើង ដែលដឹកនាំដោយលោក Henry Marchal ដោយយកលំនាំតាមការជួសជុលប្រាសាទខាងត្បូងនៃPrambanan នៅផ្នែកកណ្តាលកោះជ្វារនៃប្រទេសឥណ្ឌូណេស៊ី។ ការជួសជុលពេលនោះ គឺធ្វើឡើងទៅលើប្រាសាទកណ្តាល និងរចនាសម្ព័ន្ធខ្លះៗ តែនៅមានរចនាសម្ព័ន្ធជាច្រើនទៀត ដែលមិនទាន់បានជួសជុល ហើយទាមទារការអភិរក្សជួសជុលជាបន្តទៀត៕








ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាមួយក្រុមដែលមានគ្នាប្រមាណ៣ទៅ៤នាក់ កំពុងតែប្រឹតប្រៀងផ្ចិតផ្ចង់ជួសជុលចម្លាក់ផ្តែរនៅលើប្រាសាទប្រែរូប ដែលកំពុងរងភាពពុកផុយខ្លាំង។ ផ្តែរមួយផ្ទាំងនេះធ្លាប់បានជួសជុលម្តងរួចមកហើយ ដោយក្រុម GACP ដែលកាលណោះជាការជួសជុលបែបសង្គ្រោះបឋម។
“..ជាប្រពៃណីទៅហើយ យើងតែងសុំទឹកភ្លៀងជាប្រចាំ ទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តី តែយើងនៅតែសង្ឃឹមថា ភ្លៀងនឹងធ្លាក់ក្រោយពីយើងធ្វើពិធីបួងសួងសុំនៅថ្ងៃនេះហើយ។ តាមរូបដែលមកចូលសណ្ឋិតប្រាប់ថា យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត...”។ នេះជាប្រសាសន៍រៀបរាប់របស់លោកយាយវឿន អាយុជាង៦០ឆ្នាំ ដែលដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។
ទំនប់ថ្នល់ដាច់ដែលទើបតែជួសជុលហើយ ដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសហគមន៍ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន ឃុំខ្នង ស្រុកស្វាយលើ ត្រូវបានប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យឆ្លងតាមប្រពៃណី ដើម្បីអបអរសាទរនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1082
ម្សិលមិញ
:
3210
សប្តាហ៍នេះ
:
08147
ខែនេះ
:
0250886
សរុប
:
011713482