ព័ត៌មានថ្មីៗ

សកម្មភាពភ្នាក់ងារទេសចរណ៍អាជ្ញាធរជាតិអប្សរាសង្គ្រោះភ្ញៀវនៅក្នុងឧទ្យានអង្គរ រើសបានរបស់ភ្ញៀវនិងប្រគល់ជូនវិញ រួមទាំងណែនាំក្នុងខែសីហា ឆ្នាំ២០១៦

បានផ្សាយនៅ ថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ2016 02:43 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ភ្នាក់ងារទេសចរណ៍ មានតួនាទីសំខាន់ណាស់ក្នុងការណែនាំទិសដៅទស្សនា មើលសកម្មភាពនានារបស់ភ្ញៀវទេសចរ ពន្យល់ណែនាំ ក៏ដូចជាជួយដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងជាយថាហេតុក្នុងការទស្សនានៅតំបន់អង្គរ។

សកម្មភាពដែលភ្នាក់ងារទេសចរណ៍តែងតែយកចិត្តទុកដាក់ និងជួបជាប្រចាំ គឺការជួយសង្គ្រោះភ្ញៀវពេលមានគ្រោះថ្នាក់ ការរើសបានរបស់ភ្ញៀវ និងទប់ស្កាត់ករណីភ្ញៀវប្រព្រឹត្តិមិនសមរម្យនៅក្នុងពេលទស្សនា។ យោងតាមរបាយការណ៍សកម្មភាពការងារនៅខែសីហា ឆ្នាំ២០១៦ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្រុមការងារជួយសង្គ្រោះភ្ញៀវបានចំនួន១៥ករណីដែលរងរបួសដោយរអិល ជំពប់ជើង បណ្តាលឱ្យដួល គ្រិច ថ្លោះដៃជើង ងងឹតមុខ ចុកពោះ ប៉ះក្បាលនឹងហោជាង ឬរោងទង និងធ្លាក់ពីលើរ៉ឺម៉ក។ បញ្ហាទាំងនេះមិនមានច្រើនទេនៅតំបន់អង្គរ ដែលពេលខ្លះកើតឡើង ដោយសារភ្ញៀវមានការធ្វេសប្រហែសរបស់ខ្លួន មិនគោរពតាមការណែនាំ ឬស្លាកសញ្ញាហាមឃាត់ និងសុខភាពផ្ទាល់ខ្លួនរបស់ពួកគាត់ជាដើម។

ប៉ុន្តែទោះជាយ៉ាងណា ក្រុមភ្នាក់ងារទេសចរណ៍អាជ្ញាធរជាតិអប្សរា សហការជាមួយនគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌ បានជួយសង្គ្រោះទាន់ពេលវេលានៅហ្នឹងកន្លែងចំពោះករណីស្រាលៗ រីឯករណីធ្ងន់គឺត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ សូមបញ្ជាក់ថា ក្រុមភ្នាក់ងារទេសចរណ៍អាជ្ញាធរជាតិអប្សរា នគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលជំនាញសង្គ្រោះបឋម និងមានបរិក្ខារសង្គ្រោះបឋមជាប់ខ្លួនស្រាប់។

ដោយឡែកចំពោះការរើសបានរបស់របរភ្ញៀវដែលភ្លេចឬជ្រុះនៅតាមបណ្តាប្រាសាទវិញ គឺមាន១៨ករណី ក្នុងនោះរកឃើញ១៥ករណី និងរកមិនឃើញ៣ករណី។ ឯករណីរកមិនឃើញ ភ្នាក់ងារទេសចរណ៍បានណែនាំឱ្យភ្ញៀវដាក់ពាក្យបណ្តឹងនៅអង្គភាពនគរបាលទេសចរណ៍។ គួរបញ្ជាក់ផងដែរថា សម្ភារៈដែលភ្ញៀវភ្លេចនិងបាត់ជាទូទៅមានដូចជា៖ ទូរសព្ទដៃ កាបូបស្ពាយ កាបូបលុយ ម៉ាស៊ីនថត កាតអេធីអ៊ឹម លិខិតឆ្លងដែន ជើងទម្រម៉ាស៊ីនថត។ល។ ក្នុងករណីរកឃើញសម្ភារៈហើយរកម្ចាស់មិនឃើញ ភ្នាក់ងារទេសចរណ៍បានប្រគល់ជូននគរបាលទេសចរណ៍ជាអ្នករក្សាទុក ដើម្បីរង់ចាំម្ចាស់មកទាក់ទង។ រាល់សកម្មភាពទាំងនេះទទួលបាននូវការអរគុណ និងកោតសរសើរយ៉ាងច្រើនពីសំណាក់អ្នកទេសចរជាតិនិងអន្តរជាតិមិនដាច់ពីមាត់ ព្រមទាំងការបង្ហាញនូវក្តីស្រឡាញ់ និងទំនុកចិត្តមកលើភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាទៀតផង។

ក្រៅពីនោះ ក្រុមភ្នាក់ងារទេសចរណ៍ក៏បានហាមឃាត់ភ្ញៀវដែលប្រព្រឹត្តមិនសមរម្យបានចំនួន២៨ករណីផងដែរ ដូចជា៖ ការបង្ហោះ Drone ថតរូបបង្ហាញម៉ូត បម្រុងថតរូបលើកបដាជាភាសាបរទេស ឡើងកន្លែងហាមឃាត់ និងគ្រោះថ្នាក់ ស្លៀកសម្លៀកបំពាក់ស៊ិចស៊ី ជនបរទេសថតរូបអាពាហ៍ពិពាហ៍ដោយគ្មានច្បាប់អនុញ្ញាត ថតរូបកាយវិការមិនសមរម្យ ថតរូបអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត ជក់បារីជាដើម។

អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ជានិច្ចលើគ្រប់បញ្ហាដែលកើតឡើងនៅក្នុងតំបន់អង្គរ ពិសេសគឺសន្តិសុខ សុវត្ថិភាព និងភាពងាយស្រួលដល់ភ្ញៀវទេសចរសំដៅធ្វើយ៉ាងណាគឺឱ្យភ្ញៀវទេសចរមកទស្សនាកម្ពុជាម្តងហើយចង់មកម្តងទៀត ជាពិសេសជួយយកចិត្តទុកដាក់ពេលភ្ញៀវមានបញ្ហា ដែលនេះជាសន្តានចិត្តដែលខ្មែរមានតាំងពីដូនតាមក៕












នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ លោក គង់ មរកត ឧបការី និងប្រធានស្តីទីនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកនាំក្រុមការងារចម្រុះ ចុះទៅរុះរើ សំណង់ខុសច្បាប់ពីរកន្លែង ដែលសាងសង់លើដីបុរីវប្បធម៌ និងទេសចរណ៍អង្គរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅភូមិចុងកៅស៊ូ សង្កាត់ស្លកា្រម ក្រុងសៀមរាប ខេត្តសៀមរាប។
នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តនៅក្នុងតំបន់ឧទ្យានអង្គរបានឯកភាពនិងគាំទ្រទាំងស្រុងឱ្យវត្តអារាមក្នុងតំបន់ឧទ្យានអង្គរមានផែនការមេ។ ការឯកភាពនេះបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីអំពីការបង្ហាញលទ្ធផលគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍និងបេតិកភណ្ឌ ហៅកាត់ថា (ACHA) ដំណាក់កាលទី២ ឆ្នាំ២០១៦ ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ និងក្រុមប្រឹក្សាកិច្ចការវត្តអារាមនៅក្នុងតំបន់ឧទ្យានអង្គរ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី៣ ត្រូវបានចាប់ផ្តើម និងបញ្ចប់នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ចំពេលដែលជុំវិញតំបន់អង្គរទាំងមូលពេញដោយទេសភាពបៃតងយ៉ាងស្រស់បំព្រង។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
“ក្នុងឆ្នាំ២០១៥កន្លងទៅនេះ មានភ្ញៀវបរទេស និងខ្មែរមកទស្សនាអង្គរជាង៤លាននាក់ បើក្នុងចំណោមនោះ មានតែមួយលាននាក់មកប៉ះចម្លាក់តែមួយនោះ ប្រហែលមួយរយឬពីររយឆ្នាំក្រោយ កូនចៅយើងនឹងលែងបានប៉ះឬលែងបានឃើញទៀតហើយ។ នេះជាករណីមួយដែលយើងត្រូវតែគិតគូរអំពីការថែរក្សាអង្គររបស់យើង”។ នេះជាសម្តីដាស់តឿនដែលលើកឡើងដោយ លោកស្រី អ៊ុំ ម៉ារ៉ាឌី អនុប្រធានទទួលបន្ទុករួមនៃនាយកដ្ឋានគ្រប់គ្រងទេសចរណ៍អង្គរ នៅចំពោះមុខនិស្សិតជាង១០០នាក់នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ (USEA) ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
3131
ម្សិលមិញ
:
14427
សប្តាហ៍នេះ
:
60187
ខែនេះ
:
0218076
សរុប
:
014277931