ព័ត៌មានថ្មីៗ

សកម្មភាពភ្នាក់ងារទេសចរណ៍អាជ្ញាធរជាតិអប្សរាសង្គ្រោះភ្ញៀវនៅក្នុងឧទ្យានអង្គរ រើសបានរបស់ភ្ញៀវនិងប្រគល់ជូនវិញ រួមទាំងណែនាំក្នុងខែសីហា ឆ្នាំ២០១៦

បានផ្សាយនៅ ថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ2016 02:43 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ភ្នាក់ងារទេសចរណ៍ មានតួនាទីសំខាន់ណាស់ក្នុងការណែនាំទិសដៅទស្សនា មើលសកម្មភាពនានារបស់ភ្ញៀវទេសចរ ពន្យល់ណែនាំ ក៏ដូចជាជួយដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងជាយថាហេតុក្នុងការទស្សនានៅតំបន់អង្គរ។

សកម្មភាពដែលភ្នាក់ងារទេសចរណ៍តែងតែយកចិត្តទុកដាក់ និងជួបជាប្រចាំ គឺការជួយសង្គ្រោះភ្ញៀវពេលមានគ្រោះថ្នាក់ ការរើសបានរបស់ភ្ញៀវ និងទប់ស្កាត់ករណីភ្ញៀវប្រព្រឹត្តិមិនសមរម្យនៅក្នុងពេលទស្សនា។ យោងតាមរបាយការណ៍សកម្មភាពការងារនៅខែសីហា ឆ្នាំ២០១៦ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្រុមការងារជួយសង្គ្រោះភ្ញៀវបានចំនួន១៥ករណីដែលរងរបួសដោយរអិល ជំពប់ជើង បណ្តាលឱ្យដួល គ្រិច ថ្លោះដៃជើង ងងឹតមុខ ចុកពោះ ប៉ះក្បាលនឹងហោជាង ឬរោងទង និងធ្លាក់ពីលើរ៉ឺម៉ក។ បញ្ហាទាំងនេះមិនមានច្រើនទេនៅតំបន់អង្គរ ដែលពេលខ្លះកើតឡើង ដោយសារភ្ញៀវមានការធ្វេសប្រហែសរបស់ខ្លួន មិនគោរពតាមការណែនាំ ឬស្លាកសញ្ញាហាមឃាត់ និងសុខភាពផ្ទាល់ខ្លួនរបស់ពួកគាត់ជាដើម។

ប៉ុន្តែទោះជាយ៉ាងណា ក្រុមភ្នាក់ងារទេសចរណ៍អាជ្ញាធរជាតិអប្សរា សហការជាមួយនគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌ បានជួយសង្គ្រោះទាន់ពេលវេលានៅហ្នឹងកន្លែងចំពោះករណីស្រាលៗ រីឯករណីធ្ងន់គឺត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ សូមបញ្ជាក់ថា ក្រុមភ្នាក់ងារទេសចរណ៍អាជ្ញាធរជាតិអប្សរា នគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលជំនាញសង្គ្រោះបឋម និងមានបរិក្ខារសង្គ្រោះបឋមជាប់ខ្លួនស្រាប់។

ដោយឡែកចំពោះការរើសបានរបស់របរភ្ញៀវដែលភ្លេចឬជ្រុះនៅតាមបណ្តាប្រាសាទវិញ គឺមាន១៨ករណី ក្នុងនោះរកឃើញ១៥ករណី និងរកមិនឃើញ៣ករណី។ ឯករណីរកមិនឃើញ ភ្នាក់ងារទេសចរណ៍បានណែនាំឱ្យភ្ញៀវដាក់ពាក្យបណ្តឹងនៅអង្គភាពនគរបាលទេសចរណ៍។ គួរបញ្ជាក់ផងដែរថា សម្ភារៈដែលភ្ញៀវភ្លេចនិងបាត់ជាទូទៅមានដូចជា៖ ទូរសព្ទដៃ កាបូបស្ពាយ កាបូបលុយ ម៉ាស៊ីនថត កាតអេធីអ៊ឹម លិខិតឆ្លងដែន ជើងទម្រម៉ាស៊ីនថត។ល។ ក្នុងករណីរកឃើញសម្ភារៈហើយរកម្ចាស់មិនឃើញ ភ្នាក់ងារទេសចរណ៍បានប្រគល់ជូននគរបាលទេសចរណ៍ជាអ្នករក្សាទុក ដើម្បីរង់ចាំម្ចាស់មកទាក់ទង។ រាល់សកម្មភាពទាំងនេះទទួលបាននូវការអរគុណ និងកោតសរសើរយ៉ាងច្រើនពីសំណាក់អ្នកទេសចរជាតិនិងអន្តរជាតិមិនដាច់ពីមាត់ ព្រមទាំងការបង្ហាញនូវក្តីស្រឡាញ់ និងទំនុកចិត្តមកលើភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាទៀតផង។

ក្រៅពីនោះ ក្រុមភ្នាក់ងារទេសចរណ៍ក៏បានហាមឃាត់ភ្ញៀវដែលប្រព្រឹត្តមិនសមរម្យបានចំនួន២៨ករណីផងដែរ ដូចជា៖ ការបង្ហោះ Drone ថតរូបបង្ហាញម៉ូត បម្រុងថតរូបលើកបដាជាភាសាបរទេស ឡើងកន្លែងហាមឃាត់ និងគ្រោះថ្នាក់ ស្លៀកសម្លៀកបំពាក់ស៊ិចស៊ី ជនបរទេសថតរូបអាពាហ៍ពិពាហ៍ដោយគ្មានច្បាប់អនុញ្ញាត ថតរូបកាយវិការមិនសមរម្យ ថតរូបអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត ជក់បារីជាដើម។

អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ជានិច្ចលើគ្រប់បញ្ហាដែលកើតឡើងនៅក្នុងតំបន់អង្គរ ពិសេសគឺសន្តិសុខ សុវត្ថិភាព និងភាពងាយស្រួលដល់ភ្ញៀវទេសចរសំដៅធ្វើយ៉ាងណាគឺឱ្យភ្ញៀវទេសចរមកទស្សនាកម្ពុជាម្តងហើយចង់មកម្តងទៀត ជាពិសេសជួយយកចិត្តទុកដាក់ពេលភ្ញៀវមានបញ្ហា ដែលនេះជាសន្តានចិត្តដែលខ្មែរមានតាំងពីដូនតាមក៕












គម្រោងជួសជុលនិងអភិរក្សព្រះវិហារបុរាណវត្តរាជបូណ៌ ដែលទទួលបានថវិកាទាំងស្រុងពីអាជ្ញាធរជាតិអាប្សរា បានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោមកិច្ចខិតខំប្រឹងប្រែង ដឹកនាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ពីសំណាក់មន្រ្តីជំនាញរបស់អាជ្ញាធរជាតិអប្សរា។
សេចក្ដីប្រកាសព័ត៌មាន
( ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ2020 )
អាជ្ញាធរជាតិអប្សរា សូមបដិសេធទាំងស្រុងអំពីការផ្សព្វផ្សាយចោទប្រកាន់គ្មានមូលដ្ឋានរបស់គណនីហ្វេសប៊ុកឈ្មោះ TNM TV Online និងសូមឲ្យអ្នកគ្រប់គ្រងគណនីហ្វេសប៊ុកខាងលើធ្វើការសុំទោសជាសាធារណៈក្នុងរយៈពេលមួយសប្តាហ៍។ ប្រសិនបើ អ្នកគ្រប់គ្រងគណនីហ្វេសប៊ុក TNM TV Online
បាឋកថាស្ដីពី «វឌ្ឍនភាពនៃការជួសជុលស្ពានហាលខាងលិចអង្គរវត្ត» ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបង្ហាញដល់សាធារណជនដែលមានបំណងចង់ឈ្វេងយល់ពីដំណើរការលម្អិតពីគម្រោងជួសជុលនេះ។ អ្នកជំនាញបានរៀបរាប់អំពីប្រវត្តិនៃការជួសជុលស្ពានហាល ជាពិសេសរៀបរាប់ពីដំណើរការក្នុងការដ្ឋានដែលកំពុងជួសជុលបច្ចុប្បន្ន។
នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកបណ្ឌិត ប្រ៊ីស វុំាងសង់ សាស្រ្ដាចារ្យរង និងជាប្រធានវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស ក្រុងសៀមរាប ចូលជួប និងបង្ហាញពីឯកសារស្រាវជ្រាវទាំងប៉ុន្មាន ចាប់ពីស្ថាប័ននេះចូលរួមកិច្ចការអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរក្សាទុកក្នុងមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ របស់អាជ្ញាធរជាតិអប្សរា។
នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត ទទួលការបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងហានិភ័យប្រាសាទ។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដោយមានកិច្ចសហការដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
6163
ម្សិលមិញ
:
5746
សប្តាហ៍នេះ
:
86588
ខែនេះ
:
0242669
សរុប
:
012750258