NEWS

The report of tourist agents of Apsara Authority, August 2016

Published on 22 September 2016 02:43 PM Post By ៖ Apsara National Authority
ភ្នាក់ងារទេសចរណ៍ មានតួនាទីសំខាន់ណាស់ក្នុងការណែនាំទិសដៅទស្សនា មើលសកម្មភាពនានារបស់ភ្ញៀវទេសចរ ពន្យល់ណែនាំ ក៏ដូចជាជួយដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងជាយថាហេតុក្នុងការទស្សនានៅតំបន់អង្គរ។

សកម្មភាពដែលភ្នាក់ងារទេសចរណ៍តែងតែយកចិត្តទុកដាក់ និងជួបជាប្រចាំ គឺការជួយសង្គ្រោះភ្ញៀវពេលមានគ្រោះថ្នាក់ ការរើសបានរបស់ភ្ញៀវ និងទប់ស្កាត់ករណីភ្ញៀវប្រព្រឹត្តិមិនសមរម្យនៅក្នុងពេលទស្សនា។ យោងតាមរបាយការណ៍សកម្មភាពការងារនៅខែសីហា ឆ្នាំ២០១៦ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្រុមការងារជួយសង្គ្រោះភ្ញៀវបានចំនួន១៥ករណីដែលរងរបួសដោយរអិល ជំពប់ជើង បណ្តាលឱ្យដួល គ្រិច ថ្លោះដៃជើង ងងឹតមុខ ចុកពោះ ប៉ះក្បាលនឹងហោជាង ឬរោងទង និងធ្លាក់ពីលើរ៉ឺម៉ក។ បញ្ហាទាំងនេះមិនមានច្រើនទេនៅតំបន់អង្គរ ដែលពេលខ្លះកើតឡើង ដោយសារភ្ញៀវមានការធ្វេសប្រហែសរបស់ខ្លួន មិនគោរពតាមការណែនាំ ឬស្លាកសញ្ញាហាមឃាត់ និងសុខភាពផ្ទាល់ខ្លួនរបស់ពួកគាត់ជាដើម។

ប៉ុន្តែទោះជាយ៉ាងណា ក្រុមភ្នាក់ងារទេសចរណ៍អាជ្ញាធរជាតិអប្សរា សហការជាមួយនគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌ បានជួយសង្គ្រោះទាន់ពេលវេលានៅហ្នឹងកន្លែងចំពោះករណីស្រាលៗ រីឯករណីធ្ងន់គឺត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ សូមបញ្ជាក់ថា ក្រុមភ្នាក់ងារទេសចរណ៍អាជ្ញាធរជាតិអប្សរា នគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលជំនាញសង្គ្រោះបឋម និងមានបរិក្ខារសង្គ្រោះបឋមជាប់ខ្លួនស្រាប់។

ដោយឡែកចំពោះការរើសបានរបស់របរភ្ញៀវដែលភ្លេចឬជ្រុះនៅតាមបណ្តាប្រាសាទវិញ គឺមាន១៨ករណី ក្នុងនោះរកឃើញ១៥ករណី និងរកមិនឃើញ៣ករណី។ ឯករណីរកមិនឃើញ ភ្នាក់ងារទេសចរណ៍បានណែនាំឱ្យភ្ញៀវដាក់ពាក្យបណ្តឹងនៅអង្គភាពនគរបាលទេសចរណ៍។ គួរបញ្ជាក់ផងដែរថា សម្ភារៈដែលភ្ញៀវភ្លេចនិងបាត់ជាទូទៅមានដូចជា៖ ទូរសព្ទដៃ កាបូបស្ពាយ កាបូបលុយ ម៉ាស៊ីនថត កាតអេធីអ៊ឹម លិខិតឆ្លងដែន ជើងទម្រម៉ាស៊ីនថត។ល។ ក្នុងករណីរកឃើញសម្ភារៈហើយរកម្ចាស់មិនឃើញ ភ្នាក់ងារទេសចរណ៍បានប្រគល់ជូននគរបាលទេសចរណ៍ជាអ្នករក្សាទុក ដើម្បីរង់ចាំម្ចាស់មកទាក់ទង។ រាល់សកម្មភាពទាំងនេះទទួលបាននូវការអរគុណ និងកោតសរសើរយ៉ាងច្រើនពីសំណាក់អ្នកទេសចរជាតិនិងអន្តរជាតិមិនដាច់ពីមាត់ ព្រមទាំងការបង្ហាញនូវក្តីស្រឡាញ់ និងទំនុកចិត្តមកលើភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាទៀតផង។

ក្រៅពីនោះ ក្រុមភ្នាក់ងារទេសចរណ៍ក៏បានហាមឃាត់ភ្ញៀវដែលប្រព្រឹត្តមិនសមរម្យបានចំនួន២៨ករណីផងដែរ ដូចជា៖ ការបង្ហោះ Drone ថតរូបបង្ហាញម៉ូត បម្រុងថតរូបលើកបដាជាភាសាបរទេស ឡើងកន្លែងហាមឃាត់ និងគ្រោះថ្នាក់ ស្លៀកសម្លៀកបំពាក់ស៊ិចស៊ី ជនបរទេសថតរូបអាពាហ៍ពិពាហ៍ដោយគ្មានច្បាប់អនុញ្ញាត ថតរូបកាយវិការមិនសមរម្យ ថតរូបអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត ជក់បារីជាដើម។

អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ជានិច្ចលើគ្រប់បញ្ហាដែលកើតឡើងនៅក្នុងតំបន់អង្គរ ពិសេសគឺសន្តិសុខ សុវត្ថិភាព និងភាពងាយស្រួលដល់ភ្ញៀវទេសចរសំដៅធ្វើយ៉ាងណាគឺឱ្យភ្ញៀវទេសចរមកទស្សនាកម្ពុជាម្តងហើយចង់មកម្តងទៀត ជាពិសេសជួយយកចិត្តទុកដាក់ពេលភ្ញៀវមានបញ្ហា ដែលនេះជាសន្តានចិត្តដែលខ្មែរមានតាំងពីដូនតាមក៕












ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបង្កប់ទុយោដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត១២ហិកតា។
រចនាសម្ពន្ធសំណង់ឈើដ៏ល្អឆ្នើមមួយ រួមនឹងបដិមានៃព្រហ្មមញ្ញសាសនា១អង្គ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត។ ការរកឃើញនេះ ត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី១២មកដល់សព្វថ្ងៃ។
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានកំពុងតែជួសជុលជណ្តើរឈើឡើងប្រាសាទអង្គរវត្តចំនួន៤កន្លែង។
ក្រុមការងារកាត់ក្រីមែកឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ដកហូតនិងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់ចំនួន១២ដើម នៅក្នុងបរិវេណប្រាសាទព្រះគោ។
ការសម្អាតប្រាង្គប្រាសាទតែងតែធ្វើឡើងជាប្រចាំ រៀងរាល់១ខែម្តងឬតិចជាងនេះនៅរដូវវស្សានិង១ខែកន្លះម្តងឬច្រើនជាងនេះ នៅរដូវប្រាំង។ ការសម្អាត គឺដើម្បីដកស្មៅ កូនឈើ និងរុក្ខជាតិផ្សេងៗនៅលើប្រាសាទ បង្ការកុំឱ្យវាលូតលាស់ធំមានឫសចាក់ជ្រែកចូលក្នុងរចនាសម្ពន្ធប្រាសាទ ធ្វើឱ្យមានហានីភ័យដល់ប្រាសាទ និងបាត់បង់សោភ័ណភាពប្រាសាទ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
3365
Yesterday
:
2454
This Week
:
05819
This Month
:
0015799
Total
:
010603897