ព័ត៌មានថ្មីៗ

ខែសីហាកន្លងទៅនេះ ក្រុមជំនាញកាប់ដើមឈើងាប់ និងដួលរលំ៦ដើម និងកាត់ក្រីមែកឈើ៥ដើមក្នុងតំបន់ឧទ្យានអង្គរដើម្បីបញ្ជៀសគ្រោះថ្នាក់

បានផ្សាយនៅ ថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ2016 12:42 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដើមឈើងាប់រស់ និងដួលរលំដោយសារភ្លៀងខ្យល់ចំនួន០៦ដើម ត្រូវបាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាកាប់ និងកាត់ក្រីមែកឈើចំនួន០៥ដើមក្នុងតំបន់ឧទ្យានអង្គរ ដើម្បីបង្ការហានិភ័យដែលអាចនឹងកើតមានឡើងដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅពេលពួកគាត់ធ្វើដំណើរតាមដងផ្លូវ និងទស្សនាប្រាង្គប្រាសាទផ្សេងៗក្នុងតំបន់ឧទ្យានអង្គរ ដោយយថាហេតុណាមួយដែលយើងមិនអាចដឹងទុកជាមុនបាន។

លោក ទូច តេត្រា បុគ្គលិកបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបានលើកឡើងថា ការកាត់ក្រីមែកឈើ ឬកាប់ដកហូតទាំងស្រុងនូវដើមឈើ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុនោះ គឺក្រុមការងារតែងអនុវត្តជាប្រចាំ ដោយក្រុមការងារអង្កេតហានិភ័យដើមឈើ ដែលតែងចុះទៅអង្កេតមើលដើមឈើ ដើម្បីដឹងថា ដើមឈើណាអាចនឹងបង្កហានិភ័យខ្ពស់ដល់ប្រាង្គប្រាសាទ វត្តអារាម សាលារៀន ផ្ទះប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរទូទៅ។

លោកបញ្ជាក់ថាដើមឈើដែលកាប់ ឬកាត់ក្រីមែកនោះទាល់តែមានហានិភ័យខ្ពស់ខ្លាំងណាស់មានដូចជាដើមឈើងាប់ ពុកគល់ ពុកមែក និងទេ្រតទៅលើប្រាង្គប្រាសាទ ឬផ្លូវ ដើមឈើរស់ប្រហោងគល់ ប្រហោងក្នុងខ្លាំង មានមែកងាប់ និងទ្រេត ទៅលើប្រាង្គប្រាសាទ ឬផ្លូវខ្លាំង ទើបយើងកាប់ ឬកាត់ក្រីមែកចេញ។ ម្យ៉ាងវិញទៀត មុននឹងកាប់ដើមឈើ និងកាត់ក្រីមែកឈើម្តងៗ នាយកដ្ឋានបានសិក្សាយ៉ាងល្អិតល្អន់ គ្រប់ជ្រុងជ្រោយ ទៅលើហានិភ័យ និងតែងចេញសេចក្តីជូនដំណឹងដល់សាធារណជន និងភ្ញៀវទេសចរឲ្យបានដឹងជាមុន។

លោកបញ្ជាក់ទៀតថា ដើមឈើ និងមែកឈើដែលបានមកពីការកាប់ និងកាត់ក្រីទាំងអស់នោះ ត្រូវក្រុមការងាជំនាញព្រៃឈើ អារ កាត់ និងជ្រៀកធ្វើជាក្តារនិងកាត់ជាកំណាត់ៗទៅតាមតម្រូវការ រួចហើយយកមករក្សាទុកក្នុងរោងឈើតានៃសម្រាប់ប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ ដូចជាធ្វើជារន្ទាសម្រាប់ឡើងកាត់់ក្រីមែកឈើ កាត់សម្អាតស្មៅ និងកូនឈើតាមប្រាង្គប្រាសាទ ធ្វើធ្នើរសម្រាប់ជួសជុលប្រាសាទ ធ្វើស៊ុមការពារកូនឈើ និងការងារផ្សេងៗទៀត។ លោកបន្ថែមថា ចំពោះមែកឈើ និងជម្រៀកឈើដែលប្រើការមិនកើត ត្រូវបានក្រុមការងារជំនាញព្រៃឈើរបស់លោកកាត់ជាកង់ៗធ្វើជាអុស ហើយដឹកជញ្ជូនទៅប្រគេនព្រះសង្ឃតាមវត្តនានាក្នុងតំបន់ឧទ្យានអង្គរសម្រាប់ដុតធ្វើចង្ហាន់ និងដាំទឹកជាប្រយោជន៍បន្តទៀត៕








ពិធីស្រោចស្រពសុគន្ធវារីនេះ ជាទំនៀមទម្លាប់ប្រពៃណីបរមបុរាណខ្មែរតាមបែបព្រះពុទ្ធសាសនាមួយក្នុងចំណោមទំនៀមទម្លាប់ប្រពៃណីបរមបុរាណខ្មែរជាច្រើនទៀត ដែលបុព្វបុរសខ្មែរបានបន្សល់ទុកមកឲ្យកូនចៅជំនាន់ក្រោយដើម្បីបន្តវេនពីពួកគាត់តទៅទៀត។ ទំនៀមទម្លាប់នេះមានដើមកំណើតតាំងពីយូរលង់ណាស់មកហើយ ប៉ុន្តែនៅតែមានការប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ។ជាក់ស្តែង នៅថ្ងៃទី១២ ខែសីហាឆ្នាំ២០១៦នេះពុទ្ធបរិស័ទចំណុះជើងវត្តព្រះឥន្ទកោសីយ៍ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបបានរៀបចំពិធីបុណ្យស្រោចស្រពសុគន្ធវារីតែងតាំងលោកគ្រូ ចន្ទ សុវណ្ណ ជាចៅអធិការវត្ត។
យុវជនស្ម័គ្រចិត្តដែលមកពី៧ប្រទេសផ្សេងគ្នា បានមកបំពេញបេសកកម្មក្នុងតំបន់រមណីយដ្ឋានអង្គររយៈពេល១២ថ្ងៃ ដើម្បីស្វែងយល់ពីការងារបេតិកភណ្ឌអង្គរ និងសហគមន៍ពលរដ្ឋតំបន់អង្គរ។ តាំងពីថ្ងៃទី១០មក ក្រុមយុវជនស្ម័គ្រចិត្តបានស្តាប់បទបង្ហាញជាច្រើនអំពីកិច្ចការអភិរក្សរមណីយដ្ឋានអង្គររបស់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា។
អ្នកជំនាញខាងបេតិកភណ្ឌវប្បធម៌ ចំនួន១០រូប ដែលមាន២រូបមកពីប្រទេសនីមួយៗនៃប្រទេសទាំង៥នៅអាស៊ីអាគ្នេយ៍ ពោល គឺកម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ និងវៀតណាម ព្រមទាំងប្រទេសឥណ្ឌូនេស៊ី បានមកជួបជុំគ្នាជាមួយអ្នកជំនាញ ជប៉ុន នៃសាកលវិទ្យាល័យសូហ្វីយ៉ា និងអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា នៅតំបន់សៀមរាប-អង្គរ ដើម្បីពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការអភិរក្ស មរតកបេតិកភណ្ឌតាមរយៈសិក្ខាសាលាអន្តរជាតិ ដែលហៅថា “សិក្ខាសាលា ដើម្បី ស្វែង យល់បេតិកភណ្ឌវប្បធម៌តំបន់មេគង្គ”។
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកពួក ដឹកនាំដោយ ឯកឧត្តម ឈរ ថាណាត អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ អំពីសិទ្ធិនៃការគ្រប់គ្រងដីធ្លី នៅឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធទី១១ ខែសីហា ឆ្នាំ២០១៦ នេះ។
យុវជនស្ម័គ្រចិត្តចំនួន២៧រូប មកពី៧ប្រទេសផ្សេងគ្នា ដោយរួមទាំងកម្ពុជាផង គ្រោងនឹងចំណាយពេល១២ថ្ងៃនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីសិក្សា និងទទួលបទពិសោធន៍អំពីការងារអភិរក្សបេតិកភណ្ឌពិភពលោកអំពីអាជ្ញាធរជាតិអប្សរា។ កម្មវិធីដែលធ្វើឡើងក្រោមប្រធានបទ    “ទាំងអស់គ្នាដើម្បីបេតិកភណ្ឌ” នេះ ចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី២២ ខែសីហា ឆ្នាំ២០១៦។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
9149
ម្សិលមិញ
:
10457
សប្តាហ៍នេះ
:
29337
ខែនេះ
:
0347462
សរុប
:
013329776