ព័ត៌មានថ្មីៗ

ចម្លាក់ថ្មភក់បុរាណ២ដុំត្រូវបានរឹបអូសពីជនល្មើសនៅស្រុកបន្ទាយស្រី

បានផ្សាយនៅ ថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ2016 05:34 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ចម្លាក់ថ្មបុរាណ២ដុំ ដែលមានរូបរាងជាកូនប្រាសាទចម្លងធ្វើពីថ្មភក់ ត្រូវបានរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី រឹបអូសបានពីជនល្មើសនៅក្នុងករណីចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។ តាមការសន្និដ្ឋានបឋមនៃបុរាណវិទូអាជ្ញាធរជាតិអប្សរា​ចម្លាក់នេះអាចស្ថិតនៅក្នុងសតវត្សទី១០​ តែអ្នកជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណបានថាចម្លាក់នេះត្រូវជនល្មើសនាំចេញពីតំបន់ណានៅឡើយ។​ អ្នកជំនាញនឹងសិក្សាលម្អិតអំពីចម្លាក់នេះនៅពេលក្រោយ​ នៅពេល​ដែលនីតិវិធីផ្លូវច្បាប់បានបញ្ចប់ជាស្ថាពរ។​

ប្រតិបត្តិការនេះដឹកនាំដោយលោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី ដែលធ្វើការឃាត់ទៅលើរថយន្តម៉ាកកាមេរី ស៊េរីឆ្នាំ១៩៩៣មួយគ្រឿង ពណ៌ស្លែ ស្លាកលេខភ្នំពេញ 2A 8316។ ជាមួយនឹងការរកឃើញបទល្មើសព្រៃឈើ សមត្ថកិច្ចក៏បានរកឃើញ ថ្មចម្លាក់ជាកូនប្រាសាទចម្លងដែលជាវត្ថុបុរាណដ៏មានតម្លៃរបស់ជាតិ។ ថ្មចម្លាក់ប្រាសាទចម្លងទាំង២ដុំ រាងសាជី មានទំហំ៣៨x៣៨x៩០សម និង៤៥x៤៥x៩០សម ។ តាមមន្រ្តីរដ្ឋបាលព្រៃឈើបញ្ជាក់ថា​ ប្រតិបត្តិការ​នេះមិនទាន់ចាប់បានជនល្មើសនៅឡើយទេ​ ដោយជនល្មើសបានបោះបង់ឡានចោលហើយរត់គេចខ្លួនបាត់។​

បន្ទាប់ពីទទួលបានការជូនដំណឹងពីរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា រួមជាមួយនឹងនគរបាលការពារបេតិកភណ្ឌ បានចុះទៅពិនិត្យដល់ទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដោយធ្វើកំណត់ហេតុច្បាស់លាស់ និងបញ្ជូនវត្ថុតាងទាំងអស់ រួមទាំងចម្លាក់ថ្មបុរាណ២ដុំ ទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីដើម្បីធ្វើជាវត្ថុតាងបន្តនីតិវិធីផ្លូវច្បាប់។ ចម្លាក់ថ្មបុរាណទាំង២ដុំនេះ នឹងត្រូវប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុកក្រោយ បន្ទាប់ពីនីតិវិធីច្បាប់ត្រូវបានបញ្ចប់៕








រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ មគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០រូប រួមទាំងមន្រ្តីអាជ្ញាធរជាតិអប្សរាផង បានចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅទីក្រុងម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន។
តំបន់អង្គរត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ថា មានទំហំ៤០១គីឡូម៉ែត្រក្រឡា ប៉ុន្តែបើផ្អែកទៅលើសំណល់បុរាណវិទ្យានិងស្លាកស្នាមប្រវត្តិសាស្រ្តនៃអាណាចក្រខ្មែរ ឲ្យយើងដឹងថាអារ្យធម៌អង្គរមានវិសាលភាពដ៏ធំធេងហួសពីព្រំដែនកំណត់នៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
ជារៀងរាល់ថ្ងៃអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរស់នៅនិងសុខទុក្ខរបស់ប្រជាជនក្នុងតំបន់អង្គរតាមរយៈក្រុមការងារផ្សេងៗ ជាពិសេសក្រុមការងារសហគមន៍ ដែលបានជួយពួកគាត់ទាំងការប្រកបមុខរបរ បញ្ហាសុខភាព ការថែរក្សាទំនៀមទម្លាប់ដូនតា ការសង់លំនៅដ្ឋានរបស់ប្រជាជន និងទីជម្រកសព្វពាហនៈជាដើម។
អាជ្ញាធរជាតិអប្សរាសហការជាមួយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ រៀបចំធ្វើបទបង្ហាញ ស្តីពីលទ្ធផលបឋមថ្មីៗ ពីការស្រាវជ្រាវបុរាណវិទ្យានៅកោះកែរ ដែលដឹកនាំដោយលោកបណ្ឌិត អ៊ា ដារិទ្ធ ជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារនៃអាជ្ញាធរជាតិអប្សរានិងលោកបណ្ឌិត Kyle Latinis បុរាណវិទូនៃវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ប្រទេសសង្ហិបុរី ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអង្គារទី២១ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ១៤:៣០នាទីរសៀល នៅសាលសិក្សាលលៃនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា។
នៅថ្ងៃសុក្រទី២៤ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ អាជ្ញាធរជាតិអប្សរានឹងរៀបចំសិក្ខាសាលាមួយ ក្រោមប្រធាន “ការអភិរក្ស និងបញ្ហាប្រឈមនៅភ្នំគូលែន”។ សិក្ខាសាលានេះនឹងមានការចូលរួមពីវាគ្មិនសំខាន់ៗដូចជា ឯកឧត្តម Tsugawa Takahisa សហប្រធានអាយស៊ីស៊ីអង្គរភាគីជប៉ុន លោកសាស្ត្រាចារ្យ Azedine Beshaouch លេខាវិទ្យាសាស្ត្រនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន រួមនឹងមន្ត្រីជំនាញជាច្រើនរូបទៀតនៃអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវផ្សេងៗ។ សិក្ខាសាលានេះ នឹងដំណើរការចាប់ពីម៉ោង ៧:៤៥នាព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
1542
ម្សិលមិញ
:
5965
សប្តាហ៍នេះ
:
07507
ខែនេះ
:
0250182
សរុប
:
012757771