ព័ត៌មានថ្មីៗ

ចម្លាក់ថ្មភក់បុរាណ២ដុំត្រូវបានរឹបអូសពីជនល្មើសនៅស្រុកបន្ទាយស្រី

បានផ្សាយនៅ ថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ2016 05:34 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ចម្លាក់ថ្មបុរាណ២ដុំ ដែលមានរូបរាងជាកូនប្រាសាទចម្លងធ្វើពីថ្មភក់ ត្រូវបានរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី រឹបអូសបានពីជនល្មើសនៅក្នុងករណីចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។ តាមការសន្និដ្ឋានបឋមនៃបុរាណវិទូអាជ្ញាធរជាតិអប្សរា​ចម្លាក់នេះអាចស្ថិតនៅក្នុងសតវត្សទី១០​ តែអ្នកជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណបានថាចម្លាក់នេះត្រូវជនល្មើសនាំចេញពីតំបន់ណានៅឡើយ។​ អ្នកជំនាញនឹងសិក្សាលម្អិតអំពីចម្លាក់នេះនៅពេលក្រោយ​ នៅពេល​ដែលនីតិវិធីផ្លូវច្បាប់បានបញ្ចប់ជាស្ថាពរ។​

ប្រតិបត្តិការនេះដឹកនាំដោយលោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី ដែលធ្វើការឃាត់ទៅលើរថយន្តម៉ាកកាមេរី ស៊េរីឆ្នាំ១៩៩៣មួយគ្រឿង ពណ៌ស្លែ ស្លាកលេខភ្នំពេញ 2A 8316។ ជាមួយនឹងការរកឃើញបទល្មើសព្រៃឈើ សមត្ថកិច្ចក៏បានរកឃើញ ថ្មចម្លាក់ជាកូនប្រាសាទចម្លងដែលជាវត្ថុបុរាណដ៏មានតម្លៃរបស់ជាតិ។ ថ្មចម្លាក់ប្រាសាទចម្លងទាំង២ដុំ រាងសាជី មានទំហំ៣៨x៣៨x៩០សម និង៤៥x៤៥x៩០សម ។ តាមមន្រ្តីរដ្ឋបាលព្រៃឈើបញ្ជាក់ថា​ ប្រតិបត្តិការ​នេះមិនទាន់ចាប់បានជនល្មើសនៅឡើយទេ​ ដោយជនល្មើសបានបោះបង់ឡានចោលហើយរត់គេចខ្លួនបាត់។​

បន្ទាប់ពីទទួលបានការជូនដំណឹងពីរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា រួមជាមួយនឹងនគរបាលការពារបេតិកភណ្ឌ បានចុះទៅពិនិត្យដល់ទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដោយធ្វើកំណត់ហេតុច្បាស់លាស់ និងបញ្ជូនវត្ថុតាងទាំងអស់ រួមទាំងចម្លាក់ថ្មបុរាណ២ដុំ ទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីដើម្បីធ្វើជាវត្ថុតាងបន្តនីតិវិធីផ្លូវច្បាប់។ ចម្លាក់ថ្មបុរាណទាំង២ដុំនេះ នឹងត្រូវប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុកក្រោយ បន្ទាប់ពីនីតិវិធីច្បាប់ត្រូវបានបញ្ចប់៕








ព្រៃឈើមានប្រយោជន៍ខ្លាំងណាស់ចំពោះជីវិតមនុស្សនិងសត្វ ហើយព្រៃឈើក៏រឹតតែមានប្រយោជន៍ផងដែរចំពោះបេតិកភណ្ឌ ព្រោះវាជារបាំងការពារខ្យល់ ការពារទឹកជំនន់ ទប់ស្កាត់ការសឹករិចរឹល និងស្រូបទឹកក្រោមដីដើម្បីផ្តល់សំណើមដល់ប្រាង្គប្រាសាទ ជាពិសេសព្រៃឈើដែលដុះក្នុងឧទ្យានអង្គរ ជាទេសភាពធម្មជាតិដ៏ល្អឯកដែលរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពស្រស់ស្អាតបន្ថែមទៀត។
អ្នកស្រុកក្នុងឧទ្យានអង្គរចំនួន៧៤គ្រួសារមកពី៦ភូមិក្នុងសង្កាត់អំពិល ក្រុងសៀមរាប បានជួបជុំគ្នានៅសាលាឆទានភូមិត្រពាំងរុននាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ដើម្បីទទួលយកពូជឫស្សីទំពាំងផ្អែមដែលផ្តល់ជូនតាមរយៈគម្រោងអភិវឌ្ឍន៍សហគមន៍ និងបេតិកភណ្ឌអង្គររបស់អាជ្ញាធរជាតិអប្សរាសហការជាមួយប្រទេសញ៉ូវហ្សឺឡែនហៅកាត់ថា ACHA ។
សិក្ខាសាលាដើម្បីឈ្វេងយល់ពីបេតិកភណ្ឌវប្បធម៌តំបន់មេគង្គ ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន នៅតំបន់រមណីយដ្ឋានសៀមរាប-អង្គរ។ អ្នកជំនាញបេតិកភណ្ឌវប្បធម៌ចំនួន១០រូប ដែលមាន២រូបមកពីប្រទេសនីមួយៗនៃប្រទេសទាំង៥នៅអាស៊ីអាគ្នេយ៍ ពោលគឺកម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម ព្រមទាំងប្រទេសឥណ្ឌូនេស៊ី បានមកជួបជុំគ្នាជាមួយអ្នកជំនាញជប៉ុននៃសាកលវិទ្យាល័យសូហ្វីយ៉ា និងអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការអភិរក្ស មរតកបេតិកភណ្ឌតាមរយៈការរៀនសូត្រលើទ្រឹស្តី និងការចុះអនុវត្តនៅលើទីតាំងផ្ទាល់។
“តាមការសង្កេតជាក់ស្តែង មនុស្សមួយចំនួនច្រើនតែបន្ទោសពេលឃើញគេធ្វើខុស តែមិនសូវចូលចិត្តសរសើរឬលើកទឹកចិត្តនៅពេលដែលឃើញគេធ្វើល្អត្រឹមត្រូវនោះទេ។ យើងចង់ឲ្យវប្បធម៌នៃការចេះសរសើរលើកទឹកចិត្តដល់អ្នកធ្វើល្អនេះ ជ្រួតជ្រាបផ្សព្វផ្សាយទៅកាន់មនុស្សគ្រប់គ្នា ទើបយើងបង្កើតសមាគមពលរដ្ឋល្អសមាគមល្អនេះឡើង”។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សុខ ភា ប្រធានសមាគមពលរដ្ឋល្អសមាគមល្អ ក្នុងឱកាសជូនអំណោយលើកទឹកចិត្តដល់អាជ្ញាធរជាតិអប្សរា នគរបាលការបេតិកភណ្ឌ នគរបាលទេសចរណ៍ និងសិស្សានុសិស្សក្នុងតំបន់អង្គរ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
8857
ម្សិលមិញ
:
10457
សប្តាហ៍នេះ
:
29045
ខែនេះ
:
0347170
សរុប
:
013329484