ព័ត៌មានថ្មីៗ

ចម្លាក់ថ្មភក់បុរាណ២ដុំត្រូវបានរឹបអូសពីជនល្មើសនៅស្រុកបន្ទាយស្រី

បានផ្សាយនៅ ថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ2016 05:34 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ចម្លាក់ថ្មបុរាណ២ដុំ ដែលមានរូបរាងជាកូនប្រាសាទចម្លងធ្វើពីថ្មភក់ ត្រូវបានរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី រឹបអូសបានពីជនល្មើសនៅក្នុងករណីចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។ តាមការសន្និដ្ឋានបឋមនៃបុរាណវិទូអាជ្ញាធរជាតិអប្សរា​ចម្លាក់នេះអាចស្ថិតនៅក្នុងសតវត្សទី១០​ តែអ្នកជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណបានថាចម្លាក់នេះត្រូវជនល្មើសនាំចេញពីតំបន់ណានៅឡើយ។​ អ្នកជំនាញនឹងសិក្សាលម្អិតអំពីចម្លាក់នេះនៅពេលក្រោយ​ នៅពេល​ដែលនីតិវិធីផ្លូវច្បាប់បានបញ្ចប់ជាស្ថាពរ។​

ប្រតិបត្តិការនេះដឹកនាំដោយលោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី ដែលធ្វើការឃាត់ទៅលើរថយន្តម៉ាកកាមេរី ស៊េរីឆ្នាំ១៩៩៣មួយគ្រឿង ពណ៌ស្លែ ស្លាកលេខភ្នំពេញ 2A 8316។ ជាមួយនឹងការរកឃើញបទល្មើសព្រៃឈើ សមត្ថកិច្ចក៏បានរកឃើញ ថ្មចម្លាក់ជាកូនប្រាសាទចម្លងដែលជាវត្ថុបុរាណដ៏មានតម្លៃរបស់ជាតិ។ ថ្មចម្លាក់ប្រាសាទចម្លងទាំង២ដុំ រាងសាជី មានទំហំ៣៨x៣៨x៩០សម និង៤៥x៤៥x៩០សម ។ តាមមន្រ្តីរដ្ឋបាលព្រៃឈើបញ្ជាក់ថា​ ប្រតិបត្តិការ​នេះមិនទាន់ចាប់បានជនល្មើសនៅឡើយទេ​ ដោយជនល្មើសបានបោះបង់ឡានចោលហើយរត់គេចខ្លួនបាត់។​

បន្ទាប់ពីទទួលបានការជូនដំណឹងពីរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា រួមជាមួយនឹងនគរបាលការពារបេតិកភណ្ឌ បានចុះទៅពិនិត្យដល់ទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដោយធ្វើកំណត់ហេតុច្បាស់លាស់ និងបញ្ជូនវត្ថុតាងទាំងអស់ រួមទាំងចម្លាក់ថ្មបុរាណ២ដុំ ទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីដើម្បីធ្វើជាវត្ថុតាងបន្តនីតិវិធីផ្លូវច្បាប់។ ចម្លាក់ថ្មបុរាណទាំង២ដុំនេះ នឹងត្រូវប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុកក្រោយ បន្ទាប់ពីនីតិវិធីច្បាប់ត្រូវបានបញ្ចប់៕








នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានក្រុមការងារអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងមន្ត្រី/បុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានសហការគ្នាជាមួយក្រុមពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា(AMH) ចំនួន២៥រូប បារាំង១៦រូបនិងខ្មែរ៩រូបចុះទៅពិនិត្យសុខភាពនិងចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្រុមអ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណ វិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តគម្រោងជួសជុលចម្រឹងបង្អួចនៅរោងទងទី២ផ្នែក ខាងជើងនៃប្រាសាទអង្គរវត្ត។ ជាទូទៅស្ថានភាពចម្រឹងបង្អួចទាំងអស់នៅប្រាសាទអង្គរវត្ត ពុំមានភាពរឹងមាំល្អឡើយ ចម្រឹងខ្លះពុកផុយនិងសឹករិចរិលដោយអន្លើៗ ឯខ្លះទៀតបានបាក់ និងបាត់បង់ទាំងស្រុង។ ក្នុងដំណាក់កាលដំបូងនៃការសិក្សាលើស្ថានភាពចម្រឹងបង្អួចនៅរោង ទងទី២ផ្នែកខាងក្នុងគឺមានសរុបចំនួន១៤៩ស៊ុមស្មើនឹង១០៣៩ចម្រឹង ក្នុងនោះបានបង្ហាញពី ការខូចខាតខ្លាំងប្រមាណ២១% ខូចខាតមធ្យម ១៦% និងខូចតិចតួចចំនួន៣៩%។
នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅសាលប្រជុំនាមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ សង្វារ អគ្គនាយករង និងក្រុមការងារ បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូនៃអង្គការមូលនិធិ Three Hearts Foundation របស់ប្រទេសជប៉ុន ដែលដឹកនាំដោយកញ្ញា Hisae Arai អតីតកញ្ញាឯកប្រទេសជប៉ុន ឆ្នាំ២០១១ និងជានាយកគ្រប់គ្រងទូទៅ។
ក្រៅពីការយកចិត្តទុកដាក់លើការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់ជាប្រចាំ ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរដែរ។ ជាក់ស្តែងក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកបន្ទាយស្រី ដឹកនាំដោយឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងបាននាំយកអំណោយជាថវិកា ទៅឧបត្ថម្ភជូនគ្រួសារដែលត្រូវភ្លើងឆេះផ្ទះ នៅភូមិប្រដាក និងគ្រួសារដែលខ្យល់កន្ត្រាក់ដួលផ្ទះ នៅភូមិព្រៃទទឹង ឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។ ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
0420
ម្សិលមិញ
:
7878
សប្តាហ៍នេះ
:
45121
ខែនេះ
:
0198630
សរុប
:
012968062