ព័ត៌មានថ្មីៗ

ចម្លាក់ថ្មភក់បុរាណ២ដុំត្រូវបានរឹបអូសពីជនល្មើសនៅស្រុកបន្ទាយស្រី

បានផ្សាយនៅ ថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ2016 05:34 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ចម្លាក់ថ្មបុរាណ២ដុំ ដែលមានរូបរាងជាកូនប្រាសាទចម្លងធ្វើពីថ្មភក់ ត្រូវបានរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី រឹបអូសបានពីជនល្មើសនៅក្នុងករណីចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។ តាមការសន្និដ្ឋានបឋមនៃបុរាណវិទូអាជ្ញាធរជាតិអប្សរា​ចម្លាក់នេះអាចស្ថិតនៅក្នុងសតវត្សទី១០​ តែអ្នកជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណបានថាចម្លាក់នេះត្រូវជនល្មើសនាំចេញពីតំបន់ណានៅឡើយ។​ អ្នកជំនាញនឹងសិក្សាលម្អិតអំពីចម្លាក់នេះនៅពេលក្រោយ​ នៅពេល​ដែលនីតិវិធីផ្លូវច្បាប់បានបញ្ចប់ជាស្ថាពរ។​

ប្រតិបត្តិការនេះដឹកនាំដោយលោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី ដែលធ្វើការឃាត់ទៅលើរថយន្តម៉ាកកាមេរី ស៊េរីឆ្នាំ១៩៩៣មួយគ្រឿង ពណ៌ស្លែ ស្លាកលេខភ្នំពេញ 2A 8316។ ជាមួយនឹងការរកឃើញបទល្មើសព្រៃឈើ សមត្ថកិច្ចក៏បានរកឃើញ ថ្មចម្លាក់ជាកូនប្រាសាទចម្លងដែលជាវត្ថុបុរាណដ៏មានតម្លៃរបស់ជាតិ។ ថ្មចម្លាក់ប្រាសាទចម្លងទាំង២ដុំ រាងសាជី មានទំហំ៣៨x៣៨x៩០សម និង៤៥x៤៥x៩០សម ។ តាមមន្រ្តីរដ្ឋបាលព្រៃឈើបញ្ជាក់ថា​ ប្រតិបត្តិការ​នេះមិនទាន់ចាប់បានជនល្មើសនៅឡើយទេ​ ដោយជនល្មើសបានបោះបង់ឡានចោលហើយរត់គេចខ្លួនបាត់។​

បន្ទាប់ពីទទួលបានការជូនដំណឹងពីរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា រួមជាមួយនឹងនគរបាលការពារបេតិកភណ្ឌ បានចុះទៅពិនិត្យដល់ទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដោយធ្វើកំណត់ហេតុច្បាស់លាស់ និងបញ្ជូនវត្ថុតាងទាំងអស់ រួមទាំងចម្លាក់ថ្មបុរាណ២ដុំ ទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីដើម្បីធ្វើជាវត្ថុតាងបន្តនីតិវិធីផ្លូវច្បាប់។ ចម្លាក់ថ្មបុរាណទាំង២ដុំនេះ នឹងត្រូវប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុកក្រោយ បន្ទាប់ពីនីតិវិធីច្បាប់ត្រូវបានបញ្ចប់៕








នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាចុះបណ្តុះបណ្តាលដល់អាជីវករផ្សារឡាក់ (ស្រះស្រង់ខាងជើង) អំពីការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក និងទុកដាក់សំណល់ឲ្យបានត្រឹមត្រូវ តាមរយៈគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) ។
ស្ត្រីទើបឆ្លងទន្លេរួចចំនួន៣០គ្រួសារនៅឃុំស្វាយដូនកែវ ស្រុកពួក និងភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារក ព្រមទាំងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ។ សម្ភារៈទ្រទ្រង់សុខុមាលភាពម្តាយ និងទារកដែលចែកជូនដល់ស្រ្តីទើបឆ្លងទន្លេរួចនោះ មាន ដូចជា កន្ត្រក បំពង់ទឹកក្តៅ កន្សែងពោះគោ កូនមុង ស្រោមដៃស្រោមជើង និងខោអាវទារក ។
ប្រជាពលរដ្ឋដែលរស់នៅស្របច្បាប់ក្នុងតំបន់អង្គរ មិនត្រូវបានហាមឃាត់ក្នុងការងាររុះរើផ្ទះចាស់ ដើម្បីជួសជុល ឬសាងសង់ថ្មីជំនួសនោះឡើយ។ លើសពីនេះទៀត ការសាងសង់តូចៗក៏ត្រូវបានអនុញ្ញាតដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានីមួយៗ ដែលចុះទៅជួបប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍។
តាមរយៈគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាសហការជាមួយអ្នកស្ម័គ្រចិត្តនៃអង្គការ Naga Earth ចុះបណ្តុះបណ្តាលប្រជាពលរដ្ឋអំពីការគ្រប់គ្រងសំរាម នៅភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប។ គោលបំណងចម្បងនៃកម្មវិធីបណ្តុះបណ្តាលនេះគឺ ជំរុញឲ្យប្រជាពលរដ្ឋយកចិត្តលើការគ្រប់គ្រងថង់ផ្លាស្ទិក និងអនាម័យ។
កម្មវិធីអប់រំបេតិកភណ្ឌអង្គរ ដល់និស្សិតតាមបណ្តាសាកលវិទ្យាល័យក្នុងខេត្តសៀមរាប ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ សង្វារ អគ្គនាយករង បានដំណើរគ្រប់សាកលវិទ្យាល័យទាំងអស់ហើយ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ ក្រោយពីចាប់ផ្តើមតាំងពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦មក។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
12113
ម្សិលមិញ
:
18299
សប្តាហ៍នេះ
:
30412
ខែនេះ
:
0268529
សរុប
:
014328384