ព័ត៌មានថ្មីៗ

ចម្លាក់ថ្មភក់បុរាណ២ដុំត្រូវបានរឹបអូសពីជនល្មើសនៅស្រុកបន្ទាយស្រី

បានផ្សាយនៅ ថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ2016 05:34 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ចម្លាក់ថ្មបុរាណ២ដុំ ដែលមានរូបរាងជាកូនប្រាសាទចម្លងធ្វើពីថ្មភក់ ត្រូវបានរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី រឹបអូសបានពីជនល្មើសនៅក្នុងករណីចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។ តាមការសន្និដ្ឋានបឋមនៃបុរាណវិទូអាជ្ញាធរជាតិអប្សរា​ចម្លាក់នេះអាចស្ថិតនៅក្នុងសតវត្សទី១០​ តែអ្នកជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណបានថាចម្លាក់នេះត្រូវជនល្មើសនាំចេញពីតំបន់ណានៅឡើយ។​ អ្នកជំនាញនឹងសិក្សាលម្អិតអំពីចម្លាក់នេះនៅពេលក្រោយ​ នៅពេល​ដែលនីតិវិធីផ្លូវច្បាប់បានបញ្ចប់ជាស្ថាពរ។​

ប្រតិបត្តិការនេះដឹកនាំដោយលោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី ដែលធ្វើការឃាត់ទៅលើរថយន្តម៉ាកកាមេរី ស៊េរីឆ្នាំ១៩៩៣មួយគ្រឿង ពណ៌ស្លែ ស្លាកលេខភ្នំពេញ 2A 8316។ ជាមួយនឹងការរកឃើញបទល្មើសព្រៃឈើ សមត្ថកិច្ចក៏បានរកឃើញ ថ្មចម្លាក់ជាកូនប្រាសាទចម្លងដែលជាវត្ថុបុរាណដ៏មានតម្លៃរបស់ជាតិ។ ថ្មចម្លាក់ប្រាសាទចម្លងទាំង២ដុំ រាងសាជី មានទំហំ៣៨x៣៨x៩០សម និង៤៥x៤៥x៩០សម ។ តាមមន្រ្តីរដ្ឋបាលព្រៃឈើបញ្ជាក់ថា​ ប្រតិបត្តិការ​នេះមិនទាន់ចាប់បានជនល្មើសនៅឡើយទេ​ ដោយជនល្មើសបានបោះបង់ឡានចោលហើយរត់គេចខ្លួនបាត់។​

បន្ទាប់ពីទទួលបានការជូនដំណឹងពីរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា រួមជាមួយនឹងនគរបាលការពារបេតិកភណ្ឌ បានចុះទៅពិនិត្យដល់ទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដោយធ្វើកំណត់ហេតុច្បាស់លាស់ និងបញ្ជូនវត្ថុតាងទាំងអស់ រួមទាំងចម្លាក់ថ្មបុរាណ២ដុំ ទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីដើម្បីធ្វើជាវត្ថុតាងបន្តនីតិវិធីផ្លូវច្បាប់។ ចម្លាក់ថ្មបុរាណទាំង២ដុំនេះ នឹងត្រូវប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុកក្រោយ បន្ទាប់ពីនីតិវិធីច្បាប់ត្រូវបានបញ្ចប់៕








ក្រោយពីនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានកាត់ក្រី ត្រួសត្រាយមែកឈើដុះលយចេញមកគ្របដងផ្លូវបណ្តាលឲ្យផ្លូវតូចចង្អៀតពិបាកក្នុងការធ្វើដំណើរ នាពេលភ្ជុំបិណ្ឌកន្លងមក ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានឆ្លងកាត់ខ្នងទំនប់បារាយណ៍ទឹកថ្លា បានសម្តែងការត្រេកអរនិងអបអរសាទរគាំទ្រចំពោះសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា។
ប្រជាពលរដ្ឋដែលរស់នៅស្របច្បាប់ក្នុងតំបន់អង្គរ មិនត្រូវបានហាមឃាត់ក្នុងការងាររុះរើផ្ទះចាស់ ដើម្បីជួសជុល ឬសាងសង់ថ្មីជំនួសនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ការសាងសង់តូចៗក៏ត្រូវបានអនុញ្ញាតដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានីមួយៗ ដែលចុះទៅជួបប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍។ ការចុះប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ និងការអនុញ្ញាតសាងសង់ផ្ទាល់នៅមូលដ្ឋានគឺជាសេវាកម្មមួយដែលអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ជាខ្លាំងក្នុងសម្រួលការលំបាកដល់ប្រជាជនក្នុងការធ្វើដំណើរឆ្ងាយ និងរង់ចាំពេលវេលាយូរ។
នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមការងារសហគមន៍ទី៣ ប្រចាំស្រុកពួក ដឹកនាំដោយលោក គង់ មរកត តំណាង ឯកឧត្ដម ឈរ ថាណាត អគ្គនាយករងអាជ្ញាធរជាតិអប្សរារួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀត បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារក (ឃីត) និងថវិកាមួយចំនួនទៅចែកជូនដល់ស្ត្រីទើបឆ្លងទន្លេរួចចំនួន ៣៣ គ្រួសារ នៅសាលាឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។
អាជ្ញាធរជាតិអប្សរានឹងសហការជាមួយស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីបើកវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសដល់មន្ត្រីបុគ្គលិកបច្ចេកទេស ដើម្បីប្រើប្រាស់ក្នុងទំនាក់ទំនងទូទៅ ក៏ដូចជាពាក់ព័ន្ធនឹងការងារជំនាញរបស់ខ្លួនឲ្យបានកាន់តែប្រសើរឡើងថែមទៀត។ វគ្គបណ្តុះបណ្តាលនេះ នឹងរៀបចំឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា ដោយមានលោកស្រី Kitty Johnson គ្រូបង្រៀនភាសាអង់គ្លេសនៅសហរដ្ឋអាមេរិកជាគ្រូបង្គោល។
អ្នកជំនាញបុរាណវិទ្យាពីររូប រួមនឹងកម្លាំងពលករជាង២០នាក់នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលខ្លោងទ្វារទី៣ ផ្លូវចូលខាងកើត នៃប្រាសាទបន្ទាយស្រី។ ដំណើរការជួសជុលនេះក្នុងគោលបំណងធំៗចំនួនពីរគឺ កាត់បន្ថយការខូចខាតផ្ទាំងសិលាចារឹកទាំងសងខាងស្ថិតនៅលើស៊ុមទ្វារនៃច្រកចូល កណ្តាលខាងកើតពីសំណាក់ភ្ញៀវចូលទស្សនាប្រាសាទប្រចាំថ្ងៃ និងសង្រ្គោះរចនាសម្ព័ន្ធប្រាសាទដែលកំពុងរងការហានិភ័យ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
0865
ម្សិលមិញ
:
6412
សប្តាហ៍នេះ
:
19006
ខែនេះ
:
0245870
សរុប
:
012071501