NEWS

Two ancient sandstone sculptures were seized from offenders in Banteay Srei

Published on 22 September 2016 05:34 AM Post By ៖ Apsara National Authority
ចម្លាក់ថ្មបុរាណ២ដុំ ដែលមានរូបរាងជាកូនប្រាសាទចម្លងធ្វើពីថ្មភក់ ត្រូវបានរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី រឹបអូសបានពីជនល្មើសនៅក្នុងករណីចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាយប់ថ្ងៃទីទី២០ ខែកញ្ញា ឆ្នាំ២០១៦។ តាមការសន្និដ្ឋានបឋមនៃបុរាណវិទូអាជ្ញាធរជាតិអប្សរា​ចម្លាក់នេះអាចស្ថិតនៅក្នុងសតវត្សទី១០​ តែអ្នកជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណបានថាចម្លាក់នេះត្រូវជនល្មើសនាំចេញពីតំបន់ណានៅឡើយ។​ អ្នកជំនាញនឹងសិក្សាលម្អិតអំពីចម្លាក់នេះនៅពេលក្រោយ​ នៅពេល​ដែលនីតិវិធីផ្លូវច្បាប់បានបញ្ចប់ជាស្ថាពរ។​

ប្រតិបត្តិការនេះដឹកនាំដោយលោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី ដែលធ្វើការឃាត់ទៅលើរថយន្តម៉ាកកាមេរី ស៊េរីឆ្នាំ១៩៩៣មួយគ្រឿង ពណ៌ស្លែ ស្លាកលេខភ្នំពេញ 2A 8316។ ជាមួយនឹងការរកឃើញបទល្មើសព្រៃឈើ សមត្ថកិច្ចក៏បានរកឃើញ ថ្មចម្លាក់ជាកូនប្រាសាទចម្លងដែលជាវត្ថុបុរាណដ៏មានតម្លៃរបស់ជាតិ។ ថ្មចម្លាក់ប្រាសាទចម្លងទាំង២ដុំ រាងសាជី មានទំហំ៣៨x៣៨x៩០សម និង៤៥x៤៥x៩០សម ។ តាមមន្រ្តីរដ្ឋបាលព្រៃឈើបញ្ជាក់ថា​ ប្រតិបត្តិការ​នេះមិនទាន់ចាប់បានជនល្មើសនៅឡើយទេ​ ដោយជនល្មើសបានបោះបង់ឡានចោលហើយរត់គេចខ្លួនបាត់។​

បន្ទាប់ពីទទួលបានការជូនដំណឹងពីរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា រួមជាមួយនឹងនគរបាលការពារបេតិកភណ្ឌ បានចុះទៅពិនិត្យដល់ទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដោយធ្វើកំណត់ហេតុច្បាស់លាស់ និងបញ្ជូនវត្ថុតាងទាំងអស់ រួមទាំងចម្លាក់ថ្មបុរាណ២ដុំ ទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីដើម្បីធ្វើជាវត្ថុតាងបន្តនីតិវិធីផ្លូវច្បាប់។ ចម្លាក់ថ្មបុរាណទាំង២ដុំនេះ នឹងត្រូវប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុកក្រោយ បន្ទាប់ពីនីតិវិធីច្បាប់ត្រូវបានបញ្ចប់៕








ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ តែងតែទទួលបានការយកចិត្តទុកដាក់ជាពិសេស ពីអាជ្ញាធរជាតិ។ ជាក់ស្តែងអាជ្ញាធរជាតិអប្សរាសហការជាមួយគម្រោង ACHA បានធ្វើការងារជាច្រើន ដោយផ្តោតលើការអប់រំ និង ផ្តល់បច្ចេកទេសវិជ្ជាជីវៈផ្នែកកសិកម្ម បច្ចេកទេសក្នុងការចិញ្ចឹមសត្វ ថាមពលសូឡាប្រើដោយកម្តៅព្រះអាទិត្យ និងរៀបចំទេសចរណ៍រទេះគោជាដើម ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
នៅសាលប្រជុំបេងមាលា នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ លោក Hu Laingsong អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃខេត្តអានហួយ បានដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តម ហុក ប៉េងសែ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
កុលាលភាជន៍ខ្មែរបុរាណ ដែលត្រូវបានយកមកថែរក្សាទុក និងកំពុងសិក្សាស្រាវជ្រាវលម្អិតនៅក្នុងអង្គភាពកុលាលភាជន៍អង្គរនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមអ្នកស្រាវជ្រាវ និងអ្នកស្រឡាញ់បេតិកភណ្ឌវប្បធម៌កាន់តែច្រើនឡើងៗ។ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ស្ទើរតែគ្រប់ក្រុមស្រាវជ្រាវនិងក្រុមអ្នកសិក្សាអំពីបេតិកភណ្ឌពិភពលោក ដែលបានមកដល់អង្គរច្រើនតែមិនមើលរំលងអង្គភាពដ៏សំខាន់នេះឡើយ។
ព្រៃឈើជាសម្បត្តិរួមរបស់សហគមន៍ ព្រៃឈើជាសោភ័ណភាពធម្មជាតិសម្រាប់ទាក់ទាញភ្ញៀវទេសចរ ព្រៃឈើជារនាំងការពារខ្យល់ព្យុះ និងគ្រោះទឹកជំនន់ ព្រៃឈើជាអ្នកការពារដ៏អង់អាចចំពោះប្រាង្គប្រាសាទ។ ដោយយល់ឃើញនូវតម្លៃនេះ អាជ្ញាធរជាតិអប្សរាបានចេញយុទ្ធនាការដាំដើមឈើក្នុងតំបន់អង្គរឲ្យបានយ៉ាងតិច៦ម៉ឺនដើម ក្នុងឆ្នាំ២០១៦នេះ។ ដើម្បីឲ្យយុទ្ធនាការនេះទទួលជោគជ័យ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើតាមបណ្តាទីតាំងផ្សេងៗជាច្រើនមកហើយ។ ដោយឡែកនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ តាមរយៈក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋ បានប្រារព្ធពិធីដាំកូនឈើចំនួន៤០០០ពាន់ដើម នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
រង្វាន់លើកទឹកចិត្តមានដូចជាកង់ កាបូបស្ពាយ សៀវភៅ ប៊ិក និងខោអាវកីឡា ត្រូវបាន អាជ្ញាធរជាតិអប្សរាយកទៅចែកជូនសិស្សពូកែចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ នៅក្នុងកម្មវិធីអប់រំបេតិភណ្ឌនៃឧទ្យានអង្គរ ចំនួន៦៣នាក់ មកពី២១សាលា នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅសាលាបឋមសិក្សាប្រាសាទគោកចក-ខូបេយូម៉ិ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
9206
Yesterday
:
10457
This Week
:
29394
This Month
:
0347519
Total
:
013329833