NEWS

Two ancient sandstone sculptures were seized from offenders in Banteay Srei

Published on 22 September 2016 05:34 AM Post By ៖ Apsara National Authority
ចម្លាក់ថ្មបុរាណ២ដុំ ដែលមានរូបរាងជាកូនប្រាសាទចម្លងធ្វើពីថ្មភក់ ត្រូវបានរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី រឹបអូសបានពីជនល្មើសនៅក្នុងករណីចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាយប់ថ្ងៃទីទី២០ ខែកញ្ញា ឆ្នាំ២០១៦។ តាមការសន្និដ្ឋានបឋមនៃបុរាណវិទូអាជ្ញាធរជាតិអប្សរា​ចម្លាក់នេះអាចស្ថិតនៅក្នុងសតវត្សទី១០​ តែអ្នកជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណបានថាចម្លាក់នេះត្រូវជនល្មើសនាំចេញពីតំបន់ណានៅឡើយ។​ អ្នកជំនាញនឹងសិក្សាលម្អិតអំពីចម្លាក់នេះនៅពេលក្រោយ​ នៅពេល​ដែលនីតិវិធីផ្លូវច្បាប់បានបញ្ចប់ជាស្ថាពរ។​

ប្រតិបត្តិការនេះដឹកនាំដោយលោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី ដែលធ្វើការឃាត់ទៅលើរថយន្តម៉ាកកាមេរី ស៊េរីឆ្នាំ១៩៩៣មួយគ្រឿង ពណ៌ស្លែ ស្លាកលេខភ្នំពេញ 2A 8316។ ជាមួយនឹងការរកឃើញបទល្មើសព្រៃឈើ សមត្ថកិច្ចក៏បានរកឃើញ ថ្មចម្លាក់ជាកូនប្រាសាទចម្លងដែលជាវត្ថុបុរាណដ៏មានតម្លៃរបស់ជាតិ។ ថ្មចម្លាក់ប្រាសាទចម្លងទាំង២ដុំ រាងសាជី មានទំហំ៣៨x៣៨x៩០សម និង៤៥x៤៥x៩០សម ។ តាមមន្រ្តីរដ្ឋបាលព្រៃឈើបញ្ជាក់ថា​ ប្រតិបត្តិការ​នេះមិនទាន់ចាប់បានជនល្មើសនៅឡើយទេ​ ដោយជនល្មើសបានបោះបង់ឡានចោលហើយរត់គេចខ្លួនបាត់។​

បន្ទាប់ពីទទួលបានការជូនដំណឹងពីរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា រួមជាមួយនឹងនគរបាលការពារបេតិកភណ្ឌ បានចុះទៅពិនិត្យដល់ទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដោយធ្វើកំណត់ហេតុច្បាស់លាស់ និងបញ្ជូនវត្ថុតាងទាំងអស់ រួមទាំងចម្លាក់ថ្មបុរាណ២ដុំ ទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីដើម្បីធ្វើជាវត្ថុតាងបន្តនីតិវិធីផ្លូវច្បាប់។ ចម្លាក់ថ្មបុរាណទាំង២ដុំនេះ នឹងត្រូវប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុកក្រោយ បន្ទាប់ពីនីតិវិធីច្បាប់ត្រូវបានបញ្ចប់៕








ដោយបទពិសោធន៍នារដូវប្រាំងកន្លងទៅ អ្នកស្រុកនាំគ្នាដុតព្រៃពង្រីកដីកសិកម្ម នៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ ឆ្នាំនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមឧទ្យានុរក្សនៃក្រសួងបរិស្ថាន ចុះផ្សព្វផ្សាយអំពីគោលការណ៍អភិរក្សព្រៃឈើក្នុងតំបន់បេតិកភណ្ឌពិភពលោក ទៅកាន់ប្រជាពលរដ្ឋតាមភូមិដែលធ្លាប់មានបញ្ហាកន្លងមក។ នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រុមការងារចម្រុះបានចុះទៅផ្សព្វផ្សាយ នៅភូមិភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រុមការងារសហគមន៍ទី៥ ប្រចាំស្រុកបន្ទាយស្រីដឹកនាំដោយឯកឧត្ដម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានក្រុម រួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀតបានសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋានចុះសាកសួរសុខទុក្ខ សំណេះសំណាល និងអប់រំផ្សព្វផ្សាយពីសម្បត្តិបេតិកភណ្ឌដល់ប្រជាពលរដ្ឋនៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ ភ្នាក់ងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរា ដែលមានកាតព្វកិច្ចយាមល្បាតព្រៃឈើ ទប់ស្កាត់បទល្មើសព្រៃឈើ និងណែនាំប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ បានទទួលឯកសណ្ឋានថ្មីពីសំណាក់ឯកឧត្តម ឈរ ថាណាត អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា។
នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមការងារសហគមន៍ទី០១ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងក្រុមការងារសហគមន៍ទី០៥ប្រចាំស្រុកបន្ទាយស្រីដឹកនាំដោយឯកឧត្ដម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរារួមនិងមន្ត្រីបុគ្គលិកជាច្រើនរូបទៀត បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពទារក និងម្តាយ (ឃីត)និងថវិកាមួយចំនួនចែកជូនដល់ស្ត្រីទើបឆ្លងទន្លេរួច នៅភូមិមមាញ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាបចំនួន២២គ្រួសារ និងនៅភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រីចំនួន០៧គ្រួសារ ។
ទេសចរជាតិនិងអន្តរជាតិ ដែលតាមការប៉ាន់ប្រមាណជាបឋមប្រហែលជាង១ម៉ឺននាក់ បានរូតរះទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យ ដែលព្រះអាទិត្យរះឡើងចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
2223
Yesterday
:
6412
This Week
:
20364
This Month
:
0247228
Total
:
012072859