ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកំពែងអង្គរធំប្រវែង៤៥ម៉ែត្រនៅខ្លោងទ្វារដីឆ្នាំង

បានផ្សាយនៅ ថ្ងៃទី 20 ខែ កញ្ញា ឆ្នាំ2016 12:44 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កំពែងក្រុងអង្គរធំជ្រុងខាងជើង ផ្នែកខាងកើតខ្លោងទ្វារដីឆ្នាំងប្រវែង៤៥ម៉ែត្រ ដែលរងការខូចខាតដោយឥទ្ធិពលខ្យល់ព្យុះកេតសាណានាឆ្នាំ២០០៩កន្លងមក បានជួសជុលរួចជាស្ថាពរហើយនៅខែកញ្ញា ឆ្នាំ២០១៦នេះ ដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាននិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បន្ទាប់ពីបំពេញការងារអស់រយៈពេល៤ឆ្នាំ។

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនិងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ថា កំពែងប្រវែង៤៥ម៉ែត្រនេះ បានរងនូវការខូចខាតដោយសារកត្តាអាយុកាលរាប់រយឆ្នាំ អាកាសធាតុ ការគំរាមកំហែងពីធម្មជាតិ ពិសេសឥទ្ធិពលនៃខ្យល់ព្យុះកេតសាណាកាលពីឆ្នាំ២០១១។ ដោយមើលឃើញពីហានិភ័យនិងភាពទ្រុឌទ្រោមនៃរចនាសម្ព័ន្ធកំពែងប្រាសាទ នៅឆ្នាំ២០១២អាជ្ញាធរជាតិអប្សរាក៏បានធ្វើការទល់ទ្រនិងថែទាំជាបន្តបន្ទាប់រហូតធ្វើការជួសជុលរួចជាស្ថាពរនៅពេលនេះ។

លោកបន្តទៀតថា ចំពោះការជួសជុលកំពែងនេះ គឺធ្វើតាមបច្ចេកទេសបុរាណនិងរក្សានូវទ្រង់ទ្រាយដើមទាំងស្រុង ដោយការរៀបថ្មតាមទីតាំងដើមចំពោះថ្មល្អ ឯថ្មណាដែលពុកផុយប្រើការមិនកើត គឺជំនួសដោយថ្មថ្មី។ ចំណែកបាយអដែលបិទភ្ជាប់ថ្មបាយក្រៀមនឹងជញ្ជាំងកំពែង គឺផ្សំឡើងដោយសមាសធាតុដូចជា ខ្សាច់ ដីឥដ្ឋ កំទេចថ្មបាយក្រៀមម៉ដ្ឋ ដែលវាមានភាពស្អិតល្អ ពេលស្ងួតគឺរឹងមាំដូចបេតុងដូច្នោះដែរ។ បន្ថែមពីនោះ លោកបានអះអាងថា ជញ្ជាំងកំពែងដែលទើបជួសជុលថ្មីនេះនឹងមានភាពរឹងមាំយូរជាងសំណង់ចាស់ ព្រោះពីបុរាណកំពែងនេះមានភាពស្តើង មុខកាត់ប្រវែងមួយម៉ែត្រ ហើយខាងក្នុងទប់ដោយដី អាចនៅបានជាង៨០០ឆ្នាំមកហើយ។ រីឯបច្ចេកទេសថ្មី គឺក្រុមការងារបានថែមជញ្ជាំងមួយជាន់ទៀតពីខាងក្នុង ដូច្នេះនឹងអាចធ្វើឱ្យជញ្ជាំងនេះមានភាពរឹងមាំកាន់តែយូរ។ ក្នុងនោះដែរ ចំពោះការរៀបថ្ម ដាប់ថ្ម ជញ្ជូនថ្ម ក៏មិនមានការប្រើគ្រឿងចក្រ អ្វីដែរ គឺប្រើកម្លាំងពលកម្មរបស់អាជ្ញាធរជាតិអប្សរាចំនួន៧០នាក់។ លោក សុខនី ក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីបញ្ចប់គម្រោងជួសជុលនេះ ក្រុមការងារនឹងបន្តភារកិច្ចថែទាំ ទប់ទឹកកុំឱ្យហូរច្រោះមកលើជញ្ជាំងកំពែង កាត់ក្រីមែកឈើ និងដកកូនឈើដែលដុះលើកំពែង។

លោកពូ សូ នៅ អាយុ៥២ឆ្នាំ មានស្រុកកំណើតនៅភូមិស្រះស្រង់ ជាប្រធានក្រុមកម្មករបានប្រាប់ថា លោកពូចូលមកធ្វើការងារនេះរយៈពេល៤ឆ្នាំហើយ ទទួលបន្ទុកផ្នែកដាប់ថ្មនិងរៀបថ្ម។ ចំពោះការងារមិនពិបាកអ្វីទេ ព្រោះជាជំនាញស្រាប់ វាគ្រាន់តែទាមទារ ការអត់ធ្មត់ ការស្រឡាញ់ និងយកចិត្តទុកដាក់តែប៉ុណ្ណោះ។ លោកពូក៏បានសម្តែងនូវក្តីសប្បាយរីករាយដែលបានចូលរួមចំណែកក្នុងការជួសជុល អភិរក្សបេតិកភណ្ឌដូនតាជូនកូនខ្មែរគ្រប់ជំនាន់ផងដែរ ហើយក៏សូមឱ្យកូនខ្មែរទាំងអស់ចេះស្រឡាញ់ ថែរក្សា ការពារនូវសម្បត្តិទាំងនេះ ឱ្យបានគង់វង្សទុកជាមរតកដល់កូនចៅជំនាន់ក្រោយៗទៀត។

គួរបញ្ជាក់ផងដែរថា តាំងពីឆ្នាំ២០១២មកដល់ពេលនេះ អាជ្ញាធរជាតិអប្សរាបានជួសជុលកំពែងជញ្ជាំងអង្គរធំបានប្រវែងសរុប៨៣ម៉ែត្រហើយ ដូចជានៅទន្លេអុំប្រវែង១៦ម៉ែត្រ និងនៅខ្លោងទ្វារដីឆ្នាំងជ្រុងឦសានប្រវែង៨ម៉ែត្រ ចំណុចកណ្តាលប្រវែង៤៥ម៉ែត្រ និងខាងជើងឆៀងខាងកើតប្រវែង១៤ម៉ែត្រ៕







ប្រាសាទកណ្តាលស្រះស្រង់បានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍ទី១២ តំណាងឱ្យភ្នំព្រះសុមេរុ បានចាប់ផ្តើមបើកការដ្ឋានជួសជុលហើយនៅព្រឹកមិញនេះ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរានិងជំនួយឧបត្ថម្ភថវិកាទាំងស្រុងពីវិស័យឯកជន។
នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រុមការងារចុះកាត់ក្រីមែកឈើនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាព វប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ក្រីដើមឈើចំនួន៤ដើម ដែលស្ថិតនៅខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដី។
អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបញ្ចប់គម្រោងជួសជុលសំណង់ទ្វារទឹកទំនប់បារាំង ដែលស្ថិតនៅដងស្ទឹងសៀមរាប ខាងជើងប្រាសាទតានៃ ឱ្យបានរួចរាល់ជាស្ថាពរមុនចូលឆ្នាំថ្មីមកដល់។
យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលលេខ០៤៣ សខល ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដើម្បីបញ្ជៀសការប្រមូលផ្តុំគ្នាដែលងាយប្រឈមនឹងហានីភ័យនៃការឆ្លងជំងឺកូវីដ ១៩ (Covid 19) អាជ្ញាធរជាតិអប្សរា នឹងបិទជាបណ្តោះអាសន្ននូវសារមន្ទីរចំនួនបី ដូចជា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរឡតានី និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ។
នៅព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ ក្រុមការងារអាជ្ញាធរជាតិអប្សរាបានបោសសម្អាតដី ប្រមូលសំរាមស្លឹកឈើ និងរៀបចំអនាម័យបរិស្ថាននៅប្រាសាទតាព្រហ្ម ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងសុខុមាលភាពរបស់ភ្ញៀវទេសចរដែលមកកម្សាន្តនៅប្រាសាទនេះ។ ការសម្អាតនេះ តែងធ្វើជាប្រចាំ នៅគ្រប់ប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
1523
ម្សិលមិញ
:
1988
សប្តាហ៍នេះ
:
12326
ខែនេះ
:
0007530
សរុប
:
010595628