NEWS

APSARA Authority finishes restoration of 45 meters wall in the northern gate of Angkor Thom

Published on 20 September 2016 12:44 PM Post By ៖ Apsara National Authority

កំពែងក្រុងអង្គរធំជ្រុងខាងជើង ផ្នែកខាងកើតខ្លោងទ្វារដីឆ្នាំងប្រវែង៤៥ម៉ែត្រ ដែលរងការខូចខាតដោយឥទ្ធិពលខ្យល់ព្យុះកេតសាណានាឆ្នាំ២០១១កន្លងមក បានជួសជុលរួចជាស្ថាពរហើយនៅខែកញ្ញា ឆ្នាំ២០១៦នេះ ដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាននិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បន្ទាប់ពីបំពេញការងារអស់រយៈពេល៤ឆ្នាំ។

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនិងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ថា កំពែងប្រវែង៤៥ម៉ែត្រនេះ បានរងនូវការខូចខាតដោយសារកត្តាអាយុកាលរាប់រយឆ្នាំ អាកាសធាតុ ការគំរាមកំហែងពីធម្មជាតិ ពិសេសឥទ្ធិពលនៃខ្យល់ព្យុះកេតសាណាកាលពីឆ្នាំ២០១១។ ដោយមើលឃើញពីហានិភ័យនិងភាពទ្រុឌទ្រោមនៃរចនាសម្ព័ន្ធកំពែងប្រាសាទ នៅឆ្នាំ២០១២អាជ្ញាធរជាតិអប្សរាក៏បានធ្វើការទល់ទ្រនិងថែទាំជាបន្តបន្ទាប់រហូតធ្វើការជួសជុលរួចជាស្ថាពរនៅពេលនេះ។

លោកបន្តទៀតថា ចំពោះការជួសជុលកំពែងនេះ គឺធ្វើតាមបច្ចេកទេសបុរាណនិងរក្សានូវទ្រង់ទ្រាយដើមទាំងស្រុង ដោយការរៀបថ្មតាមទីតាំងដើមចំពោះថ្មល្អ ឯថ្មណាដែលពុកផុយប្រើការមិនកើត គឺជំនួសដោយថ្មថ្មី។ ចំណែកបាយអដែលបិទភ្ជាប់ថ្មបាយក្រៀមនឹងជញ្ជាំងកំពែង គឺផ្សំឡើងដោយសមាសធាតុដូចជា ខ្សាច់ ដីឥដ្ឋ កំទេចថ្មបាយក្រៀមម៉ដ្ឋ ដែលវាមានភាពស្អិតល្អ ពេលស្ងួតគឺរឹងមាំដូចបេតុងដូច្នោះដែរ។ បន្ថែមពីនោះ លោកបានអះអាងថា ជញ្ជាំងកំពែងដែលទើបជួសជុលថ្មីនេះនឹងមានភាពរឹងមាំយូរជាងសំណង់ចាស់ ព្រោះពីបុរាណកំពែងនេះមានភាពស្តើង មុខកាត់ប្រវែងមួយម៉ែត្រ ហើយខាងក្នុងទប់ដោយដី អាចនៅបានជាង៨០០ឆ្នាំមកហើយ។ រីឯបច្ចេកទេសថ្មី គឺក្រុមការងារបានថែមជញ្ជាំងមួយជាន់ទៀតពីខាងក្នុង ដូច្នេះនឹងអាចធ្វើឱ្យជញ្ជាំងនេះមានភាពរឹងមាំកាន់តែយូរ។ ក្នុងនោះដែរ ចំពោះការរៀបថ្ម ដាប់ថ្ម ជញ្ជូនថ្ម ក៏មិនមានការប្រើគ្រឿងចក្រ អ្វីដែរ គឺប្រើកម្លាំងពលកម្មរបស់អាជ្ញាធរជាតិអប្សរាចំនួន៧០នាក់។ លោក សុខនី ក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីបញ្ចប់គម្រោងជួសជុលនេះ ក្រុមការងារនឹងបន្តភារកិច្ចថែទាំ ទប់ទឹកកុំឱ្យហូរច្រោះមកលើជញ្ជាំងកំពែង កាត់ក្រីមែកឈើ និងដកកូនឈើដែលដុះលើកំពែង។

លោកពូ សូ នៅ អាយុ៥២ឆ្នាំ មានស្រុកកំណើតនៅភូមិស្រះស្រង់ ជាប្រធានក្រុមកម្មករបានប្រាប់ថា លោកពូចូលមកធ្វើការងារនេះរយៈពេល៤ឆ្នាំហើយ ទទួលបន្ទុកផ្នែកដាប់ថ្មនិងរៀបថ្ម។ ចំពោះការងារមិនពិបាកអ្វីទេ ព្រោះជាជំនាញស្រាប់ វាគ្រាន់តែទាមទារ ការអត់ធ្មត់ ការស្រឡាញ់ និងយកចិត្តទុកដាក់តែប៉ុណ្ណោះ។ លោកពូក៏បានសម្តែងនូវក្តីសប្បាយរីករាយដែលបានចូលរួមចំណែកក្នុងការជួសជុល អភិរក្សបេតិកភណ្ឌដូនតាជូនកូនខ្មែរគ្រប់ជំនាន់ផងដែរ ហើយក៏សូមឱ្យកូនខ្មែរទាំងអស់ចេះស្រឡាញ់ ថែរក្សា ការពារនូវសម្បត្តិទាំងនេះ ឱ្យបានគង់វង្សទុកជាមរតកដល់កូនចៅជំនាន់ក្រោយៗទៀត។

គួរបញ្ជាក់ផងដែរថា តាំងពីឆ្នាំ២០១២មកដល់ពេលនេះ អាជ្ញាធរជាតិអប្សរាបានជួសជុលកំពែងជញ្ជាំងអង្គរធំបានប្រវែងសរុប៨៣ម៉ែត្រហើយ ដូចជានៅទន្លេអុំប្រវែង១៦ម៉ែត្រ និងនៅខ្លោងទ្វារដីឆ្នាំងជ្រុងឦសានប្រវែង៨ម៉ែត្រ ចំណុចកណ្តាលប្រវែង៤៥ម៉ែត្រ និងខាងជើងឆៀងខាងកើតប្រវែង១៤ម៉ែត្រ៕







អាជ្ញាធរជាតិអប្សរាបានលើកទឹកចិត្តប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរ ឱ្យចាប់អារម្មណ៍និងការសាងសង់លំនៅដ្ឋានតាមគំរូផ្ទះខ្មែរបុរាណ។ ទាំងនេះគឺ ដើម្បីរួមចំណែកថែរក្សាទំនៀមទម្លាប់ ប្រពៃណីពីបុរាណ ការពារទេសភាពវប្បធម៌ ព្រមទាំងជួយលើកគុណតម្លៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផង។
អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យព្រះចៅអធិការវត្តកេតកន្យារាម ដែលស្ថិតនៅខាងក្រោយប្រាសាទបន្ទាយក្តីសាងសង់សំណង់ព្រះវិហារព្រះពុទ្ធសាសនាថ្មី ធ្វើអំពីឈើបែបបុរាណ នៅលើខឿនបេតុងមួយជាន់ ហើយគូសប្លង់ប្រគេនដោយឥតគិតថ្លៃ តាមការស្នើសុំ ក្រោយពិនិត្យឃើញថា ព្រះវិហារចាស់មានសភាពទ្រុឌទ្រោមខ្លាំង។
អាជ្ញាធរជាតិអប្សរាកំពុងរៀបចំកែលម្អផ្លូវថ្នល់ ផ្លូវដេីរ សួនច្បារ កន្លែងបដិសណ្ឋារកិច្ច និងផ្តល់សេវាកម្មកម្រិតអន្តរជាតិនៅបរិវេណមុខប្រាសាទអង្គរវត្តជាបណ្តេីរៗ។ នាព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ នេះ អាជ្ញាធរជាតិអប្សរាបានសម្រេចរុះរេីរោងឈេីប្រក់ក្បឿងមួយខ្នងនៅក្បែរត្រពាំងសេះ ដែលរងការខូចខាត ដេីម្បីប្រែក្លាយទីតាំងធ្វើជាវាលស្មៅនិងសួនឈេីប្រណីត សម្រាប់ជាប្រយោជន៏សាធារណជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការដេីរកម្សាន្ត ព្រមទាំងលេីកគុណតម្លៃរណីយដ្ឋានអង្គរ។
ពិធីយោងបំណែកព្រះពុទ្ធបដិមាក្នុងរណ្តៅកំណាយមុខថែវព្រះរយព្រះពាន់នៅប្រាសាទអង្គរវត្ត ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារកំណាយ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។
ឆ្លើយតបតាមអនុសាសន៍របស់អ្នកជំនាញនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ(ICC-Angkor) ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦ និងប្រជុំបច្ចេកទេសលើកទី៣៣ និងតាមការអង្កេតយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រប់គ្រងហានិភ័យដើមឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បាន និងកំពុងមមាញឹកក្នុងការងារកាត់ដកហូតដើមឈើងាប់ គល់ឈើពុកផុយ និងកាត់ក្រីមែកឈើ

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
9054
Yesterday
:
17743
This Week
:
62946
This Month
:
0211054
Total
:
010891707