ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានឹងពង្រឹងសុវត្ថិភាពបន្ថែមទៀតដើម្បីសម្រួលភ្ញៀវទេសចរដែលមកទស្សនាថ្ងៃរះចំប្រាង្គកណ្តាលប្រាសាទអង្គរវត្តនៅថ្ងៃទី២៣ កញ្ញាខាងមុខនេះ

បានផ្សាយនៅ ថ្ងៃទី 19 ខែ កញ្ញា ឆ្នាំ2016 01:14 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ព្រះអាទិត្យនឹងរះចំពីលើកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ចាប់ពីម៉ោង៥ទៅម៉ោង៦ព្រឹក។ ព្រឹត្តិការណ៍នេះ តែងកើតមានឡើងជាទៀងទាត់ក្នុងមួយឆ្នាំពីរដងនៅពេលដែលយប់ និងថ្ងៃមានរយៈពេលស្មើគ្នា គឺ នៅថ្ងៃទី២០-២១ខែមីនា និងថ្ងៃទី២១-២២ ខែកញ្ញា។ សម្រាប់ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយសារសមរាត្រីនឹងត្រូវកើតមានឡើងនៅម៉ោង៩និង២១នាទីយប់ថ្ងៃទី២២ខែកញ្ញា ដូច្នេះ គេអាចទស្សនាព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនៅព្រឹកថ្ងៃទី២៣ខែកញ្ញា។

កន្លងមក រៀងរាល់ពេលនៃព្រឹត្តិការណ៍នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន តែងតែរូតរះក្រោកពីព្រលឹមធ្វើដំណើរមកប្រាសាទអង្គរវត្ត ដើម្បីត្រៀមមើលទិដ្ឋភាពថ្ងៃរះដំបូងដ៏អស្ចារ្យ ដែលចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ដែលជាទិដ្ឋភាពដ៏កម្រនឹងជួបប្រទះប្រចាំឆ្នាំ។ ដើម្បីបង្កលក្ខណៈងាយស្រួល អាជ្ញាធរជាតិអប្សរាគ្រោងនឹងដាក់បន្ថែមភ្នាក់ងារទេសចរ ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងជួយសម្រួលការកកស្ទះ ចាប់ពីម៉ោង៤ទៀបភ្លឺព្រឹកថ្ងៃទី២៣ខែកញ្ញាតទៅ។

ឯកឧត្តម សុខ សង្វារ អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ដើម្បីសម្រួលការកកស្ទះមនុស្សដែលអាចនាំឲ្យមានបញ្ហាផ្សេងៗ ក្នុងអំឡុងពេលទស្សនាថ្ងៃរះចំពីលើកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងរៀបចំលំហូរភ្ញៀវ ដោយដាក់ខ្សែដើរទស្សនា ហើយនឹងបន្ថែមកម្លាំងភ្នាក់ងារទេសចរណ៍ឲ្យបានច្រើន ដើម្បីអាចរៀបចំសណ្តាប់ធ្នាប់ និងការពារប្រាសាទ ពីការឡើងជាន់ ឬអង្គុយលើបង្កាន់ដៃនាគជាដើម។

ឯកឧត្តមបញ្ជាក់ថា “យើងស្វាគមន៍ចំពោះការចូលមកទស្សនាព្រឹត្តិការណ៍ដ៏កម្រនេះ ហើយយើងក៏ត្រៀមខ្លួនដើម្បីបញ្ចៀសបញ្ហានានាដែរ ព្រោះថា បើមនុស្សច្រើនសម្រុកមកតែមួយផ្លូវ ហើយយើងរៀបចំទីធ្លាខាងក្រៅមិនទាន់ ច្បាស់ជាកកស្ទះហើយអាចមានបញ្ហា។ តាមការគណនា ស្ពានហាលដែលអាចឈរមើលព្រះអាទិត្យរះបាន គឺអាចផ្ទុកមនុស្សមិនលើសពី៤ពាន់នាក់ទេ។ ដូច្នេះ បើមនុស្សសម្រុកមកមើលច្រើន យើងត្រូវតែរៀបចំទីធ្លាខាងក្រៅលើវាលស្មៅបន្ថែមទៀតទើបធានាសុវត្ថិភាព”

ទន្ទឹមនឹងកិច្ចស្វាគមន៍ភ្ញៀវទេសចរនៅពេលនេះ ឯកឧត្តមក៏បានសំណូមពរឲ្យភ្ញៀវទេសចរយោគយល់ និងចូលរួមជាមួយការរៀបចំរបស់ភ្នាក់ងារទេសចរណ៍ ដើម្បីបញ្ជៀសបញ្ហា។ ម្យ៉ាងទៀត ការបង្ហាះយន្តហោះដែលគ្មានមនុស្សបើក (Drone) ដើម្បីផ្តិតយករូបភាពពីលើអាកាស ក៏មិនអនុញ្ញាតដែរ ដើម្បីបញ្ជៀសការរំខានអារម្មណ៍អ្នកទស្សនាផង និងដើម្បីបញ្ជៀសហានិភ័យពីការធ្លាក់ផង។ ជាមួយគ្នានេះ បងប្អូនដែលបានមកទស្សនាហើយបានផ្តិតយករូបភាពក្នុងព្រឹត្តិការណ៍នោះ មេត្តាជួយចែករំលែកនូវរូបភាពដ៏ទាក់ទាញនេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្សេងៗមានfacebookជាដើម សូមភ្ជាប់នឹងនិមិត្តសញ្ញា #angkorequinox ដើម្បីចូលរួមផ្សព្វផ្សាយអំពីអង្គរទៅកាន់ពិភពលោកឲ្យបានទូលំទូលាយបន្ថែមទៀត៕










ដើម្បីអភិរក្សនិងលើកតម្លៃប្រាសាទលលៃឱ្យរួចផុតពីហានិភ័យ ដែលរងការខូចខាតដោយសារកត្តាអាកាសធាតុ ការបំផ្លាញដោយរុក្ខជាតិ និងអាយុកាលរបស់សំណង់នោះ នាពាក់កណ្តាលខែមីនា ឆ្នាំ២០២០ កន្លងមកនេះ ក្រុមការងារជួសជុលប្រាសាទរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពលីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីធ្វើកំណាយស្រាវជ្រាវនៅប្រាសាទលលៃ មុននឹងជួសជុលប្រាសាទនេះឡើងវិញ។
ប្រាសាទកណ្តាលស្រះស្រង់បានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍ទី១២ តំណាងឱ្យភ្នំព្រះសុមេរុ បានចាប់ផ្តើមបើកការដ្ឋានជួសជុលហើយនៅព្រឹកមិញនេះ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរានិងជំនួយឧបត្ថម្ភថវិកាទាំងស្រុងពីវិស័យឯកជន។
នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រុមការងារចុះកាត់ក្រីមែកឈើនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាព វប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ក្រីដើមឈើចំនួន៤ដើម ដែលស្ថិតនៅខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដី។
អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបញ្ចប់គម្រោងជួសជុលសំណង់ទ្វារទឹកទំនប់បារាំង ដែលស្ថិតនៅដងស្ទឹងសៀមរាប ខាងជើងប្រាសាទតានៃ ឱ្យបានរួចរាល់ជាស្ថាពរមុនចូលឆ្នាំថ្មីមកដល់។
យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលលេខ០៤៣ សខល ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដើម្បីបញ្ជៀសការប្រមូលផ្តុំគ្នាដែលងាយប្រឈមនឹងហានីភ័យនៃការឆ្លងជំងឺកូវីដ ១៩ (Covid 19) អាជ្ញាធរជាតិអប្សរា នឹងបិទជាបណ្តោះអាសន្ននូវសារមន្ទីរចំនួនបី ដូចជា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរឡតានី និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2797
ម្សិលមិញ
:
2454
សប្តាហ៍នេះ
:
05251
ខែនេះ
:
0015231
សរុប
:
010603329