NEWS

Apsara Authority will strengthen the safety to tourists, seeing the sunrise at Angkor Wat during the equinox on 23rd September

Published on 19 September 2016 01:14 PM Post By ៖ Apsara National Authority

នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ព្រះអាទិត្យនឹងរះចំពីលើកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ចាប់ពីម៉ោង៥ទៅម៉ោង៦ព្រឹក។ ព្រឹត្តិការណ៍នេះ តែងកើតមានឡើងជាទៀងទាត់ក្នុងមួយឆ្នាំពីរដងនៅពេលដែលយប់ និងថ្ងៃមានរយៈពេលស្មើគ្នា គឺ នៅថ្ងៃទី២០-២១ខែមីនា និងថ្ងៃទី២១-២២ ខែកញ្ញា។ សម្រាប់ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយសារសមរាត្រីនឹងត្រូវកើតមានឡើងនៅម៉ោង៩និង២១នាទីយប់ថ្ងៃទី២២ខែកញ្ញា ដូច្នេះ គេអាចទស្សនាព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនៅព្រឹកថ្ងៃទី២៣ខែកញ្ញា។

កន្លងមក រៀងរាល់ពេលនៃព្រឹត្តិការណ៍នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន តែងតែរូតរះក្រោកពីព្រលឹមធ្វើដំណើរមកប្រាសាទអង្គរវត្ត ដើម្បីត្រៀមមើលទិដ្ឋភាពថ្ងៃរះដំបូងដ៏អស្ចារ្យ ដែលចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ដែលជាទិដ្ឋភាពដ៏កម្រនឹងជួបប្រទះប្រចាំឆ្នាំ។ ដើម្បីបង្កលក្ខណៈងាយស្រួល អាជ្ញាធរជាតិអប្សរាគ្រោងនឹងដាក់បន្ថែមភ្នាក់ងារទេសចរ ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងជួយសម្រួលការកកស្ទះ ចាប់ពីម៉ោង៤ទៀបភ្លឺព្រឹកថ្ងៃទី២៣ខែកញ្ញាតទៅ។

ឯកឧត្តម សុខ សង្វារ អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ដើម្បីសម្រួលការកកស្ទះមនុស្សដែលអាចនាំឲ្យមានបញ្ហាផ្សេងៗ ក្នុងអំឡុងពេលទស្សនាថ្ងៃរះចំពីលើកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងរៀបចំលំហូរភ្ញៀវ ដោយដាក់ខ្សែដើរទស្សនា ហើយនឹងបន្ថែមកម្លាំងភ្នាក់ងារទេសចរណ៍ឲ្យបានច្រើន ដើម្បីអាចរៀបចំសណ្តាប់ធ្នាប់ និងការពារប្រាសាទ ពីការឡើងជាន់ ឬអង្គុយលើបង្កាន់ដៃនាគជាដើម។

ឯកឧត្តមបញ្ជាក់ថា “យើងស្វាគមន៍ចំពោះការចូលមកទស្សនាព្រឹត្តិការណ៍ដ៏កម្រនេះ ហើយយើងក៏ត្រៀមខ្លួនដើម្បីបញ្ចៀសបញ្ហានានាដែរ ព្រោះថា បើមនុស្សច្រើនសម្រុកមកតែមួយផ្លូវ ហើយយើងរៀបចំទីធ្លាខាងក្រៅមិនទាន់ ច្បាស់ជាកកស្ទះហើយអាចមានបញ្ហា។ តាមការគណនា ស្ពានហាលដែលអាចឈរមើលព្រះអាទិត្យរះបាន គឺអាចផ្ទុកមនុស្សមិនលើសពី៤ពាន់នាក់ទេ។ ដូច្នេះ បើមនុស្សសម្រុកមកមើលច្រើន យើងត្រូវតែរៀបចំទីធ្លាខាងក្រៅលើវាលស្មៅបន្ថែមទៀតទើបធានាសុវត្ថិភាព”

ទន្ទឹមនឹងកិច្ចស្វាគមន៍ភ្ញៀវទេសចរនៅពេលនេះ ឯកឧត្តមក៏បានសំណូមពរឲ្យភ្ញៀវទេសចរយោគយល់ និងចូលរួមជាមួយការរៀបចំរបស់ភ្នាក់ងារទេសចរណ៍ ដើម្បីបញ្ជៀសបញ្ហា។ ម្យ៉ាងទៀត ការបង្ហាះយន្តហោះដែលគ្មានមនុស្សបើក (Drone) ដើម្បីផ្តិតយករូបភាពពីលើអាកាស ក៏មិនអនុញ្ញាតដែរ ដើម្បីបញ្ជៀសការរំខានអារម្មណ៍អ្នកទស្សនាផង និងដើម្បីបញ្ជៀសហានិភ័យពីការធ្លាក់ផង។ ជាមួយគ្នានេះ បងប្អូនដែលបានមកទស្សនាហើយបានផ្តិតយករូបភាពក្នុងព្រឹត្តិការណ៍នោះ មេត្តាជួយចែករំលែកនូវរូបភាពដ៏ទាក់ទាញនេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្សេងៗមានfacebookជាដើម សូមភ្ជាប់នឹងនិមិត្តសញ្ញា #angkorequinox ដើម្បីចូលរួមផ្សព្វផ្សាយអំពីអង្គរទៅកាន់ពិភពលោកឲ្យបានទូលំទូលាយបន្ថែមទៀត៕










សារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រពៃថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយ នៃព្រះរាជពិធីចម្រើនព្រះជន្មវស្សាគម្រប់៦៧ យាងចូល៦៨ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០
នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យការជួសជុលប្រាសាទតាអួន ដែលបានចាប់ផ្តើមដំណើរការជួសជុលកាលពីចុងខែមីនា ឆ្នាំ២០២០។
កន្លែងទទួលពាក្យចំនួន៣កន្លែងទើបនឹងបង្កើតទីតាំងបន្ថែមទៀត ទី១ នៅមជ្ឈមណ្ឌលសេវាកម្មអតីតបញ្ជរលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទី២ ច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកអង្គរធំ និងទី៣ នៅស្រុកបន្ទាយស្រី បានដាក់ឱ្យដំណើរការហើយ ដើម្បីសម្រួលដល់ការស្នើសុំសាងសង់ផ្សេងៗរបស់ប្រជាពលរដ្ឋរស់នៅក្នុងឧទ្យានអង្គរ។
ប្រាសាទក្រហមកសាងក្នុងស.វ.ទី៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២នៅលើភ្នំគូលែន បានបញ្ចប់ការជួសជុលឱ្យផុតពីហានិភ័យជាលើកដំបូង ដោយក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរានៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរក្រោមការដឹកនាំដោយលោកបណ្ឌិត ឈាន រដ្ឋា និងដឹកនាំអនុវត្តផ្ទាល់ដោយលោក ពុទ្ធ សុទ្ធ កាលពីពេលថ្មីៗនេះ។
១៖ អាជ្ញាធរជាតិអប្សរា បានបោះបង្គោលព្រំកំណត់តំបន់ការពារ ត្រពាំងបុរាណ ឈ្មោះ ត្រពាំងហែផ្កា
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប សាលាក្រុងសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចុះបោះបង្គោលព្រំកំណត់តំបន់ការពារត្រពាំងបុរាណឈ្មោះ ត្រពាំងហែផ្កា ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ដើម្បីទប់ស្កាត់ការរុករានទន្រ្ទានចូលកាន់កាប់ដីបរិវេណត្រពាំងបុរាណ តទៅថ្ងៃអនាគត អាជ្ញាធរជាតិអប្សរា នឹងមានគម្រោងបោះបង្គោលព្រំកំណត់តំបន់ការពារបុរាណដ្ឋានផ្សេងៗទៀតនៅក្នុងខេត្តសៀមរាបទាំងមូល។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
8142
Yesterday
:
17743
This Week
:
62034
This Month
:
0210142
Total
:
010890795