ព័ត៌មានថ្មីៗ

ពិធីបិណ្ឌតូចរបស់អ្នកស្រុកក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 17 ខែ កញ្ញា ឆ្នាំ2016 12:50 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ គឺជារដូវបុណ្យភ្ជុំបិណ្ឌដែលប្រជាជនខ្មែរ ទូទាំងប្រទេសតែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំតពីដូនតាមិនដែលខកខាន។ ដោយឡែកតាមទំនៀមរបស់អ្នកស្រុកអង្គរ នៅថ្ងៃ១៥កើតខែភទ្របទ ពោលគឺមួយថ្ងៃមុនពិធីកាន់បិណ្ឌទី១ ពួកគាត់តែងយកម្ហូបអាហារ នំអន្សម បង្អែមចម្អាបទៅកាន់ទីវត្តអារាមជុំគ្នា ដើម្បីវេរប្រគេនព្រះសង្ឃឧទ្ទិសកុសលផលបុណ្យជូនដូនតាដែលបាក់បែកចែកឋានទៅហើយ នៅក្នុងពិធីមួយដែលតែងហៅថា «បិណ្ឌតូច»

ទាក់ទងនឹងពិធី «បិណ្ឌតូច» នេះដែរ លោកសាស្ត្រាចារ្យ អាំង ជូលាន មានប្រសាសន៍ថា អ្នកស្រុកក្នុងតំបន់ឧទ្យានអង្គរប្រារព្ធពិធី «បិណ្ឌតូច» គឺនៅថ្ងៃពេញបូណ៌ខែភទ្របទ ពោលគឺមួយថ្ងៃមុនកាន់បិណ្ឌទី១។ ចំពោះការប្រារព្ធពិធីបុណ្យ «បិណ្ឌតូច» និង «បិណ្ឌធំ ឬ ភ្ជុំបិណ្ឌ» មិនមែនមានតែនៅខ្មែរទេ គឺបងប្អូនខ្មែរសុរិន្ទដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសថៃ ក៏បានធ្វើបុណ្យ «បិណ្ឌតូច» «បិណ្ឌធំ ឬ ភ្ជុំបិណ្ឌ» នេះដូចគ្នា តែមិនមានពិធីកាន់បិណ្ឌដូចខ្មែរទេ។ ដោយឡែកជនជាតិលាវនៅសុរិន្ទសព្វថ្ងៃ គេធ្វើតែបិណ្ឌតូចប៉ុណ្ណោះ គឺធ្វើឡើងនៅថ្ងៃពេញបូណ៌ ដូចទៅនឹងខ្មែរសុរិន្ទ និងខ្មែរដែរ។ ចំណែកសៀមវិញ គឺមិនមានការរៀបចំពិធីបិណ្ឌតូចនិងកាន់បិណ្ឌដូចខ្មែរឡើយ គឺមានរៀបចំតែបិណ្ឌធំ។

បន្ថែមពីនោះ លោកសាស្ត្រាចារ្យបន្តទៀតថា នៅក្នុងរដូវកាលនៃពិធីបុណ្យភ្ជុំបិណ្ឌ មានតែអ្នកស្រុកសៀមរាបទេដែលប្រារព្ធយូរថ្ងៃជាងតំបន់ដទៃ គឺមាន «បិណ្ឌតូច» «កាន់បិណ្ឌ» និង «បិណ្ឌធំ»។ លុះចប់ «បិណ្ឌធំ» ហើយ អ្នកស្រុកសៀមរាបមានពិធីមួយទៀត គឺពិធីបញ្ជូនដូនតាទៅស្រុកទៅស្រែវិញ បន្ទាប់ពីបានមកទទួលចំណីអាហារក្នុងពិធីភ្ជុំបិណ្ឌ១៥ថ្ងៃកន្លងមកនេះ។

លោកតា ភោក កៅ
ចាស់ព្រឹទ្ធាចារ្យនៅវត្តប្រដាកបានលើកឡើងថា ពិធីបិណ្ឌតូចសំខាន់ណាស់សម្រាប់អ្នកស្រុកអង្គរ ព្រោះក្រៅពីជាទំនៀមទម្លាប់ពីបរមបុរាណហើយនោះ ខ្មែរជឿជាក់លើបុណ្យបាប ឋានសួគ៌ ឋាននរកណាស់។ គាត់ខ្លាចដូនតា ឪពុកម្តាយ ឬសាច់ញាតិ ដែលកាលនៅរស់សាងអំពើបាបដោយចេតនាក្តី អចេតនាក្តីក្នុងការចិញ្ចឹមជីវិត លុះពេលស្លាប់ទៅអាចភ្លាត់ធ្លាក់ខ្លួនកើតជាប្រេត ទើបពួកគាត់ដែលនៅរស់យកនំនេក បាយសម្ល បង្អែមចម្អាបតាមលទ្ធភាពដែលមានទៅប្រគេនព្រះសង្ឃមិនដែលខកខាន ឱ្យតែដល់ថ្ងៃបិណ្ឌតូច កាន់បិណ្ឌ និងបិណ្ឌធំ យ៉ាងហោចណាស់ឱ្យបាន១វត្ត ឬ២វត្ត បើមិនបាន៧វត្តដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដូនតាដែលបានចែកឋាន ឱ្យបានសេពសោយអាហារឱ្យបានឆ្អែត ឱ្យទទួលបានមគ្គផលដែលកូនចៅឧទ្ទិសជូន។ លោកតាបន្តទៀតថា ជនជាតិខ្មែរមានជំនឿថា បើមិនបានធ្វើបុណ្យដាក់បិណ្ឌក្នុងរដូវបុណ្យភ្ជុំបិណ្ឌទេ ខ្លាចដូនតាដើររកប្រាំពីរវត្តមិនឃើញ ដូនតា ញាតិសន្តាននឹងដាក់បណ្តាសាដល់កូនចៅកុំឱ្យរកស៊ីមានបាន ឱ្យរស់រងទុក្ខវេទនា ព្រោះមិនបានបំពេញកាតព្វកិច្ចចំពោះអ្នកស្លាប់ទៅកើតជានរក ជាប្រេត ដោយសារកាលនៅរស់ធ្លាប់ធ្វើបាបដើម្បីចិញ្ចឹមជីវិតពួកកូនចៅទាំងនោះ។

ចំពោះការរៀបចំពិធី «បិណ្ឌតូច» វិញ មិនសូវខុសពីការរៀបចំនៅថ្ងៃ «បិណ្ឌធំ» ទេ គឺមានជាច្រើនកម្មវិធីដូចជា ពេលល្ងាចចម្រើនព្រះបរិត្ត សម្តែងព្រះធម៌ទេសនា លុះថ្ងៃព្រឹកឡើងប្រគេន យាគូដល់ព្រះសង្ឃ ហើយថ្ងៃត្រង់រាប់បាត្រប្រគេនព្រះសង្ឃនិងបង្សុកូលឧទ្ទិសជូនបុព្វការីជនមានមាតាបិតា សាច់សាលោហិតញាតិទាំង៧សន្តាន ដែលបែកកាយទម្លាយខន្ធទៅកាន់បរលោក ឱ្យញាតិទាំងអស់នោះទទួលបាននូវសេចក្តីសុខចម្រើន ទៅកើតក្នុងសុគតិភព។

គួរបញ្ជាក់ផងដែរថា «បិណ្ឌតូច» ជាទំនៀមទម្លាប់របស់អ្នកស្រុកអង្គរដែលមានតាំងពីយូរណាស់មកហើយ ហើយមកដល់ពេលនេះ អ្នកស្រុកអង្គរក៏នៅតែថែរក្សាបានយ៉ាងល្អខ្ជាប់ខ្ជួនមិនរវាតតាមពេលវេលា។ អាជ្ញាធរជាតិអប្សរាដែលមានតួនាទីក្នុងការថែរក្សា គ្រប់គ្រង រៀបចំតំបន់អង្គរ រួមទាំងទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនារបស់អ្នកស្រុកអង្គរផងនោះ សូមកោតសរសើរដល់ស្មារតីស្រឡាញ់និងចូលរួមលើកស្ទួយរមរតកវប្បធម៌ជាតិមួយនេះឱ្យមានភាពរស់រវើកក្នុងជីវិតរបស់នៅ និងផ្នត់គំនិតរបស់កូនចៅជំនាន់ក្រោយ។ អាជ្ញាធរជាតិអប្សរានឹងចូលរួមចំណែក ព្រមទាំងគាំទ្រគ្រប់សកម្មភាពថែរក្សាវប្បធម៌ក្នុងតំបន់អង្គរឱ្យបានគង់វង្សជាមួយអ្នកស្រុកអង្គរជានិច្ចនិរន្តរ៍៕








អាជ្ញាធរជាតិអប្សរាមានកត្តិយសសូមជូនដំណឹង ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិក ភ្នាក់ងារ ឆ្មាំ និងពលករ នៃអាជ្ញាធរជាតិអប្សរាទាំងអស់សូមជ្រាបថាដើម្បីបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19)រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកពេលឈប់សម្រាក់ចំនួន ០៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរានឹងធ្វើការជូនដំណឹងជាថ្មីស្ដីពីការឈប់សម្រាកជំនួសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ បន្ទាប់ពីទទួលបានការកំណត់កាលបរិច្ឆេទច្បាស់លាស់ពីរាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខ។ ព័ត៌មានលំអិតសូមអានសេចក្ដីជូនដំណឹងដូចមានភ្ជាប់ជូនខាងក្រោម៖
នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលអំណោយពីលោក ហែម ហេម៉ា ប្រធានក្រុមហ៊ុនយក្សាបោកអ៊ុត
កម្រាលឈើថ្មើជើងនៅក្នុងបរិវេណប្រាសាទអង្គរវត្ត ត្រូវបានក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ កំពុងរៀបចំជួសជុលផ្លាស់ប្តូរកម្រាលឈើថ្មី។
ដោយគិតគូរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរជាសំខាន់ អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង PAAGERA បានផ្តល់ថវិកាបដិភាគដល់ប្រជាពលរដ្ឋ ក្នុងការសង់បង្គន់អនាម័យតាមផ្ទះ។ គម្រោងនេះ បានផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ និងកាត់បន្ថយចំណាយលើថ្លៃព្យាបាលជំងឺដែលបង្កឡើងដោយការបន្ទោបង់ពាសវាលពាសកាល។ គម្រោងទទួលបានជំនួយពីប្រទេសបារាំង បាននិងកំពុងបន្តអនុវត្តន៍តាមភូមិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២០ គម្រោងនេះបានសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋសរុបមានចំនួន៧០បង្គន់។
ក្នុងងឱកាសថ្ងៃខួបកំណើតដ៏ឧត្តុងឧត្តមគម្រប់៦៩ឆ្នាំឈានចូល៧០ឆ្នាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ភ្នាក់ងារ និងពលករទាំងអស់នៃអាជ្ញាធរជាតិអប្សរា សូមអនុញ្ញាតចូលរួមសម្តែងនូវសេចក្តីសោមនស្សរំភើបរីករាយយ៉ាងក្រៃលែង និងសូមគោរពជូនពរសិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមមានអាយុយឺនយូរ សុខភាពល្អបរិបូរណ៍ ប្រាសចាកពីរោគាព្យាធិទាំងឡាយទាំងពួង ដើម្បីដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជោគជ័យថ្មីៗថែមទៀត។
ដើមដំបូងមុន12345...304305បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2823
ម្សិលមិញ
:
3291
សប្តាហ៍នេះ
:
13097
ខែនេះ
:
0023077
សរុប
:
010611175