ព័ត៌មានថ្មីៗ

ពស់ថ្លាន់ប្រវែង៣ម៉ែត្រត្រូវបានអ្នកស្រុកយកមកព្រលែងឲ្យមានសេរីភាពក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 15 ខែ កញ្ញា ឆ្នាំ2016 02:21 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ពស់ថ្លាន់ប្រវែង៣ម៉ែត្រ ត្រូវបានអ្នកភូមិសហការជាមួយភ្នាក់ងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីនគរបាលការពារបេតិកភណ្ឌផង បានយកមកព្រលែងនៅក្នុងព្រៃអង្គរ ត្រង់ចំណុចមាត់កសិន្ធុខាងកើតនៃប្រាសាទអង្គរវត្ត។

មន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា លោក មាឃ បូរ៉ា បានរៀបរាប់ថា ពស់ថ្លាន់នេះ មិនមែនជាសត្វចិញ្ចឹមនោះទេ តែត្រូវបានអ្នកភូមិម្នាក់រស់នៅភូមិវាល សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាបចាប់បាននៅក្បែរផ្ទះរបស់គាត់ ហើយក៏បានទាក់ទងមកភ្នាក់ងារអភិរក្សព្រៃឈើ និងនគរបាលការពារបេតិកភណ្ឌដើម្បីយកមកព្រលែងឲ្យមានសេរីភាពក្នុងឧទ្យានអង្គរតែម្តង។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបានសម្តែងនូវការគាំទ្រ និងកោតសរសើរចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមសកម្មភាពក្នុងការអភិរក្សសត្វព្រៃក្នុងតំបន់អង្គរនាពេលនេះ។ លោកថ្លែងថា សត្វព្រៃក្នុងឧទ្យានអង្គរសព្វមានច្រើនប្រភេទគួរសមដែរ ដែលអាចជួយបង្កើនភាពទាក់ទាញខ្លាំងដល់អ្នកទេសចរ និងធ្វើឲ្យមានតុល្យភាពធម្មជាតិក្នុងឧទ្យានអង្គរទាំងមូល។

លោកបន្ថែមថា ក្រុមការងាររបស់លោកបានបង្កើតផ្នែកមួយដែលទទួលភារកិច្ចអភិរក្សសត្វ និងរុក្ខជាតិ តែផ្នែកនេះដំណើរការបានតិចតួច ហើយធ្វើការសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wild Alliance) ដើម្បីនាំយកប្រភេទសត្វកម្រមកព្រលែងក្នុងឧទ្យានអង្គរ។ កន្លងមក ក្រុមនេះធ្លាប់បានព្រលែងសត្វទោចម្កុដចំនួន២គូ ហើយឥឡូវនេះបង្កើតបានកូន២ហើយ។

លោក និន ចាន់សាមៀន ក៏បានអំពាវនាវសុំឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ចូលរួមការពារសត្វព្រៃ និងព្រៃឈើក្នុងឧទ្យានអង្គរ ព្រោះកន្លងមក មានប្រជាពលរដ្ឋខ្លះដែលមិនបានយល់ដឹង បានដេញចាប់សត្វ និងសម្លាប់សត្វដែលមានក្នុងឧទ្យានអង្គរ។ មានតែការចូលរួមពីសហគមន៍ប្រជាពលរដ្ឋទេ ទើបអាចរក្សាសត្វព្រៃ និងព្រៃឈើបានគង់វង្ស៕




ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានបំពេញព្រះរាជបេសកកម្មប្រកបដោយភាពជោគជ័យលើទឹកដីនៃអតីតរាជធានីនៃអាណាចក្រខ្មែរ។ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ នាព្រះលានជល់ដំរីនៃទីក្រុងអង្គរធំដែលជាអតីតរាជធានីដ៏ឧត្តុង្គឧត្តមនាកំឡុងសតវត្សទី៩ដល់ទី១៥ បច្ចុប្បន្នស្ថិតក្នុងរមណីយដ្ឋានអង្គរ ព្រះអង្គបានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល។ ព្រះរាជបេសកកម្មបន្ទាប់គឺ ព្រះអង្គទ្រង់យាងទៅបំពេញព្រះរាជទស្សនកិច្ចនៅតំបន់ប្រាសាទកោះកេរដែលក៏ជាអតីតរាជធានីក្នុងកំឡុងដើមសតវត្សទី១០ បច្ចុប្បន្នស្ថិតក្នុងខេត្តព្រះវិហារ ដើម្បីបួងសួងដល់ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ដើម្បីប្រទានក្តីសុខដល់ប្រជានុរាស្ត្រទូទាំងនគរនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅលើទឹកដីសៀមរាបអង្គរ នៅមុខព្រះលានជល់ដំរី នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ៤រោច ខែពិសាខ ពុទ្ធសករាជ ២៥៦០ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ដើម្បីអបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធឡើងនៅក្នុងបរិវេណមុខព្រះលានជល់ដំរី ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានោះ អាជ្ញាធរជាតិអប្សរានឹងចែកទឹកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលមកទស្សនាកម្មវិធីរយៈពេល៤ថ្ងៃដោយមិនគិតថ្លៃ គឺចាប់ពីថ្ងៃទី២៣រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។ ទីតាំងចែកចាយទឹកមានពីរកន្លែងស្ថិតនៅផ្នែកខាងជើង និងខាងត្បូងនៃព្រះលានជល់ដំរី ដែលជាទីតាំងប្រារព្ធពិធី។
អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារសហគមន៍ប្រចាំស្រុកបា្រសាទបាគង នាព្រឹកថ្ងៃទី២៣ ខែឧសភានេះ បាននាំយកអំណោយសង្គ្រោះបឋមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ទៅជូនប្រជាពលរដ្ឋមួយគ្រួសារដែលមានអាសយដ្ឋាននៅភូមិកញ្ជរ ឃុំរលួស ដែលរងគ្រោះដោយត្រូវខ្យល់ព្យុះដួលរលំផ្ទះទាំងស្រុង កាលពីដើមខែឧសភាកន្លងទៅ។
ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំប្រព័ន្ធទឹក ដោយបង្កប់ទុយោដាក់តាមបណ្តោយផ្លូវចូលពីខ្លោងទ្វារចូលទៅកសិណនៃប្រាសាទបន្ទាយស្រី។ ការរៀបចំប្រព័ន្ធទឹកនេះ គឺដើម្បីបញ្ជូនទឹកកុំឲ្យដក់នៅយូរពេលភ្លៀងធ្លាក់ម្តងៗ និងដើម្បីលើកតម្លៃទេសភាពវប្បធម៌នៃប្រាសាទ ជាពិសេស គឺសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងរដូវភ្លៀង។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0390
ម្សិលមិញ
:
1988
សប្តាហ៍នេះ
:
11193
ខែនេះ
:
0006397
សរុប
:
010594495