ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាលើកទឹកចិត្តប្រជាសហគមន៍ឱ្យប្រើប្រាស់អគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ដើម្បីការពារបរិស្ថានក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 27 ខែ សីហា ឆ្នាំ2016 01:24 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាលើកទឹកចិត្តប្រជាសហគមន៍ឱ្យប្រើប្រាស់អគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ដើម្បីការពារបរិស្ថានក្នុងឧទ្យានអង្គរ ដើម្បីរួមចំណែកការពារបរិស្ថានក្នុងឧទ្យានអង្គរនិងសន្សំសំចៃថវិការក្នុងគ្រួសារផង នោះ អាជ្ញាធរជាតិអប្សរាសហការជាមួយប្រទេសញ៉ូវហ្សឺឡែន ក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍និងបេតិកភណ្ឌ ហៅកាត់ថា (ACHA) បានបង្កើតកម្មវិធីសាកអាគុយបានរង្វាន់ជូនប្រជាសហគមន៍ភូមិលាងដៃ ដែលបានគាំទ្រការសាកអាគុយដោយប្រើថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ។ រង្វាន់លើកទឹកចិត្តទាំងនោះរួមមាន សាប៊ូដុសខ្លួន២០ដុំ អំពូលភ្លើងចំនួន៥ កង្ហារ២គ្រឿង និងទូរទស្សន៍បត់១គ្រឿង។

ថ្លែងក្នុងពិធីចាប់រង្វាន់នៅភូមិលាងដៃ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ លោក រស់ សារុំ បុគ្គលិកទំនាក់ទំនងសហគមន៍ទទួលបន្ទុកទឹកស្អាតនិងសូឡារបស់គម្រោងACHA នៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានប្រាប់ថា នេះគឺជាលើកទី១នៃកម្មវិធីសាកអាគុយបានរង្វាន់ ដែលបង្កើតដើម្បីលើកទឹកចិត្តដល់សមាជិកដែលតែងមកសាកអាគុយជាប្រចាំនិងដើម្បីបង្កើនចំណូលតាមការសាកអាគុយនៅស្ថានីយសហគមន៍នេះផងដែរ។ លក្ខខណ្ឌដើម្បីទទួលបានរង្វាន់នេះ គឺគ្រាន់តែប្រជាពលរដ្ឋទាំងអស់មកសាកអាគុយនៅកន្លែងស្ថានីយសាកអាគុយដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) ហើយសន្សំសន្លឹកបណ្ណទុក ដើម្បីយកមកចាប់រង្វាន់ជាការស្រេច។

លោកបន្តទៀតថា រង្វាន់ទាំងនេះគឺបានមកពីភាគរយនៃការសន្សំពីចំណូលសាកអាគុយពីមួយថ្ងៃទៅមួយថ្ងៃ។ កម្មវិធីបែបនេះនឹងមានជាបន្តទៀតនៅតាមសហគមន៍សាកអាគុយដោយថាមពលពន្លឺព្រះអាទិត្យគោលដៅផ្សេងៗទៀតនៅក្នុងឧទ្យានអង្គរ បើមានការគាំទ្រច្រើនពីប្រជាជន។ ការសាកអាគុយដោយថាមពលពន្លឺព្រះអាទិត្យ គឺមានសេវាតម្លៃថោកជាងសាកដោយម៉ាស៊ីនភ្លើង ឯគុណភាពវិញក៏ប្រើបានយូរជាងដែរ មិនងាយខូចអាគុយ។ មិនតែប៉ុណ្ណោះ ក៏បានរួមចំណែកដោះស្រាយបញ្ហាកើនកម្តៅផែនដីនិងផលប៉ះពាល់បរិស្ថាន រួមទាំងសោភ័ណភាពក្នុងតំបន់ឧទ្យានអង្គរ ពិសេសបន្ថយការចំណាយក្នុងការសាកអាគុយរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ និងកសាងសមត្ថភាពសហគមន៍ទាំងបច្ចេកទេស ការគ្រប់គ្រងស្ថានីយ និងហិរញ្ញវត្ថុ ទើបអាជ្ញាធរជាតិអប្សរាជំរុញនិងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងសហគមន៍នៃឧទ្យានអង្គរទាំងអស់ឱ្យសាកអាគុយដោយពន្លឺព្រះអាទិត្យ។

អ៊ំស្រី ម៉ាត់ ប្រាង្គ ប្រជាពលរដ្ឋនៅក្នុងភូមិលាងដៃ ដែលទទួលបានរង្វាន់ពីការចាប់ឆ្នោតនេះដល់ទៅ៣ដង គឺ សាប៊ូ កង្ហារ និងក្បាទូរទស្សន៍បានសម្តែងនូវសេចក្តីរីករាយជាខ្លាំងថា អរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលបង្កើតកម្មវិធីនេះឡើង ដើម្បីលើកទឹកចិត្តដល់ប្រជាជនក្នុងភូមិលាងដៃ។ ខ្ញុំតែងតែយកអាគុយមកសាកនៅទីនេះជាប្រចាំ ព្រោះវាមានតម្លៃថោក ហើយកាន់ភ្លើងបានយូរ ហើយមិនបំពុលបរិស្ថានទៀត។ ខ្ញុំសូមឱ្យមានកម្មវិធីបែបនេះមានបន្តទៀត ពិសេសការបង់រំលោះអាគុយយកទៅប្រើដែលពិតជាសម្រួលដល់ជីវភាពខ្ញុំខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា ក្រៅពីកម្មវិធីសាកអាគុយបានរង្វាន់នេះហើយ គណៈកម្មការនៃស្ថានីយសាកអាគុយប្រើប្រាស់ថាមពលព្រះអាទិត្យ ក៏មានកម្មវិធីចែកអាគុយដល់គ្រួសារក្រីក្រគ្មានលទ្ធភាពទិញអាគុយប្រើប្រាស់ ដោយឲ្យគាត់បង់រំលោះបានចំនួន២លើកផងដែរ សរុបចំនួន២៤អាគុយហើយនៅស្ថានីយសហគមន៍លាងដៃនេះ៕






















ប្រជាពលរដ្ឋដែលពឹងអាស្រ័យផល ក៏ដូចជាទេសចរមកទស្សនានៅតំបន់អង្គរ បានបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៅបរិវេណមុខប្រាសាទអង្គរវត្ត។ ការអភិវឌ្ឍទាំងនោះរួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម។ល។
នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានរំឭកគុណអតីតវីរយុទ្ធជនខេត្តសៀមរាប ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដឹកនាំមន្ត្រី-បុគ្គលិកនៃអាជ្ញាធរជាតិអប្សរាចូលរួមគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន រំឭកខួបអនុស្សាវរីយ៍លើកទី៦៧នៃទិវាឯករាជ្យជាតិខ្មែរ និងការបង្កើតកងយុទ្ធពលខេមរភូមិន្ទកាលពីថ្ងៃទី០៩ វិច្ឆិកា ១៩៥៣។
១ អាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក ពិភាក្សាបច្ចេកទេសជួសជុលប្រាសាទតាសោម
នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារបច្ចេកទេសជាមួយតំណាងស្ថាប័នរបស់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីជួសជុលប្រាសាទតាសោម។ ក្រុមការងារបានចុះសិក្សារួមគ្នាលើលទ្ធភាពនានាក្នុងការការពារ ការអភិរក្ស និងកិច្ចការជួសជុលបន្ថែម ក្រោយពេលស្ថាប័ន WMF ជួសជុលរួចរាល់តាំងពីឆ្នាំ២០១២មក។
ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣ក្រុម ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរ។
នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាបានបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេសសង្គ្រោះបឋម និងចែកវិញ្ញាបនបត្រជូនសិក្ខាកាមចំនួន១២០នាក់ មកពីនាយកដ្ឋានគ្រប់គ្រងទឹក នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នាយកដ្ឋានអភិរក្សក្រៅឧទ្យានអង្គរ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ នាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
35913
ម្សិលមិញ
:
15332
សប្តាហ៍នេះ
:
81589
ខែនេះ
:
0399714
សរុប
:
013382028