ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាលើកទឹកចិត្តប្រជាសហគមន៍ឱ្យប្រើប្រាស់អគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ដើម្បីការពារបរិស្ថានក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 27 ខែ សីហា ឆ្នាំ2016 01:24 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាលើកទឹកចិត្តប្រជាសហគមន៍ឱ្យប្រើប្រាស់អគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ដើម្បីការពារបរិស្ថានក្នុងឧទ្យានអង្គរ ដើម្បីរួមចំណែកការពារបរិស្ថានក្នុងឧទ្យានអង្គរនិងសន្សំសំចៃថវិការក្នុងគ្រួសារផង នោះ អាជ្ញាធរជាតិអប្សរាសហការជាមួយប្រទេសញ៉ូវហ្សឺឡែន ក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍និងបេតិកភណ្ឌ ហៅកាត់ថា (ACHA) បានបង្កើតកម្មវិធីសាកអាគុយបានរង្វាន់ជូនប្រជាសហគមន៍ភូមិលាងដៃ ដែលបានគាំទ្រការសាកអាគុយដោយប្រើថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ។ រង្វាន់លើកទឹកចិត្តទាំងនោះរួមមាន សាប៊ូដុសខ្លួន២០ដុំ អំពូលភ្លើងចំនួន៥ កង្ហារ២គ្រឿង និងទូរទស្សន៍បត់១គ្រឿង។

ថ្លែងក្នុងពិធីចាប់រង្វាន់នៅភូមិលាងដៃ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ លោក រស់ សារុំ បុគ្គលិកទំនាក់ទំនងសហគមន៍ទទួលបន្ទុកទឹកស្អាតនិងសូឡារបស់គម្រោងACHA នៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានប្រាប់ថា នេះគឺជាលើកទី១នៃកម្មវិធីសាកអាគុយបានរង្វាន់ ដែលបង្កើតដើម្បីលើកទឹកចិត្តដល់សមាជិកដែលតែងមកសាកអាគុយជាប្រចាំនិងដើម្បីបង្កើនចំណូលតាមការសាកអាគុយនៅស្ថានីយសហគមន៍នេះផងដែរ។ លក្ខខណ្ឌដើម្បីទទួលបានរង្វាន់នេះ គឺគ្រាន់តែប្រជាពលរដ្ឋទាំងអស់មកសាកអាគុយនៅកន្លែងស្ថានីយសាកអាគុយដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) ហើយសន្សំសន្លឹកបណ្ណទុក ដើម្បីយកមកចាប់រង្វាន់ជាការស្រេច។

លោកបន្តទៀតថា រង្វាន់ទាំងនេះគឺបានមកពីភាគរយនៃការសន្សំពីចំណូលសាកអាគុយពីមួយថ្ងៃទៅមួយថ្ងៃ។ កម្មវិធីបែបនេះនឹងមានជាបន្តទៀតនៅតាមសហគមន៍សាកអាគុយដោយថាមពលពន្លឺព្រះអាទិត្យគោលដៅផ្សេងៗទៀតនៅក្នុងឧទ្យានអង្គរ បើមានការគាំទ្រច្រើនពីប្រជាជន។ ការសាកអាគុយដោយថាមពលពន្លឺព្រះអាទិត្យ គឺមានសេវាតម្លៃថោកជាងសាកដោយម៉ាស៊ីនភ្លើង ឯគុណភាពវិញក៏ប្រើបានយូរជាងដែរ មិនងាយខូចអាគុយ។ មិនតែប៉ុណ្ណោះ ក៏បានរួមចំណែកដោះស្រាយបញ្ហាកើនកម្តៅផែនដីនិងផលប៉ះពាល់បរិស្ថាន រួមទាំងសោភ័ណភាពក្នុងតំបន់ឧទ្យានអង្គរ ពិសេសបន្ថយការចំណាយក្នុងការសាកអាគុយរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ និងកសាងសមត្ថភាពសហគមន៍ទាំងបច្ចេកទេស ការគ្រប់គ្រងស្ថានីយ និងហិរញ្ញវត្ថុ ទើបអាជ្ញាធរជាតិអប្សរាជំរុញនិងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងសហគមន៍នៃឧទ្យានអង្គរទាំងអស់ឱ្យសាកអាគុយដោយពន្លឺព្រះអាទិត្យ។

អ៊ំស្រី ម៉ាត់ ប្រាង្គ ប្រជាពលរដ្ឋនៅក្នុងភូមិលាងដៃ ដែលទទួលបានរង្វាន់ពីការចាប់ឆ្នោតនេះដល់ទៅ៣ដង គឺ សាប៊ូ កង្ហារ និងក្បាទូរទស្សន៍បានសម្តែងនូវសេចក្តីរីករាយជាខ្លាំងថា អរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលបង្កើតកម្មវិធីនេះឡើង ដើម្បីលើកទឹកចិត្តដល់ប្រជាជនក្នុងភូមិលាងដៃ។ ខ្ញុំតែងតែយកអាគុយមកសាកនៅទីនេះជាប្រចាំ ព្រោះវាមានតម្លៃថោក ហើយកាន់ភ្លើងបានយូរ ហើយមិនបំពុលបរិស្ថានទៀត។ ខ្ញុំសូមឱ្យមានកម្មវិធីបែបនេះមានបន្តទៀត ពិសេសការបង់រំលោះអាគុយយកទៅប្រើដែលពិតជាសម្រួលដល់ជីវភាពខ្ញុំខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា ក្រៅពីកម្មវិធីសាកអាគុយបានរង្វាន់នេះហើយ គណៈកម្មការនៃស្ថានីយសាកអាគុយប្រើប្រាស់ថាមពលព្រះអាទិត្យ ក៏មានកម្មវិធីចែកអាគុយដល់គ្រួសារក្រីក្រគ្មានលទ្ធភាពទិញអាគុយប្រើប្រាស់ ដោយឲ្យគាត់បង់រំលោះបានចំនួន២លើកផងដែរ សរុបចំនួន២៤អាគុយហើយនៅស្ថានីយសហគមន៍លាងដៃនេះ៕






















១៖ ទូតឥណ្ឌាចប់អាណត្តិជួបសម្ដែងការគួរសមនិងជម្រាបលាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា
នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាចប់អាណត្តិ ជួបសម្ដែងការគួរសម និងជម្រាបលាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។ ក្នុងជំនួបនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានរំឭកពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសឥណ្ឌា និងអាជ្ញាធរជាតិអប្សរា ក្នុងការងារជួសជុលនៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម។ បន្ថែមពីនេះ លោកជំទាវអគ្គរដ្ឋទូត ក៏បានលើកពីគម្រោងបណ្ដុះបណ្ដាលវគ្គខ្លីៗដល់យុវជនកម្ពុជា លើការងារអភិរក្សប្រាសាទ សិល្បៈ និងវប្បធម៌ផងដែរ។
នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ សមាគមសណ្ឋាគារកម្ពុជាប្រចាំខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំពិភាក្សាអំពីលទ្ធភាពស្តារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ស្របពេលដែលវិស័យនេះកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
គម្រោងជួសជុលនិងអភិរក្សព្រះវិហារបុរាណវត្តរាជបូណ៌ ដែលទទួលបានថវិកាទាំងស្រុងពីអាជ្ញាធរជាតិអាប្សរា បានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោមកិច្ចខិតខំប្រឹងប្រែង ដឹកនាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ពីសំណាក់មន្រ្តីជំនាញរបស់អាជ្ញាធរជាតិអប្សរា។
សេចក្ដីប្រកាសព័ត៌មាន
( ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ2020 )
អាជ្ញាធរជាតិអប្សរា សូមបដិសេធទាំងស្រុងអំពីការផ្សព្វផ្សាយចោទប្រកាន់គ្មានមូលដ្ឋានរបស់គណនីហ្វេសប៊ុកឈ្មោះ TNM TV Online និងសូមឲ្យអ្នកគ្រប់គ្រងគណនីហ្វេសប៊ុកខាងលើធ្វើការសុំទោសជាសាធារណៈក្នុងរយៈពេលមួយសប្តាហ៍។ ប្រសិនបើ អ្នកគ្រប់គ្រងគណនីហ្វេសប៊ុក TNM TV Online
បាឋកថាស្ដីពី «វឌ្ឍនភាពនៃការជួសជុលស្ពានហាលខាងលិចអង្គរវត្ត» ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបង្ហាញដល់សាធារណជនដែលមានបំណងចង់ឈ្វេងយល់ពីដំណើរការលម្អិតពីគម្រោងជួសជុលនេះ។ អ្នកជំនាញបានរៀបរាប់អំពីប្រវត្តិនៃការជួសជុលស្ពានហាល ជាពិសេសរៀបរាប់ពីដំណើរការក្នុងការដ្ឋានដែលកំពុងជួសជុលបច្ចុប្បន្ន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1313
ម្សិលមិញ
:
6587
សប្តាហ៍នេះ
:
20481
ខែនេះ
:
0001313
សរុប
:
012770745