ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាលើកទឹកចិត្តប្រជាសហគមន៍ឱ្យប្រើប្រាស់អគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ដើម្បីការពារបរិស្ថានក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 27 ខែ សីហា ឆ្នាំ2016 01:24 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាលើកទឹកចិត្តប្រជាសហគមន៍ឱ្យប្រើប្រាស់អគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ដើម្បីការពារបរិស្ថានក្នុងឧទ្យានអង្គរ ដើម្បីរួមចំណែកការពារបរិស្ថានក្នុងឧទ្យានអង្គរនិងសន្សំសំចៃថវិការក្នុងគ្រួសារផង នោះ អាជ្ញាធរជាតិអប្សរាសហការជាមួយប្រទេសញ៉ូវហ្សឺឡែន ក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍និងបេតិកភណ្ឌ ហៅកាត់ថា (ACHA) បានបង្កើតកម្មវិធីសាកអាគុយបានរង្វាន់ជូនប្រជាសហគមន៍ភូមិលាងដៃ ដែលបានគាំទ្រការសាកអាគុយដោយប្រើថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ។ រង្វាន់លើកទឹកចិត្តទាំងនោះរួមមាន សាប៊ូដុសខ្លួន២០ដុំ អំពូលភ្លើងចំនួន៥ កង្ហារ២គ្រឿង និងទូរទស្សន៍បត់១គ្រឿង។

ថ្លែងក្នុងពិធីចាប់រង្វាន់នៅភូមិលាងដៃ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ លោក រស់ សារុំ បុគ្គលិកទំនាក់ទំនងសហគមន៍ទទួលបន្ទុកទឹកស្អាតនិងសូឡារបស់គម្រោងACHA នៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានប្រាប់ថា នេះគឺជាលើកទី១នៃកម្មវិធីសាកអាគុយបានរង្វាន់ ដែលបង្កើតដើម្បីលើកទឹកចិត្តដល់សមាជិកដែលតែងមកសាកអាគុយជាប្រចាំនិងដើម្បីបង្កើនចំណូលតាមការសាកអាគុយនៅស្ថានីយសហគមន៍នេះផងដែរ។ លក្ខខណ្ឌដើម្បីទទួលបានរង្វាន់នេះ គឺគ្រាន់តែប្រជាពលរដ្ឋទាំងអស់មកសាកអាគុយនៅកន្លែងស្ថានីយសាកអាគុយដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) ហើយសន្សំសន្លឹកបណ្ណទុក ដើម្បីយកមកចាប់រង្វាន់ជាការស្រេច។

លោកបន្តទៀតថា រង្វាន់ទាំងនេះគឺបានមកពីភាគរយនៃការសន្សំពីចំណូលសាកអាគុយពីមួយថ្ងៃទៅមួយថ្ងៃ។ កម្មវិធីបែបនេះនឹងមានជាបន្តទៀតនៅតាមសហគមន៍សាកអាគុយដោយថាមពលពន្លឺព្រះអាទិត្យគោលដៅផ្សេងៗទៀតនៅក្នុងឧទ្យានអង្គរ បើមានការគាំទ្រច្រើនពីប្រជាជន។ ការសាកអាគុយដោយថាមពលពន្លឺព្រះអាទិត្យ គឺមានសេវាតម្លៃថោកជាងសាកដោយម៉ាស៊ីនភ្លើង ឯគុណភាពវិញក៏ប្រើបានយូរជាងដែរ មិនងាយខូចអាគុយ។ មិនតែប៉ុណ្ណោះ ក៏បានរួមចំណែកដោះស្រាយបញ្ហាកើនកម្តៅផែនដីនិងផលប៉ះពាល់បរិស្ថាន រួមទាំងសោភ័ណភាពក្នុងតំបន់ឧទ្យានអង្គរ ពិសេសបន្ថយការចំណាយក្នុងការសាកអាគុយរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ និងកសាងសមត្ថភាពសហគមន៍ទាំងបច្ចេកទេស ការគ្រប់គ្រងស្ថានីយ និងហិរញ្ញវត្ថុ ទើបអាជ្ញាធរជាតិអប្សរាជំរុញនិងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងសហគមន៍នៃឧទ្យានអង្គរទាំងអស់ឱ្យសាកអាគុយដោយពន្លឺព្រះអាទិត្យ។

អ៊ំស្រី ម៉ាត់ ប្រាង្គ ប្រជាពលរដ្ឋនៅក្នុងភូមិលាងដៃ ដែលទទួលបានរង្វាន់ពីការចាប់ឆ្នោតនេះដល់ទៅ៣ដង គឺ សាប៊ូ កង្ហារ និងក្បាទូរទស្សន៍បានសម្តែងនូវសេចក្តីរីករាយជាខ្លាំងថា អរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលបង្កើតកម្មវិធីនេះឡើង ដើម្បីលើកទឹកចិត្តដល់ប្រជាជនក្នុងភូមិលាងដៃ។ ខ្ញុំតែងតែយកអាគុយមកសាកនៅទីនេះជាប្រចាំ ព្រោះវាមានតម្លៃថោក ហើយកាន់ភ្លើងបានយូរ ហើយមិនបំពុលបរិស្ថានទៀត។ ខ្ញុំសូមឱ្យមានកម្មវិធីបែបនេះមានបន្តទៀត ពិសេសការបង់រំលោះអាគុយយកទៅប្រើដែលពិតជាសម្រួលដល់ជីវភាពខ្ញុំខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា ក្រៅពីកម្មវិធីសាកអាគុយបានរង្វាន់នេះហើយ គណៈកម្មការនៃស្ថានីយសាកអាគុយប្រើប្រាស់ថាមពលព្រះអាទិត្យ ក៏មានកម្មវិធីចែកអាគុយដល់គ្រួសារក្រីក្រគ្មានលទ្ធភាពទិញអាគុយប្រើប្រាស់ ដោយឲ្យគាត់បង់រំលោះបានចំនួន២លើកផងដែរ សរុបចំនួន២៤អាគុយហើយនៅស្ថានីយសហគមន៍លាងដៃនេះ៕






















ជារៀងរាល់ថ្ងៃ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែរក្សា សោភ័ណភាពក្នុងឧទ្យានអង្គរឱ្យស្រស់បំព្រង ដូចជាការដាំដើមឈើ ព្យាបាលដើមឈើ កាត់ក្រីមែកឈើ ដាំស្មៅ ស្រោចទឹកស្មៅជាដើម ធ្វើយ៉ាងណាឱ្យទេសភាពបៃតងមានគ្រប់រដូវ ដើម្បីលម្អប្រាសាទផងនិងទាក់ទាញអារម្មណ៍ទេសចរឱ្យមានភាពរីករាយចំពោះទិដ្ឋភាពទាំងនោះផង។
ក្រៅពីការយកចិត្តទុកដាក់លើការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់ជាប្រចាំចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋាននោះផងដែរ។ ជាក់ស្តែងក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកបន្ទាយស្រី ដឹកនាំដោយឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងបាននាំយកអំណោយជាស័ង្គសីចំនួន២០សន្លឹក ទៅឧបត្ថម្ភជូនគ្រួសារទីទ័លក្រសម្រាប់ប្រក់ដំបូលរោងបាយនៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។
រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ មគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០រូប រួមទាំងមន្រ្តីអាជ្ញាធរជាតិអប្សរាផង បានចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅទីក្រុងម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន។
តំបន់អង្គរត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ថា មានទំហំ៤០១គីឡូម៉ែត្រក្រឡា ប៉ុន្តែបើផ្អែកទៅលើសំណល់បុរាណវិទ្យានិងស្លាកស្នាមប្រវត្តិសាស្រ្តនៃអាណាចក្រខ្មែរ ឲ្យយើងដឹងថាអារ្យធម៌អង្គរមានវិសាលភាពដ៏ធំធេងហួសពីព្រំដែនកំណត់នៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
1200
ម្សិលមិញ
:
9096
សប្តាហ៍នេះ
:
50951
ខែនេះ
:
0145630
សរុប
:
012915062