NEWS

Researchers of the Apsara Authority shows evidences: Beng Mealea was called since the early 20th century

Published on 24 August 2016 01:06 PM Post By ៖ Apsara National Authority

ប្រាសាទបេងមាលាបានកសាងឡើងនៅសតវត្សរ៍ទី១២ តាមរចនាប័ទ្មអង្គរវត្ត សង់លើផៃ្ទដីរាបស្មើទំហំ១៤ហិកតា (១៨១ម៉ែត្រx១៥២ម៉ែត្រ) មានកំពែង៣ជាន់ ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាទិសអាគ្នេយ៍នៃភ្នំគូលេន មានចម្ងាយ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។

ទាក់ទងនឹងឈ្មោះប្រាសាទនេះវិញ អ្នកខ្លះហៅថាប្រាសាទបឹងមាលា ឯខ្លះទៀតហៅថាប្រាសាទបេងមាលា។ យើងមិនមានភស្តុតាងដាច់ណាត់កំណត់ថាឈ្មោះប្រាសាទនេះថាអ្វីឱ្យប្រាកដនៅទ្បើយ ត្បិតឈ្មោះដែលហៅមកនេះ មិនមែនជាឈ្មោះដើមរបស់ប្រាសាទនេះទេ គឺគ្រាន់តែជាឈ្មោះដែលអ្នកស្រុកហៅតាមមាត់បន្តគ្នានាសម័យក្រោយៗមក ដោយគ្មានសំណេរកត់ត្រាជាភាសាជាតិថាដូចម្តេច។ អ្នកស្រាវជ្រាវជាតិបារាំង Louis Delaporte មកដល់ប្រាសាទនេះនៅឆ្នាំ១៨៨០ ក៏បានហៅប្រាសាទនេះថា «បឹងមាលា» ដោយមានពន្យល់ពាក្យហៅថា បឹងផ្កាឈូក។ ការពន្យល់នេះក៏ពិបាកយកជាការដែរ។ រីឯឈ្មោះ បេងមាលាវិញ តើមានការពន្យល់ដូចម្តេចវិញ?

លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា បើយើងអានកំណាព្យ «និរាសនគរវត្ត» របស់កវីមានងារជាឧកញ៉ាសុត្តន្តប្រីជា ឥន្ទ នៅដើមសតវត្សទី២០ លោកហៅឈ្មោះប្រាសាទនេះថា «បេងមាលា»។ ការហៅដូច្នេះអាចឲ្យយើងរកមូលហេតុមកពន្យល់បានខ្លះ។ កាលពីជិត១០មុន មានវត្តបុរាណមួយសាងក្នុងបរិវេណប្រាសាទមានឈ្មោះពេញថា «វត្តព្រះកេតុមាលា»។ វត្តនេះបានរើចេញមកសាងជាថ្មីនៅខាងលិច ខាងក្រៅបរិវេណប្រាសាទវិញ។ អ្នកស្រុកហៅវត្តនោះខ្លីថា «វត្តមាលា»។ បើមើលតាមកំណត់ត្រារបស់អ្នកស្រាវជ្រាវបារាំងនៅដើមសតវត្សទី២០ វត្តនេះមានក្នុងបរិវេណប្រាសាទយូរហើយ។ បើមើលភស្តុតាងបុរាណវិទ្យាវិញ ក៏ឃើញមានខឿនឱបោសថាគារនិងសីមាភ្លោះ ដែលជាសំណង់ព្រះពុទ្ធសាសនានៅសម័យកណ្តាល។ ដោយមិនដឹងប្រាសាទមានឈ្មោះដើមថាអ្វីនោះ មនុស្សក៏មានទំនោរហៅប្រាសាទតាមឈ្មោះវត្តនេះថា «មាលា» តៗគ្នាមករៀងមក។ ករណីនេះមិនចម្លែកទេ ពីព្រោះយើងធ្លាប់ឮហៅឈ្មោះប្រាសាទតាមវត្តច្រើនមកហើយ ដូចជាប្រាសាទវត្តត្រាច ប្រាសាទធ្នង់ ប្រាសាទទេពប្រណម ប្រាសាទខ្នាត ។ល។ ដូច្នេះ «មាលា» មិនមានន័យទាក់ទងនឹង «ផ្កា» អ្វីទេ ប៉ុន្តែជាការទាក់ទងនឹងព្រះនាមរបស់ព្រះមហាក្សត្រមួយអង្គតាមលំនាំរឿងព្រេង «ព្រះកេតុមាលា» ដែលជារឿងដំណាលអំពីកំណើតនៃប្រាសាទនេះ។ ហេតុដូចម្តេចបានមានភ្ជាប់នឹងពាក្យ«បេង» ទៅវិញ?

លោក អ៊ឹម សុខរិទ្ធី ពន្យល់បន្ថែមថា «មានផ្លូវបុរាណមួយខ្សែដែលតភ្ជាប់រាជធានីអង្គរមកកាន់តំបន់ខាងកើត ចេញអំពីខ្សែត្រង់នៃភ្នំបាខែង កាត់តាមប្រាសាទបាទជុំ ចៅស្រីវិបុល បន្ទាយអំពិល និងកាត់តាមខាងត្បូងប្រាសាទមាលានេះ រួចឆ្ពោះទៅប្រាសាទបាកាន ហៅព្រះខ័ននៅកំពង់ស្វាយ។ ផ្លូវនេះអ្នកស្រុកអង្គរ គីរីមានន្ទ វត្តត្រាច និងតំបន់ជុំវិញប្រាសាទនេះហៅឈ្មោះថា «ផ្លូវបេង»។ ហេតុដូច្នេះ វាទំនងថាការហៅឈ្មោះប្រាសាទភ្ជាប់ទៅនឹងផ្លូវ ដែលជាការចង់បង្ហាញថាប្រាសាទមាលា នៅតាមបណ្តោយផ្លូវបេងនោះឯង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងមានភស្តុតាងឈ្មោះជាភាសាជាតិ ដែលយ៉ាងហោចណាស់មានគេដឹងឮតាំងតែពីដើមសតវត្សទី២០មកម្ល៉េះ ដែលយើងគួរតែប្រកាន់យកតាមតទៅ។





បា្រសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់និងថ្មបាយក្រៀម មានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្ត ដែលអ្នកស្រាវជ្រាវមួយចំនួនយល់ថា ប្រាសាទបេងមាលាជាគំរូសម្រាប់បុព្វបុរសខ្មែរកសាងអង្គរវត្ត។ ប្រាសាទបេងមាលា មានគូទឹកព័ទ្ធជុំវិញមានបណ្តោយប្រវែង១២០០ម៉ែត្រ ទទឹង៩០០ម៉ែត្រ ដែលជាតំណាងមហាសមុទ្រព័ទ្ធជុំវិញចក្រវាល។ ប៉ុន្តែតាមការស្រាវជ្រាវថ្មីៗដោយផ្អែកលើភស្តុតាងនៃការសិក្សាលើវិស័យបដិមាសាស្រ្តនៃប្រវត្តិសិល្បៈ សំណង់ស្ថាបត្យកម្ម ព្រមទាំងសំណង់ប្រាសាទនៅផ្នែកខាងកើត នាំឱ្យអ្នកស្រាវជ្រាវយល់ថា ប្រាសាទនេះទំនងជាស្ថាបនាក្រោយអង្គរវត្ត នាភាគខាងចុងនៃសតវត្សទី១២ ពោលគឺសាងទ្បើងនៅចន្លោះសម័យសាងអង្គរវត្ត និងមុនសម័យសាងបាយ័ន។

ប្រាសាទបេងមាលាមានហោត្រ័យចំនួន៤ ធំ២នៅខាងក្រៅ តូច២នៅខាងក្នុង ហើយមានផ្តែរចំនួន១៨០ដែលលម្អដោយភ្ញីផ្កា និងរំលេចដោយតួអង្គមនុស្ស អាទិទេព រាហូ។ល។ ទាក់ទងនឹងរឿងទេវកថាជាច្រើនដូចជា កូរសមុទ្រទឹកដោះ រាមកេរ្តិ៍ មហាភារតជាដើម។ ប៉ុន្តែប្រាសាទនេះមិនមានសិលាចារឹកទេ។ នៅឆ្នាំ១៩៣៣ លោក ហ្ស៊ក សឺដេស បានស្រាវជ្រាវឃើញប្រអប់ថ្មរាងបួនជ្រុងទ្រវែង ស្ថិតក្បែរហោត្រ័យធំនាទិសឦសាន ហើយបានសន្និដ្ឋានថាជាមឈូសតម្កល់សព។ លុះឆ្នាំក្រោយៗមកទៀត លោកបណ្ឌិត មីសែលត្រាណេ ជនជាតិខ្មែរ បានសន្និដ្ឋានតពីលោក ហ្ស៊ក សឺដេស ថា មឈូសនោះជាកន្លែងតម្កល់សពរបស់ព្រះបាទសូរ្យវរ្ម័នទី២។ ចំណែកលោកសាស្ត្រាចារ្យ អាំង ជូលាន មានយោបល់មិនស្របនឹងលោកបណ្ឌិតទាំងពីរទេ។ បើតាមការសិក្សាកន្លងមក ប្រអប់ថ្មរបៀបនេះ គេប្រទះឃើញច្រើន ដែលទំនងជាមានការពាក់ព័ន្ធនឹងការតម្កល់សាកសពដែរ ប៉ុន្តែមិនច្បាស់ថាតម្កល់សាកសពបុគ្គលណាម្នាក់ទ្បើយ។ បន្ថែមពីនោះ នៅជុំវិញប្រាសាទបេងមាលាក៏មានប្រាសាទជាច្រើនដូចជា នៅខាងលិចមានប្រាសាទដូនចាន់ ប្រាសាទកោះចិន ហើយខាងកើតមានប្រាសាទគងភ្លុកនិងប្រាសាទជ្រៃ។ ចំណែកខាងកើតប្រាសាទធំមានសំណង់រក្សាទឹកធំមួយ មានគ្រឹះប្រាសាទនៅកណ្តាល ដែលអ្នកស្រុកហៅថា វាលនទីឬវាលមន្ទីរ ឬរហាល។

កន្លងមកប្រាសាទនេះបានទទួលរងនូវការខូចខាតជាច្រើនកន្លែង តែបច្ចុបន្នក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា បានធ្វើការអភិរក្សនិងរៀបចំឡើងវិញនូវគំនរថ្មឱ្យមានសណ្តាប់ធ្នាប់ រៀបចំផ្លូវដើរ និងសង់ស្ពានឈើ សម្រាប់ទេសចរងាយស្រួលក្នុងការទស្សនាទស្សនីយភាពផ្សេងៗនៃប្រាសាទទាំងមូល។ ក្រៅពីនោះ អាជ្ញាធរជាតិអប្សរាក៏បាន យកចិត្តទុកដាក់រៀបចំទេសភាពនៃប្រាសាទឱ្យមានភាពស្រស់ស្អាតឡើងវិញផងដែរ ដោយមានក្រុមការងារបានកាត់សម្អាតមែកឈើ ដកស្មៅជាប្រចាំ ជាពិសេសបានដាំដើមឈើឡើងវិញដើម្បីជារបាំងការពារនិងជាសោភណភាពសម្រាប់ប្រាង្គប្រាសាទទៀតផង។ បច្ចុប្បន្នប្រាសាទបេងមាលា ក៏ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្រាវជ្រាវក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ មកសិក្សានិងទស្សនាឈ្វេងយល់មានការកើនឡើងជាបន្តបន្ទាប់ បើទោះជាតំបន់នេះនៅឆ្ងាយពីតំបន់ឧទ្យានអង្គរដែលបេតិកភណ្ឌនៃពិភពលោកដ៏ល្បីល្បាញក៏ដោយ៕








នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំមន្រ្តី បុគ្គលិកជំនាញពាក់ព័ន្ធចុះពិនិត្យ ការអនុវត្តការងារនៅតាមការដ្ឋានដូចជា គម្រោងកំណាយបុរាណវិទ្យាប្រាសាទបាយក្អែក ការចុះពិនិត្យមើលបរិស្ថានជុំវិញត្រពាំងសេស និងអតីត រោងចិញ្ចឹមដំរីខាងកើតភ្នំបាខែង។
១៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចុះពិនិត្យរូបចម្លាក់ឧបករណ៍ភ្លេងបុរាណនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរ
ក្នុងឱកាសអញ្ជើញបំពញភារកិច្ចនៅតាមបណ្តាខេត្ត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញឧបករណ៍ភ្លេងបុរាណលើចម្លាក់ប្រាសាទ បានអញ្ជើញពិនិត្យរូបចម្លាក់ដែលបង្ហាញពីឧបករណ៍ភ្លេងបុរាណនានានៅតាមប្រាសាទមួយចំនួន
នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាប្រចាំច្រកទាំង៦ ក្នុងសប្តាហ៍ទី៤នៃខែកក្កដា ឆ្នាំ២០២០ បានទទួលពាក្យស្នើសុំសាងសង់ពីប្រជាពលរដ្ឋធ្វើលំនៅដ្ឋាន សុំជួសជុលសំណង់ស្រាល និងសំណើសុំផ្សេងៗបម្រើឱ្យប្រយោជន៍សាធារណៈ រួមមាន សាលារៀន និងស្តារហេដ្ឋារចនាសម្ពន្ធបុរាណ សរុបចំនួន១៩ករណី។
របាយការណ៍សកម្មភាពនិងលទ្ធផលការងាររបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំខែកក្កដា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ បានចំនួន២៩៧ សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន២១២ សំណើ។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានផ្តល់ជូនកូនឈើចំនួន ១,២០០ដើម ដល់តំណាងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប និងតំណាងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ ក្នុងនោះ ផ្តល់ឲ្យតំណាងភូមិត្រពាំងវែង ចំនួន៣២០ដើម ដើម្បីយកទៅដាំលំអតាមលំនៅដ្ឋាន និងតាមដងផ្លូវក្នុងភូមិ។ កូនឈើទាំងនោះរួមមាន គ្រញូងចំនួន៥០ដើម បេងចំនួន១០ដើម គគីរចំនួន២០ដើម ឈើទាលចំនួន១០ដើម លឿងរាជចំនួន១០០ដើម អង្គារដីចំនួន៥០ដើម ឥន្ទនេលចំនួន២០ដើម ស្តៅចំនួន២០ដើម សេដាចំនួន១០ដើម រំដួលចំនួន១០ដើម និងគុយចំនួន២០ដើម។
FirstPrev12345...335336NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
35200
Yesterday
:
40656
This Week
:
75856
This Month
:
0160712
Total
:
011986343