NEWS

Khmer Ceramics get very impressed by Youth Volunteers of World Heritage

Published on 18 August 2016 03:30 PM Post By ៖ Apsara National Authority

កុលាលភាជន៍ខ្មែរបុរាណ ដែលត្រូវបានយកមកថែរក្សាទុក និងកំពុងសិក្សាស្រាវជ្រាវលម្អិតនៅក្នុងអង្គភាពកុលាលភាជន៍អង្គរនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមអ្នកស្រាវជ្រាវ និងអ្នកស្រឡាញ់បេតិកភណ្ឌវប្បធម៌កាន់តែច្រើនឡើងៗ។ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ស្ទើរតែគ្រប់ក្រុមស្រាវជ្រាវនិងក្រុមអ្នកសិក្សាអំពីបេតិកភណ្ឌពិភពលោក ដែលបានមកដល់អង្គរច្រើនតែមិនមើលរំលងអង្គភាពដ៏សំខាន់នេះឡើយ។

ជាក់ស្តែង នៅរសៀលថ្ងៃទី១៧ ខែសីហានេះ ក្រុមយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក ដែលបានបំពេញបេសកកម្មលើការងារសិក្សាស្វែងយល់បេតិកភណ្ឌអង្គររយៈពេល១២ថ្ងៃ ក៏បានចំណាយពេលមួយល្ងាច ដើម្បីចូលមកសិក្សា នៅក្នុងអង្គភាពកុលាលភាជន៍អង្គរនេះដែរ។ ក្រុមនេះបានសិក្សារៀនសូត្រអំពីរបៀបចុះបញ្ជីសារពើភ័ណ្ឌបំណែកកុលាលភាជន៍ របៀបជួសជុលបំណែកកុលាលភាជន៍ និងបានស្តាប់បទបង្ហាញអំពីសាវតារនៃការចាប់ផ្តើមបង្កើតអង្គភាពនេះឡើង។

កញ្ញា Boram SHIN ជនជាតិកូរ៉េ និងជាអ្នកដឹកនាំក្រុមយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោកនេះ បានបង្ហាញនូវអារម្មណ៍របស់នាងថា កញ្ញាពិតជារំភើបដែលបានឃើញបំណែកកុលាលភាជន៍នាសម័យកាលដ៏យូរលង់របស់កម្ពុជា។ កញ្ញាពេញចិត្តនឹងការងារនេះ ដោយសារកញ្ញាក៏ធ្លាប់ធ្វើការងារនេះដែរនៅក្នុងប្រទេសកូរ៉េ។ ចំណែក លោក James Bryan Davis ជនជាតិអាមេរិកក៏បានបង្ហាញក្តីរំភើបដែលបានមករៀនសូត្រពីរបៀបចុះបញ្ជីសារពើភណ្ឌ និងរបៀបជួសជុលបំណែកកុលាលភាជន៍នេះ។ លោករៀបរាប់ថា នៅអាមេរិក៏មានបំណែកកុលាលភាជន៍ដែរ តែគេច្រើនធ្វើបញ្ជីនៅកន្លែងស្រាវជ្រាវផ្ទាល់តែម្តង ឬនៅតាមមហាវិទ្យាល័យណាមួយ ហើយអ្វីដែលប្លែកគ្នាខ្លាំងបំផុតនោះគឺ បំណែកភាជន៍នៅអាមេរិកច្រើនតែមានក្បាច់លម្អច្រើនជាងនៅខ្មែរ ដោយសារតែស្ថិតនៅក្នុងសម័យកាលក្រោយៗដែលកាន់ទំនើបហើយ ជាពិសេស បច្ចេកទេស និងសម្ភារៈវិភាគមានលក្ខណៈទំនើបខ្លាំង។

កញ្ញា ញ៉ែម សុពីន និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលបានមកចូលរួមតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបរាប់ថា កញ្ញាពិតជារីករាយមែនទែន ដែលអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឲ្យក្រុមរបស់ខ្លួនបានចូលមកឃើញនូវបំណែកភាជន៍ខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនោះ។ “ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបខ្ញុំពិតជាមានមោទនភាពមែនទែន ព្រោះពីមុនមកខ្ញុំមិនដែលបានឃើញរបស់ទាំងអស់នេះទេ។ ពេលនេះ ខ្ញុំបានឃើញនិងដឹងថាវាពិតជារបស់មានតម្លៃមែនទែន។ ខ្ញុំពិតជាសូមអរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលបានអនុញ្ញាតឲ្យយើងខ្ញុំបានចូលមកឃើញ បានស្គាល់ បានប៉ះ បានរៀនសូត្រអំពីរបៀបថែរក្សានូវរបស់ដ៏មានតម្លៃនេះ”។

ប្រធាននៃអង្គភាពកុលាលភាជន៍អង្គរ គឺលោកបណ្ឌិត អ៊ា ដារិទ្ធ បានរៀបរាប់អំពីសាវតារនៃការបង្កើតអង្គភាពនេះថា ការសិក្សាអំពីកុលាលភាជន៍ខ្មែរ គឺបានចាប់ផ្តើមជាយូរឆ្នាំដែរហើយ តែការបង្កើតអង្គភាពកុលាលភាជន៍អង្គរនេះឡើង គឺចាប់ពីពេលដែលលោកបានធ្វើបទបង្ហាញនៅចំពោះមុខគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្នុងឆ្នាំ២០១៥។ ដោយមានការគាំទ្រពីសំណាក់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទើបអង្គភាពនេះត្រូវបានបង្កើតឡើង ចាប់ពីឆ្នាំ២០១៥មក ដើម្បីប្រមូលថែរក្សា និងសិក្សាលម្អិតអំពីបំណែកកុលាលភាជន៍ដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញ។

លោកបណ្ឌិតបន្ថែមថា ចាប់តាំងពីបង្កើតមក អង្គភាពនេះទទួលបានការចូលមកសិក្សាស្រាវជ្រាវទាំងអ្នកស្រាវជ្រាវថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់។ ស្ថាប័នសិក្សាអំពីកុលាលភាជន៍នៅអាមេរិក ក្រុមសិក្ខាកាមមកបារាំង និងក្រុមនិស្សិតខ្មែរមួយចំនួនទៀតក៏ធ្លាប់មកចូលមកសិក្សាអំពីការងាររបស់អង្គភាពនេះដែរ។ ជាគម្រោងអនាគត ប្រធានអង្គភាពរូបនេះមានបំណងចង់សហការជាមួយដៃគូអន្តរជាតិផ្សេងៗទៀតក្នុងតំបន់អង្គរ ដើម្បីប្រមូលបំណែកកុលាលភាជន៍ ដែលក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញក្នុងអំឡុងពេលធ្វើកំណាយកន្លងមក ហើយរក្សាទុកក្នុងទីផ្សេងៗរៀងៗខ្លួន មកតម្កល់ទុកក្នុងអង្គភាពនេះតែមួយ ដើម្បីងាយស្រួលដល់អ្នកទស្សនា ក៏ដូចជាអ្នកស្រាវជ្រាវផ្សេងៗដែរ។ នៅពេលដែលកិច្ចសហការនេះបានជោគជ័យ លោកសង្ឃឹមថា អង្គភាពនេះនឹងទទួលបាននូវបំណែកវត្ថុបុរាណដ៏សន្ធឹកសន្ធាប់ ដែលរឹងរឹតតែធ្វើឲ្យអ្នកស្រាវជ្រាវ គ្រប់គ្នាកាន់តែងាយស្រួលនិងចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត៕










ហ្វូងសត្វស្វាកាចៗមួយចំនួនដែលមានភាពសាំទៅនឹងមនុស្ស និងការផ្តល់នំចំណីដោយមនុស្ស បានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម។ តាមរយៈនេះ សត្វស្វាទាំងនោះបានចេញចូលរកចំណីក្នុងតំបន់ប្រាសាទផងដែរ។ ក្នុងការស្វែងរកចំណីនោះ សត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់ដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។
ហ្វូងសត្វស្វាកាចៗមួយចំនួនដែលមានភាពសាំទៅនឹងមនុស្ស និងការផ្តល់នំចំណីដោយមនុស្ស បានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម។ តាមរយៈនេះ សត្វស្វាទាំងនោះបានចេញចូលរកចំណីក្នុងតំបន់ប្រាសាទផងដែរ។ ក្នុងការស្វែងរកចំណីនោះ សត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់ដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។
ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរ មូលដ្ឋាន បានបចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមការងារកាត់ក្រីមែកឈើ នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នឹងចុះកាត់ដកហូតដើមឈើហានិភ័យចំនួន២ដើម ស្ថិតក្នុងបរិវេណប្រាសាទអង្គរវត្ត។ ការចុះកាត់ នឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ តទៅ។
នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលប្រាសាទដំរីក្រាបនៅលើភ្នំគូលែន ដោយប្រាសាទ នេះមានខឿនពុកផុយនិងស្រុតផ្នែកខាងលិច។ រីឯជញ្ជាំងមានប្រេះហែកជាច្រើនកន្លែង ស៊ុមទ្វារខាងកើតបម្រុងជ្រុះធ្លាក់ និងមានការពុកផុយផ្នែកខ្លះនៃដំបូល។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
1058
Yesterday
:
10672
This Week
:
61342
This Month
:
0145496
Total
:
014205351