ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាប្តេជ្ញាដាំដើមឈើឲ្យបានយ៉ាងតិច៦ម៉ឺនដើមមុនចប់រដូវភ្លៀង

បានផ្សាយនៅ ថ្ងៃទី 29 ខែ កក្កដា ឆ្នាំ2016 02:58 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

តាំងពីដើមខែមិថុនាមក គឺចាប់ពីពេលដែលភ្លៀងចាប់ផ្តើមធ្លាក់ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានសម្រុកដាំដើមឈើជាបន្តបន្ទាប់ទាំងក្នុង និងក្រៅរមណីយដ្ឋានអង្គរ។ គិតមកទល់នឹងចុងខែកក្កដានេះ មានកូនឈើជាង៣ម៉ឺនដើមហើយ ដែលត្រូវបានដាំក្នុងរមណីយដ្ឋានអង្គរ។ មុននឹងផុតរដូវភ្លៀងនៅចុងកញ្ញាឬដើមខែតុលា នាយកដ្ឋានជំនាញគ្រប់គ្រងព្រៃឈើមួយនេះប្តេជ្ញាដាំកូនឈើឲ្យបានយ៉ាងតិច៣ម៉ឺនដើមទៀត។

មានប្រសាសន៍ក្នុងពិធីដាំកូនឈើ៥ពាន់ដើមនៅចន្លោះភូមិអារក្សស្វាយ និងភូមិអញ្ចាញ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានដាក់ផែនការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរឲ្យបានយ៉ាងតិច៦ម៉ឺនដើមក្នុងមួយឆ្នាំ។ នាយកដ្ឋានបានអនុវត្តផែនការនេះជាបណ្តើរៗ ដោយបែងចែកការដាំជាពីរប្រភេទ គឺ ដាំដោយមន្ត្រី បុគ្គលិក និងកម្មកររបស់នាយកដ្ឋានជាប្រចាំរៀងរាល់ចុងសប្តាហ៍ និងដាំដោយប្រជាពលរដ្ឋតាមរយៈការផ្តល់ជូនទៅអាជ្ញាធរមូលដ្ឋាន អង្គការឬវត្តអារាមតាមការស្នើសុំជាក់ស្តែង។

លោក សាមៀន បន្ថែមថា សម្រាប់ឆ្នាំ២០១៦នេះ ក្រុមអង្កេតផ្ទៃដីទំនេរសម្រាប់ដាំដើមឈើបាន មានចំនួន៩០ហិកតា ក្នុងនោះ៦០ហិកតាគឺសម្រាប់ថ្នាក់ដឹកនាំ និងគណៈប្រតិភូជាតិ និងអន្តរជាតិដាំក្នុងពេលប្រារព្ធពិធីម្តងៗ ចំណែក៣០ហិកតាទៀត សម្រាប់ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ប្រជាពលរដ្ឋ និងសិស្សានុសិស្សដាំតាមស្ថានភាពជាក់ស្តែង។ “ផ្ទៃដីទំនេរដែលអាចដាំដើមឈើបាន មិនមែនមានន័យថា អត់ដើមឈើសោះនោះទេ ជាក់ស្តែង ពិធីដាំក្នុងថ្ងៃនេះ គឺយើងដាំឆ្លោះៗ តាមចន្លោះណាដែលមិនមានដើមឈើ ដើម្បីបង្កើតគម្របព្រៃឈើ កុំឲ្យមានចន្លោះដីទំនេរ”

ដោយនិយាយពីការថែទាំវិញ លោក សាមៀន បញ្ជាក់ថា ដើមឈើដែលយើងបានដាំនៅចន្លោះព្រៃដែលមានស្រាប់ យើងមិនអាចចូលឡានមកស្រោចបានទេ ដូច្នេះទើបយើងជ្រើសរើសកូនឈើដែលអាចរស់បានដោយមិនចាំបាច់ស្រោច។ ចំណែកកូនឈើមួយចំនួនទៀត ដែលត្រូវការស្រោចទឹកច្រើន យើងដាំនៅតាមមាត់ផ្លូវ ទីធ្លាដែលឡានអាចចូលទៅស្រោចបាននៅរដូវប្រាំង។ តែទោះជាយ៉ាងណា ប្រធាននាយកដ្ឋានរូបនេះអះអាងថា ដើមឈើដែលបានដាំជារៀងរាល់ឆ្នាំអាចរស់បានចន្លោះពី៧០ទៅ៨០%ប៉ុណ្ណោះ។ បញ្ហាមិនមែនដោយសារអាកាសធាតុតែម្យ៉ាងទេ តែក៏បណ្តាលមកពីប្រជាពលរដ្ឋខ្លះដែលមិនបានយល់ ព្រលែងគោក្របីទៅជាន់ ឬចងគោនឹងកូនឈើដែលទើបដាំក៏មានដែរ។ ក្នុងន័យនេះ លោកក៏បានអំពាវនាវឲ្យប្រជាពរលដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចូលរួមដាំនិងថែរក្សាទាំងអស់គ្នា ព្រោះមិនអាចនរណាម្នាក់ ឬស្ថាប័នណាមួយធ្វើបាន ដោយមិនមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននោះឡើយ។

សូមបញ្ជាក់ថា ក្នុងពិធីដាំកូនឈើព្រឹកមិញនេះ តាមលោក សូ សារ៉ម ប្រធានការិយាល័យដាំឈើ ឲ្យដឹងថា មានសិស្សានុសិស្សមកពីអនុវិទ្យាល័យស្រះស្រង់ចំនួន១៥០នាក់ ប្រជាពលរដ្ឋមកពីសង្កាត់នគរធំ១០០នាក់ និងមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា១០០នាក់។ ពិធីដាំកូនឈើនេះបានដាំលើផ្ទៃដី២៥ហិកតា តាមចន្លោះដីព្រៃដែលទំនេរ ដែលមានប្រភេទឈើបេង កកោះ ធ្នង់ គ្រញូង គគីរ និងរំដួល សរុប ៥០០០ដើម៕




















អាជ្ញាធរជាតិអប្សរា ក្រោមការទទួលបន្ទុករបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ សហការជាមួយស្ថាប័ន JASA ប្រទេសជប៉ុន និងអង្គការយូណេស្កូ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ បានរៀបចំសែនព្រែន សុំសេចក្តីសុខចម្រើន ដើម្បីបើកការដ្ឋានជួសជុលប្រាសាទបាយ័ន្តនៅជាន់ទី៣ ឱ្យផុតពីបញ្ហាប្រឈម មុននឹងបើកដំណើរការឱ្យភ្ញៀវចូលទស្សនាជាថ្មី។
ថ្ងៃទី៤-៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៦គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើស្នើសុំជួសជុលតូចតាចរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ។
ក្រុមការងារថែរក្សាបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ជានិច្ចជាកាលបានខិតខំប្រឹងប្រែងថែរក្សា ក្នុងន័យធ្វើយ៉ាងណាឱ្យបរិស្ថានក្នុងរមណីយដ្ឋានអង្គរ ពិសេសមុខប្រាសាទអង្គរវត្ត មានភាពស្រស់ស្អាត មានភាពបៃតង ជាទីទាក់ទាញ និងជាទីគយគន់សម្រាប់ភ្ញៀវទេសចរគ្រប់រូប។ សកម្មភាពទាំងនោះរួមមាន ការស្រោចទឹកដើមឈើនិងសួនច្បារជាប្រចាំ
ដោយពិនិត្យឃើញមានហានិភ័យខ្ពស់របស់ដើមឈើ ដែលដុះលើរចនាសម្ព័ន្ធស្ពានថ្មបុរាណនៅចន្លោះប្រាសាទតាកែវ និងប្រាសាទធម្មនន្ទ លើស្ទឹងសៀមរាប ក្រុមជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដោយសហការជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើទាំងនោះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
1064
ម្សិលមិញ
:
10672
សប្តាហ៍នេះ
:
61348
ខែនេះ
:
0145502
សរុប
:
014205357