ព័ត៌មានថ្មីៗ

គម្រោងអភិរក្សនិងជួសជុលប្រាសាទអង្គរវត្ត ដោយក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ

បានផ្សាយនៅ ថ្ងៃទី 29 ខែ កក្កដា ឆ្នាំ2016 02:32 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រាសាទបុរាណខ្មែរនៅសៀមរាបអង្គរចំនួន៩១ប្រាសាទ ត្រូវបានចាត់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងចំណោមនោះ ប្រាសាទអង្គរវត្តដែលបានសាងសង់ឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២នាដើមសតវត្សទី១២ កំពុងទទួលបាននូវការចាប់អារម្មណ៍ជាងគេ ពីសំណាក់អ្នកទេសចរអន្តរជាតិ ដែលបានមកទស្សនាតាមរយ:ការឲ្យតម្លៃលើស្នាដៃសិល្បៈ ស្ថាបត្យកម្មនិងចម្លាក់នានាប្រកបដោយភាពរស់រវើក ស្រស់ស្អាត និងផ្ចិតផ្ចង់។

ផ្អែកលើប្រវត្តិនៃកិច្ចការអភិរក្សប្រាសាទអង្គរវត្តបានបង្ហាញថា កំឡុងសតវត្សទី១៦ដល់ទី១៨ គឺក្នុងពេលរាជធានីត្រូវបានផ្លាស់ចេញពីអង្គរហើយ ព្រះបាទចន្ទរាជា បុត្រ និងចៅរបស់ព្រះអង្គបានធ្វើការជួសជុល និងបំពេញបង្រ្គប់លើរចនាសម្ព័ន្ធខ្លះៗដែលមិនទាន់បានបញ្ចប់នាព្រះរាជាមុនៗ។ ក្នុងសម័យក្រោយៗមកទៀតប្រាសាទអង្គរវត្តត្រូវបានស្ថាប័នអន្តរជាតិមួយចំនួន ពោលគឺពីសំណាក់សាលាបារាំងចុងបូព៌ា (EFEO) បានសង្រ្គោះនិងជួសជុលលើរចនាសម្ព័ន្ធគ្រោះថ្នាក់និងទ្រុឌទ្រោមមួយផ្នែកធំរបស់ប្រាសាទ។

កិត្តិនាមលើតម្លៃនៃប្រាសាទអង្គរវត្តមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរមកទស្សនាប៉ុណ្ណោះទេ តែក៏បានទាក់ទាញស្ថាប័នអន្តរជាតិមួយចំនួនចូលរួមចំណែក ក្នុងកិច្ចការអភិរក្ស ជួសជុល តាមរយ:ការផ្តល់ជំនួយផ្នែកបច្ចេកទេស។ លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសអភិរក្សថ្មដែលកំពុងធ្វើការជួសជុលចម្រឹងបង្អួចប្រាសាទអង្គរវត្តបានបញ្ជាក់ថា បច្ចុប្បន្ន ការដ្ឋានជាតិ និងអន្តរជាតិដែលកំពុងដំណើរការអភិរក្ស និងជួសជុលថ្មនៅប្រាសាទអង្គរវត្តមានចំនួន៤ស្ថាប័នរួមមាន ៖
-គម្រោងរបស់អាជ្ញាធរជាតិអប្សរាដែលកំពុងជួសជុលពង្រឹងចម្រឹងបង្អួចនិងច្រាំងកសិន្ធុខាងលិចផ្នែក ខាងជើងបា្រសាទអង្គរវត្តប្រវែង៤០ម៉ែត្រ ដែលគ្រប់គ្រងលើផ្នែកបច្ចេកទេសផ្ទាល់ពីអ្នកជំនាញខ្មែរសុទ្ធ សាធនៃអាជ្ញាធរជាតិអប្សរា។
-គម្រោងរបស់ប្រទេសអ៊ីតាលី រួមសហការជាមួយអាជ្ញាធរជាតិអប្សរា (APSARA-I.Ge.S) ដែលទើប បញ្ចប់លើកិច្ចការជួសជុលបង្កាន់ដៃនាគនៅក្ការបែនខាងលិចនិងច្រាំងកសិន្ធុខាងលិចប្រាសាទអង្គរវត្តក្នុង ដំណាក់កាលទី២ប្រវែង៤០ម៉ែត្រកាលពីចុងខែ ធ្នូ ឆ្នាំ ២០១៥កន្លងទៅ។
-គម្រោងជួសជុលក្បាច់ចម្លាក់និងចម្លាក់ទេពអប្សររបស់ប្រទេសអាឡឺម៉ង់សហការជាមួយអាជ្ញាធរជាតិ អប្សរា (APSARA-GACP)។ បច្ចុប្បន្នគម្រោងនេះកំពុងជួសជុលបន្ទាន់លើស្ថានភាពខូចខាតរបស់ក្បាច់ ចម្លាក់លើផ្តែរ ហោជាង ចម្លាក់លើជញ្ជាំងនៅរួតខាងលើកំពូលនៃប៉មជ្រុងពាយ័ព្យរបស់តរោងទងទី២ ប្រាសាទអង្គរវត្ត។
-គម្រោងរបស់អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន (APSARA- SOPHIA) : គម្រោងនេះកំពុងរៀបចំនិងសិក្សាលើផែនការលម្អិតដើម្បីជួសជុលស្ពានហាលខាងលិចនៃ ប្រាសាទអង្គរវត្តក្នុងដំណាក់ទី២ ដែលទើបតែបើកពិធីសម្ពោធការដ្ឋានកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៦កន្លងទៅ។

ដោយឡែក នៅឆ្នាំ២០០៨ គម្រោងមូលនិធិប្រាសាទពិភពលោក (WMF) របស់សហរដ្ឋអាមេរិក បានជួសជុលដំបូលរោងទងកូរសមុទ្រទឹកដោះក្នុងបំណង គឺការពារជម្រាបទឹកដែលហូរស្រក់ពីដំបូលមកលើជញ្ជាំង ដែលនាំឲ្យមានការខូចខាតនិងពុកផុយដល់ផ្ទៃរឿងចម្លាក់លើជញ្ជាំង ហើយបានបញ្ចប់កិច្ចការជួសជុលនេះនៅឆ្នាំ២០១២៕






















ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ស្ពានឈើចាស់នៅរមណីយដ្ឋានក្បាលស្ពាន ដែលរងនូវការទ្រុឌទ្រោម ដោយអាកាសធាតុនិងអាយុកាល ត្រូវបានអាជ្ញាធរជាតិអប្សរារុះរើចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដើម្បីជួសជុលពង្រឹងស្ពាននេះឡើងវិញ សម្រាប់ឱ្យភ្ញៀវទេចចរណ៍ឆ្លងកាត់ដោយងាយស្រួល ហើយមានសុវត្តិភាពក្នុងការទៅលេងកម្សាន្តនៅរមណីយដ្ឋាននេះ។
លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំនិងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន២៧១ សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន១៨០សំណើ។
នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងខែវិច្ឆិកាឆ្នាំ២០២០ ក្រុមការងារបានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេស នៃការសាងសង់លំនៅដ្ឋាននិងសំណង់ឧបសម្ពន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យាននិងក្រៅឧទ្យានអង្គរបានចំនួន៣៩១គ្រួសារ។ ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរមានចំនួន៣៨៣គ្រួសារមាន
ក្រុងសៀមរាបចំនួន១១៧គ្រួសារ
១ អគ្គនាយកអាជ្ញាធរជាតិអប្សរាចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរោគាពាធ។
ដើមដំបូងមុន12345...365366បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
3106
ម្សិលមិញ
:
9740
សប្តាហ៍នេះ
:
88103
ខែនេះ
:
0032859
សរុប
:
013724313