ព័ត៌មានថ្មីៗ

កំណាយស្រាវជ្រាវបង្ហាញថារោងសិតសំរិទ្ធនៅសម័យអង្គរធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍

បានផ្សាយនៅ ថ្ងៃទី 27 ខែ កក្កដា ឆ្នាំ2016 03:18 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គម្រោងស្រាវជ្រាវ “ព្រះរាជរោងសិតសំរិទ្ធក្នុងព្រះបរមរាជវាំងអង្គរធំ” ដែលកំពុងអនុវត្តដោយអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា (EFEO) បានបង្ហាញថា ជនជាតិខ្មែរមានរោងស្លលោហកម្ម ធំ និងប្រណីតជាងគេនៅអាស៊ីអាគ្នេយ៍។ លទ្ធផលបឋមនៃកំណាយស្រាវជ្រាវ នៅក្នុងព្រះបរមរាជវាំងអង្គរធំសម័យអង្គរនេះ ថែមទាំងបង្ហាញថា ទំនៀមនៃការផលិតលោហកម្មរបស់បុព្វបុរសខ្មែរនៅតែបន្តអាយុជីវិតនៅឡើយសព្វថ្ងៃ។

ការអះអាងបែបនេះ ត្រូវបានធ្វើឡើងរួមគ្នាដោយ លោកបណ្ឌិត Brice VINCENT តំណាងសាលាបារាំងចុងបូព៌ា និងលោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ។ តាមបទបង្ហាញរបស់លោក Brice ដែលប្រែសម្រួលដោយលោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា កំណាយស្រាវជ្រាវលើកនេះ បានរកឃើញចង្ក្រានស្លលោហៈចំនួនពីរ ពុម្ពសម្រាប់ចាក់ជារូបផ្សេងៗ រួមនឹងកម្ទេចកម្ទីលោហៈតូចៗដូចជា ទង់ដែង ដែក និងសំណជាដើម។

សំណាកនៃលោហៈទាំងនេះបញ្ជាក់ថា ខ្មែរចេះវិធីផលិតលោហធាតុ មានសំរិទ្ធជាដើម ទៅជាគ្រឿងអលង្ការ សម្ភារៈប្រើប្រាស់ផ្សេងៗបានយ៉ាងល្អ ខណៈពេលដែលប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍មិនទាន់មាន។ អ្នកស្រាវជ្រាវទាំងពីររូបអះអាងថា តាំងពីបើកកំណាយនៅថ្ងៃទី១១ រហូតដល់ថ្ងៃទី២៧ ខែកក្កដានេះ ក្រុមការងារបានរកឃើញកន្លែងស្លលោហៈ និងកន្លែងសិតលោហៈហើយ តែនៅមិនទាន់ឃើញកន្លែងច្នៃលោហៈនៅឡើយ។ លោកជឿជាក់ថានឹងប្រទះឃើញកន្លែងច្នៃលោហៈក្នុងពេលឆាប់ៗខាងមុខនេះមិនខាន។

និយាយពីទំនៀមនៃការធ្វើរោងទងផលិតលោហៈសម្រាប់ព្រះបរមរាជវាំងនេះវិញ លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា រោងទងស្លលោហៈដែលក្រុមការងារកំពុងធ្វើកំណាយនេះ គឺស្ថិតនៅភាគខាងជើងនៃព្រះបរមរាជវាំងសម័យអង្គរ ហើយទំនៀមនេះឃើញនៅបន្តរហូតដល់សម័យលង្វែក និងសម័យឧដុង្គ និងរហូតដល់ព្រះបរមរាជវាំងនៅភ្នំពេញសព្វថ្ងៃ គឺសាលារចនាហ្នឹងឯង។ ដោយឡែកនៅឧដុង្គ និងបន្ទាយលង្វែកក៏នៅមានសហគមន៍ផលិតលោហៈ នៅខាងក្នុងបរិវេណនៃព្រះបរមរាជវាំងចាស់ នៅតែបន្តមានដល់សព្វថ្ងៃដែរ។ មិនតែប៉ុណ្ណោះ ព្រះរាជវាំងថៃ ដែលទទួលមរតកពីអង្គរ ក៏មានលំនាំដូចគ្នានេះដែរ។ នេះជាការបញ្ជាក់យ៉ាងច្បាស់ថា អារ្យធម៌អង្គរនៅតែបន្តមានជីវិតរហូតដល់សព្វថ្ងៃនៅឡើយ។

ឆ្លើយតបនឹងសំណួរ ដែលចង់ដឹងថា មានហេតុផលអ្វីដែរទេ ដែលរោងទងស្លលោហៈសម្រាប់ព្រះរាជវាំងតែងតែនៅខាងជើងនោះ លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ក្រុមការងារមិនទាន់រកឃើញមូលហេតុ នៅឡើយទេ។ លោកបានពន្យល់ដោយលើកឧទាហរណ៍អំពីរោងស្លដែកវិញ ដែលថា ធម្មតារោងស្លដែកសម័យបុរាណ គឺគេធ្វើនៅភាគឥសាននៃភូមិករមនុស្សរស់នៅ ហើយនៅដាច់អំពីភូមិស្រុក នេះជាទំនៀមរបស់ព្រាហ្មណ៍ក្នុងព្រហ្មញ្ញសាសនា។ ចំណែករឿងរោងទងស្លលោហៈវិញ អ្នកស្រាវជ្រាវមិនទាន់អាចកំណត់ពីហេតុផលបាននៅឡើយ។

សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវ “ព្រះរាជរោងសិតសំរិទ្ធក្នុងព្រះបរមរាជវាំងអង្គរធំ” គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា (EFEO) ដែលត្រូវធ្វើកំណាយស្រាវជ្រាវរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩។ គម្រោងនេះមានក្រុមអនុវត្តការងារចំនួន៣ក្រុមធំៗគឺ ក្រុមអ្នកធ្វើកំណាយ ក្រុមអ្នកសិក្សាវិភាគនៅសាលាបារាំងចុងបូព៌ា និងក្រុមអ្នកមួយទៀត គឺធ្វើវិភាគវិទ្យាសាស្ត្រកំណត់អាយុកាលនៃបំណែកដែលស្រាវជ្រាវបាននៅសហរដ្ឋអាមេរិក។ គម្រោងនេះ ក៏នឹងមានវគ្គបណ្តុះបណ្តាលដល់និស្សិតបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រវិល្បៈ និងបុគ្គលិកនៃអាជ្ញាធរអប្សរា តាមរយៈការចុះមកសិក្សាវិភាគនៅសាលពិសោធន៍សាលាបារាំងចុងបូព៌ា និងនៅទីតាំងកំណាយផ្ទាល់នៅក្នុងបរិវេណព្រះបរមរាជវាំងបុរាណ ក្រោយព្រះលានស្តេចគម្លង់៕




















នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំនៅតាមទីតាំងជាក់ស្តែងនៃការងារដើម្បីតាមដានការអនុវត្តការងារផ្សេងៗនាពេលកន្លងមក ព្រមទាំងផ្តល់យោបល់បច្ចេកទេសនិងដំណោះស្រាយនានាសម្រាប់កិច្ចការទាំងនោះ។
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
សារំលែកព្រះមរណទុក្ខ
( ថ្ងៃទី 18 ខែ មករា ឆ្នាំ2021 )
យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំនៃអាជ្ញាធរជាតិអប្សរា មានសេចក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលព្រះទិវង្គតនៅថ្ងៃព្រហស្បតិ៍ ០១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា ដោយព្រះរោគាពាធ៕
នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងតាមដានការអនុវត្តការងាររបស់អាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យសកម្មភាពលើកតម្លៃបរិវេណក្រុងអង្គរធំទាំងមូលដែលរួមមានការកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី ការរៀបចំជាផ្លូវថ្មើរជើងនិងប្រព័ន្ធរំដោះទឹក

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
12
ថ្ងៃនេះ
:
11551
ម្សិលមិញ
:
13174
សប្តាហ៍នេះ
:
54180
ខែនេះ
:
0212069
សរុប
:
014271924