NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 27 July 2016 03:18 PM Post By ៖ Apsara National Authority

គម្រោងស្រាវជ្រាវ “ព្រះរាជរោងសិតសំរិទ្ធក្នុងព្រះបរមរាជវាំងអង្គរធំ” ដែលកំពុងអនុវត្តដោយអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា (EFEO) បានបង្ហាញថា ជនជាតិខ្មែរមានរោងស្លលោហកម្ម ធំ និងប្រណីតជាងគេនៅអាស៊ីអាគ្នេយ៍។ លទ្ធផលបឋមនៃកំណាយស្រាវជ្រាវ នៅក្នុងព្រះបរមរាជវាំងអង្គរធំសម័យអង្គរនេះ ថែមទាំងបង្ហាញថា ទំនៀមនៃការផលិតលោហកម្មរបស់បុព្វបុរសខ្មែរនៅតែបន្តអាយុជីវិតនៅឡើយសព្វថ្ងៃ។

ការអះអាងបែបនេះ ត្រូវបានធ្វើឡើងរួមគ្នាដោយ លោកបណ្ឌិត Brice VINCENT តំណាងសាលាបារាំងចុងបូព៌ា និងលោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ។ តាមបទបង្ហាញរបស់លោក Brice ដែលប្រែសម្រួលដោយលោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា កំណាយស្រាវជ្រាវលើកនេះ បានរកឃើញចង្ក្រានស្លលោហៈចំនួនពីរ ពុម្ពសម្រាប់ចាក់ជារូបផ្សេងៗ រួមនឹងកម្ទេចកម្ទីលោហៈតូចៗដូចជា ទង់ដែង ដែក និងសំណជាដើម។

សំណាកនៃលោហៈទាំងនេះបញ្ជាក់ថា ខ្មែរចេះវិធីផលិតលោហធាតុ មានសំរិទ្ធជាដើម ទៅជាគ្រឿងអលង្ការ សម្ភារៈប្រើប្រាស់ផ្សេងៗបានយ៉ាងល្អ ខណៈពេលដែលប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍មិនទាន់មាន។ អ្នកស្រាវជ្រាវទាំងពីររូបអះអាងថា តាំងពីបើកកំណាយនៅថ្ងៃទី១១ រហូតដល់ថ្ងៃទី២៧ ខែកក្កដានេះ ក្រុមការងារបានរកឃើញកន្លែងស្លលោហៈ និងកន្លែងសិតលោហៈហើយ តែនៅមិនទាន់ឃើញកន្លែងច្នៃលោហៈនៅឡើយ។ លោកជឿជាក់ថានឹងប្រទះឃើញកន្លែងច្នៃលោហៈក្នុងពេលឆាប់ៗខាងមុខនេះមិនខាន។

និយាយពីទំនៀមនៃការធ្វើរោងទងផលិតលោហៈសម្រាប់ព្រះបរមរាជវាំងនេះវិញ លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា រោងទងស្លលោហៈដែលក្រុមការងារកំពុងធ្វើកំណាយនេះ គឺស្ថិតនៅភាគខាងជើងនៃព្រះបរមរាជវាំងសម័យអង្គរ ហើយទំនៀមនេះឃើញនៅបន្តរហូតដល់សម័យលង្វែក និងសម័យឧដុង្គ និងរហូតដល់ព្រះបរមរាជវាំងនៅភ្នំពេញសព្វថ្ងៃ គឺសាលារចនាហ្នឹងឯង។ ដោយឡែកនៅឧដុង្គ និងបន្ទាយលង្វែកក៏នៅមានសហគមន៍ផលិតលោហៈ នៅខាងក្នុងបរិវេណនៃព្រះបរមរាជវាំងចាស់ នៅតែបន្តមានដល់សព្វថ្ងៃដែរ។ មិនតែប៉ុណ្ណោះ ព្រះរាជវាំងថៃ ដែលទទួលមរតកពីអង្គរ ក៏មានលំនាំដូចគ្នានេះដែរ។ នេះជាការបញ្ជាក់យ៉ាងច្បាស់ថា អារ្យធម៌អង្គរនៅតែបន្តមានជីវិតរហូតដល់សព្វថ្ងៃនៅឡើយ។

ឆ្លើយតបនឹងសំណួរ ដែលចង់ដឹងថា មានហេតុផលអ្វីដែរទេ ដែលរោងទងស្លលោហៈសម្រាប់ព្រះរាជវាំងតែងតែនៅខាងជើងនោះ លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ក្រុមការងារមិនទាន់រកឃើញមូលហេតុ នៅឡើយទេ។ លោកបានពន្យល់ដោយលើកឧទាហរណ៍អំពីរោងស្លដែកវិញ ដែលថា ធម្មតារោងស្លដែកសម័យបុរាណ គឺគេធ្វើនៅភាគឥសាននៃភូមិករមនុស្សរស់នៅ ហើយនៅដាច់អំពីភូមិស្រុក នេះជាទំនៀមរបស់ព្រាហ្មណ៍ក្នុងព្រហ្មញ្ញសាសនា។ ចំណែករឿងរោងទងស្លលោហៈវិញ អ្នកស្រាវជ្រាវមិនទាន់អាចកំណត់ពីហេតុផលបាននៅឡើយ។

សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវ “ព្រះរាជរោងសិតសំរិទ្ធក្នុងព្រះបរមរាជវាំងអង្គរធំ” គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា (EFEO) ដែលត្រូវធ្វើកំណាយស្រាវជ្រាវរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩។ គម្រោងនេះមានក្រុមអនុវត្តការងារចំនួន៣ក្រុមធំៗគឺ ក្រុមអ្នកធ្វើកំណាយ ក្រុមអ្នកសិក្សាវិភាគនៅសាលាបារាំងចុងបូព៌ា និងក្រុមអ្នកមួយទៀត គឺធ្វើវិភាគវិទ្យាសាស្ត្រកំណត់អាយុកាលនៃបំណែកដែលស្រាវជ្រាវបាននៅសហរដ្ឋអាមេរិក។ គម្រោងនេះ ក៏នឹងមានវគ្គបណ្តុះបណ្តាលដល់និស្សិតបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រវិល្បៈ និងបុគ្គលិកនៃអាជ្ញាធរអប្សរា តាមរយៈការចុះមកសិក្សាវិភាគនៅសាលពិសោធន៍សាលាបារាំងចុងបូព៌ា និងនៅទីតាំងកំណាយផ្ទាល់នៅក្នុងបរិវេណព្រះបរមរាជវាំងបុរាណ ក្រោយព្រះលានស្តេចគម្លង់៕




















ព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណកំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២០ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ មានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ។
ការសាងសង់លំនៅដ្ឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវតែប្រព្រឹត្តិទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាបាននូវទេសភាពវប្បធម៌ អត្តសញ្ញាណខ្មែរ បុរាណដ្ឋានត្រូវការពារ និងចៀសវាងការបំផ្លាញផ្សេងៗនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
13
Today
:
14416
Yesterday
:
127742
This Week
:
14416
This Month
:
0668312
Total
:
013650626