ព័ត៌មានថ្មីៗ

ការងារអភិរក្សកុលាលភាជន៍ខ្មែរ

បានផ្សាយនៅ ថ្ងៃទី 26 ខែ កក្កដា ឆ្នាំ2016 01:14 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ការសិក្សាស្រាវជ្រាវ លើកុលាលភាជន៍ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធ្វើឱ្យខ្មែរជំនាន់ក្រោយ បានស្គាល់ពីរបៀបរបបនៃការរស់នៅ និងជីវភាពរបស់មនុស្សជំនាន់មុនៗ។ គេអាចទទួលបានបំណែកកុលាលភាជន៍ទាំងនោះ តាមរយៈកំណាយស្រាវជ្រាវ ពីក្នុងតំបន់ផ្សេងៗ។ តាំងពីឆ្នាំ២០១៥មក អាជ្ញាធរជាតិអប្សរាបានបង្កើតអង្គភាពមួយ ដោយឲ្យឈ្មោះថា អង្គភាពកុលាលភាជន៍អង្គរ ទទួលបន្ទុកស្រាវជ្រាវ និងសិក្សាលម្អិតលើបំណែកកុលាលភាជន៍ទាំងនោះ។

លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ដែលទទួលបន្ទុកជាប្រធានអង្គភាពនេះបានលើកឡើងកាលពីថ្ងៃ២៥ ខែ កក្កដា ឆ្នាំ២០១៦ថា មកដល់ពេលនេះអង្គភាពរបស់លោកកំពុងដំណើរការលើការងារ សំខាន់ៗចំនួនពីរគឺ ទី១ការធ្វើបញ្ជីសារពើភ័ណ្ឌទៅលើកុលាលភាជន៍ ដែលក្រុមស្រាវជ្រាវបានរកឃើញកន្លងមក និងទី២ការជួសជុលកុលាលភាជន៍ណា ដែលអាចជួសជុលបាន។ នៅពេលខាងមុខនេះ ក្រុមរបស់លោកនឹងបន្តការងារ៣ផ្សេងទៀតគឺ សិក្សាលម្អិតអំពីកុលាលភាជន៍ រៀបចំធ្វើពិព័រណ៍កុលាលភាជន៍ និងរៀបចំវគ្គបណ្តុះបណ្តាលអំពីកុលាលភាជន៍។

លោកដារិទ្ធ បន្ថែមថា ក្រុមការងារបានសម្រេចក្នុងការចុះបញ្ជីសារពើភ័ណ្ឌឡទ័ពជ័យរួចរាល់ហើយបានជាង ៤០០០ បំណែក និងឡចុងសំរោងបានជាង ២០០០ បំណែក។ ក្រុមការងារកំពុងចុះបញ្ជីវត្ថុបុរាណដែលធ្វើកំណាយបានពីតំបន់កោះកេរ ដែលអាជ្ញាធរអប្សរាសហការជាមួយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ប្រទេសសិង្ហបូរី ជាង២០០០០ បំណែក ហើយនិងមានការសិក្សាបន្ថែមទៀតទៅលើវត្ថុបុរាណទាំងនោះ ដើម្បីធ្វើការចុះបញ្ជីតាមលក្ខណៈបច្ចេកទេសទៅលើបំណែកតូចៗ។

លោកដារិទ្ធ
បញ្ជាក់បន្ថែមទៀតថា អង្គភាពកុលាលភាជន៍អង្គរបានផ្ទុកបំណែកកុលាលភាជន៍ផ្សេងៗមកពីតំបន់អង្គរ ដូចជា ឡខ្នាពោ ឡបង្កោង ឡទ័ពជ័យ ឡចុងសំរោង និងភាជន៍មកពីតំបន់កោះកែរ សរុបជាង៩០០០០បំណែក។ ក្រៅពីការងារចុះបញ្ជីសារពើភ័ណ្ឌ ក្រុមការងារក៏បានជួសជុលកុលាលភាជន៍រួចរាល់បានចំនួន១០ និងបិទតកុលាលភាជន៍ ដែល មានបំណែកមិនគ្រប់គ្រាន់ បានជាង១០០០ បន្ថែមទៀត។

នាពេលអនាគតអង្គភាពនេះគ្រោងនឹងស្នើទៅបណ្តាសារមន្ទីរ ដែលមានតម្កល់កុលាលភាជន៍មួយចំនួន ដូចជា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរជាដើម ព្រមទាំងស្ថាប័នស្រាវជ្រាវអន្តរជាតិមួយចំនួនទៀត ដើម្បីយកកុលាលភាជន៍ទាំងនោះមកសិក្សាលម្អិតតាមបែបវិភាគវិទ្យាសាស្ត្រទំនើប និងតម្កល់ទុកស្ថិតក្រោមការគ្រប់គ្រងអាជ្ញាធរជាតិអប្សរា ដើម្បីប្រយោជន៍ដល់ជនានុជនខ្មែរជំនាន់ក្រោយសិក្សាស្វែងយល់។ មិនត្រឹមប៉ុណ្ណោះ អង្គភាពនេះ ក៏គ្រោងនឹងបោះពុម្ពផ្សាយនូវស្នាដៃសិក្សាស្រាវជ្រាវរបស់ខ្លួនជាសាធារណៈផងដែរ។

នៅក្នុងកិច្ចប្រជុំបច្ចេកទេសនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ កាលពីខែមិថុនា ឆ្នាំ២០១៥ អង្គប្រជុំបានសម្រេចឲ្យបង្កើតអង្គភាពកុលាលភាជន៍អង្គរឡើង ដែលស្ថិតនៅក្រោមមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា។ កម្មវត្ថុសំខាន់នៃការបង្កើតអង្គភាពនេះ គឺ ដើម្បីថែរក្សា និងសិក្សាលម្អិតអំពីកុលាលភាជន៍ខ្មែរដែលក្រុមស្រាវជ្រាវធ្លាប់បានរកឃើញកន្លងមក៕














នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ថ្ងៃទី២នៃកិច្ចប្រជុំពេញអង្គលើកទី២៧ និងកិច្ចប្រជុំបច្ចេកទេសលើកទី៣៤នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសហប្រធានបារាំងនិងជប៉ុន អង្គការយូណេស្កូ អ្នកជំនាញការអាដហុក មន្ត្រីស្ថានទូតមួយចំនួន អ្នកជំនាញអន្តរជាតិ និងសហការីអាជ្ញាធរជាតិអប្សរា ចុះត្រួតពិនិត្យនិងជិះកង់សាកល្បងលើផ្លូវកង់ ដែលជាសមិទ្ធផលទេសចរណ៍ថ្មីនៅរមណីយដ្ឋានអង្គរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានគណៈកម្មាធិការអាយស៉ីស៉ី-អង្គរ អំពីកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នាថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២១ ប្រព្រឹត្តទៅនៅខេត្តសៀមរាប បានឱ្យដឹងថាការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌនៃមនុស្សជាតិរបស់អង្គការយូណេស្កូ រយៈពេល២៥ឆ្នាំមកនេះ គឺមិនមែនជាកាតព្វកិច្ចរបស់កម្ពុជាតែឯងប៉ុណ្ណោះទេ
គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានសម្រេចរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧នៃអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២១ នាសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប
ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានរៀប ចំតម្រង់បង្គោលឈើឱ្យត្រង់ និងដាក់ខ្សែឡើងវិញនៅតាមដងផ្លូវប្រាសាទបាយ័ន្ត។
ដើមដំបូងមុន12345...382383បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
15028
ម្សិលមិញ
:
20186
សប្តាហ៍នេះ
:
71402
ខែនេះ
:
0309519
សរុប
:
014369374