ព័ត៌មានថ្មីៗ

អ្នកជំនាញខ្មែរកំពុងជួសជុល ប្រាសាទឥដ្ឋនៅប្រាសាទបាគង

បានផ្សាយនៅ ថ្ងៃទី 26 ខែ កក្កដា ឆ្នាំ2016 09:47 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ស ពាក់មួកសុវត្ថិភាព បុរសវ័យចំណាស់និងវ័យកណ្តាល ជាច្រើន កំពុងមមាញឹកយ៉ាងខ្លាំងក្នុងការដ្ឋានជួសជុលប្រាសាទឥដ្ឋ ដែលមានរន្ទារហ៊ុំពីខាងក្រៅយ៉ាងស្អេកស្កះ។ សកម្មភាពនេះ សំដៅធ្វើយ៉ាងណាឱ្យសំណង់ប្រាសាទ ដែលមានការខូចខាត ទទួលបានល្អប្រសើរឡើងវិញផ្នែកបេតិកភណ្ឌជាតិ វិស័យទេសចរណ៍ រួមទាំងទុកជាមរតកវប្បធម៌របស់កូនខ្មែរគ្រប់ជំនាន់។

ផ្តែរនៅខ្លោងទ្វារខាងកើតនៃប៉មឥដ្ឋលេខ៨បានរលំបាក់នៅក្នុងខែ តុលា ឆ្នាំ ២០០៩កន្លងទៅកំឡុងពេលមានភ្លៀងខ្លាំង ហើយត្រូវបានទទួលការសង្រ្គោះបឋមដោយនាយក ដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា។ ចំណែកអ្នកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានបន្តកិច្ចការ អភិរក្សនិងជួសជុលប៉មនេះក្នុងទ្រង់ទ្រាយធំនិងមានរយ:ពេលវែងជាដំណាក់កាលៗ ក្នុងនោះបានចាប់ផ្តើមឡើងនៅខែធ្នូ ឆ្នាំ២០១៥ ដោយអ្នកជំនាញខ្មែរ សរុប១៧នាក់។

លោក តាន់ សុផល អនុប្រធាននាយកដ្ឋាន បានបញ្ជាក់ថា៖ ប្រាសាទឥដ្ឋទាំងអស់មានចំនួន៨ ស្ថិតក្នុងបរិវេណនៃកំពែងទី១ ប្រាសាទបាគងដែលបានសាងឡើងកំឡុង សតវត្សទី១០ បច្ចុប្បន្នប៉មប្រាសាទឥដ្ឋទាំងនោះមានស្ថានភាពទ្រុឌទ្រោមដោយផ្នែកៗ ត្រង់រួតនីមួយៗនៃប៉ម។ គោលបំណងនៃការជួសជុលប៉មលេខ៨គឺគ្រោងនឹងរៀបចំជួសជុលបំណែកផ្តែរដើម្បីបញ្ចូលនៅទីតាំងដើមវិញ ពិសេសគោរពតាមអនុសាសន៍របស់អ្នក ជំនាញAd Hoc អាយ ស៊ី ស៊ី- អង្គរ។ លទ្ធផលនៃការជួសជុលពង្រឹងខ្លោងទ្វារខាងកើតនៃប៉មលេខ៨នេះ បានសម្រេចជាង៥០ភាគរយនៃការងារត្រង់រចនាសម្ព័ន្ធជណ្តើរខាងកើតដោយបានរៀបថ្មជណ្តើរបញ្ចូលត្រង់ទីតាំងដើមវិញត្រឹមកាំទី៨ និងការជួសជុលពង្រឹងខឿន ឥដ្ឋទាំងសងខាង។ កិច្ចការនឹងគ្រោងបន្តជួសជុលបំពេញសសរពេជ្រនិងសសរផ្អោបទាំងពីរក្នុងរយ:៦ខែខាងមុខ។

លោក ស៊ឹម អឿម ប្រធានផ្នែកគ្រប់គ្រងពលករក្នុងកិច្ចការអនុវត្តជួសជុលឥដ្ឋ ហើយជាពលករជំនាញដែលទទួលបានការលើកទឹកចិត្តពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ អប្សរាបានប្រាប់ថា៖ នេះជាកិច្ចការជួសជុលប្រកបដោយការលំបាក និងទាមទារការពិភាក្សាដោយប្រុងប្រយ័ត្នខ្ពស់ ព្រោះជាលើកដំបូងក្នុងការជួសជុលផ្តែរដែលមានទម្ងន់ធ្ងន់ ប្រមាណ៤.៧តោនដើម្បីដំឡើងដាក់នៅទីតាំងដើមវិញដែលមានកម្ពស់៦ម៉ែត្រ។

ការជួសជុលប៉មលេខ៨នៃប្រាសាទបាគងបានប្រើប្រាស់អ្នកបច្ចេកទេសនិងពលករ ជំនាញក្នុងស្រុងទាំងអស់ចំនួន១៧នាក់ ដែលពួកគាត់រស់នៅក្បែរបរិវេណប្រាសាទនៃភូមិ ឪឡោក ស្រុកបា្រសាទបាគង ពលករជំនាញទាំងអស់ធ្លាប់បានទទួលការបណ្តុះបណ្តាល ច្រើនផ្នែកកិច្ចការជូសជុលឥដ្ឋតាំងពីឆ្នាំ ១៩៩៤ដោយអនុវត្តគម្រោងជួសជុលប៉មប្រាសាទ ព្រះគោដែលជាគម្រោងរបស់អន្តរជាតិឈ្មោះ The Royal Angkor Foundation ដូច្នេះ ពួកគាត់កំពុងបន្តចំណេះដឹងនិងបទពិសោធន៍ទាំងនោះតាមរយ:ការបណ្តុះបណ្តាល និងមាន ឈាមជ័រនៃញាតិសន្តានរបស់គាត់ដែលបានជួសជុលប្រាសាទកំឡុងប្រាសាទទទួលការអភិរក្សដោយសាលាបារាំងចុងបូព៌ា(EFEO)។ រាល់បច្ចេកទេសក្នុងការជួសជុលឥដ្ឋគឺបានប្រើប្រាស់បច្ចេកទេសបុរាណនិងផលិតផលក្នុងស្រុកសុទ្ធសាធរួមមានកំបោរលៀស កម្ទេចឥដ្ឋ ដីខ្សាច់ កាវស្បែកគោនិងស្ករត្នោតដែលជាធាតុបន្សំនៃល្បាយបាយអសម្រាប់ភ្ជាប់ឥដ្ឋ និងឥដ្ឋ៕



















ការដាំដើមឈើក្នុងរមណីយដ្ឋានអង្គរ ជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កើតគម្របបៃតងដល់បរិស្ថាន បង្កើតទេសភាពវប្បធម៌ ទាក់ទាញទេសចរ ជាជម្រកសត្វព្រៃ ពិសេសគឺការពារប្រាង្គប្រាសាទពីបម្រែបម្រួលនៃសីតុណ្ហភាព និងបរិយាកាស។
នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំមន្រ្តី បុគ្គលិកជំនាញពាក់ព័ន្ធចុះពិនិត្យ ការអនុវត្តការងារនៅតាមការដ្ឋានដូចជា គម្រោងកំណាយបុរាណវិទ្យាប្រាសាទបាយក្អែក ការចុះពិនិត្យមើលបរិស្ថានជុំវិញត្រពាំងសេស និងអតីត រោងចិញ្ចឹមដំរីខាងកើតភ្នំបាខែង។
១៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចុះពិនិត្យរូបចម្លាក់ឧបករណ៍ភ្លេងបុរាណនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរ
ក្នុងឱកាសអញ្ជើញបំពញភារកិច្ចនៅតាមបណ្តាខេត្ត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញឧបករណ៍ភ្លេងបុរាណលើចម្លាក់ប្រាសាទ បានអញ្ជើញពិនិត្យរូបចម្លាក់ដែលបង្ហាញពីឧបករណ៍ភ្លេងបុរាណនានានៅតាមប្រាសាទមួយចំនួន
នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាប្រចាំច្រកទាំង៦ ក្នុងសប្តាហ៍ទី៤នៃខែកក្កដា ឆ្នាំ២០២០ បានទទួលពាក្យស្នើសុំសាងសង់ពីប្រជាពលរដ្ឋធ្វើលំនៅដ្ឋាន សុំជួសជុលសំណង់ស្រាល និងសំណើសុំផ្សេងៗបម្រើឱ្យប្រយោជន៍សាធារណៈ រួមមាន សាលារៀន និងស្តារហេដ្ឋារចនាសម្ពន្ធបុរាណ សរុបចំនួន១៩ករណី។
របាយការណ៍សកម្មភាពនិងលទ្ធផលការងាររបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំខែកក្កដា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ បានចំនួន២៩៧ សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន២១២ សំណើ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
0773
ម្សិលមិញ
:
5945
សប្តាហ៍នេះ
:
24859
ខែនេះ
:
0251723
សរុប
:
012077354