ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរមូលដ្ឋានដាំកូនឈើចំនួន១២០០ដើមនៅក្នុងវត្តខ្នារធ្នង់និងអនុវិទ្យាល័យខ្នារធ្នង់

បានផ្សាយនៅ ថ្ងៃទី 23 ខែ កក្កដា ឆ្នាំ2016 05:05 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៦នេះ ឯកឧត្តម សឺង គង់ ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរានិងមន្ត្រី/បុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានចូលរួមក្នុងពិធីដាំកូនឈើជាមួយនឹងអាជ្ញាធរស្រុក ឃុំ ភូមិ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ពុទ្ធបរិស័ទយ៉ាងច្រើនកុះករតាមផ្លូវចូលទៅក្នុងវត្តបរិវេណវត្តខ្នារធ្នង់និងបឋមសិក្សា-អនុវិទ្យាល័យខ្នារធ្នង់ស្ថិតនៅភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។

នៅក្នុងពិធីដាំកូនឈើនេះ ឯកឧត្តម សឺង គង់ បានមានប្រសាសន៍ថា ដោយមានការស្នើសុំកូនឈើពីលោកតា ឈរ សុផល អាចារ្យវត្ត និងអាជ្ញាធរមូលដ្ឋានមកអាជ្ញាធរជាតិអប្សរា ទើបនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថានបានផ្តល់កូនឈើចំនួន១២០០ដើមមានប្រភេទ កូនបេង គគីរ គ្រញូង កកោះ ឈើទាល អង្កាញ់និងក្ងោកដើម្បីយកទៅដាំក្នុងបរិវេណវត្ត និងសាលាដើម្បីផ្តល់ម្លប់ដល់ប្រជាពលរដ្ឋមកធ្វើបុណ្យទាននិងសិស្សានុសិស្សមករៀន ក៏ដូចជាការលើកសម្រស់សោភណភាពវត្តអារាម សាលារៀន បុរាណដ្ឋាន និងប្រាង្គប្រាសាទក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យទស្សនាផងដែរ។ឯកឧត្តមបានបន្តថា «ព្រៃឈើមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្ស សត្វ លើភពផែនដីយើងនេះ បើគ្មានព្រៃឈើទេ ក៏មិនមានមនុស្ស សត្វរស់នៅដែរ។យើងរស់នៅបានដោយសារមានព្រៃឈើតែព្រៃឈើរស់នៅបានដោយមិនចាំបាច់មានមនុស្សទេ»។

លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងបានលើកឡើងថា ព្រៃឈើមានសារៈសំខាន់និងផលប្រយោជន៍ខ្លាំងណាស់ចំពោះមនុស្ស សត្វ ដូចជាផ្តល់ជាជម្រក ផ្តល់ជាអាហារនិងការរក្សាបម្រែបម្រួលអាកាសធាតុជាក់ស្តែងដូចយើងបានដឹងស្រាប់ហើយថានៅក្នុងរដូវប្រាំងកន្លងទៅថ្មីៗនេះ អាកាសធាតុមានការឡើង កម្តៅយ៉ាងខ្លាំងដែលយើងមិនដែលធ្លាប់ជួបប្រទះទេនៅក្នុងប្រទេសកម្ពុជាយើង ហើយទន្ទឹមគ្នានេះដែរ ក៏មានប្រទេសមួយចំនួនឡើងកម្តៅពី៤០ទៅដល់៥០អង្សាបង្កឲ្យមានមនុស្សសត្វស្លាប់និងធ្វើឲ្យបឹងបួរ ត្រពាំង ស្រះ អណ្តូង រីងស្ងួតអស់ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគាត់។ នេះ ដោយសារតែការបាត់បង់ព្រៃឈើដែលជាចំណែកមួយជួយថែរក្សាឲ្យមានលំនឹងរវាងបរិយាកាសជាមួយព្រៃឈើ។

ព្រះអង្គ ជា ហេង គ្រូសូត្រស្តាំវត្តខ្នារធ្នង់បានមានថេរដីកាថាព្រៃឈើពិតជាមានសារៈសំខាន់ណាស់ សូម្បីតែព្រះពុទ្ធបរមគ្រូនៃយើងក៏ទ្រង់បានសម្តែងដែរ នៅក្នុងឆាយាធម៌៦យ៉ាងក្នុងនោះក៏មានរុក្ខឆាយាម្លប់គឺដើមឈើ។ម្យ៉ាងវិញទៀតព្រះពុទ្ធពេលទ្រង់ប្រសូត្រក៏ប្រសូត្រក្រោមដើមឈើ ពេលទ្រង់ត្រាស់ដឹងក៏ត្រាស់ដឹងក្រោមដើមឈើនិងពេលទ្រង់បរិនិព្វានក៏បរិនិព្វានក្រោមដើមឈើ។ នេះសបញ្ជាក់ឲ្យឃើញថាព្រៃឈើនិងមនុស្ស សត្វមានទំនាក់ទំនងគ្នាមិនអាចនៅដាច់ពីគ្នាបានទេ ព្រៃឈើពិតជាអាយុជីវិតរបស់មនុស្ស សត្វប្រាកដមែន។ លោកមេឃុំ មេភូមិ នាយកសាលា សិស្សានុសិស្ស និងប្រជាពលរដ្ឋបានធ្វើការប្តេជ្ញាចិត្តថានឹងចូលរួមដាំកូនឈើឲ្យបានច្រើននិងជួយថែរក្សាការពារកូនឈើមិនងាប់ទេ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពរាំងស្ងួត ការកើនឡើងនូវកម្តៅ គ្រោះទឹកជំនន់ និងការពារបរិស្ថានជាមួយរាជរដ្ឋាភិបាលក៏ដូចជាពិភពលោកទាំងមូល។មួយវិញទៀត ការដាំកូនឈើនេះ វាបានជួយកាត់បន្ថយសារធាតុពុល ផ្តល់សំណើមដល់បរិយាកាស ជួយឲ្យភូមិ ឃុំ ស្រុក សាលារៀន វត្តអារាម មានភាពត្រជាក់ត្រជុំ និងបង្កើនសោភណភាពដ៏ស្រស់បំព្រងដល់ភូមិឃុំស្រុកសាលារៀន វត្តអារាមក៏ដូចជាប្រាង្គប្រាសាទព្រមទាំងបុរាណដ្ឋានយើងផងដែរ។

នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរជាតិអប្សរាបានផ្តល់កូនឈើនិងចូលរួមដាំកូនឈើជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ ជាក់ស្តែងដូចជាកាលថ្ងៃទី០៨និងថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏បានចូលរួមដាំកូនឈើជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅស្រុកជីក្រែងនិងស្រុកអង្គរធំខេត្តសៀមរាបដែរ។ អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ចំពោះបរិស្ថានមិនថាក្នុងតំបន់រមណីយដ្ឋានអង្គរឬក្រៅតំបន់រមណីយដ្ឋាននោះទេ។

អាជ្ញាធរជាតិអប្សរាសូមគាំទ្រនិងលើកទឹកចិត្តយ៉ាងពេញទំហឹងចំពោះសកម្មភាពដាំកូនឈើ និងការថែរក្សាការពារព្រៃឈើ ហើយជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់គ្រប់ស្ថាប័នទាំងអស់មិនថាអាជា្ញធរដែនដី ព្រះសង្ឃ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទេ ដែលចង់បានកូនឈើយកទៅដាំ សូមទាក់ទងមកមជ្ឈមណ្ឌលអាជា្ញធរជាតិអប្សរា អាជ្ញាធរជាតិអប្សរានឹងផ្តល់ជូនកូនឈើតាមសំណូមពរ។














ក្នុងគោលបំណងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ ទេសភាព បរិស្ថាន ខាងលិចមុខប្រាសាទអង្គរវត្តឱ្យមានភាពល្អប្រសើរ និងលើកតម្លៃអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមស្ម័គ្រចិត្តពីបងប្អូនអាជីវករ សំណង់ភោជនីយដ្ឋាន អាគាររដ្ឋ និងតូបលក់ដូរមួយចំនួនត្រូវបានរុះរើ។
តាមរបាយការណ៍នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងតំបន់អង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានទទួលពាក្យ ស្នើសុំធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន៦៥ ករណី ក្នុងចំណោមសំណើទាំងនោះ។
ដើម្បីធានាដល់សុវត្ថិភាពប្រាសាទ ភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាព នៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នឹងកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់។ ព័ត៌មានលំអិតសូមអានសេចក្ដីជូនដូចដែលមានភ្ជាប់ខាងក្រោម៖
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
ដើមដំបូងមុន12345...329330បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0982
ម្សិលមិញ
:
3859
សប្តាហ៍នេះ
:
00982
ខែនេះ
:
0243721
សរុប
:
011706317