NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 23 July 2016 05:05 PM Post By ៖ Apsara National Authority

នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៦នេះ ឯកឧត្តម សឺង គង់ ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរានិងមន្ត្រី/បុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានចូលរួមក្នុងពិធីដាំកូនឈើជាមួយនឹងអាជ្ញាធរស្រុក ឃុំ ភូមិ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ពុទ្ធបរិស័ទយ៉ាងច្រើនកុះករតាមផ្លូវចូលទៅក្នុងវត្តបរិវេណវត្តខ្នារធ្នង់និងបឋមសិក្សា-អនុវិទ្យាល័យខ្នារធ្នង់ស្ថិតនៅភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។

នៅក្នុងពិធីដាំកូនឈើនេះ ឯកឧត្តម សឺង គង់ បានមានប្រសាសន៍ថា ដោយមានការស្នើសុំកូនឈើពីលោកតា ឈរ សុផល អាចារ្យវត្ត និងអាជ្ញាធរមូលដ្ឋានមកអាជ្ញាធរជាតិអប្សរា ទើបនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថានបានផ្តល់កូនឈើចំនួន១២០០ដើមមានប្រភេទ កូនបេង គគីរ គ្រញូង កកោះ ឈើទាល អង្កាញ់និងក្ងោកដើម្បីយកទៅដាំក្នុងបរិវេណវត្ត និងសាលាដើម្បីផ្តល់ម្លប់ដល់ប្រជាពលរដ្ឋមកធ្វើបុណ្យទាននិងសិស្សានុសិស្សមករៀន ក៏ដូចជាការលើកសម្រស់សោភណភាពវត្តអារាម សាលារៀន បុរាណដ្ឋាន និងប្រាង្គប្រាសាទក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យទស្សនាផងដែរ។ឯកឧត្តមបានបន្តថា «ព្រៃឈើមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្ស សត្វ លើភពផែនដីយើងនេះ បើគ្មានព្រៃឈើទេ ក៏មិនមានមនុស្ស សត្វរស់នៅដែរ។យើងរស់នៅបានដោយសារមានព្រៃឈើតែព្រៃឈើរស់នៅបានដោយមិនចាំបាច់មានមនុស្សទេ»។

លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងបានលើកឡើងថា ព្រៃឈើមានសារៈសំខាន់និងផលប្រយោជន៍ខ្លាំងណាស់ចំពោះមនុស្ស សត្វ ដូចជាផ្តល់ជាជម្រក ផ្តល់ជាអាហារនិងការរក្សាបម្រែបម្រួលអាកាសធាតុជាក់ស្តែងដូចយើងបានដឹងស្រាប់ហើយថានៅក្នុងរដូវប្រាំងកន្លងទៅថ្មីៗនេះ អាកាសធាតុមានការឡើង កម្តៅយ៉ាងខ្លាំងដែលយើងមិនដែលធ្លាប់ជួបប្រទះទេនៅក្នុងប្រទេសកម្ពុជាយើង ហើយទន្ទឹមគ្នានេះដែរ ក៏មានប្រទេសមួយចំនួនឡើងកម្តៅពី៤០ទៅដល់៥០អង្សាបង្កឲ្យមានមនុស្សសត្វស្លាប់និងធ្វើឲ្យបឹងបួរ ត្រពាំង ស្រះ អណ្តូង រីងស្ងួតអស់ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគាត់។ នេះ ដោយសារតែការបាត់បង់ព្រៃឈើដែលជាចំណែកមួយជួយថែរក្សាឲ្យមានលំនឹងរវាងបរិយាកាសជាមួយព្រៃឈើ។

ព្រះអង្គ ជា ហេង គ្រូសូត្រស្តាំវត្តខ្នារធ្នង់បានមានថេរដីកាថាព្រៃឈើពិតជាមានសារៈសំខាន់ណាស់ សូម្បីតែព្រះពុទ្ធបរមគ្រូនៃយើងក៏ទ្រង់បានសម្តែងដែរ នៅក្នុងឆាយាធម៌៦យ៉ាងក្នុងនោះក៏មានរុក្ខឆាយាម្លប់គឺដើមឈើ។ម្យ៉ាងវិញទៀតព្រះពុទ្ធពេលទ្រង់ប្រសូត្រក៏ប្រសូត្រក្រោមដើមឈើ ពេលទ្រង់ត្រាស់ដឹងក៏ត្រាស់ដឹងក្រោមដើមឈើនិងពេលទ្រង់បរិនិព្វានក៏បរិនិព្វានក្រោមដើមឈើ។ នេះសបញ្ជាក់ឲ្យឃើញថាព្រៃឈើនិងមនុស្ស សត្វមានទំនាក់ទំនងគ្នាមិនអាចនៅដាច់ពីគ្នាបានទេ ព្រៃឈើពិតជាអាយុជីវិតរបស់មនុស្ស សត្វប្រាកដមែន។ លោកមេឃុំ មេភូមិ នាយកសាលា សិស្សានុសិស្ស និងប្រជាពលរដ្ឋបានធ្វើការប្តេជ្ញាចិត្តថានឹងចូលរួមដាំកូនឈើឲ្យបានច្រើននិងជួយថែរក្សាការពារកូនឈើមិនងាប់ទេ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពរាំងស្ងួត ការកើនឡើងនូវកម្តៅ គ្រោះទឹកជំនន់ និងការពារបរិស្ថានជាមួយរាជរដ្ឋាភិបាលក៏ដូចជាពិភពលោកទាំងមូល។មួយវិញទៀត ការដាំកូនឈើនេះ វាបានជួយកាត់បន្ថយសារធាតុពុល ផ្តល់សំណើមដល់បរិយាកាស ជួយឲ្យភូមិ ឃុំ ស្រុក សាលារៀន វត្តអារាម មានភាពត្រជាក់ត្រជុំ និងបង្កើនសោភណភាពដ៏ស្រស់បំព្រងដល់ភូមិឃុំស្រុកសាលារៀន វត្តអារាមក៏ដូចជាប្រាង្គប្រាសាទព្រមទាំងបុរាណដ្ឋានយើងផងដែរ។

នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរជាតិអប្សរាបានផ្តល់កូនឈើនិងចូលរួមដាំកូនឈើជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ ជាក់ស្តែងដូចជាកាលថ្ងៃទី០៨និងថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏បានចូលរួមដាំកូនឈើជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅស្រុកជីក្រែងនិងស្រុកអង្គរធំខេត្តសៀមរាបដែរ។ អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ចំពោះបរិស្ថានមិនថាក្នុងតំបន់រមណីយដ្ឋានអង្គរឬក្រៅតំបន់រមណីយដ្ឋាននោះទេ។

អាជ្ញាធរជាតិអប្សរាសូមគាំទ្រនិងលើកទឹកចិត្តយ៉ាងពេញទំហឹងចំពោះសកម្មភាពដាំកូនឈើ និងការថែរក្សាការពារព្រៃឈើ ហើយជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់គ្រប់ស្ថាប័នទាំងអស់មិនថាអាជា្ញធរដែនដី ព្រះសង្ឃ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទេ ដែលចង់បានកូនឈើយកទៅដាំ សូមទាក់ទងមកមជ្ឈមណ្ឌលអាជា្ញធរជាតិអប្សរា អាជ្ញាធរជាតិអប្សរានឹងផ្តល់ជូនកូនឈើតាមសំណូមពរ។














នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
FirstPrev12345...355356NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
0911
Yesterday
:
7620
This Week
:
41566
This Month
:
0136245
Total
:
012905677