ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបញ្រ្ជាបចំណេះដឹងបេតិកភណ្ឌដល់និស្សិតតាមសាកលវិទ្យាល័យ

បានផ្សាយនៅ ថ្ងៃទី 22 ខែ កក្កដា ឆ្នាំ2016 03:35 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ការចេះដឹងអំពីបេតិកភណ្ឌរបស់ខ្លួន នឹងជំរុញឲ្យយុវជនរឹងរឹតតែស្រឡាញ់ និងមានឆន្ទៈមុតមាំក្នុងការថែរក្សាអភិរក្សឲ្យបានគង់វង្ស។ កាលបើយុវជនដែលជាទំពាំងស្នងឫស្សីមានការយល់ដឹងច្បាស់ និងរួមចំណែកថែរក្សាហើយនោះ បេតិកភណ្ឌដូនតានឹងអាចតាំងនៅយូរអង្វែងតជំនាន់វែងឆ្ងាយទៅទៀត។ ដូច្នេះ មានតែអប់រំទេដែលអាចសម្រេចបំណងនេះបាន។

អាជ្ញាធរជាតិអប្សរា ដែលមានបេសកកម្មលើការងារអភិរក្ស​និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ បានបំពេញតួនាទីនេះជាបណ្តើរៗមកហើយ។ ជាក់ស្តែង ក្រុមការងារសហគមន៍ដែលមានគ្រប់ទាំង៥ស្រុក-ក្រុងក្នុងរមណីយដ្ឋាន តែងចុះអប់រំប្រជាពលរដ្ឋតាមទីតាំងទាំងនេះជាប្រចាំ ដើម្បីឲ្យពួកគាត់បានយល់ដឹង និងចូលរួមថែរក្សាបេតិកភណ្ឌអង្គរ។

ដោយឡែក ក្នុងឆ្នាំ២០១៦ គឺចាប់ពីខែកក្កដានេះតទៅ អាជ្ញាធរជាតិអប្សរាបានដំណើរការចុះអប់រំបេតិកភណ្ឌតាមសាលារៀនជាបន្តទៀត ក្នុងទិសដៅបណ្តុះផ្នត់គំនិតយុវសិស្សទាំងអស់ឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌទាំងអស់គ្នា។ ថ្ងៃទី២២ ខែកក្កដានេះ សាកលវិទ្យាល័យអង្គរ គឺជាទិសដៅដំបូងគេបង្អស់នៃការចុះអប់រំស្តីពីបេតិកភណ្ឌ ក្រោមប្រធានបទ “បេតិកភណ្ឌដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីបេតិកភណ្ឌ”

លោក មួង ណារិន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអង្គរបានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ និងខ្លួនលោកផ្ទាល់ លោកពិតជារីករាយ និងស្វាគមន៍ចំពោះការផ្សព្វផ្សាយនេះខ្លាំងណាស់។ ទោះជានិស្សិតរៀនពីមុខវិជ្ជាអ្វីក៏ដោយ តែចំណេះដឹងអំពីបេតិកភណ្ឌរបស់ដូនតានេះ និស្សិតត្រូវតែចេះដឹងគ្រប់គ្នា។ វាមិនត្រឹមតែជួយនិស្សិតឲ្យចេះស្រឡាញ់ និងចូលរួមការពារទេ តែវាជាចំណេះដឹងទូទៅមួយ ដែលជួយដល់និស្សិតពេលប្រឡងធ្វើការងារក្រោយបញ្ចប់កិច្ចសិក្សាផងដែរ។

លោក សុខ នី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប ដែលបានអញ្ជើញចូលរួមក្នុងពិធីព្រឹកមិញនេះ ក៏បានសម្តែងនូវការគាំទ្រពេញទំហឹងលើការចុះអប់រំអំពីបេតិកភណ្ឌនេះដែរ។ លោកមានប្រសាសន៍ថា និស្សិតភាគច្រើនមិនសូវយល់ច្បាស់អំពីបេតិកភណ្ឌនេះទេ សូម្បីអ្នកដែលរស់នៅក្នុងតំបន់អង្គរក៏ដោយ ក៏មិនប្រាកដថាបានយល់ដឹងថាអ្វីខ្លះជាបេតិកភណ្ឌដែរ។ ដូច្នេះ ការចុះអប់រំរបៀបនេះ ពិតជាអាចផ្តល់ចំណេះដឹងដែលអាចជួយឲ្យនិស្សិត ចេះគិតគូរអំពីតម្លៃបេតិកភណ្ឌដែលដូនតាបានបន្សល់ទុកឲ្យមិនខាន។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារនេះមានប្រសាសន៍ទៅកាន់និស្សិតប្រមាណជាង១៤០នាក់ ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយនេះថា ការអភិរក្សបេតិកភណ្ឌគឺចាំបាច់ត្រូវមានការចូលរួមពីយុវជនគ្រប់គ្នា ប៉ុន្តែមុននឹងយុវជនអាចចូលរួមក្នុងការងារនេះបាន ទាល់តែបានយល់ច្បាស់អំពីតម្លៃនៃបេតិកភណ្ឌ និងសារៈសំខាន់ដែលចាំបាច់ត្រូវតែថែរក្សា។ “យើងត្រូវស្គាល់ថា យើងជាអ្នកណា? មានអ្វីខ្លះដែលសំខាន់សម្រាប់យើងនិងគ្រួសារយើង? ពេលដឹងហើយ យើងនឹងស្រឡាញ់របស់នោះ ថែរក្សារបស់នោះមិនខាន។ ដូចគ្នាដែរ យើងត្រូវដឹងថា ដូនតាយើងបន្សល់អ្វីខ្លះដល់យើង? របស់ទាំងនោះសំខាន់យ៉ាងណាខ្លះដល់យើង? យើងត្រូវតែដឹង ដើម្បីថែរក្សាមរតកទាំងនោះឲ្យបានគង់វង្ស”

ឯកឧត្តម​បន្ថែម​ថា​ តាមរយៈ​កិច្ច​ប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា​ បានធ្វើ​ឲ្យអង្គរដែលបានទទួលចុះបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២​ ជាបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់នោះ​ បានក្លាយ​ជាបេតិកភណ្ឌពិភពលោកពេញលេញ​ ហើយយន្តការគ្រប់គ្រងអង្គរក៏បានក្លាយជាគំរូនៃបណ្តាប្រទេសផ្សេងៗក្នុងពិភពលោកទៀតផង។​ ដូច្នេះ​ យើងជាយុវជនទាំងអស់គ្នាត្រូវខិតខំបន្តទៀត​ ដើម្បី​បន្តការងារនេះឲ្យរឹងរឹតតែប្រសើរឡើង។​

គួរបញ្ជាក់ថា គម្រោងចុះអប់រំអំពីបេតិកភណ្ឌតាមសាលារៀន នឹងធ្វើឡើងគ្រប់សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំងអស់ក្នុងខេត្តសៀមរាប រួមទាំងអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល។ ទៅអនាគត ក្រុមការងារគ្រោងនឹងចុះអប់រំតាមបណ្តាសាកលវិទ្យាល័យធំៗ ក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត៕












នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានរៀបចំបើកវគ្គបណ្តុះបណ្តាលរបបសារព័ត៌មាន ការផ្តល់ព័ត៌មាន ទទួលព័ត៌មានក្នុងរង្វង់មន្រ្តី-បុគ្គលិក ដល់មន្រ្តី-បុគ្គលិកមកពីនាយកដ្ឋានចំណុះនៃអាជ្ញាធរជាតិអប្សរាចំនួន៤០រូប។
ក្នុងបំណងបំពេញគម្របព្រៃឈើឡើងវិញ ក្រោយមានការកាប់ទន្រ្ទានខុសច្បាប់កន្លងមក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមភ្នាក់ងារព្រៃឈើនៃនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ សហការជាមួយនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធមាននគរបាលប៉ុស្ដិ៍រដ្ឋបាល នគរបាលបេតិកភណ្ឌ មន្រ្តីឧទ្យាននុរក្ស បានចុះដាំកូនឈើឡើងវិញនៅចំណុចខាងកើតប៉ុស្ដិ៍ត្រួតពិនិត្យសំបុត្រផ្លូវ៦០ម
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានផ្តល់កូនឈើចំនួន៣០០ដើម ដល់ព្រះសង្ឃដែលជាតំណាងសមាគមជីវិត និងក្ដីសង្ឃឹម ដើម្បីយកទៅដាំក្នុងបរិវេណសាលាបឋមសិក្សាថ្លាត ស្ថិតនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ កូនឈើដែលផ្តល់ជូននៅពេលនោះរួមមាន ឈើគ្រញូងចំនួន ១៥០ដើម និងឈើធ្នង់ចំនួន ១៥០ដើម៕
នៅព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ២០២០ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបាឋកថាស្ដីពី «ព្រះពុទ្ធបដិមានៅអង្គរវត្ត» ដើម្បីចែករំលែកជុំវិញការងារដែលក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះពុទ្ធបដិមាច្រើនអង្គ ក្នុងរណ្ដៅដីនៅជ្រុងនិរតីនៃប្រាសាទអង្គរវត្ត។ តាមបទបង្ហាញរបស់ក្រុមអ្នកជំនាញ បានបង្ហាញឱ្យឃើញច្បាស់ថា ការកប់នេះមិនមែនជាការកប់ចោលលេងៗនោះទេ តែជាការរៀបចំត្រឹមត្រូវ និងដោយការគោរពចំពោះបដិមាទាំងនោះ។
ក្នុងឱកាសអញ្ជើញបំពញភារកិច្ចនៅតាមបណ្តាខេត្ត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញឧបករណ៍ភ្លេងបុរាណលើចម្លាក់ប្រាសាទ បានអញ្ជើញពិនិត្យរូបចម្លាក់ដែលបង្ហាញពីឧបករណ៍ភ្លេងបុរាណនានានៅតាមប្រាសាទមួយចំនួន៕

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
0766
ម្សិលមិញ
:
5945
សប្តាហ៍នេះ
:
24852
ខែនេះ
:
0251716
សរុប
:
012077347