ព័ត៌មានថ្មីៗ

អ្នកជំនាញនិយាយពីការជួសជុលនិងអភិរក្សនៅព្រះវិហារវត្តរាជបូណ៌

បានផ្សាយនៅ ថ្ងៃទី 21 ខែ កក្កដា ឆ្នាំ2016 03:50 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

វត្តបូណ៌ ឬ វត្តរាជបូណ៌ ជាបូជនីយដ្ឋាននិងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប កសាងឡើងក្នុងរវាងឆ្នាំ១៦៥០។ បើរាប់ពីដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែជាទីចាប់អារម្មណ៍បំផុតសម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ។

ភាពអស្ចារ្យនៃក្បូរក្បាច់រចនាដ៏ល្អពិចិត្រនៃសំណង់ ចម្លាក់ គំនូរទាំងនោះ ត្រូវបានខូចខាតនិងបាត់បង់សោភ័ណដើមដោយអន្លើនៅកន្លែងខ្លះដោយសារអាកាសធាតុ អាយុកាល ការធ្វើថ្មី ការប្រេះស្រាំ ធូលី និងផ្សែងធូបទៀនរុំជាដើម។ ដូច្នេះហើយទើបអាជ្ញាធរជាតិអប្សរាបានសហការជាមួយអ្នកជំនាញអ៊ីតាលីដើម្បីជួសជុលព្រះវិហារនេះក្នុងបំណងអភិរក្សនិងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរនាបុរាណកាលឱ្យរស់រវើកនាពេលបច្ចុប្បន្នឡើងវិញ។

ក្នុងសម្លៀកបំពាក់ខោសជើងវែង អាវយឺតប្រផេះដៃខ្លី មួកលឿង ទឹកមុខប្រកបដោយភាពរួសរាយ កញ្ញា មាស សុភាព បុគ្គលិកអភិរក្សនៃសារមន្ទីរនរោត្តមសីហនុអង្គរ បានប្រាប់ថា ការជួសជុលព្រះវិហារវត្តបូណ៌ គឺចាប់ផ្តើមនៅឆ្នាំ២០១៤ មានបុគ្គលិក១៩នាក់ មកពីនាយកដ្ឋានផ្សេងៗគ្នា។ ការជួសជុលនិងសម្អាតនេះផ្តោតសំខាន់លើសន្លឹកបង្អួច សន្លឹកទ្វារ ពុទ្ធបដិមាធំក្នុងព្រះវិហារ និងពុទ្ធបដិមាតូចៗមួយចំនួន បល្ល័ង្ក គំនូរ រចនាសម្ពន្ធសសរ ដែលរងនូវការខូចខាត ប្រេះស្រាំ រលុបបាត់បង់ភាពដើម ដោយសារផ្សែងភ្លើងរុំ ធូលីដី បរិយាកាស អាយុកាល ការលាបពណ៌ថ្មី និងការជួសជុលផ្សេងៗពីមួយជំនាន់ទៅមួយជំនាន់។

កញ្ញាបន្តទៀតថា ដើម្បីរក្សាគុណតម្លៃនៃបុរាណវត្ថុនេះឱ្យបានល្អ យើងមានវិធីសម្អាតស្ងួត សម្អាតសើម ដើម្បីយកពណ៌ថ្នាំថ្មី ធូលីឬលាងកំណកផ្សែងដែលរុំព័ទ្ធលើរូបបដិមា រូបគំនូ និងចង់ដឹងដែរថា តើពណ៌ដើមនៃសំណង់មានពណ៌អ្វី ធ្វើពីអ្វី។ មួយទៀតក៏ដើម្បីអភិរក្សនិងលើកតម្លៃសោភ័ណដើមនៃសិល្បៈសំណង់នេះផងដែរ។ យើងសម្អាតមួយស្រទាប់ម្តងៗ ដើម្បីបកថ្នាំទាំងនោះ រហូតដល់ស្រទាប់ដើម ដែលភាគច្រើនជាពណ៌បែបស្រគត់ស្រគំ តែកន្លែងខ្លះ រូបខ្លះយើងក៏មិនអាចសម្អាតឱ្យដល់ស្រទាប់ដើមដែរ ព្រោះវានាំឱ្យប៉ះពាល់វត្ថុនោះ។ នៅតាមជញ្ជាំង សសរ រូបចម្លាក់លើស៊ុមបង្អួច មានស្រទាប់ថ្នាំខុសៗគ្នា ចន្លោះពី៧ទៅ៣ស្រទាប់ ហើយរាល់ការសម្អាត ជួសជុល ទាមទារខ្លាំងណាស់នូវការអត់ធ្មត់និងប្រិតព្រៀងបំផុត ពិសេសត្រូវមានជំនាញលាយគ្រឿងផ្សំឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីកុំឱ្យមានប្រតិកម្មនឹងថ្នាំចាស់។ រយៈពេល២ឆ្នាំមកនេះ ក្រុមការងារសម្រេចបានការសម្អាតជើងសសរ ពុទ្ធបដិមាធំ បល្ល័ង្ក រូបចម្លាក់មួយចំនួន សន្លឹកបង្អួច៩ផ្ទាំង រូបគំនូរ៣ផ្ទាំងក្នុងចំណោម១៥៧ផ្ទាំង ខ្លះគូរត្រេលើរូបដែលបាត់មុខ ហើយបិទម្នាងសិលាលើកន្លែងចន្លោះប្រហោងធំៗជាដើម។

កញ្ញា សុភាព បានសម្តែងនូវភាពរីករាយយ៉ាងខ្លាំងចំពោះលទ្ធផលការងារដែល សម្រេចបាន បើទោះជាយើងធ្វើបានតិចក៏ពិតមែន តែវាប្រកបដោយភាពអស្ចារ្យចំពោះអ្វី ដែលយើងបានឃើញ ដូចជាពណ៌ដើមនៃសសរ ជញ្ជាំង ចម្លាក់ គំនូរ សន្លឹកទ្វារបង្អួច ភាពស្រស់ស្អាតនៃបល្ល័ង្ក។ល។ យើងខ្ញុំក៏សូមឱ្យមានការលើកទឹកចិត្តចំពោះអ្នកជួសជុលទាំងអស់ឱ្យបានខ្ពស់ផងដែរ ពីសំណាក់ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ព្រោះមានបុរាណដ្ឋាន បុរាណវត្ថុខ្មែរច្រើនណាស់ ដែលត្រូវការអ្នកជួសជុលធ្វើការងារនេះដើម្បីសង្គ្រោះវត្ថុទាំងនោះឱ្យនៅរស់រវើកគ្រប់ជំនាន់។

បន្ថែមពីនោះ អ្នកជំនាញរូបនេះក៏បានលើកឡើងពីការលំបាកក្នុងការជួសជុលបុរាណវត្ថុដែរថា៖ យើងគ្រប់គ្នាប្រឈមនឹងគ្រោះថ្នាក់គ្រប់វិនាទី បើយើងមិនប្រយ័ត្ននៅពេលឡើងឈរនៅលើរន្ទា ពេលខ្លះតកៅអីលើរន្ទាទៀតដើម្បីកោសលុបឬគូររូបទាំងនោះ។ ពេលកាន់ស្កាប៉ែលម្តងៗ (កាំបិតវះកាត់) ដើម្បីបកស្រទាប់ថ្នាំ ពេលខ្លះអាចនាំឱ្យមុតដៃ។ មិនតែប៉ុណ្ណោះក៏ប្រឈមនឹងបញ្ហាសុខភាពពេលប្រើប្រាស់សារធាតុគីមីផងដែរ។ កម្តៅថ្ងៃ ក៏ជាបញ្ហាសំខាន់ចំពោះភាពអំណត់របស់ពួកយើងលើការងារដូចគ្នា។ ក្រៅពីប្រឈមមុខនឹង ខ្លួនឯងហើយ ក្រុមអ្នកជួសជុលត្រូវទទួលខុសត្រូវលើការងារខ្លួនឯងខ្ពស់ បើភ្លាត់តែបន្តិច អាចធ្វើឱ្យរូបនិងវត្ថុបុរាណទាំងនោះខូចទ្រង់ទ្រាយដើមទាំងស្រុង។ រឹតតែសំខាន់ជាងនេះ ទៅទៀត ពួកយើងក៏មានសម្ពាធផ្លូវចិត្តដែរ នៅពេលដែលការខិតខំប្រឹងប្រែងរបស់យើង ធ្វើអស់ពីលទ្ធភាពហើយ បែរជាគេថាធ្វើការយឺត។ កញ្ញាក៏ទទួលស្គាល់ដែរចំពោះបញ្ហាយឺតយ៉ាវ ធ្វើបានចំនួនតិច តែត្រូវដឹងថា ការងារនេះមិនមែនធ្វើឱ្យតែរួចពីដៃទេ គឺត្រូវការភាព ផ្ចិតផ្ចង់ ជំនាញ អត់ធ្មត់ ស្រឡាញ់ វិភាគ សិក្សា ធ្វើតេស្តគ្រប់វត្ថុ និងពេលវេលាសមរម្យ ដើម្បីធ្វើបានល្អ៕




















កម្មវិធី "អង្គរ និងលើសពីនេះ..." គឺជាកិច្ចសហការថ្មីមួយរវាងអាជ្ញាធរជាតិអប្សរានិងសារព័ត៌មានអេឡិចត្រូនិចថ្មីៗក្នុងការរៀបចំឯកសារទាំងភាសាជាតិនិងបរទេសដើម្បីផ្សព្វផ្សាយមិនត្រឹមតែអំពីកិច្ចអភិរក្ស អភិវឌ្ឍន៍ប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែរួមមានអាថ៌កំបាំងជាច្រើនដែលមានតម្លៃជាបេតិកភណ្ឌអរូបីនៅក្នុងរមណីយដ្ឋានអង្គរដែរ។ ឯកសារទាំងនេះមានចរិតជាប្រវត្តិសាស្ត្រផង និងមានចរិតបច្ចុប្បន្នភាពផងដែលធ្វើឲ្យអ្នកទស្សនាអាចស្វែងយល់មួយផ្នែកអំពីខ្លឹមសារនៃប្រវត្តិសាស្ត្រពាក់ព័ន្ធ និងប្រៀបធៀបទៅនឹងទិដ្ឋភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមដំបូងមុន12345...355356បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
7882
ម្សិលមិញ
:
9079
សប្តាហ៍នេះ
:
07882
ខែនេះ
:
0161391
សរុប
:
012930823