NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 21 July 2016 03:50 PM Post By ៖ Apsara National Authority

វត្តបូណ៌ ឬ វត្តរាជបូណ៌ ជាបូជនីយដ្ឋាននិងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប កសាងឡើងក្នុងរវាងឆ្នាំ១៦៥០។ បើរាប់ពីដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែជាទីចាប់អារម្មណ៍បំផុតសម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ។

ភាពអស្ចារ្យនៃក្បូរក្បាច់រចនាដ៏ល្អពិចិត្រនៃសំណង់ ចម្លាក់ គំនូរទាំងនោះ ត្រូវបានខូចខាតនិងបាត់បង់សោភ័ណដើមដោយអន្លើនៅកន្លែងខ្លះដោយសារអាកាសធាតុ អាយុកាល ការធ្វើថ្មី ការប្រេះស្រាំ ធូលី និងផ្សែងធូបទៀនរុំជាដើម។ ដូច្នេះហើយទើបអាជ្ញាធរជាតិអប្សរាបានសហការជាមួយអ្នកជំនាញអ៊ីតាលីដើម្បីជួសជុលព្រះវិហារនេះក្នុងបំណងអភិរក្សនិងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរនាបុរាណកាលឱ្យរស់រវើកនាពេលបច្ចុប្បន្នឡើងវិញ។

ក្នុងសម្លៀកបំពាក់ខោសជើងវែង អាវយឺតប្រផេះដៃខ្លី មួកលឿង ទឹកមុខប្រកបដោយភាពរួសរាយ កញ្ញា មាស សុភាព បុគ្គលិកអភិរក្សនៃសារមន្ទីរនរោត្តមសីហនុអង្គរ បានប្រាប់ថា ការជួសជុលព្រះវិហារវត្តបូណ៌ គឺចាប់ផ្តើមនៅឆ្នាំ២០១៤ មានបុគ្គលិក១៩នាក់ មកពីនាយកដ្ឋានផ្សេងៗគ្នា។ ការជួសជុលនិងសម្អាតនេះផ្តោតសំខាន់លើសន្លឹកបង្អួច សន្លឹកទ្វារ ពុទ្ធបដិមាធំក្នុងព្រះវិហារ និងពុទ្ធបដិមាតូចៗមួយចំនួន បល្ល័ង្ក គំនូរ រចនាសម្ពន្ធសសរ ដែលរងនូវការខូចខាត ប្រេះស្រាំ រលុបបាត់បង់ភាពដើម ដោយសារផ្សែងភ្លើងរុំ ធូលីដី បរិយាកាស អាយុកាល ការលាបពណ៌ថ្មី និងការជួសជុលផ្សេងៗពីមួយជំនាន់ទៅមួយជំនាន់។

កញ្ញាបន្តទៀតថា ដើម្បីរក្សាគុណតម្លៃនៃបុរាណវត្ថុនេះឱ្យបានល្អ យើងមានវិធីសម្អាតស្ងួត សម្អាតសើម ដើម្បីយកពណ៌ថ្នាំថ្មី ធូលីឬលាងកំណកផ្សែងដែលរុំព័ទ្ធលើរូបបដិមា រូបគំនូ និងចង់ដឹងដែរថា តើពណ៌ដើមនៃសំណង់មានពណ៌អ្វី ធ្វើពីអ្វី។ មួយទៀតក៏ដើម្បីអភិរក្សនិងលើកតម្លៃសោភ័ណដើមនៃសិល្បៈសំណង់នេះផងដែរ។ យើងសម្អាតមួយស្រទាប់ម្តងៗ ដើម្បីបកថ្នាំទាំងនោះ រហូតដល់ស្រទាប់ដើម ដែលភាគច្រើនជាពណ៌បែបស្រគត់ស្រគំ តែកន្លែងខ្លះ រូបខ្លះយើងក៏មិនអាចសម្អាតឱ្យដល់ស្រទាប់ដើមដែរ ព្រោះវានាំឱ្យប៉ះពាល់វត្ថុនោះ។ នៅតាមជញ្ជាំង សសរ រូបចម្លាក់លើស៊ុមបង្អួច មានស្រទាប់ថ្នាំខុសៗគ្នា ចន្លោះពី៧ទៅ៣ស្រទាប់ ហើយរាល់ការសម្អាត ជួសជុល ទាមទារខ្លាំងណាស់នូវការអត់ធ្មត់និងប្រិតព្រៀងបំផុត ពិសេសត្រូវមានជំនាញលាយគ្រឿងផ្សំឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីកុំឱ្យមានប្រតិកម្មនឹងថ្នាំចាស់។ រយៈពេល២ឆ្នាំមកនេះ ក្រុមការងារសម្រេចបានការសម្អាតជើងសសរ ពុទ្ធបដិមាធំ បល្ល័ង្ក រូបចម្លាក់មួយចំនួន សន្លឹកបង្អួច៩ផ្ទាំង រូបគំនូរ៣ផ្ទាំងក្នុងចំណោម១៥៧ផ្ទាំង ខ្លះគូរត្រេលើរូបដែលបាត់មុខ ហើយបិទម្នាងសិលាលើកន្លែងចន្លោះប្រហោងធំៗជាដើម។

កញ្ញា សុភាព បានសម្តែងនូវភាពរីករាយយ៉ាងខ្លាំងចំពោះលទ្ធផលការងារដែល សម្រេចបាន បើទោះជាយើងធ្វើបានតិចក៏ពិតមែន តែវាប្រកបដោយភាពអស្ចារ្យចំពោះអ្វី ដែលយើងបានឃើញ ដូចជាពណ៌ដើមនៃសសរ ជញ្ជាំង ចម្លាក់ គំនូរ សន្លឹកទ្វារបង្អួច ភាពស្រស់ស្អាតនៃបល្ល័ង្ក។ល។ យើងខ្ញុំក៏សូមឱ្យមានការលើកទឹកចិត្តចំពោះអ្នកជួសជុលទាំងអស់ឱ្យបានខ្ពស់ផងដែរ ពីសំណាក់ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ព្រោះមានបុរាណដ្ឋាន បុរាណវត្ថុខ្មែរច្រើនណាស់ ដែលត្រូវការអ្នកជួសជុលធ្វើការងារនេះដើម្បីសង្គ្រោះវត្ថុទាំងនោះឱ្យនៅរស់រវើកគ្រប់ជំនាន់។

បន្ថែមពីនោះ អ្នកជំនាញរូបនេះក៏បានលើកឡើងពីការលំបាកក្នុងការជួសជុលបុរាណវត្ថុដែរថា៖ យើងគ្រប់គ្នាប្រឈមនឹងគ្រោះថ្នាក់គ្រប់វិនាទី បើយើងមិនប្រយ័ត្ននៅពេលឡើងឈរនៅលើរន្ទា ពេលខ្លះតកៅអីលើរន្ទាទៀតដើម្បីកោសលុបឬគូររូបទាំងនោះ។ ពេលកាន់ស្កាប៉ែលម្តងៗ (កាំបិតវះកាត់) ដើម្បីបកស្រទាប់ថ្នាំ ពេលខ្លះអាចនាំឱ្យមុតដៃ។ មិនតែប៉ុណ្ណោះក៏ប្រឈមនឹងបញ្ហាសុខភាពពេលប្រើប្រាស់សារធាតុគីមីផងដែរ។ កម្តៅថ្ងៃ ក៏ជាបញ្ហាសំខាន់ចំពោះភាពអំណត់របស់ពួកយើងលើការងារដូចគ្នា។ ក្រៅពីប្រឈមមុខនឹង ខ្លួនឯងហើយ ក្រុមអ្នកជួសជុលត្រូវទទួលខុសត្រូវលើការងារខ្លួនឯងខ្ពស់ បើភ្លាត់តែបន្តិច អាចធ្វើឱ្យរូបនិងវត្ថុបុរាណទាំងនោះខូចទ្រង់ទ្រាយដើមទាំងស្រុង។ រឹតតែសំខាន់ជាងនេះ ទៅទៀត ពួកយើងក៏មានសម្ពាធផ្លូវចិត្តដែរ នៅពេលដែលការខិតខំប្រឹងប្រែងរបស់យើង ធ្វើអស់ពីលទ្ធភាពហើយ បែរជាគេថាធ្វើការយឺត។ កញ្ញាក៏ទទួលស្គាល់ដែរចំពោះបញ្ហាយឺតយ៉ាវ ធ្វើបានចំនួនតិច តែត្រូវដឹងថា ការងារនេះមិនមែនធ្វើឱ្យតែរួចពីដៃទេ គឺត្រូវការភាព ផ្ចិតផ្ចង់ ជំនាញ អត់ធ្មត់ ស្រឡាញ់ វិភាគ សិក្សា ធ្វើតេស្តគ្រប់វត្ថុ និងពេលវេលាសមរម្យ ដើម្បីធ្វើបានល្អ៕




















ក្នុងរយៈពេលជាងមួយខែនៃយុទ្ធនាការដាំ និងចែកចាយកូនឈើក្នុងរដូវវស្សាឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា បានចែកចាយកូនឈើគ្រប់ប្រភេទដូចជា គ្រញូង ធ្នង់ បេង ច្រេស ឈើទាល គគីរ កកោះ រំដួល គុយ សិរមាន់ ផ្កាក្ងោក ផ្កាឥន្ទនេលជាដើម ជូនដល់ស្ថាប័នរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅបានចំនួនជិត៥មុឺនដើម ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការស្តារ និងបង្កើនគម្របព្រៃឈើឲ្យប្រសើរឡើងវិញ ទាំងក្នុងតំបន់សៀមរាប អង្គរ និងតាមបណ្តាខេត្តនានា។
នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយ បានដឹកនាំក្រុមការងារចូលរួមដាំកូនឈើឡើងវិញនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤។ ពិធីប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយឯក ពៅ ហេង មេបញ្ជាការដ្ឋានយោធភូមិភាគទី៤ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងកងឯកភាពកំចាត់មីនទី៤ ព្រមទាំងមន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា និងពលទាហានប្រមាណជាង៤០០នាក់។ កូនឈើដែលបានដាំនៅពេលនោះសរុបចំនួន ៥០០០ដើម មាន១៨ប្រភេទ ដែលជាការឧបត្ថម្ភដោយអាជ្ញាធរជាតិអប្សរា៕
១៖ លោកជំទាវ ភឿង សកុណា ចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០-២០៣៥
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគាររីជិនស៊ីអង្គរ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប
ក្នុងគោលបំណងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ ទេសភាព បរិស្ថាន ខាងលិចមុខប្រាសាទអង្គរវត្តឱ្យមានភាពល្អប្រសើរ និងលើកតម្លៃអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមស្ម័គ្រចិត្តពីបងប្អូនអាជីវករ សំណង់ភោជនីយដ្ឋាន អាគាររដ្ឋ និងតូបលក់ដូរមួយចំនួនត្រូវបានរុះរើ។
តាមរបាយការណ៍នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងតំបន់អង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានទទួលពាក្យ ស្នើសុំធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន៦៥ ករណី ក្នុងចំណោមសំណើទាំងនោះ។
FirstPrev12345...329330NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
3377
Yesterday
:
3210
This Week
:
10442
This Month
:
0253181
Total
:
011715777