NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 21 July 2016 02:43 PM Post By ៖ Apsara National Authority

ជឿន គឹមហេង ប្រហែលជាស្ត្រីពិការទី១ ដែលបានឡើងទៅទស្សនានៅលើរួតបាកាណ ដែលជាជាន់ខ្ពស់ជាងគេបង្អស់នៃប្រាសាទអង្គរវត្តបានដោយជោគជ័យ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ។ នេះក៏ដោយសារតែឆន្ទៈដ៏មុតមាំរបស់នាង ដែលបានទទូចស្នើសុំមកអាជ្ញាធរជាតិអប្សរាកន្លងមក។

មុនពេលឡើងទៅលើរួតបាកាណ ជឿន គឹមហេង មានអាយុ២៥ឆ្នាំ និងក៏ជាមន្ត្រីរាជការមួយរូប ដែលបានពិការស្វិតជើងតាំងពីតូចមក បានរៀបរាប់ថា នាងពិតជាប្រាថ្នាចង់ឡើងលើរួតបាកាណខ្លាំងណាស់។ នៅពីរបីខែមុនដោយសារតែពុំបានដឹងមុន នាងបានមកកម្សាន្តនៅប្រាសាទអង្គរវត្ត ហើយបានសុំភ្នាក់ងារឡើងទៅជាន់លើដូចភ្ញៀវដទៃទៀតដែរ តែត្រូវបានហាមឃាត់ដោយភ្នាក់ងារទេសចរណ៍ ក្រោមហេតុផលសុវត្ថិភាពរបស់នាង។

ដោយមិនអស់ចិត្ត គឹមហេង បានស្នើសុំមកអាជ្ញាធរជាតិអប្សរា ដើម្បីជួយសម្រួលយ៉ាងណាឲ្យនាងអាចឡើងទៅរួតបាកាណបាន ដោយនាងជាអ្នកទទួលខុសត្រូវលើបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន។ ក្រោយទទួលបានការអនុញ្ញាត នាងបានរៀបរាប់ទាំងក្តីរំភើបថា ក្តីប្រាថ្នារបស់នាងពិតជាបានសម្រេចហើយ ដោយអាជ្ញាធរជាតិអប្សរាគ្រាន់តែតម្រូវឲ្យនាងសរសេរលិខិតធានាសុវត្ថិភាពផ្ទាល់ខ្លួនមួយច្បាប់ប៉ុណ្ណោះ។ “កាលពីដើមអង្គរដូចជារឿងនិទានប៉ុណ្ណោះ តែពេលនេះ ខ្ញុំបានមកដល់ហើយ អង្គរពុំមែនជារឿងនិទានទៀតទេ វាជារបស់មានពិត”

ឆ្លើយតបនឹងសំណួរដែលថា ហេតុអ្វីនាងចេះតែទទូចចង់ឡើងលើរួតបាកាណដ៏ខ្ពស់ ដែលពិតជាពិបាកសម្រាប់មនុស្សពិការដូចជារូបនាងនេះ គឹមហេង បានពន្យល់យ៉ាងមុតមាំថា “ហេតុអ្វីខ្ញុំមិនអាចឡើងបាន? ខ្ញុំគ្រាន់តែពិការ តែខ្ញុំដឹងថា ខ្ញុំពិតជាអាចឡើងបាន។ ជាក់ស្តែង គេនិយាយថា អង្គរវត្តមានជណ្តើរខ្ញុំមិនអាចទៅបានទេ តែពេលនេះខ្ញុំមកបានហើយតើ។ ខ្ញុំដឹងថា ទីនេះលំបាក តែបើខ្ញុំអាចធ្វើវាបាន វាជាជោគជ័យដ៏ធំសម្រាប់ខ្ញុំ។ បើខ្ញុំមកទីនេះបាន កន្លែងណាក៏ខ្ញុំអាចទៅបានដែរ។ ខ្ញុំនឹងឡើងទៅលើ និងចុះមកវិញដោយខ្លួនឯង ព្រោះខ្ញុំទុកចិត្តខ្លួនឯងជាងអ្នកដទៃជួយ”

ពេលឡើងមកដល់រួតបាកាណ គឹមហេង បានរៀបរាប់ទាំងអារម្មណ៍រំភើបសប្បាយរីករាថា “វាពិតជាអស្ចារ្យណាស់!ឡូយ... ឡើងបានមែន! អម្បាញ់មិញ អ្នកនៅទីនេះបានទះដៃអបអរសាទរឲ្យខ្ញុំ បើគ្រប់គ្នាដឹង ប្រហែលជាគេទះដៃឲ្យខ្ញុំដែរហើយ! ខ្ញុំពិតជាអាចធ្វើបានមែន!”

ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត លោក ឡេង តុលា បានរៀបរាប់ថា តាមគោលការណ៍ យើងមិនអនុញ្ញាតឲ្យអ្នកដែលមានកាយសម្បទាមិនគ្រប់គ្រាន់ឡើងលើរួតបាកាណទេ ព្រោះយើងបារម្ភពីបញ្ហាសុវត្ថិភាពរបស់ពួកគាត់។ តែចំពោះករណីនេះ យើងឃើញថា គោលបំណងរបស់គាត់មុះមុតខ្លាំង ទើបសុំឲ្យគាត់សរសេរលិខិតធានាសុវត្ថិភាពដោយខ្លួនឯង។ ជាមួយគ្នានេះ យើងក៏បានជួយសម្រួលដល់ការឡើងទៅលើរបស់គាត់ ដោយយើងបញ្ជូនភ្នាក់ងារបុរសម្នាក់ជួយដើរអមគាត់ ទាំងពេលឡើង ពេលកម្សាន្ត និងពេលចុះមកវិញ៕





















នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
នារសៀលថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សានិងពិនិត្យពង្រាងផែនការមេវិស័យទេសចរណ៍។
ព្រៃឈើ គឺផ្នែកមួយដ៏សំខាន់ក្នុងរមណីយដ្ឋានអង្គរ និងបានបំពេញតួនាទីស្នូលក្នុងការបង្កើនគម្របព្រៃឈើ បរិស្ថាន និងអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង៤ របស់អាជ្ញាធរជាតិអប្សរាក្នុងការងារបណ្ដុះកូនឈើសម្រាប់ដាំដុះទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយជូនទៅដាំនៅខាងក្រៅរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ឈ្មោះ ឡាយ ពិសិដ្ឋ ត្រូវបានលុបឈ្មោះចេញពីបុគ្គលិករបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ដោយមូលហេតុប្រព្រឹត្តកំហុសធ្ងន់ធ្ងរ៕
FirstPrev12345...328329NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
2512
Yesterday
:
17878
This Week
:
105352
This Month
:
0222651
Total
:
011685247