ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យការងារជួសជុលនិងអភិរក្សនៅវត្តរាជបូណ៌

បានផ្សាយនៅ ថ្ងៃទី 20 ខែ កក្កដា ឆ្នាំ2016 08:51 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយលោកសាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការ វិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃ ICC-Angkor ឯកឧត្តម ហង់ ពៅ អគ្គនាយករង និងថ្នាក់ដឹកនាំពាក់ព័ន្ធផ្សេងទៀតនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារជួសជុលនិងអភិរក្សនៅវត្តរាជបូណ៌ និង ប្រគេនទៀនវស្សាព្រមទាំងទេយ្យទានផ្សេងៗដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តរាជបូណ៌ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីចាប់យកមគ្គផលនិងរួមចំណែកក្នុងការលើកតម្កើងព្រះពុទ្ធសាសនាផងដែរ។ ក្នុងឱកាសចុះទៅពិនិត្យការងារជួសជុលនិងអភិរក្សនៅព្រះវិហារវត្តរាជបូណ៌ ឯកឧត្តមអគ្គនាយក និងថ្នាក់ដឹកនាំបានពិនិត្យពីលទ្ធផលនៃការជួសជុលរូបគំនូរដែលមានក្នុងព្រះវិហារ និងលទ្ធភាពជួសជុលដំបូលព្រះវិហារ។

ព្រះតេជគុណ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាបមានសង្ឃដីកាថា វត្តរាជបូណ៌នេះមានអាយុកាលជាង៥០០ឆ្នាំមកហើយ មានចៅអធិការគ្រប់គ្រងវត្តក៏ច្រើនអង្គដែរ។ វត្តបូណ៌ជាវត្តបុរាណមួយនៅកណ្តាលក្រុងសៀមរាប ដែលមានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរនិងអ្នកស្រាវជ្រាវជាតិអន្តរជាតិលើផ្នែករចនាបទនៃព្រះវិហារ គំនូរ ព្រះពុទ្ធបដិមា រចនាសម្ព័ន្ធសំណង់។ល។ បច្ចុប្បន្នព្រះវិហារវត្តបូណ៌ស្ថិតក្រោមការជួសជុសនិងអភិរក្សដោយក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរានិងអ៊ីតាលី។ ក្នុងនោះដើម្បីរួមចំណែកក្នុងការជួសជុលមរតកដូនតាដ៏មានតម្លៃនេះ វត្តបូណ៌ក៏បានប្រមូលបច្ច័យដែលបានពីបុណ្យផ្កាប្រាក់និងកឋិនទានរបស់ញាតិញោមជិតឆ្ងាយយកមកជួយជួសជុលដំបូលព្រះវិហារជាមួយអាជ្ញាធរជាតិអប្សរាផងដែរ ដើម្បីទុកជាកេរតំណែលដល់កូនចៅជំនាន់ក្រោយ។

ឯកឧត្តមអគ្គនាយកក៏បានសម្តែងនូវការអរគុណចំពោះព្រះតេជគុណទាំងអស់នៃវត្តរាជបូណ៌ដែលបានយកចិត្តទុកដាក់ខ្ពស់និងរួមចំណែកទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកាជាមួយអាជ្ញាធរជាតិអប្សរាដើម្បីអភិរក្សមរតកវប្បធម៌នេះបានយ៉ាងល្អប្រសើរ។ ឯកឧត្តមក៏បានកោតសរសើរផងដែរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលមានការលះបង់ខ្ពស់លើការងារជួសជុលនិងអភិរក្សសម្បត្តិ វប្បធម៌ដ៏មានតម្លៃមួយនេះបានយ៉ាងល្អគួរឱ្យមោទនៈ។ បន្ថែមពីនោះឯកឧត្តមក៏បានផ្តាំផ្ញើ ឱ្យក្រុមការងារបន្តភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់បន្តទៀតដើម្បីរក្សាទ្រង់ទ្រាយដើមនៃសំណង់ ព្រះបដិមា រូបគំនូរដ៏អស្ចារ្យនេះ៕






















ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារក និងថវិកាមួយចំនួនផ្តល់ជូនជាបន្តបន្ទាប់ដល់ស្ត្រីឆ្លងទន្លេ១១គ្រួសារ ដែលស្ថិតនៅក្នុងភូមិចំនួន៥ មាន ភូមិដូនឪ ភូមិសំរោង ភូមិតាប្រុក ភូមិលាងដៃ និងភូមិភ្លង់ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ខែមិនថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។
រដូវភ្លៀងបានចូលមកដល់ ភ្លៀងលាយឡំនឹងខ្យល់ព្យុះតូចធំបក់មកប៉ះតំបន់អង្គរជាញឹកញាប់ ដែលបានបណ្តាលឲ្យមានឈើមួយចំនួនបានបាក់មែក ដួលរលំដើមជាបន្តបន្ទាប់។ ដើម្បីបញ្ជៀសហានិភ័យជាយថាហេតុ ដែលបណ្តាលមកពីការបាក់មែកឈើ និងរលំដើមឈើមកប៉ះប្រាសាទ និងអ្នកធ្វើដំណើរទស្សនានោះ ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាកំពុងតែបង្កើនការត្រួតពិនិត្យដើមឈើ ដែលស្ថិតនៅតាមដងផ្លូវសាធារណៈ ផ្លូវវង់ទស្សនាចរ និងដើមឈើដែលស្ថិតនៅកៀកនឹងប្រាសាទ ឬរចនាសម្ព័ន្ធបុរាណដ្ឋាននានា។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិកុមារពិភពលោក ០១ មិថុនា នៅភូមិធម្មជាតិរុនតាឯកជាលើកទី១។
អាជ្ញាធរជាតិអប្សរាដោយសហការជាមួយសាកលវិទ្យាល័យស៊ីដនី នឹងរៀបចំធ្វើបទបង្ហាញស្តីពីលទ្ធផលកំណាយស្រាវជ្រាវជាបឋមមួយ នៅភាគអាគ្នេយ៍ក្នុងប្រាសាទអង្គរវត្ត ដោយផ្តោតសំខាន់លើការតាំងទីលំនៅរស់នៅរបស់ប្រជាជននាសម័យអង្គរ ដោយលោកស្រីបណ្ឌិត Alison Carter នៅថ្ងៃសុក្រទី១០ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩:០០ នាទីព្រឹក នៅសាលសិក្សាលលៃនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ-អាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
17
ថ្ងៃនេះ
:
16160
ម្សិលមិញ
:
33216
សប្តាហ៍នេះ
:
233644
ខែនេះ
:
0233644
សរុប
:
015303447