ព័ត៌មានថ្មីៗ

តើមានអ្វីប្លែកចំពោះមគ្គុទ្ទេសក៍ក្រោយទទួលវគ្គបណ្តុះបណ្តាលនៅម៉ាកាវ?

បានផ្សាយនៅ ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ2016 02:51 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

មគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០រូប រួមនឹងមន្ត្រី៤រូបនៃអាជ្ញាធរជាតិអប្សរាផង បានចំណាយពេល៩ថ្ងៃទៅទីក្រុងម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីអំឡុងខែមិថុនាកន្លងទៅនេះ។ ដំណើរបេសកកម្មនេះធ្វើឡើងក្រោមការផ្តួចផ្តើមរបស់អាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO)។

ក្រោយទទួលបានវគ្គបណ្តុះបណ្តាល នៅព្រឹកនេះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមមគ្គុទ្ទេសក៍ទាំងអស់បានមកធ្វើបទបង្ហាញខ្លីមួយជូនថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ស្តីពីលទ្ធផលដែលខ្លួនទទួលបានពីវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនេះ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។

តាមរយៈបទបង្ហាញ លោក ហែម សោភ័ន្ត មគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេសបានលើកឡើងថា អំឡុងដំណើរបេសកកម្មនេះ ក្រុមការងាររបស់លោកបានសិក្សាមេរៀនចំនួន៥ប្រធានបទសំខាន់ៗគឺ ៖ សារៈសំខាន់នៃសេវាកម្មទេសចរណ៍នៅរមណីយដ្ឋានបេតិកភណ្ឌ ការយល់ដឹងអំពីទេសចរណ៍អន្តរជាតិ ការផ្តល់បទពិសោធន៍ទស្សនាដែលមានគុណភាពតាមរយៈការណែនាំភ្ញៀវ ការបង្ហាញភ្ញៀវអំពីបេតិកភណ្ឌពិភពលោក និងការចួលរួមជាមួយសហគមន៍។

ក្រៅពីមេរៀនទាំងនេះ តាមរយៈដំណើរស្រង់បទពិសោធន៍ទៅកាន់រមណីយដ្ឋានសំខាន់ៗនៃទីក្រុងម៉ាកាវ លោក សោភ័ន្ត កត់សម្គាល់ឃើញថា “អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងចំពោះខ្ញុំ គឺអនាម័យ។ ប្រជាជនគេមានការយល់ដឹងខ្ពស់ចំពោះបញ្ហានេះគួរឲ្យសរសើរ។ មានស្លាកសញ្ញាមួយដែលគួរឲ្យចាប់អារម្មណ៍ គឺគេដាក់ថា កន្លែងបន្ទោបង់របស់សត្វឆ្កែ។ នេះមានន័យថា បញ្ហាសំរាម ឬបរិស្ថានទាំងមូលចំពោះមនុស្ស គេគ្រប់គ្រងបានល្អហើយ រហូតគេឈានដល់ការគ្រប់គ្រងអនាម័យរបស់សត្វទៀតផង។ ប្រជាពលរដ្ឋខ្មែរយើងនៅមានចំណុចខ្វះខាតច្រើន នៅពេលទៅកម្សាន្តក្នុងតំបន់រមណីយដ្ឋានម្តងៗ តែងចោលសំរាមពាសវាលពាសកាល ហើយម្នាក់ៗនាំគ្នារអ៊ូថាមិនស្អាត។ នេះជាបទពិសោធន៍ដ៏ល្អដែលយើងគួរតែរៀនតាមគេ ព្រោះការសម្អាតបរិស្ថានគឺជាតួនាទីរបស់យើងទាំងអស់គ្នា មិនត្រូវរង់ចាំតែអ្នកនេះឬអ្នកនោះឡើយ”

ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះជារឿងសំខាន់ណាស់ដើម្បីផ្សព្វផ្សាយអំពីតំបន់អង្គររបស់យើង។ ភ្ញៀវទេសចរដែលមកទស្សនាអង្គរ គឺជាទេសចរណ៍វប្បធម៌។ ដូច្នេះ លើសពីការមកកម្សាន្ត ទិញនេះទិញនោះ គឺគេចង់ដឹងអំពីវប្បធម៌របស់យើង។ តាមរយៈមគ្គុទ្ទេសក៍នេះហើយ ដែលអាចជួយពន្យល់បកស្រាយអំពីវប្បធម៌របស់យើង ធ្វើយ៉ាងណាឲ្យគេទទួលបាននូវបទពិសោធន៍ទស្សនាមួយ ដែលប្រកបដោយខ្លឹមសារ ធ្វើឲ្យគេចងចាំអំពីអារ្យធម៌របស់យើង និងផ្សព្វផ្សាយបន្តនូវអារ្យធម៌របស់យើង។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានកោតសរសើរនូវការយកចិត្តទុកដាក់របស់មគ្គុទ្ទេសក៍ និងក្រុមការងារទាំងអស់ក្នុងការទទួលយកនូវចំណេះដឹង និងបទពិសោធន៍ល្អៗពីគេ ហើយយកមកចែករំលែកដល់មគ្គុទ្ទេសក៍ និងអ្នកពាក់ព័ន្ធផ្សេងៗទៀតនៅទីនេះ។ ឯកឧត្តមក៏បានគាំទ្រ និងជំរុញឲ្យមានវគ្គបណ្តុះបណ្តាលបែបនេះជាបន្តទៀត។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកក៏ជំរុញឲ្យមានកិច្ចព្រមព្រៀងមួយរវាងអាជ្ញាធរជាតិអប្សរាជាមួយនឹងវិទ្យាស្ថានបណ្តុះបណ្តាលទេសចរណ៍ (IFT) នៃទីក្រុងម៉ាកាវផងដែរ ដើម្បីបង្កើនទំនាក់ទំនង និងអាចដោះដូរបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក៕








តើអ្វីទៅជាផែនទីហានិភ័យ?
( ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ2016 )
អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំផែនទីមួយ ដែលបង្ហាញនូវស្ថានភាពគ្រោះថ្នាក់នៅតាមប្រាសាទ និងតាមរចនាសម្ព័ន្ធបុរាណដ្ឋាននានា ក្នុងគោលដៅធ្វើយ៉ាងណារកឲ្យឃើញថា តើចំណុចណាមួយដែលកំពុងមានគ្រោះថ្នាក់ខ្លាំង មធ្យម ឬតិចតួច។ ផែនទីនេះមានឈ្មោះថា ផែនទីហានិភ័យ (Risk Map) ជាផែនទីចាត់ចំណាត់ថ្នាក់គ្រោះថ្នាក់ ងាយស្រួលឲ្យសម្រាប់អ្នកអភិរក្សងាយកំណត់ថា តើចំណុចគ្រោះថ្នាក់ណាគួរសង្គ្រោះបន្ទាន់ ហើយចំណុចណាដែលអាចទុកជួសជុលនៅពេលក្រោយ។
ក្នុងឱកាសកិច្ចប្រជុំបច្ចេកទេសលើកទី២៦ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួល ការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ លោកសាស្ត្រាចារ្យ Azedine Bechaouch លេខាធិការវិទ្យាសាស្ត្រនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានប្រកាសថា ទូកបុរាណដែលបានប្រទះឃើញនៅក្នុងការដ្ឋានបូមខ្សាច់ ស្ថិតក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ហើយត្រូវបានអាជ្ញាធរជាតិអប្សរាយកមករក្សាទុកបណ្តោះអាសន្ននៅក្នុងកសិណអង្គរវត្តកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ កន្លងមក មានកាលបរិច្ឆេទនៅឆ្នាំ១២០៧ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។
គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានដំណើរការកិច្ចប្រជុំបច្ចេកទេសលើកទី២៦របស់ខ្លួនហើយ នៅព្រឹកថ្ងៃ ២២ ខែមិថុនា ឆ្នាំ២០១៦ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។ កិច្ចប្រជុំនេះគ្រោងនឹងដំណើរការរយៈពេល២ថ្ងៃគឺពីថ្ងៃទី២២ដល់២៣ ខែមិថុនា ឆ្នាំ២០១៦។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
2215
ម្សិលមិញ
:
8188
សប្តាហ៍នេះ
:
39038
ខែនេះ
:
0192547
សរុប
:
012961979